ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រវត្តិ​យូរលង់​របស់​ លោក Tim Walz​ នៅ​ប្រទេស​ចិន


រូបឯកសារ - អភិបាលរដ្ឋ Minnesota នៃគណបក្សប្រជាធិបតេយ្យ លោក Tim Walz នៅក្នុងបន្ទប់សារព័ត៌មាននៅកាពីតូលរដ្ឋ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងទីក្រុង St. Paul រដ្ឋ Minnesota។
រូបឯកសារ - អភិបាលរដ្ឋ Minnesota នៃគណបក្សប្រជាធិបតេយ្យ លោក Tim Walz នៅក្នុងបន្ទប់សារព័ត៌មាននៅកាពីតូលរដ្ឋ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងទីក្រុង St. Paul រដ្ឋ Minnesota។

ចាប់​ពី​ការ​បង្រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​ចិន​រហូត​ដល់​បទពិសោធន៍​បម្រើ​ការងារ​នៅ​គណ:កម្មការ​សភា​ដ៏​សំខាន់​មួយ ដែល​ផ្ដោត​លើ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បេក្ខជន​អនុ​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ​លោក Tim Walz មាន​ចំណងទាក់ទង​រាប់​ទសវត្សរ៍​មក​ហើយ​ជា​មួយ​ចិន រាប់​តាំង​ពី​ពេល​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីលាន Tiananmen ក្នុង​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ។​

ក្នុង​នាម​ជា​អ្នក​អប់រំ​ម្នាក់ លោក Walz បង្រៀន​ប្រវត្តិសាស្ត្រ វប្បធម៌​និង​ភាសា​អង់គ្លេស​ដល់​សិស្ស​ចិន​នៅ​វិទ្យាល័យ Foshan No.1 នៅ​ខេត្តGuangdong ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន​នៅ​ឆ្នាំ​១៩៨៩ ជា​ឆ្នាំ​ដែល​និស្សិត​ចិន​រាប់​សែន​នាក់ បាន​តវ៉ា​ប្រឆាំង​បក្ស​កម្មុយនីស្ត​ចិន​នៅ​ទីលាន Tiananmen។

លោក Walz បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ​២០០៧​ជាមួយ​សារព័ត៌មាន The Hill ដែល​ជា​សារព័ត៌មាន​អនឡាញ​ មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ក្នុង​ពេលបង្រៀន​បាន​មួយ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន លោក Walz ត្រូវ​បាន​សិស្ស​របស់​លោកផ្ដល់​រហស្សនាម​ឱ្យ​ថា«‍អ្នក​ជំនាញ​កិច្ចការ​ចិន»​ដោយសារ​តែ​ទឹកចិត្ត​ល្អ​របស់​លោក។

ពេល​វេលា​ក្នុង​ប្រទេស​ចិន បាន​ជះឥទ្ធិពល​លើ​ទស្សន:​របស់​លោក​ចំពោះ​ជីវិត​របស់​ប្រជាជន​ចិន​ក្រោម​បក្ស​កម្មុយនីស្ត​ដែល​កំពុង​កាន់​អំណាច។

លោក Walz បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន the Star Herald នៅ​ឆ្នាំ​១៩៩០​ថា​«‍បើ​ពួកគេ​មាន​មេដឹកនាំ​សមស្រប ម្ល៉េះ​គ្មាន​ដែន​កំណត់​ចំពោះ​អ្វី​ដែល​ពួកគេ​អាច​សម្រេច​បាន​នោះ​ទេ»។ លោក​បាន​ហៅ​បទពិសោធន៍​បង្រៀន​ក្នុង​ប្រទេស​ចិន​ថា​«‍ជា​រឿង​ល្អ​បំផុត​មួយ»​ដែល​លោក​បាន​ធ្វើ។

ចំណាប់​អារម្មណ៍​របស់​លោក​ក្នុង​ប្រទេស​ចិន មិន​ឈប់​ត្រឹម​នោះ​ទេ។ ក្រោយ​ពី​វិល​ត្រឡប់​មក​ដល់​សហរដ្ឋ​អាមេរិក​វិញ លោក Walz​និង​ភរិយា បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា​«‍ដំណើរ​ផ្សងព្រេង​អប់រំ» ដើម្បី​សម្របសម្រួលការ​ធ្វើ​ដំណើរ​ក្នុង​រដូវ​ក្តៅ​សម្រាប់​សិស្ស​វិទ្យាល័យ​អាមេរិក។​

៥​ឆ្នាំ​ក្រោយ​ពី​បាតុកម្ម​នៅ​ទីលាន Tiananmen និង​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​រដ្ឋាភិបាល​ចិន លោក Walz បាន​វិលត្រឡប់​ទៅ​ប្រទេស​ចិន​ជាមួយ​ភរិយា​របស់​លោក ដើម្បីរាត្រី​ទឹកឃ្មុំ​របស់​អ្នក​ទាំង​ពីរ​ហើយ​ពួកគេ​ក៏​បាន​នាំ​ក្រុម​សិស្ស​វិទ្យាល័យ​អាមេរិក​ពីរ​ក្រុម​ទៅ​ជា​មួយ​ដែរ។​ លោក Walz បាន​បន្ត​ដំណើរ​ការ​កម្មវិធី​ផ្លាស់ប្ដូរ​ការ​សិក្សា​រដូវ​ក្ដៅ​ទៅ​ចិន សម្រាប់​សិស្ស​អាមេរិកាំង ជាមួយ​ភរិយា​របស់​លោក​រហូត​ដល់​ឆ្នាំ​២០០៣។

ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស​នៅ​ចិន

ក្រោយ​ពី​ក្លាយ​ជា​សមាជិក​សភា​នៅ​ឆ្នាំ​២០០៧ លោក Walz បន្ត​ផ្ដោត​លើ​បញ្ហា​ទាក់ទង​នឹង​ប្រទេស​ចិន។​ ពេល​កាន់​តំណែង​ក្នុង​សភា លោក Walz ធ្វើ​ការ​នៅ​គណ:កម្មការ​ទំនាក់ទំនង​នីតិប្បញ្ញត្តិ​និង​នីតិ​ប្រតិបត្តិ​ទទួល​បន្ទុក​បញ្ហា​ចិន ដែល​ផ្ដោត​ផ្ដាច់​មុខ​លើ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស។​

លោកWalz បាន​វិវត្ត​ខ្លួន​យ៉ាង​លឿន​ជា​អ្នករិះគន់​យ៉ាង​ខ្លាំង​លើ​រដ្ឋាភិបាល​ចិន ដោយ​រៀបចំ​កិច្ច​ប្រជុំ​ជា​ប្រចាំ​ជាមួយ​សកម្មជន​ល្បី​ឈ្មោះ​មក​ពី​ចិន​និង​ហុងកុង រួម​ទាំង​សកម្មជន​ហុងកុង​ដ៏​លេចធ្លោ​លោកJoshua Wong និង​មេដឹកនាំ​សាសនា​របស់​ទីបេ គឺសម្តេសង្ឃរាជ្យDalai Lama ផងដែរ។​

ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​វីអូអេ​នៅ​ឆ្នាំ​២០១៤ លោក Walz រំលឹក​អំពី​ចំណាប់​អារម្មណ៍​របស់​លោក​ពេល​ឃើញ​បាតុកម្ម​ដឹកនាំ​ដោយ​និស្សិត​នៅ​ទី​លាន Tiananmen។ លោក​ថ្លែង​ថា«‍ខ្ញុំ​ចាំ​ថា​ពេល​ក្រោក​ពី​ដំណេក ក៏​ឃើញ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ថា​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់ បាន​កើត​ឡើង»។​

