មេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី ត្រូវកម្លាំងសន្តិសុខចម្រុះចាប់ខ្លួនភ្លាមៗ ក្រោយតុលាការក្រុងភ្នំពេញប្រកាសសាលក្រមឱ្យអ្នកច្បាប់រូបនេះ មានទោសជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដែលមានទំនាក់ទំនងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ីកាលពីឆ្នាំ២០១៩។
កញ្ញា សេង ធារី ដែលជាសកម្មជនការពារសិទ្ធិមនុស្សមួយរូបផងនោះ ត្រូវគេឃើញស្លៀកពាក់ជានាងសេរីភាព ដែលស្រដៀងគ្នានឹងរូបសំណាកសេរីភាពក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក។ កញ្ញាក៏ត្រូវគេឃើញមានពាក់ច្រវាក់ជាប់នឹងដៃ ដែលមានកាន់បំពង់ភ្លើងគប់សិប្បនិម្មិត និងផ្ទាំងស្នោរាងចតុកោណមានចារឹកពាក្យរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៨ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
លោក ជូង ជូងី មេធាវីការពារក្តីឲ្យកញ្ញា សេង ធារី ប្រាប់ក្រុមអ្នកកាសែតថាការផ្តន្ទាទោសថ្មីៗនេះ គឺជាការបន្ថែមភាពអយុត្តិធម៌ទៅលើកូនក្តីរបស់លោក ក្រោយការតស៊ូតាមផ្លូវតុលាការអស់រយៈពេលជាច្រើនខែ។
«ខ្ញុំយល់ថា អត់ត្រឹមត្រូវសម្រាប់គាត់ទេ គាត់តវ៉ាដើម្បីភាពយុត្តិធម៌ ប៉ុន្តែបន្ថែមអយុត្តិធម៌ទៅលើគាត់ថែមទៀត»។
កញ្ញា សេង ធារី ត្រូវកម្លាំងនគរបាលរាជធានី និងកងសន្តិសុខផ្សេងទៀត បានចាប់ក្រៀកអូសឡើងរថយន្តប៉ូលិស ដែលចតនៅទល់មុខនឹងតុលាការរាជធានីភ្នំពេញ។ ក្រុមអ្នកឃ្លាំមើលការប្រកាសសាលក្រមនៅក្រៅតុលាការខ្លះ បានស្រែកបរិហារការកាត់សេចក្តីរបស់តុលាការថាជារឿងអយុត្តិធម៌ និងខ្លះទៀតដែលមានទាំងសាច់ញាតិរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវកាត់ទោសថ្ងៃអង្គារនេះដែរនោះ ត្រូវបានកងសន្តិសុខចាប់អូសទាញ និងរុញច្រាននៅមុខតុលាការ។
មុនពេលត្រូវបានកងសន្តិសុខចម្រុះចាប់ខ្លួននោះ កញ្ញា សេង ធារី បានស្រែកឱ្យមានការដោះលែងសេរីភាព នៅមុខតុលាការក្រុងជាច្រើនដង។ កញ្ញាប្រាប់អ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិក(VOA) អំឡុងពេលផ្សាយផ្ទាល់តាមហ្វេសប៊ុកថា តុលាការដែលកាត់ក្តីសំណុំរឿងរបស់កញ្ញា ជាតុលាការសម្តែងរៀបចំដោយអ្នកនយោបាយ។ ហេតុដូច្នេះ កញ្ញាថាកញ្ញាមិនរំពឹងថាបានយុត្តិធម៌ទេ។
«ខ្ញុំអត់មានការរំពឹងថាខ្ញុំនឹងទទួលយុត្តិធម៌ទេ ពីព្រោះនៅក្រោមរបបផ្តាច់ការ ចំពោះអ្នកស្លូតត្រង់ដែលសកម្ម ចំពោះអ្នកស្លូតត្រង់ ហើយអត់មានកំហុសដែលតស៊ូមតិតទល់ជាមួយរបបផ្តាច់ការ គេនឹងប្រើប្រព័ន្ធតុលាការជាអាវុធនៅក្នុងការធ្វើបាប។ បើអ៊ីចឹង ខ្ញុំអត់មានការរំពឹងថា ខ្ញុំអាចទទួលយុត្តិធម៌ ពីតុលាការអយុត្តិធម៌ តុលាការក្លែងក្លាយ ដែលច្នៃប្រតិដ្ឋដោយអ្នកនយោបាយទេ»។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ សំណុំរឿងរបស់កញ្ញា សេង ធារី ជាផ្នែកមួយនៃសំណុំរឿងទ្រង់ទ្រាយធំដែលមានពាក់ព័ន្ធនឹងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្នុងនោះ គឺមានលោក សម រង្ស៊ី និងសកម្មជនអតីតគណបក្សប្រឆាំងមួយនេះ យ៉ាងហោចណាស់៥០នាក់ទៀត ដែលត្រូវបានតុលាការផ្តន្ទាទោស ពីបទរួមគំនិតក្បត់ និងបទញុះញង់ នៅថ្ងៃអង្គារនេះផងដែរ។
សេចក្តីប្រកាសរបស់អង្គការលីកាដូចុះថ្ងៃទី១៤ ខែមិថុនានេះ បានបញ្ជាក់ថាថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចំនួន១២រូប ត្រូវបានកាត់ទោសដោយកំបាំងមុខ ឱ្យជាប់ពន្ធនាគារកំណត់រយៈពេល៨ឆ្នាំ។ សមាជិក និងអ្នកគាំទ្រចំនួន១៩រូប ផ្សេងទៀត ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ។
