ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​បារម្ភ​ការតាម​ចាប់ខ្លួន​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ខណៈ​ការបង្ក្រាប​កាន់តែ​ខ្លាំង


លោក ចេក ឈុន និង​អ្នកស្រី ហ៊ុល វន់ ជា​ឪពុក​ម្តាយ​របស់​លោក ឈុន វាន អង្គុយ​នៅ​លើ​គ្រែ​ខាងមុខ​ផ្ទះ ក្នុង​ភូមិ​តាប៉ោ ឃុំ​ក្តីរុន ស្រុកពួក ខេត្តសៀមរាប​ផ្ទះ។ (ស៊ុន ណារិន/VOA)
លោក ចេក ឈុន និង​អ្នកស្រី ហ៊ុល វន់ ជា​ឪពុក​ម្តាយ​របស់​លោក ឈុន វាន អង្គុយ​នៅ​លើ​គ្រែ​ខាងមុខ​ផ្ទះ ក្នុង​ភូមិ​តាប៉ោ ឃុំ​ក្តីរុន ស្រុកពួក ខេត្តសៀមរាប​ផ្ទះ។ (ស៊ុន ណារិន/VOA)

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រាប់សិប​នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន​ និង​មួយ​ចំនួន​ទៀត​បាន​រត់គេច​ខ្លួន ក្រោយពី​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។ ក្រុមគ្រួសារ​របស់​សកម្មជន​ដែល​កំពុង​គេច​ខ្លួន​បាន​អះអាង​ថា ការប្រកាស​ចាប់​ខ្លួន​គ្រួសារ​របស់​ពួកគេ គឺជា​រឿង​អយុត្តិធម៌។

អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​ជាមួយ​ភរិយា​របស់​លោក ព្រម​ជាមួយ​ចៅ​ប្រុស​និង​ចៅ​ស្រី លោក ចេក ឈុន ជា​កសិករ​ម្នាក់ក្នុង​ភូមិ​តាប៉ោ ឃុំ​ក្តីរុន ស្រុក​ពួក ខេត្ត​សៀមរាប ហាក់​ដូចជា​កំពុង​រង់​ចាំ​កូន​ប្រុស​របស់​លោក​ វិល​ត្រឡប់​មក​ផ្ទះ​វិញ។

កូន​របស់​លោក គឺ​លោក ឈុន វាន អាយុ​៣០​ឆ្នាំ ដែល​ជា​អតីត​ជំទប់​ទី​២​ឃុំ​ក្ដី​រុនរបស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៩ ក្រោម​ការ​ចោទ​ប្រកាន់​ថា«​រួមគំនិត​ក្បត់» ក្នុង​ការ​គាំទ្រ​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញរបស់​លោក​ សម រង្ស៊ី។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឲ្យ​កូន​របស់​លោក​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេសដើម្បី​គេ​ច​ផុត​ពី​ការ​ចាប់​ឃុំ​ខ្លួន។


ក្នុង​វ័យ​៦៧​ឆ្នាំ លោក ចេក ឈុន ចាត់​ទុក​ថាការ​ចោទ​ប្រកាន់​លើ​កូន​ប្រុស​របស់​លោក​គឺជា​រឿង​«អយុត្តិធម៌»។

«វាអយុត្តិធម៌ កូន​ខ្ញុំ​វា​មិន​ដែល​ទៅប្រព្រឹត្ត​អី​ខុស​ដល់​គេ​ចាប់។ កូន​ស្មោះ​ត្រង់​ល្អ​ស្រណោះ​កូន​មិន​ដឹង​ថា​ម៉េច»។

លោក ឈុន វាន សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​តាម​ចាប់​ខ្លួន កាន់បដា​ដែល​សរសេរ​ថា «ថ្ងៃទី៩ វិច្ឆិកា ជាក្តីសង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ»។
លោក ឈុន វាន សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​តាម​ចាប់​ខ្លួន កាន់បដា​ដែល​សរសេរ​ថា «ថ្ងៃទី៩ វិច្ឆិកា ជាក្តីសង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ»។

កូន​ប្រុស​របស់​លោក​គឺ លោក ឈុន វាន បាន​បន្សល់​ទុក​នូវ​កូន​ចំនួនពីរ​នាក់​ក្រោម​បន្ទុក​របស់​លោក។​នោះ​គឺ កូន​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​ និង​កូន​ស្រី​អាយុ​២​ឆ្នាំ។

