ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​​​ចែក​​​រំលែក​​​ទស្សនវិស័យ​​​អំពី​អនាគត​របស់​អ៊ីនធឺណិត​និង​បច្ចេកវិទ្យា


បុរស​ម្នាក់​ប្រើ​ក្តារ​ចុច​កុំព្យូទ័រ (keyboard) នៅ​ប៉ូឡូញ។ (រូបភាព​ឯកសារ)
បុរស​ម្នាក់​ប្រើ​ក្តារ​ចុច​កុំព្យូទ័រ (keyboard) នៅ​ប៉ូឡូញ។ (រូបភាព​ឯកសារ)
ស្រប​ពេល​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​គម្រប់​ខួប​២៥​ឆ្នាំ​របស់​ខ្លួន អ្នក​ឯកទេស​មួយ​ក្រុម​កំពុង​តែ​ព្យាយាម​ទស្សន៍ទាយ​ថា​តើបច្ចេកវិទ្យា​នឹង​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត​យ៉ាង​ដូច​ម្ដេច។​

របាយការណ៍​ដែល​រៀបរៀង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew និង​មជ្ឈមណ្ឌល​ទស្សន៍ទាយ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ (Imagining the Internet Center) របស់​សាកលវិទ្យាល័យ​ Elon បាន​ចងក្រង​ការ​ទស្សន៍ទាយ​របស់​អ្នក​ជំនាញ​ប្រហែល​១.៥០០​នាក់។

លោកស្រី Janna Anderson សាស្ត្រាចារ្យសាកលវិទ្យាល័យ​ Elon​ និង​ជា​អ្នក​និពន្ធ​ឈាន​មុខ​ម្នាក់​ក្នុង​របាយការណ៍​នេះ

លោកស្រី​ថ្លែង​ថា៖ «យើង​មាន​ការ​ភ្ជាក់​ផ្អើល​និង​ចាប់​អារម្មណ៍​ចំពោះ​កម្រិត​នៃ​ការ​ឯកភាព​គ្នា​យ៉ាង​ខ្លាំង​រវាង​អ្នក​ជំនាញ​អំពើ​ថាតើអ្វី​ដែល​នឹង​ប្រែប្រួល ហើយ​យើង​ក៏​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​គ្នា​ដែរ​ចំពោះ​កម្រិត​នៃ​ការ​មិន​ឯកភាព​របស់​ពួក​គ នៅ​ពេល​ត្រូវសួរ​ថា ​តើ​ការ​ផ្លាស់ប្ដូរ​ទាំង​នោះ​នឹង​ប៉ះពាល់​ហើយ​មាន​ឥទ្ធិពល​លើ​អ្នក​ប្រើប្រាស់​ក្នុង​ផ្លូវ​ល្អ​និងក្នុង​ផ្លូវ​មិន​ល្អ​យ៉ាង​ណា​នោះ»។

ការ​ទស្សន៍ទាយ​ដែល​លើក​ឡើង​ដូច​គ្នាៗ​ដោយ​អ្នក​ជំនាញគឺ​គំនិត​ដែល​ថា​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​នឹងមាន​វត្តមាន​កាន់​តែ​តិច​ជាង​មុន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដោយក្លាយ​ជា​ការ​វត្ថុ​សាមញ្ញ​ដូចជា​«អគ្គិសនី»​ទៅ​វិញ។

របាយការណ៍​នេះ​និយាយ​ថា​ ការ​ផ្លាស់ប្ដូរ​នេះ​អាច«នាំ​ឱ្យមនុស្ស​និង​គ្រឿងយន្ត​កាន់​តែ​មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដែល​ផ្លាស់ប្ដូរ​អ្វីៗ​ទាំ​ង​អស់​ចាប់​ពី​ទំនាក់ទំនង​បុគ្គល​រហូត​ដល់ការ​សម្រេច​របស់​រដ្ឋាភិបាល​នានា​ជុំវិញ​ពិភពលោក»។

បើតាម​ក្រុម​អ្នក​ជំនាញ​នានា ការ​ទស្សន៍ទាយ​ជា​ច្រើនមើល​ឃើញ​ពី​សញ្ញាណ​នៃ​ការ​អភិវឌ្ឍដោយ​វិជ្ជមាន ប៉ុន្តែ​ក៏​នៅ​មាន​ការ​បារម្ភ​ខ្លះៗ​ដែរ។

មជ្ឈមណ្ឌល​ Pew ​និងសាកលវិទ្យាល័យ ​Elon ​បាន​ធ្វើ​ការ​ស្ទង់​មតិ​ស្រដៀង​គ្នា​នេះ​តាំង​ពី​ឆ្នាំ​២០០៤​មក​ម៉្លេះ ហើយ​លោក​ស្រី ​Anderson​ និយាយ​ថា ​វា​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ឃើញ​ការ​រំជួលចិត្ត​ចំពោះប្រធានបទ​បច្ចេវិទ្យា​បាន​ថមថយ​ក្នុង​អំឡុង​ពេល​តាំង​ពី​ពេល​នោះ​មក។

លោកស្រី​និយាយ​ថា​ កាល​ពីឆ្នាំ​២០០៤ អ្នក​ឯកទេស​ពេល​នោះ​ភាគ​ច្រើន​បាន​ជជែក​គ្នាអំពី​របៀប​ដែលការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​នឹង​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ។

លោកស្រី​បាន​និយាយ​ថា​ «ឥឡូវ​នេះ យើង​ឮ​ពី​ការ​រីករាយ​នឹង​បច្ចេកវិទ្យា ប៉ុន្តែ​ក៏​ឮ​ច្រើន​ដែរ​ពី​ចំណុច​អវិជ្ជមាន ​(របស់​អ៊ីនធឺណិត) ដែលមាន​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។ មនុស្ស​ម្នា​កំពុង​តែ​ចាប់​ផ្តើម​ដឹង​ហើយ​ថា​ អ្នក​ណា​ក៏​ដោយ​ក៏​អាច​ប្រើប្រាស់​អំណាច​នៃ​មធ្យោបាយ​ទំនាក់ទំនង​បាន​ដែរ ទាំង​ក្នុង​ផ្លូវ​ល្អ​ឬ​អាក្រក់»។

បើ​និយាយ​ពីក្តី​គុណសម្បត្តិ​វិញ ការ​កើន​ឡើង​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិតនឹង​ពង្រឹង​តំណភ្ជាប់ក្នុង​ពិភពលោក ដែល​អាច​ជំរុញ​ «ទំនាក់​ទំនងឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​សង្គម​នានា»។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​នេះ។

របាយការណ៍​នេះ​ក៏​បាន​និយាយ​អំពី​អ្វី​ដែល​ហៅ​ថា​ប្រព័ន្ធ​អ៊ីនធឺណិត​នៃ​វត្ថុ​ប្រើប្រាស់​ (Internet of Things) ផង​ដែរ។ នៅ​ពេល​ដែល​រាល់​ឧបករណ៍​ទាំង​អស់​ ចាប់​តាំង​ពី​ម៉ាស៊ីន​ឆុង​កាហ្វេ​រហូត​ដល់​ច្រាស់​ដុស​ធ្មេញ​នឹង​មាន​ទំនាក់​ទំនង​ជាមួយអ៊ីនធឺណិត នោះ​ទិន្នន័យ​ទំហំ​ធំ (big data) និង​បញ្ញា​សិប្បនិម្មិត (artificial intelligence) ​«នឹង​ធ្វើ​ឱ្យ​មនុស្ស​កាន់​តែ​ដឹង​ពី​ពិភពលោក​និង​អាកប្បកិរិយា​របស់​ពួកគេ»។

លោក David Clark អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ជាន់​ខ្ពស់​ម្នាក់​នៅ​មន្ទីរ​ពិសោធន៍​វិទ្យាសាស្ត្រ​កុំព្យូទ័រ​និងបញ្ញា​សិប្បនិម្មិត​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ។

«ឧបករណ៍​នានា​នឹង​មាន​ទម្រង់​នៃ​ទំនាក់ទំនងផ្ទាល់​ខ្លួន​រៀងៗ​ខ្លួននិង​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​ពួកគេ​កាន់​តែ​ច្រើន​ឡើង ដែលឧបករណ៍​ទាំង​នេះ​ប្រើ​សម្រាប់​ចែក​រំលែក​និង​ប្រមូលផ្តុំព័ត៌មាន និង​មាន​ដំណើរការគ្រប់គ្រង​និង​ការ​ឆ្លើយ​តបដោយ​ស្វ័យប្រវត្តិ។​ បន្តិច​ម្តងៗ មនុស្ស​នឹង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ ដែល​ក្នុង​នោះ​ការ​សម្រេច​ចិត្ត​នានា​(របស់​មនុស្ស)​ត្រូវ​ធ្វើ​ឡើង​ដោយ​បណ្ដុំ​នៃឧបករណ៍​គ្រឿងយន្ត​សកម្មដែល​សហការ​គ្នា។ ប្រព័ន្ធ​អ៊ីនធឺណិត​ (ក៏​ដូច​ជា​ការ​ទំនាក់​ទំនងដែល​សម្រប​សម្រួល​ដោយម៉ាស៊ីន​កុំព្យូទ័រ​ជា​ទូទៅ) នឹង​មាន​ការ​ប្រើប្រាស់​កាន់​តែ​ទូលំទូលាយ ប៉ុន្តែ​កាន់​តែ​បាត់​មុខបាត់​មាត់​ពី​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្នុង​កម្រិត​មួយ ឧបករណ៍​ទាំង​នោះនឹង​ជ្រាប​ចូលទៅ​នៅ​ពី​ក្រោយ​ខ្នង​គ្រប់​សកម្មភាព​ដែល​យើង​ធ្វើ»។

អ្នក​ជំនាញ​ក៏​មើល​ឃើញ​ពី​កំណើន​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​ប្រឌិត​ការណ៍​ពិតនិង​អាច​ពាក់​តាម​ខ្លួនបាន។ ឧបករណ៍​ទាំង​នេះ​អាច​ត្រួត​ពិនិត្យ​រាល់​ផ្នែកនៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក និង​អាច​ផ្ដល់​មតិ​ដល់​អ្នក​ប្រើប្រាស់​វិញ ឧទាហរណ៍​ដើម្បី​ធ្វើ​ឱ្យ​សុខភាព​ផ្ទាល់​ខ្លួន​ពួកគេ​កាន់​តែ​ប្រសើរ​ឡើង​។

មជ្ឈមណ្ឌល Pew និង សាកលវិទ្យាល័យ Elon នឹង​ត្រូវ​បោះពុម្ព​អត្ថបទ​មួយ​ទៀត​អំពី​ឧបករណ៍​ដែល​អាច​ពាក់​តាម​ខ្លួន​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ។

អ្នក​ជំនាញ​ក៏​បាន​មើល​ឃើញ​និន្នាការចុង​ក្រោយ​និង​ដែល​មាន​លក្ខណៈ​ល្អ​ផង​មិន​ល្អ​ផង គឺសក្ដានុពល​នៃការ​រើ​បម្រាស់​ប្រហាក់​ប្រហែល​នឹង​បដិវត្តន៍​អារ៉ាប់ (Arab Spring) ​កាន់​តែ​ច្រើន​ឡើង ដែល​ខ្លះ​ប្រកប​ដោយ​សន្តិភាព ហើយ​ខ្លះ​ទៀត​ដោយ​អំពើ​ហិង្សា។​

ចំណែក​ផ្នែក​អវិជ្ជមាន​វិញ អ្នក​ជំនាញ​បាន​ព្រមាន​ថា​ ការ​កើន​ឡើង​នៃ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​អាច​នាំ​ឱ្យ​មាន​អំពើ​ហិង្សា។

ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ទៀត អ្នក​ជំនាញ​និយាយ​ថា​ ប្រព័ន្ធ​អ៊ីនធឺណិត​នឹង​នៅ​តែ​ត្រូវ​ញាំញី​ដោយ​«អ្នក​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន និង​អ្នក​ដែល​រំលោភ​បំពាន​គេ» ដែល​ជាប់​ទាក់ទង​នឹង​រឿង​អាសអាភាស ឧក្រិដ្ឋកម្ម និង​ការ​គំរាម​កំហែង ប៉ុន្តែ​មនុស្ស​ទាំង​នោះ​នឹង​«វិវឌ្ឍ​ទៅ​ទ្រង់ទ្រាយ​ធំ»​ជាមួយ​«សមត្ថភាព​ថ្មី​ក្នុង​ការ​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដទៃ​កាន់​តែ​លំបាក។»

របាយការណ៍​នេះ​ក៏​បាន​ព្រមាន​ដែរ​ថា​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​ប្រឈម​មុខ​នឹង​ការ​បៀតបៀន​ពី​រដ្ឋាភិបាល​និង​សាជីវកម្ម​«​ដោយពួកគេ​យក​លេស​សំខាន់​អំពើ​រឿង​សន្តិសុខ​និង​បទដ្ឋាន​វប្បធម៌។»

លោក Marc Rotenberg ប្រធាន​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​សម្ងាត់​ឯកជន​អេឡិចត្រូនិក​ (Electronic Privacy Information Center) បាន​និយាយ​ថា​ «ខ្ញុំ​សង្ឃឹម​ថា ​នឹង​មាន​ការ​បើក​ទូលាយ​ជាង​នេះ មាន​ការ​ចូលរួម​តាម​បែប​ប្រជាធិបតេយ្យ​ជាង​នេះ មាន​ការ​គ្រប់គ្រង​មជ្ឈការ​តិច​ជាង​នេះ។ ប៉ុន្តែ​គ្មាន​អ្វី​អាច​ធានា​ពី​លទ្ធផលនេះបាន​មុន​នោះ​ទេ។ កម្លាំង​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក​កំពុង​តែ​ទាញ​ក្នុង​ទិស​ដៅ​ផ្ទុយ​ពី​នេះ។ ដូច្នេះ​យើង​ត្រូវ​ប្រឈម​នឹងឧបសគ្គ​ចម្បង​មួយ​គឺ​ថា តើ​អ៊ីនធឺណិត​នៅ​ឆ្នាំ​២០២៥​នឹង​ក្លាយ​ជា​បណ្ដាញ​ទំនាក់ទំនង​នៃ​សេរីភាព​និង​ឱកាស​ ឬ​ទៅ​ជា​ហេដ្ឋារចនាសម្ពន្ធ​នៃអំណាច​គ្រប់គ្រង​សង្គម?»

ជា​ចុង​ក្រោយ របាយការណ៍​នេះ​បាន​និយាយ​ថា ​ភាព​ឯកជន​នឹង​បន្ត​បាត់​បង់​បន្តិច​ម្តងៗ ហើយ​វា​«នឹង​ក្លាយ​ជា​អ្វី​ដែល​មាន​តែ​អ្នកមាន​ប៉ុណ្ណោះដែល​នឹង​លទ្ធភាព​ទទួល​បាន។»

លោក Anderson ​បាន​និយាយ​ថា​ «ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ គឺ​អ្នក​ដែល​មាន​អំណាច​និង​ការ​គ្រប់គ្រង​ប៉ុណ្ណោះដែល​អាច​ការពារ​ភាព​ឯកជន​របស់​ពួកគេ​បាន។ អ្នក​មាន​ស្តុកស្តម្ភ​នឹង​មាន​លទ្ធភាព​ស្វែង​រក​មធ្យោបាយ​ដើម្បី​រក្សា​ទិន្នន័យ​ឯកជន​របស់​ពួកគេ​ឲ្យ​នៅ សម្ងាត់។»

ប៉ុន្តែ​ជា​ការណ៍​ពិត ការ​ទស្សន៍ទាយ​នានា​អំពី​អនាគត ​ញាំញី​ទៅ​ដោយ​គ្រោះថ្នាក់ ប៉ុន្តែ​លោក ​Anderson​ បាន​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ការ​ទស្សន៍ទាយ​ជា​ច្រើន​ពាន់​ដែល​ធ្វើ​ឡើង​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដោយ​លោក​និយាយ​ថា​ការ​ទស្សន៍ទាយ​ពី​មុន​នោះ​ជា​ច្រើន​គឺ​បាន​ក្លាយ​ជា ​«ត្រឹមត្រូវ​ដូច​ដឹង​មុន​មិន​គួរ​ឱ្យ​ជឿ»៕

​ប្រែសម្រួល​ដោយ ឃួន ធារ៉ា
XS
SM
MD
LG