នៅព្រឹកថ្ងៃអង្គារនេះ តុលាការក៏មានការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមនុស្សទាំង៣១ នាក់ផងដែរ។ ដោយឡែក កញ្ញា សេងច័ន្ទធារី ឬ សេង ធារី ដែលមានសញ្ជាតិខ្មែរ និងអាមេរិក គឺស្ថិតក្នុងចំណោមជនជាប់ចោទដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ។ ជនជាប់ចោទ៤នាក់ផ្សេងទៀត បានជាប់ឃុំស្រាប់ទៅហើយ រួមមានលោក កាក់ កុម្ភា លោក ហេង ច័ន្ទសុទ្ធី លោក ទុំ ប៊ុនថន កំពុងស្ថិតក្រោមការឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ខណៈដែលអ្នកស្រី យក់ នាង ស្ថិតក្រោមការឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (ប៉េហ្ស៊ី)។ អ្នកទាំងនោះ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ។ អ្នកស្រី យក់ នាង ត្រូវបានចាប់ខ្លួនក្នុងខែមេសា ឆ្នាំ២០២២ បន្ទាប់ពីបានក្លាយជាមន្ត្រីគណបក្សភ្លើងទៀន។ នេះបើតាមអង្គការលីកាដូ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាការកាត់ទោសមេធាវី និងអតីតក្រុមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ មានជាប់ហេតុផលនយោបាយ ដែលត្រូវឱ្យមានការសម្របសម្រួលខាងនយោបាយ ដើម្បីបើកផ្លូវឱ្យអ្នកដែលត្រូវបានកាត់ទោសដាក់ក្នុងពន្ធនាគារមានសេរីភាពឡើងវិញ។
លោកថ្លែងថា៖ «ដូចបរិបទវិបត្តិនយោបាយកន្លងមកដែលយើងធ្លាប់ឃើញ គឺអ្នកនយោបាយទាំងអស់មានការសន្ទនា ការចរចាដោះស្រាយគ្នា។ អ៊ីចឹងនៅពេលហ្នឹង យើងឃើញមានមន្ត្រីជាន់ខ្ពស់ អតីតគណបក្សប្រឆាំង ឬក៏គណបក្សប្រឆាំង អ្នកនយោបាយ ឬក៏សកម្មជនសិទ្ធិមនុស្សអីផ្សេងៗហ្នឹង ត្រូវមានការដោះលែងឱ្យនៅក្រៅឃុំ»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃអង្គារនេះ បានលើកឡើងអំពីភាព«អយុត្តិធម៌» ជុំវិញការកាត់ក្តីរបស់តុលាការក្រុងភ្នំពេញ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតនេះ ផ្តល់ការអត្ថាធិប្បាយក្នុងន័យដើមថា៖ «យើងមានការរំខានចិត្តជាខ្លាំង ចំពោះសាលក្រមដ៏អយុត្តិធម៌ នាថ្ងៃនេះ ដែលត្រូវបានប្រកាសទៅលើកញ្ញា សេង ធារី និងអ្នកដទៃទៀត។ សេរីភាពក្នុងការបញ្ចេញមតិ និងការចងក្រងគ្នាជាក្រុម ជាសមាគម ហើយនិងការអត់ឱនចំពោះទស្សនៈប្រឆាំង គឺជាផ្នែកដ៏មានសារសំខាន់បំផុត នៃលទ្ធិប្រជាធិបតេយ្យ។ យើងសូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងរូបគាត់ ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀត ពីការដាក់ពន្ធនាគារដ៏អយុត្តិធម៌»។
ដំណាលគ្នានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងអ្នកច្បាប់អន្តរជាតិមួយចំនួនទៀត បានប្រតិកម្មទៅនឹងការផ្តន្ទាទោសទៅលើកញ្ញាសេង ធារី ថាជាការផ្តន្ទាទោស ដែលមានលក្ខណៈនយោបាយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ មិនឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកដែលផ្ញើតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃអង្គារនេះ។
បើតាមអង្គការលីកាដូ រឿងក្ដីរបស់កញ្ញាសេង ធារី និងអ្នកពាក់ព័ន្ធផ្សេងទៀត បានអូសបន្លាយពេល ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២២។ សវនាការដែលត្រូវបានធ្វើឡើងកន្លងមកនោះ ផ្ដោតសំខាន់ទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេស លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សនេះ ក្នុងការព្យាយាមធ្វើមាតុភូមិនិវត្តន៍ ត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក៏ដូចជាការបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេស៕