បន្ទប់ខុនដូពីរជាប់គ្នា ដែលជាកន្លែងស្នាក់នៅរបស់អ្នកស្រី វ៉ែន រចនា ហៅ ថៃ ស្រីនាង មិនមានសកម្មភាពផ្សព្វផ្សាយលក់ផលិតផលតាមបណ្តាញសង្គមហ្វេសប៊ុកទៀតទេ។
ក្នុងបន្ទប់អគារខុនដូ ដែលមានកម្ពស់១៣ជាន់ស្ថិតក្នុងខណ្ឌទួលគោក ទីក្រុងភ្នំពេញនោះ មានតែសាច់ញាតិ កូនក្មួយស្រីៗពីរនាក់របស់អ្នកស្រី ថៃ ស្រីនាងប៉ុណ្ណោះកំពុងរស់នៅ។
អ្នកស្រី អ៊ីង ឆវី វ័យ ៣៨ឆ្នាំ ដែលអះអាងថា ជាប្អូនជីដូនមួយ របស់អ្នកស្រីថៃ ស្រីនាង ដែលឧស្សាហ៍ចេញចូលបន្ទប់ខុនដូនេះ បានបង្ហាញភាពអស់សង្ឃឹមពីការបាត់ប្រាក់ចំណូលប្រចាំថ្ងៃក្រោយពេលដែលអ្នកស្រី ថៃ ស្រីនាង ត្រូវបានយកទៅឃុំខ្លួន។
អ្នកស្រីថ្លែងថា៖«សំខាន់គឺគាត់អ្នកទ្រទ្រង់គ្រួសារ ដល់ពេលដែកគាត់ជាប់អីចឹង យើងមានស្អីទៀត»។
អ្នកស្រី ថៃ ស្រីនាង វ័យ៣៩ឆ្នាំ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ថៃ ស្រីនាង Onlineshop ដែលតែងតែថតរូបបែបសិចស៊ីជាមួយផលិតផលរបស់ខ្លួន ដូចជាគ្រឿងសម្អាង ឈុតគេងនារីៗ ហើយបង្ហោះលក់លើបណ្តាញសង្គមរបស់អ្នកស្រីនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនពីរលើកកាលពីខែកុម្ភៈ។
អ្នកស្រី ថៃ ស្រីនាង មានបងប្អូនប្រុសស្រីចំនួនប្រាំនាក់។ អ្នកស្រីគឺជាកូនទីពីរក្នុងចំណោមបងប្អូនប្រាំនាក់។ មុនពេលត្រូវបានចាប់ឃុំខ្លួន អ្នកស្រីបានជួយរ៉ាប់រងកូនក្មួយពីរនាក់ឲ្យបានរៀនសូត្រ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី វ៉ែន មេត្តាដែលជាបងស្រីបង្កើតរបស់អ្នកស្រី ថៃ ស្រីនាង។
អ្នកស្រី ស្រីនាង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននិងរង់ចាំការកាត់ទោស បន្ទាប់ពីអ្នកស្រីត្រូវបានចោទប្រកាន់ក្រោមច្បាប់ជួញដូរមនុស្សនិងធ្វើអាជីវកម្មផ្លូវភេទ។ ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ ពីអ្នកស្រីត្រូវបានអាជ្ញាធរ ក្នុងខណ្ឌទួលគោកចាប់ខ្លួនអ្នកស្រីជាលើកទីពីរនោះ។
អ្នកស្រី អ៊ីង ឆវី ដែលជាម្តាយកូនប្រាំនាក់ បាននិយាយកាលពីចុងខែកុម្ភៈថា អ្នកស្រី ថៃ ស្រីនាង ដែលធ្លាប់ជាម្ចាស់ហាងអ៊ុតសក់ មិនទាន់អាចរកមេធាវីការពារក្តីបាននៅឡើយ ដោយសារគ្មានលទ្ធភាពពឹងពាក់មេធាវី។
ក្នុងទឹកមុខស្រពាប់ស្រពោន ហើយពេលខ្លះនិយាយទាំងចង់ស្រក់ទឹកភ្នែកផងនោះ អ្នកស្រី ឆវី អះអាងថា ខុនដូដែលអ្នកស្រី ថៃ ស្រីនាង កំពុងស្នាក់នៅ ស្ថិតក្នុងដំណាក់កាលបង់រំលោះ ហើយនៅពេលនេះសាច់ញាតិអ្នកស្រីថៃ ស្រីនាង បារម្ភថា អ្នកលក់ខុនដូនឹងឈប់ឲ្យស្នាក់នៅ ប្រសិនបើគ្មានលុយបង់ប្រចាំខែនោះ។
អ្នកស្រី ឆវី និយាយថា៖«រត់អត់រួចទេ កំពុងថាគេទើបផ្តាច់ភ្លើងហើយតើ ប៉ុន្តែសុំ សុំគេពន្យារ ពន្យារចឹង អត់ទាំងមានលុយបង់ភ្លើងផង...ពេលអត់ចឹងទៅគេ គេថា បើយើងអត់មានលុយបង់ឲ្យគេ មានគេអាចរឹបអូសយកវិញចឹងទៅណា»!
