ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក ​FBI៖ ចិន​បង្ក​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ដល់​ព័ត៌មាន​សម្ងាត់​របស់​អាមេរិក


រូបឯកសារ៖ នាយក FBI លោក Christopher Wray ធ្វើការផ្តល់សក្ខីកម្មនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ នាយក FBI លោក Christopher Wray ធ្វើការផ្តល់សក្ខីកម្មនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

នាយក​ FBI លោក​ Christopher Wray ថ្លែង​ថា ចិន​បច្ចុប្បន្ន​នេះ​បង្ក​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​លើ​ព័ត៌មាន​សម្ងាត់​របស់​អាមេរិក ជាង​ប្រទេស​ណាៗ​ទាំង​អស់​ រួម​ទាំង​រុស្ស៊ី​ផង​ដែរ។

នាយក​ FBI បាន​ប្រាប់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ថា​ រដ្ឋាភិបាល​ចិន​និង​គណបក្ស​កុម្មុយនិស្ត​ចិន​មាន​អង្គភាព​ទាំង​ផ្លូវការ​និង​ឯកជន​ដាក់​ពង្រាយ​ពេញ​សហរដ្ឋ​អាមេរិក​ដើម្បី​លួច​កម្មសិទ្ធិ​បញ្ញា​របស់​អាមេរិក និង​ដើម្បី​ប្រមូល​ព័ត៌មាន​ដើម្បី​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន។

លោក Christopher Wray នាយក​ FBI បាន​ថ្លែង​ថា៖

«មក​ទល់​ពេល​នេះ យើង​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ជាង​មួយ​ពាន់​ករណី​ទៅ​ហើយ​នៅ​ទូទាំង​ប្រទេស​ ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ចង់​លួច​កម្មសិទ្ធិ​បញ្ញា​របស់​អាមេរិក មិន​ថា​ជា​អំពើ​ចារកម្ម​សេដ្ឋកិច្ច​ឬ​សកម្មភាព​ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ សុទ្ធ​សឹង​តែ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន»។

លោក Wray ថ្លែង​ថា ចិន​កំពុង​ព្យាយាម​ជ្រៀត​ចូល​ក្នុង​វិស័យ​នានា​របស់​អាមេរិក​គឺ​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ទើប​បង្កើត​ថ្មីឬ Startup និង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ជាន់​ខ្ពស់​នានា​ មាន​ដូច​ជា​ផ្នែក​អវកាស ​អាកាសចរណ៍ កសិកម្ម​និង​វិស័យ​សិក្សា​ផង​ដែរ។​

លោក Christopher Wray នាយក​ FBI បាន​ថ្លែង​ថា៖

«ថ្មីៗ​នេះ យើង​មាន​ករណី​មួយ​នៅ​ក្នុង​រដ្ឋ Kansas ដែល​ពួក​គេ​ចង់​លួច​កម្មសិទ្ធ​គ្រាប់​អង្ករ​គុណភាព​ខ្ពស់​មួយ​ដែល​យើង​កំពុង​ផលិត។ អ្នក​ដឹង​ទេ​ កសិកម្ម​អាមេរិក​មាន​គេ​ច្រណែន​ចង់​បាន​ពេញ​ពិភពលោក។ អាមេរិក​គឺ​ជា​កន្លែង​មួយ​ដែល​បាន​ធ្វើ​នូវ​រឿង​ជា​ច្រើន»។

នាយក FBI បាន​ថ្លែងថា ចិន​បាន​ប្រើប្រាស់​វិធីសាស្ត្រ​លួច​ទិន្នន័យ​តាម​អ៊ីនធើណិត តាម​វិធី​ប្រើប្រាស់​អំពើ​ពុករលួយ​ជាមួយ​ជន​បង្កប់ ឬ​ប្រើប្រាស់​វិធី​សាស្ត្រ​ដែល​មិន​ស្រប​ច្បាប់​នានា​ដែល​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ ដូច​ជា​ការ​វិនិយោគ​បរទេស​ជា​ដើម។ លោក​បាន​ថ្លែង​ថា វិធី​ជា​ច្រើន​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រមូល​ព័ត៌មាន​សម្ងាត់ គឺ​ត្រូវ​ការ​វិធី​ជា​ច្រើន​ដើម្បី​អាច​រារាំង​ពួកគេ។

ចិន​បាន​ចោទ​ប្រកាន់​អាមេរិក​ថា​បាន​ប្រើប្រាស់​បទ​ចារកម្ម ដើម្បី​រារាំង​ការ​អភិវឌ្ឍ​របស់​ចិន។

លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា៖

«ពួក​គេ​បាន​ប្រឌិត​រឿង​ដោយ​យក​បទ​ចារកម្ម​ជា​លេស​ដើម្បី​រិះគន់​និង​ប្រមាថ​សិស្ស​និស្សិត​ និង​អ្នក​វិជ្ជាជីវៈ​បច្ចេកវិទ្យា​របស់​ចិន​និង​សូម្បី​តែ​អ្នក​វិទ្យាសាស្ត្រ​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​ចិន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

លោក Wray កាលពី​ថ្ងៃ​អង្គការ បាន​ទទូច​ថា ទីភ្នាក់ងារ FBI មិន​បាន​បន្ទោស​ពលរដ្ឋ​ចិន​ឬ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​ទាំង​អស់​គ្នា​នោះទេ។

សម្រាប់​រុស្ស៊ី​វិញ លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នៅ​តែ​ចង់​មាន​ឥទ្ធិពល​ទៅ​លើ​ការបោះឆ្នោត​របស់​អាមេរិក បើ​ទោះ​បី​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដទៃ​ទៀត​រារាំង​ការ​ជ្រៀតជ្រែក​នេះ​ក៏​ដោយ​ក្តី។ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ធ្វើ​ការ​ជ្រៀតជ្រែក​នានា៕

ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា

XS
SM
MD
LG