ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥស្សរជនផ្ទៃ​ក្នុង​​​គណបក្ស​កុម្មុយនីស្ត​ចិន​ ដែល​ត្រូវ​បណ្តេញ​ចេញ ​បញ្ជាក់​លម្អិត​ពី​ភាព​តានតឹង​ផ្ទៃ​ក្នុង​នៅ​ពេល​សម្ភាស​ជាមួយ​ VOA​


រូបឯកសារ៖ អ្នកស្រី ​Cai Xia ឥស្សរជនផ្ទៃ​ក្នុង​​​គណបក្ស​កុម្មុយនីស្ត​ចិន​ ដែល​ត្រូវ​បណ្តេញ​ចេញ។
រូបឯកសារ៖ អ្នកស្រី ​Cai Xia ឥស្សរជនផ្ទៃ​ក្នុង​​​គណបក្ស​កុម្មុយនីស្ត​ចិន​ ដែល​ត្រូវ​បណ្តេញ​ចេញ។

ឥស្សរជនផ្ទៃក្នុង​គណបក្ស​កុម្មុយនីស្ត​ចិន​មួយ​រូប ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណ​បក្ស​នា​ពេល​ថ្មីៗ​នេះ​ បាន​និយាយ​ដោយ​បើកចំហ​ពី​ភាព​តានតឹង​ខ្លាំងឡើង​នៅ​ក្នុង​ចំណោម​មន្រ្តី​ជាន់ខ្ពស់​ចិន​ អំឡុងពេល​មួយដែល​គោលនយោបាយ​តឹងរ៉ឹង​របស់​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ជាមួយ​នឹង​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន។

កាល​ពី​ថ្ងៃ​ទី១៧ ខែ​សីហា ​គណបក្ស​កុម្មុយនីស្ត​ចិន​បាន​ប្រកាស​ថា​ ឥស្សរជនផ្ទៃ​ក្នុងដ៏​យូរអង្វែងគឺ​អ្នកស្រី ​Cai Xia ​ដែល​ជា​អតីត​សាស្រ្តាចារ្យ​នៅ​សាលា​ឧត្តមសិក្សាបក្ស​កុម្មុយនីស្ត​ចិន​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស ​ហើយ​របប​ប្រាក់​ចូល​និវត្តន៍​របស់​អ្នកស្រី​ត្រូវ​បាន​ដកហូត។​ អ្នកស្រី​ Cai Xia នា​ពេល​ថ្មីៗ​នេះ​ បាន​និយាយគាំទ្រ​អ្នករិះគន់​បក្ស​កុម្មុយនីស្ត​ចិន​ម្នាក់​ទៀត​ ដែល​ជាអ្នកជំនួញ​ដ៏​ល្បី​ឈ្មោះ​គឺ​ លោក Ren Zhiqiang ហើយ​អ្នកស្រី​បាន​ហៅ​មេដឹកនាំ​ចិន​លោក ស៊ី​ ជីនពីង​ ថា​ជា «មេ​ក្រុម​ជន​អន្ធពាល»។

នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​នឹង VOA ផ្នែក​ភាសា​ចិន​អ្នកស្រី ​Cai ​បាន​និយាយ​ថា លោក​ស៊ី​ ជីន​ពីង​កំពុង​ប្រឈម​នឹង​ការ​ជំទាស់​យ៉ាង​ច្រើន​នៅ​ក្នុង​ជួរ​បក្ស ​ហើយ​កំពុង​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​លទ្ធភាព​ ​ដើម្បី​រក្សា​ស្ថេរភាព​នៅ​ក្នុង​ជួរ​បក្ស។ ​ជា​ទូទៅ​ ការណ៍​នេះមាន​ន័យ​ថា ​លោក​កំពុង​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ ​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​ ឬអ្នក​មាន​មតិ​ផ្ទុយ​គ្នា​នៅ​ក្នុង​ជួរ​បក្ស។​

អ្នកស្រី ​Cai ​បាន​និយាយ​ថា៖ ​«មាន​បញ្ញត្តិ​ច្បាប់​នៅ​ក្នុង​ចំណោម​មេដឹកនាំ​បក្ស។​ នៅ​ពេល​មាន​សម្ពាធ​ពី​ខាង​ក្រៅ​កាន់​តែ​ខ្លាំង​ បក្ស​កុម្មុយនីស្ត​កាន់​តែ​ព្រួយបារម្ភ​ពី​បញ្ហា​ផ្ទៃ​ក្នុង។ ​ឥឡូវ​នេះ​ ជាមួយ​នឹងបញ្ហា​ប្រឈម​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ពួកគេ​កំពុង​តែ​ព្យាយាម​បំបិទ​សំឡេង​ជំទាស់​សូម្បី​តែ​មតិ​ណា​ដែល​ខុស​ពី​ធម្មតា​បន្តិចបន្តួច​ក្តី​ ដើម្បី​រក្សា​លំនឹង​នៅ​ក្នុង​ជួរ​បក្ស»។

