វ៉ាស៊ីនតោន៖ អណត្តិទីពីររបស់ក្រុមប្រឹក្សាធានី ខេត្តក្រុង ស្រុកខណ្ឌដែលនឹងត្រូវចូលកាន់តំណែងក្នុងពេលដ៏ឆាប់ខាងមុខគឺជាពេលវេលាត្រូវបំពេញការងារពិតប្រាកដដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបើមិនដូច្នេះទេ អ្នកបោះឆ្នោតនឹងមានការខកចិត្តហើយផ្លាស់ប្តូរ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ។
លោកឱក សេរីសុភ័ក្រ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា ក្រុមប្រឹក្សានឹងជួយឱ្យគម្រោងអភិវឌ្ឍន៍បម្រើតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។
លោកបានបន្ថែមថា៖
«ក្រុមប្រឹក្សានេះបង្កើតឡើងដើម្បីឱ្យនៅក្បែរប្រជាពលរដ្ឋ ទទួលសំឡេងពីប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលរដ្ឋប្រាប់មកក្រុមប្រឹក្សាដូចជាសភាខេត្តឬសភាស្រុកអញ្ចឹងដែលមានតួរនាទីពិនិត្យមើលអភិបាលខេត្តអភិបាលស្រុកទាំងអស់ហ្នឹងថាតើនៅពេលដែលលោកបំពេញកិច្ចការតំណាងរាជរដ្ឋាភិបាលនៅថ្នាក់ខេត្តនៅ ថ្នាក់ស្រុកហ្នឹងតើពេញចិត្តប្រជាពលរដ្ឋទេ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះបានធ្វើឡើងកាលពី ថ្ងៃអាទិត្យទី១៨ខែឧសភាដោយមានគណបក្សនយោបាយចំនួន៥ចូលរួមក្នុងការប្រកួតប្រជែងយកអាសនៈចំនួន៣៩៣នៅថ្នាក់ខេត្តនិង២.៩៣១នៅថ្នាក់ក្រុងស្រុកខណ្ឌ។
ក្នុងមួយអណត្តិកន្លងមកមានការលើកឡើងពីការខ្វះអំណាចក្នុងការអនុវត្តការងារដោយសារសមាជិកក្រុមប្រឹក្សាខ្លះបែរជាខ្លាចអំណាចចៅហ្វាយខេត្តនិងចៅហ្វាយស្រុកជាដើម។
ប៉ុន្តែលោក ឱក សេរីសុភ័ក្របញ្ជាក់ថាអណត្តិទីមួយគឺជា«អណត្តិរៀបចំ» ហើយពេលវេលាបានកន្លងផុតទៅហើយដោយនៅពេលនោះនៅកន្លែងខ្លះស្ទើរតែមិនមានអគាសម្រាប់ក្រុមប្រឹក្សាធ្វើការផង។
លោកបានបញ្ជាក់ថាឆ្លងតាមវេទិការសាធារណៈប្រជាពលរដ្ឋអាចលើកឡើងពីតម្រូវការរបស់ពួកគេនិងចោទសួរមន្ត្រីដឹកនាំថ្នាក់មូលដ្ឋានអំពីការផ្តល់សេវាកម្មយឺតយ៉ាវផ្សេងៗដូចជាការសាង់សង់ផ្លូវ សាលារៀន និង ការជីកអណ្តូងជាដើម។
លោកសុភ័ក្របានបន្ថែមថា៖
«ដូច្នេះគណៈអភិបាលខេត្ត គណៈអភិបាលស្រុកមិនអាចព្រងើយកន្តើយទៀតទេនៅពេលដែលសំឡេងប្រជាពលរដ្ឋគាត់លើកឡើងអញ្ចឹង ព្រោះបើព្រងើយកន្តើយអណត្តិក្រោយចាញ់ឆ្នោតហើយ»។
លោកសម្តែងសុទិដ្ឋិនិយមថានៅពេលដែលកត្តាធនធានមនុស្សកាន់តែរីកដុះដាល ហិរញ្ញវត្ថុកាន់តែប្រមូលបាននោះ នឹងអាចធ្វើឱ្យដំណើរការពង្រឹងការគ្រប់គ្រងអំណាចនៅ ថ្នាក់ក្រោមជាតិមានដំណើរការទៅមុខបានដោយសារតែបច្ចុប្បន្នកត្តាឆន្ទៈនយោបាយឃើញថាមានពីថ្នាក់ជាតិរួចហើយ។
លោកមើលឃើញថាតួនាទីរបស់ក្រុមប្រឹក្សាស្រុកធំណាស់ព្រោះក្រុមប្រឹក្សាឃុំត្រូវការការគាំទ្រពីក្រុមប្រឹក្សាស្រុកព្រោះមានគម្រោងធំដែលត្រូវការការជួយពីកម្រិតថ្នាក់ស្រុកដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសលទ្ធផលការបោះឆ្នោតក្រុមប្រឹក្សានៅថ្ងៃអង្គារទី២៧ខែឧសភានេះ ដែលនឹងបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈយ៉ាងច្រើនដោយសារតែខ្លួនមានអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ច្រើនលើសលប់ហើយគណបក្សសង្គ្រោះជាតិនឹងជាប់លំដាប់ទីពីរ៕