ឥណ្ឌាបំបែកកំណត់ត្រាថ្មី ដោយមានអ្នកឆ្លងកូវីដ១៩ជាង៤សែននាក់ក្នុងមួយថ្ងៃ។
អ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍មានចំនួនខ្ពស់បំផុតរហូតដល់ ៤០១.៩៩៣ ករណី។
អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោកបណ្ឌិត Anthony Fauci បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងកាសែតIndian Express ថា៖ «វីរុសកូរ៉ូណាបង្ហាញឲ្យយើងឃើញថា ប្រសិនបើយើងមិនចាត់វិធានការណាមួយទេ នោះវានឹងផ្ទុះឆ្លងរាតត្បាតពាសពេញសង្គម»។
លោកបណ្ឌិត Fauci បានផ្ដល់អនុសាសន៍ឲ្យបិទខ្ទប់នៅក្នុងប្រទេសឥណ្ឌា។
គិតត្រឹមថ្ងៃសៅរ៍ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួនជិត ២០ លាននាក់ ហើយអ្នកស្លាប់ដោយសារជំងឺនេះមានចំនួនជាង ២ សែន ១ ម៉ឺននាក់។ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
កាលពីថ្ងៃសៅរ៍ អ្នកជំងឺកូវីដ១៩ចំនួន ១២ នាក់បានស្លាប់ ដោយសារតែមន្ទីរពេទ្យនៅទីនោះអស់អុកស៊ីសែនសម្រាប់ផ្គត់ផ្គង់ដល់អ្នកជំងឺរយៈពេល ៨០ នាទី។
កាលពីថ្ងៃសៅរ៍ដដែលនោះ មនុស្សចំនួន ១៨ នាក់ផ្សេងទៀតបានស្លាប់ នៅពេលដែលមានអគ្គីភ័យកើតឡើងនៅក្នុងមន្ទីរពេទ្យមួយនៅប៉ែកខាងលិចប្រទេសឥណ្ឌា។ អាជ្ញាធរនិយាយថា អ្នកជំងឺចំនួន ៣០ នាក់ត្រូវបានជួយសង្គ្រោះចេញពីអគ្គីភ័យដែលបានកើតឡើងនៅមន្ទីរពេទ្យ Welfare ក្នុងក្រុង Bharuch រដ្ឋ Gujarat។
ក្រុមមន្ត្រីនិយាយថា គេនៅមិនទាន់ដឹងភ្លាមៗអំពីមូលហេតុដែលបង្កឲ្យមានអគ្គីភ័យនោះនៅឡើយទេ។
ឥណ្ឌាទើបតែអនុញ្ញាតឲ្យប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅអាចទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះបាន ប៉ុន្តែទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែងបានឲ្យដឹងថា ពួកគេមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ឲ្យប្រជាជននោះទេ។
ប្រទេសឥណ្ឌាបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនទើបតែទទួលបានវ៉ាក់សាំង Sputnik Vសម្រាប់បង្ការជំងឺកូវីដ១៩ដឹកពីរុស្ស៊ីក្នុងជើងដំបូង ដែលឥណ្ឌានឹងទទួលបានវ៉ាក់សាំងសរុបចំនួន១២៥លានដូសពីរុស្ស៊ី។
ក្នុងចំណោមប្រជាជនឥណ្ឌាទាំង ១៣០០ លាននាក់ មានប្រជាជនចំនួនត្រឹមតែប្រមាណ ២% តែប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងកូវីដ១៩រួចហើយ៕