លោក ចេក ឈុន អាយុ​៦៧​ឆ្នាំ បង្ហាញ​រូបថត​របស់​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​ព្យួរ​នៅ​ក្នុង​ផ្ទះ​កូន​ប្រុស​របស់​លោក។ (ស៊ុន ណារិន/VOA)
លោក ចេក ឈុន អាយុ​៦៧​ឆ្នាំ បង្ហាញ​រូបថត​របស់​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​ព្យួរ​នៅ​ក្នុង​ផ្ទះ​កូន​ប្រុស​របស់​លោក។ (ស៊ុន ណារិន/VOA)

លោក ​ចេក ឈុន បញ្ជាក់​បន្ថែម​ថា៖ «នយោបាយ​ស្រុក​ខ្មែរ​ មាន​តែ​ប៉ុណ្ណោះ​ឯង។ បើ​មិន​ជាប់គុក រត់​ចោល​ស្រុក និង​ងាប់ មាន​តែប៉ុណ្ណោះ​ឯង។ បើ​ខ្លាំង​គឺ​ងាប់ បើ​ល្មម គឺ​ជាប់​គុក ល្មម រត់​ចោល​ស្រុក»។

ក្រោយ​ការ​ប្រកាស​របស់​លោក សម រង្ស៊ី ថា​នឹង​ចូល​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ការ​បង្ក្រាប​ទៅ​លើ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ថ្នាក់​ក្រោម ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់។ ​ក្រុម​គ្រួសារ​ដែល​មានប្ដី​និង​កូនៗ​របស់​ពួកគេ​កំពុង​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ នេះ​បង្ហាញ​ថា​ពួក​គេ​កំពុង​រស់​នៅ​ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ​ជា​រៀង​រាល់​ថ្ងៃ។

លោក​ សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន។​

រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ជា​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល តាម​រយៈ​កម្លាំង​អ្នក​គាំទ្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ពេល​កំពុង​ផ្ដល់​បទ​សម្ភាសន៍​ដល់ ​VOA នគរបាល​នៅ​ក្នុង​ឃុំ​ក្តីរុន​ បាន​ជិះ​ម៉ូតូកាត់​ខាង​មុខ​ផ្ទះ​របស់​លោក ចេក ឈុន ជា​បន្ត​បន្ទាប់។ លោក​មាន​ប្រសាសន៍​ថា ​ផ្ទះ​របស់​លោក​ ត្រូវ​បាន​នគរបាល​ឃុំ​តាម​ឃ្លាំ​មើល​ជា​ប្រចាំ។ លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ថា​សមត្ថកិច្ច​អាច​សួរ​នាំ​រូប​លោក​អំពី​ការ​សម្ភាសន៍​ជាមួយ​VOA។

ពី​ក្រៅ​ប្រទេស លោក ឈុន វាន ដែល​ជា​កូន​ប្រុស​របស់​លោក​ ចេក ឈុន បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​រូប​លោក​ ជា​ការ​ដាក់​គំនាប​ និង​បំភិត​បំភ័យ​មួយ។

«ខ្ញុំ​ដឹង​ថា​តុលាការ​នៅ​ប្រទេស​កម្ពុជា​របស់​យើង​គឺជា​ឧបករណ៍​របស់​អ្នក​នយោបាយ​សម្រាប់​ប្រើប្រាស់​ គំរាម​កំហែង​ដល់​គូ​បដិបក្ខ បក្ស​ប្រឆាំង​ដែល​ជា​គណបក្ស​មួយ​ដ៏​ធំ»។

ប៉ុន្តែ​លោក​ យិន ស្រាង អ្នកនាំពាក្យតុលាការ​ខេត្ត​សៀមរាប បាន​ថ្លែង​ប្រាប់​VOA​ថា តុលាការ មាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ទៅលើ​អតីត​សកម្មជន​គណបក្ស​សង្រ្គោះជាតិ។ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ជាក់​ថា​មាន​ភស្តុតាង​អ្វី​នោះ​ទេ ដោយសារ​សំណុំ​រឿង​ស្ថិត​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ។

«គាត់​ឆ្លើយ​ហ្នឹង​រឿង​របស់​គាត់។ តុលាការ​គេ​មាន​ភស្តុតាង​ហ្នឹង បាន​គេ​ចោទប្រកាន់​ទៅ​លើ​គាត់»។

នៅ​ក្នុង​ខេត្ត​សៀមរាប​ដដែល លោក ជិន សុខង៉េង អាយុ​២៨​ឆ្នាំ អតីត​ចៅ​សង្កាត់​សាលា​កំរើក ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​និង​តាម​ចាប់​ខ្លួន​ផង​ដែរ។ នេះ​បើ​យោង​តាម​ដីកា​ចុះ​ថ្ងៃ​ទី​១៤ ខែ​តុលា ដែល​VOA​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។