ខណ:​ដែល​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​នៅ​ពេល​នោះ បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ប្រទេស​ចិន​ដោយសារ​ការ​បារម្ភ​ពី​សន្តិសុខ​ក្រោយ​ពី​បាតុកម្ម​នៅ​ទីលាន Tiananmen ក្នុងឆ្នាំ​១៩៨៩ លោក Walz ថាលោក​មាន​អារម្មណ៍​ថា​«‍វា​រឹតតែ​សំខាន់​ក្នុង​ការ​ទៅ‍»​ចិន​ព្រោះ​លោក​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​«‍រឿង​នោះ​នឹង​ត្រូវ​បាន​ចែកចាយ» ហើយ​ឲ្យ​ប្រជាជន​ចិន​ដឹង​ថា​ពិភព​ខាង​ក្រៅ​នៅ​ជាមួយ​ពួកគេ។

ក្រៅ​ពី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សកម្មជន​មក​ពី​ចិន​និង​ហុងកុង លោក Walz ក៏​រួម​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ជាច្រើន​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​សំខាន់ៗ​ក្នុង​ប្រទេស​ចិន រួម​ទាំង​ការ​ទាមទារ​ឲ្យ​ដោះលែង​ជ័យលាភី​រង្វាន់​ណូបែល​ចិន​លោក Liu Xiaobo និង​សកម្មជន​ចិន​លោក Huang Qi (ហ័ងឈី) ព្រម​ទាំង​ចូលរួម​ចុះ​ហត្ថលេខា​លើ​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុង​កុង​នៅ​ឆ្នាំ​២០១៧ ទៀត​ផង។

​ពេល​ថ្លែង​ក្នុង​សភា​នៅ​ឆ្នាំ​២០១៦ លោក Walz គូស​បញ្ជាក់​សារ:សំខាន់​ក្នុង​ការ​មាន«‍​កិច្ចសន្ទនា​ប្រកបដោយ​លក្ខណ:​ស្ថាបនា» ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដើម្បី​ធានា«‍ការ​អភិរក្ស​វប្បធម៌​ប្រពៃណី​ទីបេ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ផុយ​ស្រួយ​របស់​ទីបេ»។

លោក Walz បាន​ថ្លែង​ពេល​នោះ​ថា«‍សហរដ្ឋ​អាមេរិក ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឈរ​លើ​គំនិត​សេរីភាពជា​សកល ហើយ​ខ្ញុំ​ជឿ​ថា​យើង​ត្រូវ​តែ​បន្ត​ជំរុញ​រដ្ឋាភិបាល​ចិន ឲ្យ​ផ្ដល់​សេរីភាព​សាសនា​ដែល​មិន​សូវ​រឹតត្បិត​ដល់​ប្រជាជន​ទីបេ»។

ការ​ជំរុញ​គោល​នយោបាយ​ការបរទេស

ក្រៅ​ពី​ជា​អ្នក​តិះ​ទៀន​ឥត​សំចៃ​មាត់​លើ​កំណត់​ត្រា​សិទ្ធិមនុស្ស​របស់​ចិន លោក Walz ក៏​បាន​សម្តែង​កង្វល់​អំពី​ការ​ប៉ុនប៉ង​របស់​ចិន ក្នុង​ការ​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ឆ្នាំ​២០១៦ ដោយចង្អុល​បង្ហាញ​ពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​កសាង​កោះ​សិប្បនិម្មិត​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​ថា​ជា​មូលហេតុដើម្បី​ជំទាស់​ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​កាត់បន្ថយ​ការ​ចំណាយ​លើ​យោធា។

ទោះបីជា​មាន​ជំហរ​រឹងប៉ឹង​លើ​កំណត់​ត្រា​សិទ្ធិមនុស្សនិង​វត្តមាន​យោធា​របស់​ចិន លោកWalz ក៏​បន្ត​សង្កត់​ធ្ងន់​លើ​សារ:​សំខាន់​ក្នុង​ការ​រក្សា​សហប្រតិបត្តិការ​ជាមួយ​ចិន។ ក្នុង​បទ​សម្ភាសន៍​វីដេអូ​មួយ​ជាមួយ​សារព័ត៌មាន​Agri-Pulse Communications លោក​ថ្លែង​ថា​«‍ខ្ញុំ​មិន​មែន​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ដែល​គិត​ថា​ចិន​ចាំ​បាច់​ត្រូវ​តែ​ជា​សត្រូវ​នោះ​ទេ»។​

