ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ចាប់ផ្តើម​សហការ​ចែកចាយ​អគ្គិសនី​ថ្នាក់​តំបន់​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​


រូប​ឯកសារ៖ ផ្ទាំង​សូឡារ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្បែរ​កង្ហារ​ផលិត​អគ្គិសនី​ពី​ខ្យល់​បក់​នៅ​តំបន់ Quy Non ប្រទេស​​វៀតណាម កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ ផ្ទាំង​សូឡារ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្បែរ​កង្ហារ​ផលិត​អគ្គិសនី​ពី​ខ្យល់​បក់​នៅ​តំបន់ Quy Non ប្រទេស​​វៀតណាម កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៣។

ការ​គំរាម​ជា​បន្ទាន់​កើន​ឡើង​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ជំរុញ​បណ្ដា​ប្រទេស​សមាគម​អាស៊ាន (ASEAN) ឱ្យ​ចាប់ផ្ដើម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​លើ​ផែនការ​អាយុកាល ​២០ ឆ្នាំ​ដើម្បី​អភិវឌ្ឍ​បណ្ដាញ​ចែកចាយ​អគ្គិសនី​នៅ​ក្នុង​តំបន់។

គោល​បំណង​គឺ​ដើម្បី​ពន្លឿន​ការ​ផ្ទេរ​ទៅ​រក​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ដូចជា​ថាមពល​ព្រះ​អាទិត្យ ថាមពល​ខ្យល់ និង​ថាមពល​វារីអគ្គិសនី​ជាដើម​តាម​រយៈ​ការ​សម្រប​សម្រួល​ការ​ផ្ទេរ​ថាមពល​ពី​ប្រទេស​ដែល​មាន​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ទៅ​ឱ្យ​ប្រទេស​ដែល​ត្រូវការ​ថាមពល​ទាំង​នោះ។

កាលពី​ខែ​សីហា ក្រុមហ៊ុន​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ដើម្បី​សិក្សា​លើ​ទីតាំង​សក្ដានុពល​ចំនួន ១៨ ដែល​ខ្សែ​ផ្ទេរ​ចរន្ត​អគ្គិសនី​ឆ្លង​ព្រំដែន​អាច​បង្កើត​ឡើង​បាន។

កិច្ច​ព្រមព្រៀង​នេះ ដែល​បន្ថែម​ពី​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថាមពល​រវាង​ប្រទេស​ឡាវ ម៉ាឡេស៊ី ថៃ និង​សិង្ហបុរី ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ក្រៅ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី ៤១ អំពី​ថាមពល ដែល​ធ្វើ​ឡើង​ស្រប​ជាមួយ​នឹង​វេទិកា​អាជីវកម្ម​ថាមពល​ថ្នាក់​តំបន់​កាលពី​ថ្ងៃ​ទី ២៤ ខែ​សីហា​កន្លង​ទៅ​នេះ​នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី។

តម្រូវការ​ថាមពល​នៅ​ក្នុង​តំបន់​បាន​កើន​ឡើង​ជាង ៨០% រវាង​ឆ្នាំ ២០០០ និង​ឆ្នាំ ២០១៩ ​ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង ៣ ដង​នៅ​ត្រឹម​ឆ្នាំ ២០៥០ ពី​កម្រិត​នៅ​ឆ្នាំ ២០២០។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អាជីវកម្ម​អាស៊ាន-សហភាព​អឺរ៉ុប​ឆ្នាំ ​២០២៣៕

XS
SM
MD
LG