កម្មវិធីរយៈពេល ១២ ខែរបស់អង្គការស្បៀងអាហារ និងកសិកម្ម ហៅកាត់ថា FAO មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករ អ្នកចិញ្ចឹមសត្វ និងសហគមន៍នេសាទស៊ូដង់ដែលរងផលប៉ះពាល់ដោយសង្រ្គាមដែលកំពុងបន្ត។
អង្គការ FAO នឹងបន្ថែមលើកិច្ចខិតខំប្រឹងប្រែងចែកចាយគ្រាប់ពូជនាពេលថ្មីៗនេះ ដើម្បីបង្កើនផលិតកម្មស្បៀង ដោយក្តីសង្ឃឹមក្នុងការផ្តល់អាហារដល់មនុស្សពី ១៣ ទៅ ១៩ លាននាក់ក្នុងប៉ុន្មានខែខាងមុខនេះ។ លោក Abdulhakim Elwaer គឺជាតំណាងប្រចាំតំបន់របស់ អង្គការ FAO សម្រាប់តំបន់ជិតបូព៌ា និងអាហ្វ្រិកខាងជើង។ លោកនិយាយថា ផែនការឆ្លើយតបជីវភាពសង្គ្រោះបន្ទាន់ (ELRP) ត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាននិងភាពក្រីក្រក្នុងប្រទេសស៊ូដង់។
លោកថ្លែងថា៖ «ផែនការឆ្លើយតបជីវភាពសង្គ្រោះបន្ទាន់ (ELRP) មានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃជម្លោះនាពេលថ្មីៗនេះលើជនងាយរងគ្រោះ ដោះស្រាយតម្រូវការបន្ទាន់របស់ពួកគេ និងពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការស្តារឡើងវិញ និងពង្រឹងភាពធន់របស់ពួកគេ ក្រៅពីការសម្រេចបាននូវសន្តិសុខស្បៀងនៅកម្រិតអប្បបរមាសម្រាប់ប្រជាជនទាំងមូល។ កសិកម្មនៅតែជាខ្សែជីវិតនៅស៊ូដង់»។
ប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងជម្លោះចាប់ពីខែមេសា ដែលបង្កឡើងដោយការដណ្តើមអំណាចរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងក្រុមប្រដាប់អាវុធនៃកងកម្លាំងគាំទ្ររហ័ស។ ជម្លោះនេះបានសម្លាប់មនុស្សរាប់ពាន់នាក់ មនុស្សរាប់លាននាក់រត់ចេញពីផ្ទះសម្បែង និងបានជំរុញមនុស្សរាប់លាននាក់ទៀតឱ្យស្វែងរកការជ្រកកោននៅប្រទេសជិតខាងដើម្បីស្វែងរកអាហារ ឱសថ និងទីជម្រក។ កម្មវិធីរបស់អង្គការ FAO មានគោលបំណងជួយកសិករ អ្នកចិញ្ចឹមសត្វ និងអ្នកនេសាទនៅទូទាំងរដ្ឋចំនួន ១៧ ក្នុងប្រទេស។
លោក Mohamed Abdulrahman កសិករនៅរដ្ឋ Upper Nile នៃប្រទេសស៊ូដង់ បានសម្តែងសុទិដ្ឋិនិយមចំពោះជំនួយនេះ។
លោកថ្លែងថា៖ «ខ្ញុំគិតថា កម្មវិធីនេះនឹងជួយយើង និងអ្នកផ្សេងទៀតឲ្យមានទឹកចិត្តស្វែងរក និងរុករកជំនួយបែបនោះ ហើយរៀបចំខ្លួន។ យើងត្រូវការជំនួយខ្លាំង។ ជាការពិត ពលរដ្ឋស៊ូដង់ត្រូវការជំនួយពីសហគមន៍អន្តរជាតិដោយសារពួកគេបាត់បង់រដ្ឋាភិបាល»។
