នៅពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter ដែលមានវ័យ ៩៨ ឆ្នាំ កំពុងទទួលការព្យាបាលថែទាំនៅផ្ទះ មនុស្សនៅជុំវិញពិភពលោកសញ្ជឹងគិតអំពីសមិទ្ធផលនិងការបរាជ័យរបស់លោក។
នៅក្រៅសហរដ្ឋអាមេរិក ប្រវត្តិវិទូនានាបាននិយាយថា កន្លែងមួយដែលលោក Carter បានផ្ដោតការយកចិត្តទុកដាក់ខ្លាំងគឺទ្វីបអាហ្វ្រិក។
លោក Carter មានទំនាក់ទំនងជាយូរអង្វែងមកហើយជាមួយនឹងទ្វីបអាហ្វ្រិក ទាំងក្នុងពេលលោកធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨១ និងទាំងក្នុងពេលជាច្រើនទសវត្សរ៍ក្រោយៗមកទៀត។
លោក John Stremlau ដែលជាសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Witwatersrand ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង និងជាអតីតអនុប្រធានកម្មវិធីសន្តិភាពនៃមជ្ឈមណ្ឌល Carter បានរំឭកអំពីការជាប់ចិត្តខ្លាំងរបស់លោក Carter ជាមួយនឹងទ្វីបអាហ្វ្រិក។
លោក Stremlau ថ្លែងដូច្នេះថា៖ «លោក Jimmy Carter បានប្រាប់ខ្ញុំច្រើនដងថា លោកបានចំណាយពេលជាច្រើននៅទ្វីបអាហ្វ្រិកភាគខាងត្បូងក្នុងពេលលោកធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក និងព្យាយាមរំដោះប្រជាជននៅទីនោះជាងអ្វីដែលលោកបានធ្វើអំពីសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាទៅទៀត»។
អ្នកវិភាគនានាបាននិយាយថា ចំណាប់អារម្មណ៍របស់លោក Carter លើទ្វីបអាហ្វ្រិកបានរងឥទ្ធិពលពីការចិញ្ចឹមបីបាច់ថែរក្សាដែលផ្ដល់ឱ្យលោកនៅតំបន់ជនបទភាគខាងត្បូងសហរដ្ឋអាមេរិក ដែលធ្វើឱ្យលោកយល់ដឹងដំបូងអំពីអំពើអាក្រក់នៃការរើសអើងពូជសាសន៍។
លោក Carter បានកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅចំពេលដែលសង្គ្រាមត្រជាក់មានភាពតានតឹងខ្លាំង ប៉ុន្តែការចាត់ចែងរបស់លោកលើគោលនយោបាយការបរទេសគឺខុសពីប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិមុនៗតាមវិធីជាច្រើន។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Nancy Mitchell ដែលជាប្រវត្តិវិទូនិងជាអ្នកនិពន្ធសៀវភៅ «លោក Jimmy Carter និងទ្វីបអាហ្វ្រិក៖ ជាតិសាសន៍និងសង្គ្រាមត្រជាក់ (Jimmy Carter and Africa: Race and the Cold War)»។
ជាឧទាហរណ៍ លោក Carter បានតែងតាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Andrew Young ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក និងដែលមានភាពសកម្មក្នុងចលនាសិទ្ធិពលរដ្ឋក្នុងសហរដ្ឋអាមេរិក ឱ្យធ្វើជាមនុស្សសំខាន់របស់លោកអំពីការតស៊ូរំដោះជាតិនៅក្នុងអតីតដែនដី Rhodesia ដែលជាប្រទេសស៊ីមបាវ៉េនៅពេលបច្ចុប្បន្ននេះ។
អ្នកស្រី Mitchell បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅពេលនោះបាននិយាយដោយផ្ទាល់ជាមួយនឹងលោក Robert Mugabe និងលោក Joshua Nkomo ដែលជាអ្នកដឹកនាំសង្គ្រាមទ័ពព្រៃប្រឆាំងការដឹកនាំរបស់ជាតិសាសន៍ស្បែកសភាគតិច។
អ្នកស្រី Mitchell ថ្លែងដូច្នេះថា៖ «តាមដែលខ្ញុំដឹង វាជាឧទាហរណ៍ជាក់លាក់តែមួយគត់នៅក្នុងសម័យសង្គ្រាមត្រជាក់ ដែលសហរដ្ឋអាមេរិកទាក់ទងដោយមានការគោរពជាមួយពួកឧទ្ទាមឆ្វេងនិយមដែលជាពួកកុម្មុយនីស្ត ឬក៏ត្រូវបានចាត់ទុកថាមាននិន្នាការឆ្វេងនិយមជ្រុលនិងគាំទ្រដោយប្រទេសកុម្មុយនីស្ត ចាប់តាំងពីដំបូងរហូតដល់ពេលមានការចរចាគ្នា»។
ប្រទេសស៊ីមបាវ៉េទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៨០។
អ្នកវិភាគថា កន្លែងដែលលោក Carter មិនសូវទទួលបានជោគជ័យគឺប្រទេសអាហ្វ្រិកខាងត្បូង ដែលនៅទីនោះលោកប្រហែលជាបានប្រកាន់យកគោលនយោបាយតឹងតែងលើរបប apartheid ដែលលោកបានប្រឆាំងតាមផ្លូវសីលធម៌ ប៉ុន្តែលោកត្រូវការឱ្យស្ថិតនៅខាងលោកនៅក្នុងការពិចារណារឿងសង្គ្រាមត្រជាក់។
ទោះជាយ៉ាងណាក៏ដោយ លោក David Monyae សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Johannesburg បាននិយាយថា លោក Carter ជាទូទៅត្រូវបានគេកោតសរសើរនៅទ្វីបអាហ្វ្រិកថាជាអ្នកវិវឌ្ឍនិយមដែលមានគោលនយោបាយការបរទេសផ្ដោតលើសិទ្ធិមនុស្សនិងផ្ដោតខ្លាំងលើបញ្ហាទ្វីបអាហ្វ្រិកជាងមេដឹកនាំជាច្រើនរបស់សហរដ្ឋអាមេរិក។
លោក Monyae ថ្លែងដូច្នេះថា៖ «គ្មាននរណាម្នាក់ប្រៀបធៀបលោកជាមួយនឹងលោក [Nelson] Mandela ទេ ប៉ុន្តែខ្ញុំចង់មានន័យថា លោកទាំងពីរជាមិត្តភក្ដិនឹងគ្នា ហើយលោកទាំងពីរបានក្លាយជាសមាជិកនៃក្រុម Elders អំពីបញ្ហាអាហ្វ្រិកនិងបញ្ហាសាកលលោក»។
ដូចលោក Mandela ដែរ លោក Carter បានចំណាយពេលរបស់លោកក្រោយការកាន់តំណែងជាប្រធានាធិបតីផ្ដោតលើបញ្ហាសុខភាពនៅទ្វីបអាហ្វ្រិក ដោយសម្រេចបាននូវជោគជ័យដ៏អស្ចារ្យក្នុងកិច្ចប្រឹងប្រែងឈានឆ្ពោះទៅការលុបបំបាត់ជំងឺដង្កូវហ្គីណេ។ មជ្ឈមណ្ឌល Carter របស់លោកក៏ជាកន្លែងសម្រាប់តាមដានការបោះឆ្នោត និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅទូទាំងទ្វីបអាហ្វ្រិកផងដែរ។
លោក Carter បានទទួលពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០២ ដោយសារកិច្ចការទាំងនេះរបស់លោក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