លោក Walz បន្ថែម​ថា«‍ខ្ញុំ​គិត​ថា​យើង​ចាំបាច់​ត្រូវ​តែ​ម៉ឹងម៉ាត់​លើ​អ្វី​ដែល​ចិន​កំពុង​ធ្វើ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង តែ​មាន​ផ្នែក​ជាច្រើន​ដែល​យើង​អាច​សហការ​គ្នា​បាន»។​

អ្នក​វិភាគ​ខ្លះ​ថា​ចំណង​ដ៏​ជ្រៅ​របស់​លោក Walz ជាមួយ​ចិន និង​ប្រវត្តិ​ការទូត​អាមេរិក-​ចិន អាចជួយ​ឲ្យ​បេក្ខជន​អនុ​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ​រូប​នេះ ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ផ្អែក​លើ​ព័ត៌មាន​ច្រើន​ជាង​ លើ​គោលនយោបាយ ជា​ពិសេស​លើ​បញ្ហា​ទាក់ទង​នឹងចិន។​

លោក Lev Nachman សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់ និយាយ​ថា«‍ខ្ញុំ​គិត​ថា​លោក​Walz​នឹង​ធ្វើ​ឲ្យមនុស្ស​ជាច្រើន​ដែល​យក​ចិត្ត​ទុកដាក់​ខ្លាំង​អំពី​គោលនយោបាយ​ការបរទេស​អាមេរិក​នៅ​ផ្នែក​នេះ​នៃ​ពិភពលោក ងាយស្រួល ពេល​ដឹង​ថា​មាន​មនុស្ស​ម្នាក់ឈរ​ឈ្មោះ​ដែល​មាន​ព័ត៌មាន បាន​ចំណាយ​ពេល​ក្នុង​តំបន់​នោះ ហើយ​មិន​មែន​ទើប​តែ​ចាប់​ផ្តើម​រៀន​អំពី​គោលនយោបាយ​ការបរទេស​អាមេរិក​នៅ​អាស៊ី​បូព៌ា​នោះ​ទេ»។

លោក​ថា​តាំង​ពី​លោក Walz បាន​សម្តែង​ទស្សន:ជាមួយ​មនុស្ស​ជាច្រើន​អំពី​ប្រជាជន​ចិន ប្រជាជន​ទីបេ និង​ប្រជាជន​ហុងកុង​មក អភិបាល​រដ្ឋ Minnesota អាច​បន្ថែម​ចំណុច​លម្អិត​កាន់តែ​ប្លែក​ច្រើន​ជាង​មុន​ដល់​ការ​ជជែក​ដេញ​ដោល​គ្នា​ខាង​គោលនយោបាយ​ទាក់ទង​នឹង​ចិន​នៅ​សហរដ្ឋ​អាមេរិក។

លោក Nachman បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ថា​«‍គាត់​ប្រហែល​ជា​អាច​ប្រសប់​និយាយ​អំពី​តម្រូវ​ការ​រុញច្រាន​អាជ្ញាធិបតេយ្យ​និង​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​ចិន នៅ​តំបន់​ផ្សេងៗ​ក្នុង​ពិភពលោក ​តាម​របៀប​ម៉្យាង​ដែល​មិន​និយាយ​អាក្រក់​អំពី​ពលរដ្ឋ​ចិន​ឬ​មិន​ទោរទន់​ទៅ​រក​វោហាសព្ទ​ដែលប្រើ​ល្បិចកល​បន្លាច​ខ្លាំង​ជ្រុល​ដែល​ខ្ញុំ​គិត​ថា​ការ​និយាយ​អំពី​ទំនាក់ទំនង​អាមេរិក​និង​ចិន​បាន​បែរ​ទៅ​ជា​បែប​នេះ​ក្នុង​សហរដ្ឋ​អាមេរិក​»។

XS
SM
MD
LG