បើ​តាម​អ្នកនាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​ លោក​ឧត្ដម​សេនីយ៍ ខៀវ សុភ័គ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៤៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ទាក់​ទង​នឹង​ការ​គាំទ្រ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី។

លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ​ថ្លែង​ថា​ការ​តាម​ដាន ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន គឺ​ដើម្បី​«ថែរក្សា​សន្តិភាព និង​សន្តិសុខ​របស់​ប្រទេស» ដោយ​លោក​បញ្ជាក់​ថា​សមត្ថកិច្ច​តាម​ដាន​តែ​មនុស្ស​ដែល​ជា​«មុខ​សញ្ញា»​តែ​ប៉ុណ្ណោះ។

«បើ​សិន​ជា​គាត់​អត់​មាន​សកម្ម​ភាព​អី គេ​មិន​ចាំបាច់​តាម​មើល​អី​ទេ។​ ក្រែង​តែ​គាត់​មាន​គំនិត​មិន​ល្អ ឬ​ក៏​ប៉ុន​ប៉ង​ដើម្បី​មក​ផ្ដួល​រលំ»។

បដា​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​លោក ចេក ឈុន បន្សល់​ទុក​នៅ​ផ្ទះ ក្រោយ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ​ចោល។ (ស៊ុន ណារិន/VOA)
បដា​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​លោក ចេក ឈុន បន្សល់​ទុក​នៅ​ផ្ទះ ក្រោយ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ​ចោល។ (ស៊ុន ណារិន/VOA)

ការ​ចោទ​ប្រកាន់​តាម​ចាប់​ខ្លួន​ បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស។ នៅ​ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមានជ័យ ជាប់​នឹង​ខេត្ត​សៀមរាប អ្នកស្រី ហ៊ឹម តាំងអោ អាយុ​៤៧​ឆ្នាំ មាន​ប្រសាសន៍​ថា ប្ដី​របស់​អ្នកស្រី​គឺ​លោក អូន ស្រ៊ាន​ដែលជា​អនុប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិខេត្ត​ឧត្តរមានជ័យ ក៏​កំពុងគេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដែរ។ ប្ដី​របស់​អ្នកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«​រួមគំនិត​ក្បត់»និង​ប្រឈម​ការ​តាម​ចាប់​ខ្លួន។

លោក អូន ស្រ៊ាន អនុ​ប្រធាន​គណបក្ស​ប្រតិបត្តិ​ខេត្តឧត្តរមានជ័យ​របស់​ គណបក្ស​សង្រ្គោះ​ជាតិ។ (រូបថតផ្តល់ឲ្យ)
លោក អូន ស្រ៊ាន អនុ​ប្រធាន​គណបក្ស​ប្រតិបត្តិ​ខេត្តឧត្តរមានជ័យ​របស់​ គណបក្ស​សង្រ្គោះ​ជាតិ។ (រូបថតផ្តល់ឲ្យ)

អ្នកស្រី​បាន​ថ្លែង​ថា​ការ​ចោទ​ប្រកាន់​នេះ​អយុត្តិធម៌ ហើយ​វា​ប្រៀប​ដូចជា​ការ​បំបែក​បំបាក់​ប្ដី​ប្រពន្ធ​របស់​អ្នក​ស្រី។

«ពិបាក​ប្ដី​នៅ​នោះ ប្រពន្ធ​នៅ​នេះ បែក​បាក់​គ្នា»។

សកម្មជន​មួយ​ចំនួនរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន បាន​សារភាព​កំហុស ហើយ​ពួកគេ​ត្រូវ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះលែង ខណៈ​ដែល​បទ​ចោទ«​រួមគំនិតក្បត់»​នេះ​ធ្វើ​ឲ្យ​ពួក​គេប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០ឆ្នាំ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា​ការ​សារភាព​នេះ គឺ​ដោយសារ​ពួកគេ​រង​គំនាប។

លោក ស៊ឹង សែន​ករុណា ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក បាន​ថ្លែង​ប្រាប់ ​VOA​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ជា​លាយ​លក្ខណ៍​អក្សរ និង​ផ្ទាល់​មាត់​ពី​ក្រុម​គ្រួសារ​របស់​សកម្មជន​នយោបាយ អំពី​ការ​ចាប់​ខ្លួន ការ​គំរាម​កំហែង ការ​ដែល​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ និង​អំពើ​ហិង្សា​លើ​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ថា​ ស្ថានភាព​អាច​នឹង​កាន់​តែ​តាន​តឹង​នៅ​ពេល​ខាង​មុខ​ទៀត៕

XS
SM
MD
LG