​យោង​ទៅ​តាម​អ្នកស្រី​ Cai ​ការងារ​ចម្បង​របស់​បក្ស​កុម្មុយនីស្ត​ចិន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩​មក​គឺ​ផ្តោត​ទៅ​លើ​ «សុវត្ថិភាព​នយោបាយ»។​ អ្នកស្រី​បាន​ប្រាប់ ​VOA​ ផ្នែក​ភាសា​ចិន​ថា​ នាពេល​នេះ​ នៅ​ប្រទេស​ចិន ​«សុវត្ថិភាព​នយោបាយ​» ​មាន​ន័យ​ថា ​លោក​ស៊ី​ ជីន​ពីង​ត្រូវ​រក្សា​នូវ​តំណែង​ «សុវត្ថិភាព»​ របស់​លោក​ជា​មេដឹកនាំ​ជាន់​ខ្ពស់​របស់​បក្ស​កុម្មុយនីស្ត​ចិន។

​ការ​បណ្តេញ​អ្នកស្រី ​Cai ​ចេញ​ពី​បក្សដូចជា ​បាន​ធ្វើឡើង​នៅ​ខែ​មិថុនា ​នៅ​ពេល​សារ​ជា​សំឡេង​ពី​ការ​និយាយ​ស្តី​របស់​អ្នកស្រី​មួយ​ត្រូវ​បានបែក​ធ្លាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​ត្រូវ​បាន​ចែកចាយ​ពាស​ពេញ​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន។ ​សារ​សំឡេង​ឯកជន​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អំឡុងពេល​ជំនួប ​«មេដឹកនាំ​ចិន​ជំនាន់​ទីពីរ» ​ដែល​ក្នុង​សារនោះ ​អ្នកស្រី​ Cai បាន​ចោទ​ប្រកាន់​លោក​ស៊ី​ ថាជា​ «មេ​ក្រុម​ជន​អន្ធពាល» ​និង​ចោទ​បក្ស​កុម្មុយនីស្ត​ចិនថា​ជា «គណបក្ស​បំភិត​បំភ័យ​ខាង​នយោបាយ»។ ​អ្នកស្រី​បាន​បញ្ជាក់ប្រាប់​ VOA ថា ​សារ​សំឡេង​នោះ​ពិត​ជា​សំឡេង​របស់​អ្នកស្រី​មែន។

ការ​ក្លាយ​ជា «​មេដឹកនាំ​ចិន​ជំនាន់​ទី​ពីរ» ​បង្ហាញ​ថា ​ឪពុកម្តាយ​ ឬ​ជីដូនជីតា​របស់​បុគ្គល​នោះ​មាន​តំណែង​ខ្ពស់​នៅ​ក្នុង​គណ​បក្ស​កុម្មុយនីស្ត​ ដែលនេះ​ជា​កេរដំណែល​មួយ​សឹង​តែ​ធានា​នូវ​ការ​ទទួល​បាន​អំណាច​ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ ដែល​មាន​នានា ​លើស​ពីសមាជិកធម្មតា​ក្នុង​គណបក្ស។

សេចក្តី​ប្រកាសបណ្តេញ​អ្នក​ស្រី​ Cai ចេញ​ពី​បក្ស​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​សីហា​បាន​សរសេរថា អ្នកស្រី ​Cai​ប្រព្រឹត្ត​កំហុស​ឆ្គង​ «បញ្ហា​នយោបាយ​ធ្ងន់ធ្ងរ» ​និង​ថា​ អ្នកស្រី​បាន​ធ្វើអធិប្បាយ​មួយ ដែល​បាន «ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​បក្ស​កុម្មុយនីស្ត»។ ​

ក្នុងឋាន:​ជា​សមាជិក​ក្រុម​មេដឹកនាំ​ចិន​ជំនាន់​ទី​ពីរ​ និង​ជា​អតីត​សាស្រ្តាចារ្យ​សាលា​ឧត្តមសិក្សាបក្ស​កុម្មុយនីស្ត​ចិន​ អ្នកស្រី​ Cai មាន​តំណែង​សំខាន់​មួយ​នៅ​ក្នុង​ជួរ​បក្ស​ ហើយ​ពាក្យ​រិះគន់​របស់​អ្នកស្រី​ត្រូវ​បាន​ផ្សព្វផ្សាយ​ពាសពេញ​ប្រព័ន្ធ​អ៊ីនធឺណិត។​ ជា​ទូទៅ​ ឥស្សរជនផ្ទៃ​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន​កម្រ​នឹង​ថ្លែង​ជា​សាធារណៈ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ស៊ី​ ជីនពីង​ណាស់។

ការណ៍​ដែល​ថា ក្រុម​អាជ្ញាធរក៏បាន​រឹបអូស​ប្រាក់ចូល​និវត្តន៍​របស់​អ្នកស្រី​ បាន​នាំ​ឲ្យ​មានការ​ជជែក​វែកញែកជា​ច្រើន​នៅ​តាម​បណ្តាញផ្សព្វផ្សាយ​សង្គម​នៅ​ប្រទេសចិន​ផង​ដែរ។