កូនប្រុសតូចម្នាក់របស់អ្នកស្រី អ៊ីង ឆវី នៅមិនស្ងៀមនោះទេ ហើយគាត់វារចុះឡើងចាប់មិនឈ្នះនៅលើតុឈើមួយ នៅក្នុងបន្ទប់ខុនដូ ដែលស្ថិតនៅជាន់ទីប្រាំ។ រីឯកូនក្មួយរបស់អ្នកស្រី ថៃ ស្រីនាង រក្សាការស្ងាត់ស្ងៀម ដោយមិននិយាយអ្វីច្រើនទេ។
ជាស្ត្រីម៉េម៉ាយម្នាក់ អ្នកស្រី អ៊ីង ឆវី និយាយថា ការចាប់ខ្លួនអ្នកស្រី ថៃ ស្រីនាងដាក់ក្នុងពន្ធនាគារ ប្រៀបដូចជាការផ្តាច់ដង្ហើមសេដ្ឋកិច្ចរបស់អ្នកស្រី ដែលបានបោះទុនប្រមាណជាប្រាំពាន់ដុល្លារអាមេរិក សម្រាប់រកស៊ីលក់ដូរផលិតផលអនឡាញនេះ។
អ្នកស្រីនិយាយថា ពេលដែលអ្នកស្រី ថៃ ស្រីនាង នៅខាងក្រៅពន្ធនាគារ ការលក់តាមអនឡាញមានមនុស្សទិញច្រើន តែដល់ឥឡូវនេះ គ្មានអតិថិជនម្នាក់សោះ ព្រោះគ្មានការឡាយ [live] លក់ផលិតផលផ្ទាល់តទៅទៀតឡើយ។
អ្នកស្រី ឆវី មានប្រសាសន៍ថា៖ «ហ្នឹងហើយ តាំងពីអាមានអាបញ្ហាហ្នឹងមកថាស្ងាត់ តាំងពីសម្តេចគាត់ស្រែកចឹងទៅណា៎ [រួច] ទៅក៏មិនសូវជាបានឡាយ បានអីចឹងទៅណា៎ ហើយដល់ពេលចឹងទៅ យើងរកអីណាបាន មានណាមកទិញ មានណាអី»។
ការចាប់ខ្លួនអ្នកស្រី ថៃ ស្រីនាង បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការចំពោះស្ត្រីរូបណាដែលផ្សព្វផ្សាយលក់ផលិតផលជួយសម្ផស្ស ដោយមានការស្លៀកពាក់បែប«សិចស៊ីជ្រុលនិយម»នៅតាមគេហទំព័រ ឬបណ្តាញសង្គមហ្វេសប៊ុក។
ការព្រមានរបស់មេដឹកនាំកម្ពុជារូបនេះ បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកការពារសិទ្ធិស្ត្រី និងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន។ ការចាប់ខ្លួនអ្នកស្រី ថៃ ស្រីនាង ក៏បានស្ថិតក្រោមការរិះគន់របស់ក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងស្រុក និងក្រៅប្រទេសផងដែរ។
យ៉ាងណាមិញ លោក ហ៊ុន សែន បានរិះគន់លើក្រុមអ្នកការពារសិទ្ធិមនុស្ស ក៏ដូចជា អ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍អំពីប្រធានបទក្តៅមួយនេះ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយអំពីស្ថានភាពចុងក្រោយនៅប្រទេសកម្ពុជា នាទីក្រុងភ្នំពេញ លោក ហ៊ុន សែន បានវាយប្រហារដោយពាក្យសម្តីធ្ងន់ៗទៅលើនាយកអង្គការAmnesty Internationalប្រចាំតំបន់អាស៊ី ដែលបានចេញសេចក្តីថ្លែងការណ៍រិះគន់ចំណាត់ការរបស់អាជ្ញាធរកម្ពុជា ដែលបានចាប់ខ្លួនអ្នកស្រី ថៃ ស្រីនាង។
លោក ហ៊ុន សែន មានប្រសាសន៍នៅចំពោះមុខក្រុមអ្នកកាសែតនៅក្នុងវិមានសន្តិភាពរបស់លោកយ៉ាងដូច្នេះថា៖ «ហើយអង្គការលើកលែងទោសអន្តរជាតិ ឥឡូវឲ្យប្រពន្ធលោកឯងធ្វើអីចឹងទៅ យកហើយបង្ហោះមក វិទ្យុនិយាយភាសាបរទេសខ្លះ ដែលយកស្រង់សម្តី ឥឡូវលើកទឹកចិត្តឲ្យប្រពន្ធលោកឯង ថតអាស្អីគេហ្នឹងមក រួចហើយពួកយើង ជួយស៊ែរ ឲ្យពេញទៅ ហើយថាប្រពន្ធឈ្មោះអានេះ អានេះ អានេះ ឲ្យហ៊ានបង្ហោះចូលមក វាដូចជាអាក្រក់ពេក»។
លោក ហ៊ុន សែន ថា លោកជំរុញឲ្យមានការលក់ផលិតផលអនឡាញ តែការលក់ដូរនោះ មិនមែនយកខ្លួនប្រាណទៅលក់នោះទេ។
លោកនិយាយដូច្នេះថា៖ «លើកទឹកចិត្ត ឲ្យរកស៊ីតាមអនឡាញ តែគ្រាន់តែសំណូមពរ កុំមិនមែនឡាយលក់ខ្លួនទេ ឡាយ លក់ផលិតផលតើ!»។
ក្រុមតំណាងអង្គការសង្គមស៊ីវិលចំនួនប្រាំមួយ និងអ្នកជំនាញឯករាជ្យផ្នែកយេនឌ័រ និងសង្គមវិទ្យាមួយរូប បានបង្ហាញប្រតិកម្មទៅនឹងចំណាត់ការរបស់លោក ហ៊ុន សែន ក្នុងលិខិតចំហមួយចុះថ្ងៃទី១៩ ខែកុម្ភៈ ថា ការរឹតបន្តឹងទៅលើសេរីភាពនៃការស្លៀកពាក់របស់ស្ត្រីដែលយល់ថា ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងវប្បធម៌ប្រពៃណីជាតិកន្លងមក «មិនមានឯកសារផ្លូវច្បាប់ ឬឯកសារផ្លូវការណាមួយដែលផ្តល់និយមន័យអំពីតម្លៃស្ត្រី និងតម្លៃសង្គម ឬវប្បធម៌ខ្មែរ» ឬពន្យល់អំពីគោលបំណងនៃការលើកកម្ពស់បញ្ញត្តិទាំងនេះនោះទេ។
លិខិតចំហនោះ បានសរសេរក្នុងន័យដើមថា៖ «មិនតែប៉ុណ្ណោះ ក៏ពុំទាន់មានការសិក្សាបែបស៊ីជម្រៅណាមួយ ដែលបញ្ជាក់ថា ការស្លៀកពាក់របស់ស្ត្រីជាដើមហេតុនៃការបង្កឲ្យមានឱនភាពនៃសីលធម៌សង្គមនោះដែរ។ ផ្ទុយទៅវិញ នៅកម្ពុជាកម្រមានការពិភាក្សា និងសិក្សាអំពីសីលធម៌សង្គមដែលដាក់បន្ទុកលើបុរសកុំឲ្យប្រព្រឹត្តអំពើហិង្សាលើស្ត្រី និងក្មេងស្រីណាស់ដែលបានធ្វើឲ្យជនប្រព្រឹត្តដែលមិនត្រូវបានដាក់ទោសទណ្ឌ ត្រូវបានពង្រឹងភាពអង់អាចកាន់តែខ្លាំងក្លាឡើងក្នុងការប្រព្រឹត្តអំពើហិង្សាបន្តទៀត»។
អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ (Silika) ដែលជាអង្គការធ្វើការពាក់ព័ន្ធនឹងសិទ្ធិស្ត្រីមានប្រសាសន៍ថា៖ «ខ្ញុំនិយាយអញ្ចេះមួយទៅ ពេលដែលតារាឬមួយក៏អីផ្សេងៗ ឬមួយក៏អ្នកណាមួយដែលៗ គាត់ស្លៀកប៊ីគីនីថត ឬមួយក៏អីផ្សេងៗគាត់ ក៏អត់មានបានត្រូវអ្នកណាទៅ ហៅទៅហាម ឬមួយក៏អីផ្សេងៗដែរ មិនអីចឹងអី អាហ្នឹងមិនសិទ្ធិសេរីភាព។ ពេលដែល ពេលដែលគាត់ជាតារា ឬមួយក៏គាត់ជាអីហ្នឹង ដូចជាអត់បញ្ហា ឬមួយក៏ដោយសារតែចំណាត់ការ ឬមួយក៏ការធ្វើអីផ្សេងៗហ្នឹង វាដោយសារតែអ្នកហ្នឹង នៅក្នុង status ផ្សេងគ្នា ដោយសារគាត់មិនមែនជា អ្នកណាមួយបានហ៊ានចំណាត់ការ ឬមួយក៏ម៉េច?... ដូចខ្ញុំនិយាយអីចឹងថា វាអត់ច្បាស់លាស់កន្លែងហ្នឹង ខ្ញុំអត់ដឹងថា ថាតើយើងធ្វើចឹងទៅ វាបាន វាពិតជាបានលើកកម្ពស់អី ដែលយើងចង់និយាយថា សីលធម៌សង្គមហ្នឹងមែនក៏អត់?»។
ចំណែក អ្នកស្រី ជឹម ចាន់នាង អគ្គលេខាធិការអង្គការអិនជីអូ ស៊ី ដ មិនអាចផ្តល់ការអធិប្បាយអំពីហេតុផលអ្វីដែលអាជ្ញាធរមានសមត្ថកិច្ច សម្រេចចាត់ការអ្នកស្រីថៃ ស្រីនាង មុនគេនោះទេ។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះយល់ថា វិធានការដែលបានធ្វើឡើងកន្លងមកនេះ បង្ហាញពីបរាជ័យរបស់រដ្ឋាភិបាល ក្នុងការលុបបំបាត់ចោលការរើសអើងស្ត្រី។
អ្នកស្រី ចាន់នាង ថ្លែងដូច្នេះថា៖ «ទាក់ទងរឿងថា ដែលគាត់ ហេតុអ្វីបានចាត់ការទៅលើគាត់មុនគេ បងអត់មានយោបល់ទេ ប៉ុន្តែគ្រាន់តែថា បើតាមយោបល់បង ចំណាត់ការរបស់គាត់ហ្នឹង គឺមើលទៅក្នុងរូបភាពមួយដែលបង្ហាញច្បាស់ថា រដ្ឋាភិបាលយើងបរាជ័យនៅក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន នៅក្នុងការការពារសិទ្ធិស្ត្រី ក្នុងការលុបបំបាត់ការរើសអើងលើស្ត្រី អីចឹងគឺកំពុងតែជំរុញឲ្យសង្គមទាំងមូលហ្នឹង កាន់តែរើសអើងលើស្ត្រីឡើង»។
ដោយឡែក បងស្រីបង្កើតរបស់អ្នកស្រី ថៃ ស្រីនាង គឺអ្នកស្រី វ៉ែន មេត្តា អាយុ៤២ឆ្នាំ បានប្រាប់VOA តាមទូរស័ព្ទកាលពីថ្ងៃពុធថា ប្អូនស្រីបង្កើតរបស់អ្នកស្រី ហាក់រងការធ្វើបាបដោយវិធានការរបស់អាជ្ញាធរកម្ពុជា។ អ្នកស្រីពន្យល់ថា នៅពេលត្រូវបានចាប់ខ្លួនលើកទីពីរ ប្អូនស្រីរបស់គាត់ខិតខំសុំអាជ្ញាធរ ធ្វើការសុំទោសជាលើកទីពីរ និងសន្យាថាឈប់បង្ហោះរូបបែបសិចស៊ីតទៅទៀត តែអាជ្ញាធរមានសមត្ថកិច្ចប្រកែក។
អ្នកស្រី វ៉ែន មេត្ដា និយាយថា៖ «គឺថា ដូចជាគាត់ធ្វើបាបហើយ បើសិនជាគាត់នេះទៅ យើងខំសំណូមពរ យើងខំសុំហើយគាត់អត់លើកលែងអីចឹង»។
អ្នកស្រី វ៉ែន មេត្តា ដែលអះអាងថាមានលំនៅដ្ឋាននៅខេត្តស្ទឹងត្រែង បន្តថា នៅពេលនេះ ក្រុមហ៊ុនដែលសង់អគារខុនដូ បានខលមកទារប្រាក់បង់រំលោះខុនដូ ដែលអ្នកស្រី ថៃ ស្រីនាង មិនបានបង់ពីរខែមកហើយ។ ប្រាក់ដែលត្រូវបង់នោះ គឺមានប្រមាណជា២០០០ដុល្លារអាមេរិក។
អ្នកស្រី មេត្ដា និយាយទៀតថា៖ «មួយទៀត បង់លុយខុនដូ ដល់ពេលចឹង ឥឡូវគេទារលុយខុនដូ គេថា បើអត់ យើងអត់មានអ្នកនៅចឹង អត់បានបង់ឲ្យគេ គេផ្តាច់ គេអត់ឲ្យផ្ទះ អត់ឲ្យខុនដូហ្នឹងទេ និយាយចឹងទៀត ចឹងហ្អាស់វាពិបាកចឹង»។
អ្នកស្រីបានបន្ថែមថា រហូតមកដល់ពេលនេះ ក្រុមគ្រួសារអ្នកស្រីក៏មិនដឹងត្រូវរកមេធាវីការពារក្តី ឲ្យប្អូនស្រីអ្នកស្រី ដែលកំពុងមានសុខភាពមិនល្អក្នុងពន្ធនាគារនោះដែរ។
សម្រាប់អ្នកលក់ផលិតផលអនឡាញនៅតាមបណ្តាញសង្គម បានផ្តល់ការយល់ឃើញផ្សេងៗគ្នាទៅលើវិធានការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅលើស្ត្រីរូបណាដែលស្លៀកពាក់ខើចលើខើចក្រោមជ្រុល ហើយឡាយតាមបណ្តាញសង្គមដើម្បីលក់ទំនិញផ្សេងៗ។
លោក ជា ចំរើន អតីតតំណាងរាស្ត្រខេត្តកណ្តាល និងជាអតីតទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ហើយដែលពេលនេះ កំពុងលក់ផលិតផលបំប៉នសុខភាពដល់មនុស្សពេញវ័យ និងមានវ័យចំណាស់បានគាំទ្រ ចំណាត់ការអាជ្ញាធរកម្ពុជា ដែលលោកយល់ថា ស្របតាមមាត្រាខ្លះនៃច្បាប់ ដែលមានជាធរមាននៅកម្ពុជា។
ទោះយ៉ាងណា អតីតតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចរូបនេះ ចង់ឃើញប្រមុខរដ្ឋាភិបាលមានការយោគយល់ដល់អ្នកស្រី ថៃ ស្រីនាង ដោយអនុញ្ញាតឲ្យស្ត្រីរូបនេះ អាចបានមកប្រកបរបររបស់គាត់ឡើងវិញ។
លោក ជា ចំរើន ថ្លែងថា៖ «អីចឹងយើងត្រូវសិក្សាអំពីទៅលើប្រព័ន្ធចិត្តសាស្ត្រផងដែរទៅលើក្មួយ ក្មួយស្រីហ្នឹង បើមានការអនុគ្រោះគាត់បានក៏សម្តេចលោកអនុគ្រោះទៅឲ្យគ្នាមក អប់រំគ្នាលក់ឡើងវិញទៅ ប៉ុន្តែកុំឲ្យវាទៅប្រាសចាក លើកក្រោយវិធានការច្បាប់ ត្រូវតែដាក់បន្តឹងលើបញ្ហាអស់នេះ»។
កញ្ញា សួង ណារី វ័យ២៥ឆ្នាំ ដែលទើបចាប់ផ្តើមលក់ផលិតផលប្រើប្រាស់ផ្សេងៗតាមបណ្តាញសង្គមហ្វេសប៊ុក ដូចជា ឡេលាបស្បែកជាដើមនោះ បានបង្ហាញការបារម្ភ ចំពោះចំណាត់ការរបស់អាជ្ញាធរមកលើអ្នកស្រី ថៃ ស្រីនាង។ កញ្ញាមិននឹកស្មានថា មានការចាប់ និងឃុំខ្លួនយ៉ាងនេះទេ។ កញ្ញានិយាយថា ការរកអតិថិជនទិញផលិតផលអនឡាញមិនអាស្រ័យលើការបង្ហាញភាពសិចស៊ីនោះទេ ប៉ុន្តែវាស្ថិតនៅលើគុណភាពនៃផលិតផលនោះ។
កញ្ញា សួង ណារី និយាយថា៖ «ការពិត ឲ្យតែផលិតផលយើងល្អរបស់យើងមានគុណភាព ដឹងតែលក់ដាច់ដូចគ្នាមិនបាច់ចាំដល់ថ្នាក់ឡាយសិចស៊ីអីទាក់ទាញទេ។ ការពិតសំខាន់លើការនិយាយស្តី សម្ដីសំដៅរបស់យើង និងផលិតផលរបស់យើងជាគោលចម្បង មិនបាច់ដល់ថ្នាក់ឡាយបញ្ចេញហើយ ទើបគេថា របស់ហ្នឹងល្អ ខ្ញុំអត់ជឿទេ»។
អ្នកស្រី ថៃ ស្រីនាង ធ្លាប់មានប្រវត្តិរងការវាយដំហិង្សាជាញឹកញាប់ពីសំណាក់អតីតដៃគូសេ្នហាកាលពីឆ្នាំ២០១៩ ។
អ្នកស្រី អ៊ីង ឆវី ដែលជាបងប្អូនជីដូនមួយ របស់អ្នកស្រី វ៉ែន រចនា ហៅ ថៃស្រីនាង មិនសូវដឹងពីរឿងផ្ទាល់ខ្លួនរបស់អ្នកស្រី ថៃ ស្រីនាង នោះទេ។ តែអ្វីដែលអ្នកស្រីបានជួបនៅពេលនេះ គឺទុក្ខជាន់លើទុក្ខ ដោយសារតែការខ្វះខាតប្រាក់ចំណូលដើម្បីផ្គត់ផ្គង់កូនៗ ក្នុងពេលដែលអ្នកស្រីក៏ជាស្ត្រីមេម៉ាយមួយរូប។
អ្នកស្រី អ៊ីង ឆវី និងក្មួយម្នាក់របស់អ្នកស្រី ថៃ ស្រីនាង បាននិយាយថា ពួកគេចង់ឃើញអ្នកស្រី វ៉ែន រចនា មានសេរីភាពវិញ ដើម្បីអាចឲ្យពួកគេទទួលបានប្រាក់ចំណូលប្រចាំថ្ងៃពីការលក់ផលិតផលអនឡាញ ដូចដើមវិញ។
អ្នកស្រី អ៊ីង ឆវីនិយាយទាំងស្រក់ទឹកភ្នែកថា៖ «សង្ឃឹមថា មានគេជួយ មានគេអីចឹងទៅណ៎ា ឲ្យវាបានឆាប់ចេញ បានអីចឹងមកទៅ យើងវាមានលទ្ធភាព រស់នៅបន្តទៀតចឹងទៅ បើកូនចៅច្រើនចង់ងាប់ ហើយ និយាយទៅពិបាកចិត្ត»។
អ្នកស្រី អ៊ីង ឆវី បញ្ជាក់ថា នៅពេលដែលអ្នកស្រី ថៃ ស្រីនាង ធើ្វការឡាយលក់ផលិតផលអនឡាញនោះ ការលក់ផលិតផលមានដូចជាគ្រឿងលើកសម្ផស្ស ខោអាវស្រី្ត បានផ្តល់ប្រាក់ចំណូលយ៉ាងហោចណាស់បី ទៅបួនម៉ឺនរៀលក្នុងមួយថ្ងៃ ហើយថ្ងៃណាដែលលក់ដាច់ខ្លាំងនោះ ប្រាក់ចំណូលអាចឡើងដល់៥០ដុល្លារអាមេរិក។ ប៉ុន្តែនៅពេលនេះ សកម្មភាពលក់ដូរតាមបណ្តាញសង្គមហ្វេសប៊ុក បានជាប់គាំង ព្រោះគ្មានវត្តមានអ្នកស្រី ថៃ ស្រីនាង ទៀតទេ៕