អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលដំឡើងពន្ធលើការផលិត និងការនាំចូលភេសជ្ជៈផ្អែម ដើម្បីទប់ស្កាត់គ្រោះថ្នាក់ និងជំងឺដែលកំពុងបន្តកើនឡើងបណ្តាលមកពីការទទួលទានភេសជ្ជៈមានជាតិស្ករច្រើន។
នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ភេសជ្ជៈផ្អែមគឺជាកត្តា«ហានិភ័យ»មួយក្នុងចំណោមកត្តាបួនដែលបណ្តាលឱ្យមានជំងឺមិនឆ្លង និងថាជំងឺសំខាន់ៗដែលបណ្តាលឱ្យមនុស្សស្លាប់ដោយសារជំងឺមិនឆ្លង រួមមានជំងឺទឹកនោមផ្អែម ការធាត់លើសគីឡូ ជំងឺបេះដូង សរសៃឈាម បូករួមទាំងជំងឺមហារីកជាដើម។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ បើយើងនិយាយពីអ្នកស្លាប់នៅប្រទេសកម្ពុជាយើង គឺ៦៧%នៃអ្នកស្លាប់បណ្តាលមកពីជំងឺមិនឆ្លង មានន័យថា ក្នុង១០០នាក់នៃអ្នកស្លាប់ គឺ៦៧នាក់ស្លាប់ដោយសារជំងឺមិនឆ្លង ហើយនៅសល់ខ្ទង់២៣%ស្លាប់ដោយសារជំងឺឆ្លង»។
លោកបន្ថែមថា នៅថ្ងៃខាងមុខ ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមនឹងកើនឡើង ខណៈបច្ចុប្បន្ននេះលោកសង្កេតឃើញកុមារ និងយុវជនចូលចិត្តទទួលទានភេសជ្ជៈផ្អែមច្រើន។
លោកវេជ្ជបណ្ឌិត មុំ គង់ ជំរុញឱ្យក្រសួងពាក់ព័ន្ធដំឡើងពន្ធអាករលើភេសជ្ជៈដែលមានជាតិស្ករ និងកាត់បន្ថយការផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈផ្អែម ក្រៅពីការអប់រំណែនាំ និងការធ្វើលំហាត់ប្រាណ។
លោកប្រាប់វីអូអេថា៖ «វិធានការដែលមានប្រសិទ្ធភាពជាសកល គឺការដំឡើងអាករ ពិសេសលើគ្រឿងផ្អែមនេះឯង ព្រោះថានៅពេលយើងដំឡើងពន្ធអាករលើគ្រឿងផ្អែមឃើញថា តម្លៃភេសជ្ជៈផ្អែមលើទីផ្សារកើនឡើង អ៊ីចឹងនាំឱ្យកាត់បន្ថយការប្រើប្រាស់បាន។ បើសិនគាត់ធ្លាប់ផឹក២កំប៉ុង ឬ ២កែវ គាត់កាត់បន្ថយសល់១កែវជាដើម នោះនឹងកាត់បន្ថយហានិភ័យរបស់គាត់បានពាក់កណ្តាល»។
បើតាមការស្រាវជ្រាវ ក្នុងឆ្នាំ២០១០ អត្រាអ្នកមានជាតិស្ករខ្ពស់ក្នុងឈាមមានតែ ២,៩%តែប៉ុណ្ណោះដែលមានអាយុពី២៤-៦៤ឆ្នាំ តែក្នុងឆ្នាំ២០២៣ ប្រជាពលរដ្ឋកម្ពុជាដែលមានអាយុ១៨-៦៩ឆ្នាំ មានជាតិស្ករលើសកើនឡើងក្នុងឈាមមានរហូតដល់៦,៣%។ នេះបើតាមលោកវេជ្ជបណ្ឌិត មុំ គង់។
ស្រដៀងគ្នានេះ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ូច វុទ្ធី លើកឡើងថា ប្រសិនបើប្រជាពលរដ្ឋមិនយល់ដឹងច្បាស់ពីការទទួលទានភេសជ្ជៈផ្អែម នោះពួកគេអាចប្រឈមនឹងផលប៉ះពាល់សុខភាព ដូចជាការកើនឡើងជាតិផ្អែមក្នុងឈាម ទឹកនោមមានជាតិផ្អែម ហើយវិវត្តទៅជាជំងឺទឹកនោមផ្អែម។ លោកថា ក្រសួងពាក់ព័ន្ធគួរចុះពិនិត្យទីតាំងផលិតភេសជ្ជៈឱ្យបានញឹកញាប់ ដើម្បីធានាបានពីគុណភាពនៃភេសជ្ជៈទាំងនោះ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «សូមឱ្យខាងក្រសួងពាក់ព័ន្ធ ដើម្បីចៀសវាងកុំឱ្យមានជាតិផ្អែមខ្លាំង ហើយប៉ះពាល់ទៅនឹងជំងឺទឹកនោមផ្អែមទៅថ្ងៃក្រោយអនាគត គួរណាតែក្រសួងពាក់ព័ន្ធចុះត្រួតពិនិត្យតាមរោងចក្រដែលផលិតទាំងអស់ហ្នឹងឱ្យបានជាប់លាប់ ព្រោះសព្វថ្ងៃនេះឃើញថា មានការប្រឈមច្រើនចំពោះបងប្អូនប្រជាពលរដ្ឋយើង មិនថាចាស់ មិនថាក្មេងមានការកើតនូវជំងឺជាតិស្ករលើសក្នុងឈាម រហូតបណ្តាលឱ្យមានហានិភ័យទៅជាជំងឺទឹកនោមផ្អែម ដែលអាចប្រឈមនឹងការខូចក្រលៀនជាដើម»។