ទីភ្នាក់ងារជំនួយនេះបាននិយាយថា ក្នុងរដូវប្រាំងនៅប្រទេសស៊ូដង់ ដែលចាប់ផ្តើមពីខែវិច្ឆិកាដល់ខែឧសភា កសិករដែលពឹងផ្អែកលើទឹកភ្លៀងប្រឈមនឹងការខ្វះខាតស្បៀងអាហារ ខណៈដែលម្ចាស់បសុសត្វប្រឈមនឹងកង្វះទឹក និងវាលស្មៅ ដែលនាំឱ្យមានការគំរាមកំហែងដល់ការចិញ្ចឹមជីវិត។ យោងតាមការព្យាករណ៍របស់កម្មវិធីដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) ដែលបានចេញផ្សាយកាលពីខែមុន ប្រជាជនស៊ូដង់ជាង ២០,៣ លាននាក់ គឺគ្មានសុវត្ថិភាពស្បៀងអាហារ ដោយមានប្រាំមួយលាននាក់ស្ថិតនៅកម្រិតសង្គ្រោះបន្ទាន់ពីភាពអត់ឃ្លានធ្ងន់ធ្ងរ។ លោក Abdulrahman និយាយថា កសិករស៊ូដង់ មិនត្រឹមតែត្រូវការគ្រាប់ពូជដើម្បីផលិតអាហារប៉ុណ្ណោះទេ។
លោកថ្លែងថា៖ «ខ្ញុំគិតថា មិនគ្រប់គ្រាន់ទេ ពីព្រោះកសិករមិនត្រឹមតែត្រូវការគ្រាប់ពូជទេ។ ពួកគេត្រូវការប្រាក់សម្រាប់រៀបចំ។ ពួកគេត្រូវការប្រាក់ដើម្បីបន្តសកម្មភាពកសិកម្មផ្សេងទៀត»។
អង្គការ FAO បាននិយាយថា ការគាំទ្រភាគច្រើនសម្រាប់គ្រួសារដែលងាយរងគ្រោះក្នុងការធ្វើកសិកម្ម និងការចិញ្ចឹមសត្វនឹងត្រូវបានផ្តល់តាមរយៈជំនួយជាសាច់ប្រាក់ និងកញ្ចប់គាំទ្រជីវភាព រួមទាំងគ្រាប់ពូជ និងឧបករណ៍កសិកម្ម ចិញ្ចឹមសត្វ និងនេសាទ។ លោក Elmaer និយាយថា ការអនុវត្តផែនការរបស់ពួកគេដោយជោគជ័យអាចការពារវិបត្តិមនុស្សធម៌ និងទុរ្ភិក្សនៅក្នុងប្រទេសស៊ូដង់។
«អង្គការ FAO មិនផ្គត់ផ្គង់អាហារដោយផ្ទាល់ដល់បុគ្គលម្នាក់ៗទេ ប៉ុន្តែផ្គត់ផ្គង់គ្រាប់ពូជ និងយោបល់ផ្នែកកសិកម្មដល់កសិករដែលពិតជាអ្នកផលិតស្បៀងដល់ប្រជាជនរាប់ពាន់នាក់។ ដូច្នេះប្រសិនបើយើងជួយដល់កសិករ ១,៥ លាននាក់នៅស៊ូដង់ក្នុងរដ្ឋចំនួន ១៤ យើង កំពុងផ្តល់អាហារដែល ភាគច្រើនជាបន្លែ និងផ្លែឈើ និងគ្រាប់ពូជដូចជាពោត និងស្រូវសាលី សម្រាប់ប្រជាជនស៊ូដង់ដ៏ច្រើននៅរដូវប្រមូលផលបន្ទាប់ ដែលនឹងកាត់បន្ថយស្ថានភាព និងវិបត្តិ បានយ៉ាងច្រើន»។
ទីភ្នាក់ងារកសិកម្មនេះបាននិយាយថា ខ្លួនត្រូវការថវិកាចំនួន ១២៣ លានដុល្លារ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ដោយកម្មវិធីនេះរំពឹងថានឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៤៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង