ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញបារម្ភអំពីសេចក្តីព្រាងច្បាប់«ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន»


រូបឯកសារ៖ បុរសពីរនាក់ដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទស្មាតហ្វូន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសពីរនាក់ដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទស្មាតហ្វូន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ពន្លឿន​ទៅ​មុខ​នូវ​សេចក្តី​ព្រាង​ច្បាប់ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ព័ត៌មាន ដែល​អ្នក​ជំនាញ​បារម្ភ​ថា​អាច​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​រឹតត្បិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​បន្ថែម​ទៀត ខណៈ​ការ​បង្រ្កាប​លើ​ក្រុម​ជំទាស់​ក្នុង​ប្រទេស​កំពុង​បន្ត​កើត​ឡើង។

សេចក្តី​ព្រាង​ច្បាប់​នេះ​ជា​ច្បាប់​ទី​ ៣ ​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​គ្រប់​គ្រង​សកម្មភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​បន្ថែម​ទៀត។

បើ​យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ដែល​វីអូអេ​ទទួល​បាន សេចក្តី​ព្រាង​នេះ​មាន ​៥៥​មាត្រា ហើយ​បញ្ចូល​មាត្រា​ដែល​មាន​ភាព​ចម្រូង​ចម្រាស​មួយ​ចំនួន​ដែល​ដាក់​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ​ផង​ដែរ រួម​ការ​បរិហារកេរ្តិ៍ ការ​ប្រើប្រាស់​ពាក្យ​សម្តី​ប្រមាថ ការ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត និង​ការ​ចែក​រំលែក​រូបភាព​អាសអាភាស​ជា​ដើម។

មាត្រា​ ៤៣ ចែង​ថា ​ការ​អះអាង​បំផ្លើសឬ​ទម្លាក់​កំហុស ដោយ​អសុទ្ធចិត្ត​លើ​អំពើ​ណាមួយ​ដែល​នាំ​ឱ្យប៉ះពាល់​ដល់​កិត្តិយស​ឬ​កិត្តិស័ព្ទ​នៃ​បុគ្គល​ឬស្ថាប័ន​តាម​បច្ចេក​វិទ្យា ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ​២​លាន​ ទៅ​ ១០​លាន​រៀល។ ក្នុង​ករណី​ការ​ប្រព្រឹត្ត​អំពើ​នេះ​បង្ក​ឱ្យកើត​មាន​ព្យសនកម្ម​ធ្ងន់​ធ្ងរ​ដល់​ជន​រង​គ្រោះ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ១ខែ​ទៅ ​៦ខែ។ ចំណែក​មាត្រា ​៤៤ ​ពាក់ព័ន្ធ​នឹង​បទ​ជេរ​ប្រមាថ​ចែង​ថា ​ការ​ប្រើ​គ្រប់​ពាក្យ​ប្រមាថ គ្រប់​ពាក្យ​មើល​ងាយ​ឬ​គ្រប់​ពាក្យ​ទ្រគោះ​តាម​បច្ចេកវិទ្យា​ព័ត៌មាន ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ២​លាន​ ទៅ ​១០​លាន​រៀល។ ក្នុង​ករណី​ការ​ប្រព្រឹត្ត​អំពើ​នេះ​បង្ក​ឱ្យកើត​មាន​ព្យសនកម្ម​ធ្ងន់​ធ្ងរ​ដល់​ជន​រង​គ្រោះ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ១​ខែ ​ទៅ​៦ខែ។

មាត្រា ​៤៩ ​ចែង​ថា​ការ​ផ្សព្វផ្សាយ​ឬការ​ចែកចាយ​ព័ត៌មាន​មិន​ពិត តាម​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​មាន​ចេតនា​បណ្តាល​ឱ្យអន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច សណ្តាប់​ធ្នាប់​សាធារណៈ ការ​រើស​អើង និង​វប្បធម៌​ប្រពៃណី​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៣ឆ្នាំ​ ទៅ ​៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់​ពី ​៥០​លាន ​ទៅ​ ១០០​លាន​រៀល។ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​ចែង​អំពី​ការ​សម​គំនិត​នៅ​ក្នុង​ការ​ចូលរួម​ទៅ​ក្នុង​ក្រុម​ប្រមូល​ផ្តុំ​ឬ​ទៅ​ក្នុង​សន្ទិដ្ឋិភាព ឬ​ការ​ឃុបឃិត​គ្នា​ជា​សម្ងាត់ ដែល​ជា​បទ​ចោទ​មួយ​ទៅ​លើ​មេដឹកនាំ​គណបក្ស​ជំទាស់ លោក កឹម សុខា។

ចំណែក​មាត្រា​ ៤០ ​ចែង​ថា ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នូវ​ផលិត​ផល​ឬ​សេវាកម្ម ដោយ​មាន​ការ​បង្ហាញ​រូបភាព​អាសអាភាស​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ១ខែ​ ទៅ​ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០​លាន​ ទៅ​ ២០​លាន​រៀល។

ប្រសិន​បើ​អនុម័ត ច្បាប់​នេះ​ក៏​នឹង​អនុញ្ញាត​ឱ្យអាជ្ញាធរ​ប្រមូល និង​កត់ត្រា​ចរាចរណ៍​ទិន្នន័យ​ភ្លាមៗ​ នៅ​ពេល​មនុស្ស​ត្រូវ​បាន​ស៊ើប​អង្កេត​ពី​បទ​ឧក្រិដ្ឋ​ណាមួយ។

អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​ឌីជីថល និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ដែល​បាន​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ និយាយ​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ការ​ចែង​ដោយ​ប្រើ​ពាក្យ​ស្រពេច​ស្រពិល ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​យ៉ាង​ទូលំទូលាយ និង​កង្វះ​ការ​ការពារ​សម្រាប់​ប្រជាពលរដ្ឋ ដែល​ទាំង​នេះ​វា​មិន​គោរព​តាម​ស្តង់​ដារអន្តរ​ជាតិ។ អ្នក​ជំនាញ​បន្ថែម​ថា ​វា​អាច​ផ្តល់​ឱ្យរដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​នេះ​ជា​ឧបករណ៍​បន្ថែម​ក្នុង​ការ​ដាក់​ទោស​អ្នក​ជំទាស់ សមាជិក​ក្រុម​ជំទាស់ ស្រ្តី និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

អ្នកស្រី Kian Vesteinsson អ្នក​វិភាគ​ជាន់​ខ្ពស់​ផ្នែក​ស្រាវជ្រាវ​សម្រាប់​បច្ចេក​វិទ្យា​នៃ​អង្គការ ​Freedom House ថ្លែង​ថា ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ​នឹង​ផ្តល់​ឱ្យរដ្ឋាភិបាល​នូវ​អំណាច​បន្ថែម​ទៀត ដើម្បី​តាម​ដាន​និង​ចាប់​អ្នក​ដែល​បញ្ចេញ​មតិ​ជំទាស់។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ការ​ចែង​មិន​ច្បាស់​ជុំវិញ​ការ​បរិហារ​កេរ្តិ៍ ការ​ប្រមាថ និង​ព័ត៌មាន​មិន​ពិត​នឹង​បង្កើត​ជា​លក្ខខណ្ឌ​ដែល​នាំ​ឱ្យមាន​ការ​បំពាន ហើយ​យើង​ដឹង​ថា​អាជ្ញាធរ​កម្ពុជា​បាន​បង្កើត​នូវ​ការ​ចែង​អំពី​បទ​ឧក្រិដ្ឋ​ស្រពេច​ស្រពិល​ស្រដៀង​គ្នា​នៅ​ក្នុង​បរិបទ​ផ្សេង​ទៀត»។

លោក Daron Tan អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​អន្តរ​ជាតិ​នៃ​គណៈ​កម្មការ​ក្រុម​អ្នក​ច្បាប់​អន្តរ​ជាតិ ​(International Commission of Jurists) និយាយ​ថា​ ការ​ចែង​អំពី​ការ​បរិហារកេរ្តិ៍ និង​ការ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត ​មិន​អនុ​លោម​តាម​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោ​បាយដែល​កម្ពុជា​ជាប្រទេស​ហត្ថលេខី ហើយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិបាន​លើក​ឡើង​យ៉ាង​ច្បាស់​ហើយ​ថា​ ការ​ដាក់​ទោស​ទណ្ឌ​ពន្ធនាគារ​មិន​ត្រឹម​ត្រូវ​ឡើយ​សម្រាប់​ការ​បរិហារកេរ្តិ៍។

លោក​ថ្លែង​ថា៖ «វា​ជា​ជំហាន​មួយ​ដែល​ស្ថិត​ក្នុង​ទិស​ដៅ​ខុស​តែ​ម្តង។ យើង​បារម្ភ​ជា​ខ្លាំង​ថា ​នេះ​នឹង​ក្លាយ​ជា​ច្បាប់​បន្ថែម​ទៀត​ដែល​រដ្ឋាភិបាល​អាច​ប្រើប្រាស់​ប្រឆាំង​នឹង​អ្នក​រិះគន់»។

លោក ជា ពៅ ស្នងការ​រង​នគរបាល​ជាតិ និង​ជា​អតីត​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​ដែល​ទទួល​ច្បាប់​នេះ ថ្លែង​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ឡើយ ហើយ​និយាយ​ថា ​ក្រុមហ៊ុន​អាមេរិក​ដែល​ចូលរួម​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ហើយ​មិន​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ណាមួយ​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «បើ​សិន​យើង​និយាយ​ដោយ​មាន​ភស្តុតាង មាន​អ្នកណា​គេ​ថា​អី។ តែ​បើ​យើង​អត់​ភស្តុតាង យើង​បរិហារ​កេរ្តិ៍ អាហ្នឹង​ច្បាប់​មាន​ទាំង​ព្រហ្មទណ្ឌ​មក​ហ្នឹង។ និយាយ​សាមញ្ញ​យើង​អត់​រឹតត្បិត​ទេ យើង​តម្រង់​ឱ្យគាត់​ចូល​ជួរ។ គេ​អត់​ហៅ​ថា​រឹតត្បិត​ទេ​អាហ្នឹង»។

ក្រុមហ៊ុន ​Google Meta និង ​Amazon ដែល​រដ្ឋាភិបាល​បាន​និយាយ​ថា​ចូលរួម​ក្នុង​ការ​ពិគ្រោះយោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​ឡើយ។

រូបឯកសារ៖ បុរសមួយក្រុមកំពុងប្រើប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទទំនើបរបស់ពួកគេ នៅក្នុងហាងកាហ្វេមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ បុរសមួយក្រុមកំពុងប្រើប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទទំនើបរបស់ពួកគេ នៅក្នុងហាងកាហ្វេមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

អ្នកស្រី ណាលី ពីឡូក នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ថ្លែង​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​អាច​នាំ​ទៅ​ដល់​ការ​រំលោភ​សិទ្ធិ​បន្ថែម​ទៀត​ប្រឆាំង​នឹង​ស្រ្តី​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី​បន្ថែម​ថា៖ «ការ​ចែង​មិន​ច្បាស់​អំពី​រូបភាព​អាស​អាភាស​នឹង​បង្ក​ជា​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​លើ​ស្រ្តី ដោយសារ​រដ្ឋាភិបាល​សម្រេច​ថា​សកម្មភាព​អនឡាញ​របស់​ពួកគេ​អាច​បង្ក​ជា​ការ​រំជើបរំជួល​ផ្លូវ​ភេទ»។

លោក សឿង សារឿន នាយកប្រតិបត្តិ​នៃ​អង្គការមិន​មែន​រដ្ឋាភិបាលស្តីពីកម្ពុជា ហៅ​ថា​ NGO Forum ប្រាប់​វីអូអេ​ថា ​មិន​មាន​ការ​ពិភាក្សា​លើ​មាត្រា​មួយៗ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២១ ខែ​មីនា ឆ្នាំ ២០២៤ ដោយ​ក្រសួង​មហាផ្ទៃ​ឡើយ។ លោក​ជំរុញ​ឱ្យមាន​ការ​ពិគ្រោះ​យោបល់​ទូលំទូលាយ​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា៖ «អត់​មាន​តួអង្គ​ផ្សេង​ទៀត ដូច​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល​អាច​មាន​ឱកាស​ធ្វើ​ការ​វិភាគ​ច្បាប់​ហ្នឹង ហើយ​ធ្វើ​ការ​បង្ហាញ​ធាតុ​ចូល​របស់​ខ្លួន​ដែរ។ អ៊ីចឹង​បើ​សិន​ជា​អាច រាជរដ្ឋាភិបាល​គួរ​តែមាន​កាលវេលា​ច្បាស់លាស់ បង្ហាញ​ពី​កាល​វេលា​ច្បាស់​លាស់ ហើយ​ទុក​ពេល​ឱ្យសង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន លោក​ប្រមូល​ធាតុ​ចូល»។

រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា​នឹង​អនុម័ត​ច្បាប់​នេះ​នា​ចុង​ឆ្នាំ​នេះ។

ក្រៅ​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទល្មើស​តាម​បច្ចេកវិទ្យា​ព័ត៌មាន រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​តែ​ពន្លឿន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សន្តិសុខ​សាយប័រ និង​ការការពារ​ទិន្នន័យ​ឯកជន។ អ្នក​ជំនាញ​បាន​រិះគន់​សេចក្តី​ព្រាង​ទាំង​នេះ​នឹង​ផ្តល់​អំណាច​ទូលំទូលាយ​ដល់​នគរ​បាល​ក្នុង​ការ​រឹបអូស​ប្រព័ន្ធ​កំព្យូទ័រ និង​ធ្វើ​ឱ្យទិន្នន័យ​របស់​ប្រជាជន​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​លួច ឬ​ការ​តាម​ដាន។

គួរ​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អនុម័ត​អនុក្រឹត្យ​ស្តីពី​«ការ​បង្កើត​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ» ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្តល់​សិទ្ធិ​អំណាច​ទូលំទូលាយ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត។ ប្រសិន​បើ​ដំណើរ​ការ​ពេញ​លេញ ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ថ្មី​របស់​កម្ពុជា​នឹង​បញ្ជូន​ចរាចរណ៍​អ៊ីនធឺណិត​ទាំង​អស់​តាម​ច្រក​តែ​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ពន្យារ​ពេល​អនុវត្ត ដោយ​មិន​កំណត់ ខណៈ​មាន​ការ​លើក​ឡើង​ថា​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ការ​បង្កើត​ច្រក​ទ្វារ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG