ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្យាយាម​រឹតចំណង​ជាមួយ​ប្រទេស​ជិតខាង ខណៈ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ខាង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក


នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ថ្លែងអំឡុងពេលជំនួបត្រីភាគីជាមួយមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន នៅក្រុង Chengdu នៅខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ថ្លែងអំឡុងពេលជំនួបត្រីភាគីជាមួយមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន នៅក្រុង Chengdu នៅខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ចិន​ចាប់​ផ្ដើម​ផ្ដោត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង និង​ផ្ដល់​ការ​គាំទ្រ​លើ​គំនិត​ផ្តួចផ្ដើម​ហេដ្ឋរចនា​សម្ព័ន្ធមួយ ក្នុង​ពេល​ដែល​ចិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ប្រទេស​ជិតខាង​ទាំងពីរ​ក្នុង​សប្ដាហ៍​នេះ។ ដំណើរ​វិវត្តន៍​នេះ​កើតឡើង ស្របពេល​ដែល​ចំណង​ទាក់ទង​រវាង​ចិន​ជាមួយ​នឹង​សហរដ្ឋអាមេរិក​កំពុង​រកាំរកូស។

នាយករដ្ឋមន្ត្រី​ចិន​ លោក Li Keqiang បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ឆន្ទៈ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​ជប៉ុន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ទី​បី។

នៅ​ក្នុង​ជំនួប​បន្ទាប់​បន្សំ​ពី​កិច្ចប្រជុំ​ត្រីភាគី​នៅ​ក្នុង​ទីក្រុង Chengdu លោក Li បាន​លើកឡើង​បន្ថែម​ថា ចិន​នឹង​បន្ត​បង្កើន​ឧស្សាហកម្ម​ផ្ដល់​សេវាកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន។

នៅ​ក្នុង​កិច្ចប្រជុំ​ដាច់ដោយ​ឡែក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ច័ន្ទ​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in លោក Li ​បាន​ថ្លែង​ថា ចិន​មាន​ឆន្ទៈ​នឹង​ធ្វើការ​ស្ថាបនា​បណ្ដាញ​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ដែល​ភ្ជាប់​កូរ៉េខាងត្បូង​ជាមួយ​នឹង​ចិន​ទៅ​កាន់​អឺរ៉ុប។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap។

សុន្ទរកថា​របស់​លោក Li ត្រូវ​បាន​ធ្វើឡើង ខណៈ​ដែល​ចិន​និង​សហរដ្ឋអាមេរិក​កំពុង​ចរចា​គ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ បន្ទាប់​ពី​ប្រទេស​ទាំងពីរ​នេះ​យក​ពន្ធ​នាំចូល​លើ​ទំនិញ​ពី​គ្នា​ទៅវិញ​ទៅ​មក​រាប់​ពាន់​លាន​ដុល្លារ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកហើយ នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​ផ្ដល់​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក៕​

XS
SM
MD
LG