នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដើរចេញពីកិច្ចប្រជុំលើកទីពីររបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្រោមហេតុផលដែលលោកបញ្ជាក់ថា ដោយសារតែលោក Kim Jong Un ចង់ឲ្យមានការដកទណ្ឌកម្មទាំងអស់ចេញជាថ្នូរនឹងការលុបបំបាត់នុយក្លេអ៊ែរបន្តិចម្ដងៗ។
លោក Trump និយាយដូច្នេះថា៖ «និយាយរួម ប្រទេសកូរ៉េខាងជើងចង់ឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងអស់ចេញ ប៉ុន្តែ យើងមិនអាចធ្វើដូច្នេះទេ។ កូរ៉េខាងជើងមានឆន្ទៈលុបបំបាត់តំបន់ផលិតអាវុធនុយក្លេអ៊ែរមួយផ្នែកធំដែលពួកយើងចង់បាន ប៉ុន្តែពួកយើងនឹងមិនលះបង់ការដាក់ទណ្ឌកម្មទាំងអស់ជាថ្នូរនឹងរឿងនេះទេ។ ដូច្នេះ យើងនឹងនៅតែបន្តធ្វើការលើរឿងនេះ និងចាំមើលថាតើនឹងមានអ្វីកើតឡើង»។
ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនចង់ឲ្យមានការដកទណ្ឌកម្មមួយចំនួនដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនចេញតែប៉ុណ្ណោះ។ ប៉ុន្តែ ឥទ្ធិពលមានប្រៀបដ៏សំខាន់បំផុតមួយ ដែលលោក Trump នៅទុកក្នុងរឿងចរចានេះ គឺប្រហែលជាទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលកំពុងដាក់លើកូរ៉េខាងជើងសព្វថ្ងៃ ដែលទណ្ឌកម្មនេះបានរារាំងការនាំចូលប្រេង និងរារាំងការនាំចេញទំនិញភាគច្រើនរបស់កូរ៉េខាងជើង។
អ្នកស្រី Jenny Town អ្នកវិភាគផ្នែកកិច្ចការកូរ៉េនៃមជ្ឈមណ្ឌល Stimson និយាយថា៖ «គេនៅមិនទាន់ច្បាស់ទេអំពីអ្វីដែលបានស្នើឡើង ប៉ុន្តែវាគឺជាអ្វីដែលហួសពីការដែលអាចទទួលយកបានសម្រាប់ការផ្ដោះប្ដូរដែលពួកគេបានស្នើឡើងនោះ»។
ជម្លោះពាក់ព័ន្ធនឹងការដកទណ្ឌកម្មនេះ ប្រហែលជាបង្ហាញឲ្យឃើញពីភាពមានកំណត់នៃវិធីសាស្ត្របែបការទូតផ្ទាល់ខ្លួនរបស់លោក Trump ដែលនោះគឺការព្យាយាមដើម្បីធ្វើឲ្យទំនាក់ទំនងជាមួយនឹងលោក Kim Jong Un មានភាពប្រសើរឡើង ដើម្បីទទួលបាននូវការធ្វើសម្បទានពីកូរ៉េខាងជើង។
អ្នកស្រី Katharine Moon អ្នកវិភាគកិច្ចការកូរ៉េនៃវិទ្យាស្ថាន Brookings និយាយថា៖ «នៅទីបំផុត លោក Trump យល់ថា វិធីសាស្ត្រទាក់ទាញរបស់លោកមិនទាន់គ្រប់គ្រាន់ដើម្បីសម្រេចឲ្យបាននូវការលុបបំបាត់នុយក្លេអ៊ែរនោះទេ»។
គេជឿថា ប្រទេសកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរពី ២០ ទៅ ៦០ និងថែមទាំងមានសមត្ថភាពបាញ់មីស៊ីលចម្ងាយឆ្ងាយ ដែលអាចហោះដល់ដែនដីសហរដ្ឋអាមេរិកបានទៀតផង។
នៅក្នុងអំឡុងពេលកិច្ចប្រជុំលើកទីមួយរវាងលោក Trump និងលោក Kim Jong Un ក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន លោក Kim Jong Un បានប្ដេជ្ញាយ៉ាងទូលំទូលាយថានឹងព្យាយាមលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង។
កាលពីកិច្ចប្រជុំនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម មេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងឯកភាពគ្នាលើវិធានការជាក់ច្បាស់មួយចំនួនដូចជា ការកម្ទេចចោលនូវរោងចក្រនុយក្លេអ៊ែរ Yongbyon ដែលកំពុងផលិតប្រេងភ្លុយតូនីញ៉ូម និងការធ្វើឲ្យទំនាក់ទំនងមានភាពប្រសើរជាងមុនដោយការចុះហត្ថលេខាលើសេចក្ដីប្រកាសសន្តិភាព។
ការចរចានានានៅមុនពេលកិច្ចប្រជុំលើកទីពីរនេះចូលមកដល់ ក៏ទំនងជាបានបង្ហាញសញ្ញាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានឆន្ទៈសម្របសម្រួលមួយចំនួនទាក់ទិននឹងការទាមទារជាយូរមកហើយរបស់ខ្លួនដែលចង់ឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងកម្ទេចចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងជាមុនសិន មុនពេលមានការធ្វើសម្បទានណាមួយ។
លោក James McKeon នៃមជ្ឈមណ្ឌលគ្រប់គ្រងអាវុធ និងការធ្វើមិនឲ្យរីកសាយភាយអាវុធ (Center for Arms Control and Non-Profliferation) បាននិយាយថា៖ «វាបង្ហាញថា សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍នៅក្នុងវិធីសាស្ត្រមួយជំហានម្ដងមួយជំហានម្ដង ក្នុងការចរចាជាមួយកូរ៉េខាងជើង ដែលនេះគឺជាអ្វីដែលអង្គការរបស់ខ្ញុំ និងអង្គការផ្សេងទៀតបានផ្ដល់ជាអនុសាសន៍អស់រយៈពេលជាយូរមកហើយ។ វិធីសាស្ត្រគ្មានការសម្របសម្រួលនេះនឹងមិនទទួលបានជោគជ័យនោះទេ»។
សម្រាប់ពេលបច្ចុប្បន្ននេះ ភាគីទាំងពីរទំនងជានៅបើកចំហបន្តការចរចារឿងនុយក្លេអ៊ែរនេះ ប៉ុន្តែអ្នកវិភាគនានាបានបញ្ជាក់ថា វាប្រហែលជាដល់ពេលនៃការចរចាកម្រិតការងារហើយ ដើម្បីស្វែងរកដំណោះស្រាយនៃការខ្វែងគំនិតគ្នាផ្នែកគោលនយោបាយដ៏ស្មុគស្មាញនេះ មុនពេលមេដឹកនាំទាំងពីរប្ដេជ្ញារៀបចំកិច្ចប្រជុំមួយលើកទៀត៕
ប្រែសម្រួលដោយ ភី សុភាដា