ថ្មីៗនេះ គេឃើញមានការផ្សព្វផ្សាយលើបណ្តាញសង្គមជាច្រើនករណីពាក់ព័ន្ធនឹងការលាងឈាម និងការកើតជំងឺទឹកនោមផ្អែមដែលបណ្តាលមកពីការពិសារភេសជ្ជៈផ្អែមច្រើន។ ក្នុងចំណោមការផ្សព្វផ្សាយទាំងនោះ ក៏មានទាំងការផ្សព្វផ្សាយពីការកើនឡើងនូវជំងឺទឹកនោមផ្អែមលើកុមារផងដែរ។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា ចេញផ្សាយនៅចុងឆ្នាំ២០២៤ បានឱ្យដឹងថា វិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ប៉ះពាល់ដល់សុខភាព គឺការដំឡើងពន្ធលើផលិតផលដែលប៉ះពាល់ដល់សុខភាព ដូចជាការដំឡើងពន្ធអាករលើថ្នាំជក់ គ្រឿងស្រវឹង និងភេសជ្ជៈផ្អែមដែលមានជាតិស្ករ។ របាយការណ៍ដដែលបន្ថែមថា ការបង្កើនពន្ធលើភេសជ្ជៈមានជាតិស្ករ ក៏អាចជួយទប់ស្កាត់ការធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺពុកធ្មេញ។
លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់វីអូអេតាមបណ្តាញសង្គម WhatsApp ថា ក្រសួងចង់ឱ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងឱ្យបានច្បាស់ពីតម្រូវការនៃការទទួលទានរបបអាហារ និងភេសជ្ជៈផ្អែមឱ្យបានត្រឹមត្រូវ។
លោកថ្លែងថា៖«តម្រូវការនៃថាមពលតាមរយៈជាតិផ្អែមគឺមានប្រសិទ្ធភាពអាចឱ្យយើងធ្វើការមានប្រសិទ្ធភាព នៅពេលយើងមានតម្រូវការ។ ប៉ុន្តែបើយើងមិនមានតម្រូវការក្នុងការប្រើថាមពលច្រើន ហើយយើងទម្លាប់ប្រើថាមពលច្រើន នេះហើយជាផលប៉ះពាល់។ ដូច្នេះក្រសួងសុខាភិបាលយើងចូលឱ្យដល់គន្លឹះនៃដំណោះស្រាយតែម្តង មានន័យថា យល់ដឹងឱ្យបានស៊ីជម្រៅច្បាស់លាស់ទាំងអស់គ្នាអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់អំពីភេសជ្ជៈឬក៏ម្ហូបអាហារដែលសំបូរជាតិផ្អែម»។
ឆ្លើយតបនឹងសំណួរដែលសួរពាក់ព័ន្ធនឹងការជំរុញឱ្យដំឡើងពន្ធអាករលើភេសជ្ជៈផ្អែម លោកឆ្លើយជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖«ក្រសួង និងស្ថាប័នពាក់ព័ន្ធបានពិចារណារួចរាល់ហើយ»។
កាលពីចុងឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំថា កាឡូរីក្នុងភេសជ្ជៈផ្អែមអាចប៉ះពាល់សុខភាព ដូចជាធ្វើឱ្យធាត់ ពុកធ្មេញ ទឹកនោមផ្អែម និងជំងឺបេះដូង។ ក្រសួងថា អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ឱ្យមនុស្សពេញវ័យដែលមានទម្ងន់ធម្មតាម្នាក់ត្រូវប្រើប្រាស់ស្ករតិចជាង៥០ក្រាម (តិចជាង១២ស្លាបព្រាកាហ្វេ) ក្នុងមួយថ្ងៃ ។ ហើយសម្រាប់អ្នកលើសទម្ងន់ត្រូវកាត់បន្ថយការប្រើប្រាស់ស្ករឱ្យបានតិចបំផុតគឺ២៥ក្រាម (តិចជាង៦ស្លាបព្រាកាហ្វេ) ក្នុងមួយថ្ងៃ។ ជម្រើសល្អដើម្បីសុខភាព និងកាត់បន្ថយការប្រើប្រាស់ជាតិផ្អែម ត្រូវបង្កើនលំហាត់ប្រាណ ហូបទឹកស្អាត ទឹកដាំពុះ ឬភេសជ្ជៈដែលមិនមានជាតិផ្អែម។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា ជំងឺទឹកនោមផ្អែមជាបញ្ហាធំនៅកម្ពុជា និងនៅលើសកលលោក។ លោកបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនការផ្សព្វផ្សាយ ដើម្បីបង្ការ និងការពារ ដោយមានការប្រុងប្រយ័ត្នខ្ពស់អំពីជំងឺនេះ៕
វេទិកាបញ្ចេញមតិ