ក្រុមហ៊ុនមេរបស់ Facebook ឈ្មោះ Meta បាននិយាយកាលពីថ្ងៃអង្គារថាខ្លួននឹងកាត់បន្ថយការងារ១០.០០០នាក់ ក្នុងពេលតែបួនខែក្រោយខ្លួនបានបញ្ឈប់ការងារបុគ្គលិក១១.០០០នាក់ ហើយជាក្រុមហ៊ុនបច្ចេកវិទ្យាធំទីមួយដែលបានប្រកាសអំពីការបញ្ឈប់ការងារបុគ្គលិកច្រើននាក់ជាលើកទីពីរ។
លោក Mark Zuckerberg ប្រធានប្រតិបត្តិនៃក្រុមហ៊ុននេះបាននិយាយនៅក្នុងសារមួយទៅកាន់ក្រុមបុគ្គលិកថា៖«យើងរំពឹងថានឹងកាត់បន្ថយបុគ្គលិកប្រមាណ១០.០០០នាក់និងឈប់រើសបុគ្គលិកបន្ថែម៥.០០០នាក់ទៀតដែលយើងគ្រោងប៉ុន្តែមិនទាន់បានជួលនៅឡើយ»។
ការបញ្ឈប់ការងារបុគ្គលិកនេះជាផ្នែកមួយនៃការររៀបចំជាថ្មីនៃក្រុមហ៊ុន Meta ដែលគេនឹងឃើញក្រុមហ៊ុននេះរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឱ្យតិចជាងមុន លុបចោលគម្រោងការមានអាទិភាពទាប និងកាត់បន្ថយអត្រាជួលបុគ្គលិកដែលជាផ្នែកនៃចំណាត់ការនេះ។ ដំណឹងនេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Meta កើនឡើង២%នៅមុនផ្សារភាគហ៊ុនបើកទ្វារលក់ដូរហ៊ុន។
វិធានការនេះគូសបញ្ជាក់ការជំរុញរបស់លោក Zuckerberg ក្នុងការធ្វើឱ្យឆ្នាំ២០២៣ជា«ឆ្នាំនៃប្រសិទ្ធភាព»ដោយមានការសន្យាថានឹងកាត់បន្ថយចំណាយ៥ពាន់លានដុល្លារ ឱ្យមកនៅត្រឹមរវាង៨៩ពាន់លានដុល្លារនិង៩៥ពាន់លានដុល្លារ។
សេដ្ឋកិច្ចមានដំណើរការមិនល្អបាននាំឱ្យមានការបញ្ឈប់ការងារបុគ្គលិកជាច្រើននាក់ក្នុងចំណោមមហាក្រុមហ៊ុននានាចាប់តាំងពីធនាគារនៅ Wall Street ដូចជាធនាគារ Goldman Sachs និង Morgan Stanley ជាដើមទៅដល់មហាក្រុមហ៊ុនបច្ចេកវិទ្យាមានរួមក្រុមហ៊ុន Amazon.com និងក្រុមហ៊ុន Microsoft។
បើតាមគេហទំព័រ layoffs.fyi. ដែលតាមដានការបញ្ឈប់បុគ្គលិកថាឧស្សាហកម្មបច្ចេកវិទ្យាបានបញ្ឈប់ការងារបុគ្គលិកជាង២៨០.០០០នាក់តាំងពីដើមឆ្នាំ២០២២ ដោយប្រមាណ៤០%នៃការបញ្ឈប់ការងារនេះមានធ្វើនៅឆ្នាំនេះ៕