អ្នកស្រី​ Cai បាន​ប្រាប់​ទៅ​ VOA ​ផ្នែក​ភាសា​ចិន​ថា៖ «វា​មិនមែន​ជា​រឿង​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើលសម្រាប់​មនុស្ស​ទូទៅនោះ​ទេ នៅ​ពេល​ឃើញ​បក្ស​កុម្មុយនីស្ត​ចិន​បាន​បណ្តេញ​មន្ត្រី​ដែល​មាន​គំនិត​ផ្ទុយ​ពីបក្ស។​ ហើយ​ការ​ផ្សារភ្ជាប់​ទស្សនៈ​នយោបាយទៅ​នឹង​ប្រាក់​ចូល​និវត្តន៍របស់​មន្ត្រី​ និង​ដកចេញ​នូវ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត គឺ​ដូចជា​ ការ​បំបាត់​សិទ្ធិរស់រាន​មាន​ជីវិត​ចេញ​ពី​ក្រុមមន្ត្រី​អ៊ីចឹង។​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​សង្គម​ចិន​ទាំងមូល​ភ្ញាក់​ផ្អើល»។

អ្នក​ស្រី Cai មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ទេ នា​ពេល​បច្ចុប្បន្ន​នេះ។

អ្នក​ស្រី​បាន​និយាយ​ថា អ្នកស្រី​គ្រោង​នឹង​ប្តឹងប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ​ និង​ប្រើប្រាស់​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នកស្រី ​«មិនថា ​លទ្ធផល​ទៅ​ជា​យ៉ាងណា​នោះ​ទេ»។

អ្នក​ស្រី​ Cai គឺ​ជា​ ​បុគ្គល​សាធារណៈ​ចុងក្រោយ​គេ​បង្អស់​ម្នាក់​ដែល​ទទួល​រង​ពិន័យ​ពី​ការ​រិះគន់​លោក​ប្រធានាធិបតី​ស៊ី។​ កាល​ពី​ខែ​កក្កដា​ សាស្រ្តាចារ្យ​ផ្នែក​ច្បាប់មួយ​រូប​ទៀត​ ដែល​បាន​និយាយ​បើក​ចំហ​គឺ លោក​ Xu Zhangrun ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​មហាវិទ្យាល័យ​ Tsinghua ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​នូវ​អត្ថបទ​ដែល​រិះគន់​ថ្នាក់​ដឹកនាំ​ចិន។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ​លោក​ Ren Zhiqiang ​ដែល​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា «Ren the big cannon» ចំពោះ​ការ​និយាយ​រិះគន់​ដោយ​បើក​ចំហរបស់​លោក​មក​លើ​បក្ស​កុម្មុយនីស្ត​ចិន​ និង​ការ​ពង្រីក​អំណាច​របស់​លោកប្រធានាធិបតី​ស៊ី ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស​ផង​ដែរ ហើយត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់ប្រព្រឹត្តិ​បទឧក្រិដ្ឋ។

​កើត​នៅ​ឆ្នាំ ​១៩៥២ ​អ្នកស្រី​ Cai គឺ​ជា​ ឥស្សរជនផ្ទៃ​ក្នុង​គណបក្ស​កុម្មុយនីស្ត​ចិន​ជា​យូរយារ​មក​ហើយ ​និង​ជាអ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​មួយ​រូប​ចំពោះ​សេរីភាព​នយោបាយ។​ អ្នកស្រី​ Cai បាន​សិក្សា និង​បង្រៀន​មនោគមវិជ្ជា​របស់បក្ស​កុម្មុយនីស្ត​នៅសាលាឧត្តមសិក្សា​បក្ស​កុម្មុយនីស្ត​ចិន​ចាប់តាំង​ពី​ឆ្នាំ ១៩៩២​មក។

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៣៣ ​និង​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថាជា ​«ថ្នាល​បណ្តុះ​បណ្តាល​សមមិត្ត​បក្ស​កុម្មុយនីស្ត​ចិន»​ សាលា​ឧត្តមសិក្សា​បក្ស​កុម្មុយនីស្ត​ចិន​គឺ​ជា ​សាលា​មួយ​ដែល​បណ្តុះបណ្តាលមន្រ្តី​សម្រាប់​បក្សកុម្មុយនីស្ត​ចិន ​ជា​ពិសេស​មន្ត្រី​ដែល​សមនឹងទទួល​បាន​ការ​ដំឡើង​តំណែង។ ​នៅ​ក្នុង​ការ​ប្រជុំមួយ​នៅ​សាលា​កាល​ពី​ឆ្នាំ ​២០១៥ ​លោក​ប្រធានាធិបតី​ស៊ី​បាន​សង្កត់ធ្ងន់​ថា ​«រាល់​ការ​បង្រៀន ​ការ​ស្រាវជ្រាវ ​និង​សកម្មភាព​ទាំងអស់​នៅ​ក្នុង​សាលាបក្ស​គឺត្រូវ​គោរព​តាម​គោលការណ៍​នយោបាយ​របស់​បក្ស ​ហើយ​សាលា​ត្រូវ​តែ​ស្រប​ជាមួយ​នឹង​បក្ស​ចំពោះគ្រប់​សកម្មភាព​នយោបាយ ​និង​មនោគម​វិជ្ជា​របស់​ខ្លួន»។ ​

អ្នកស្រី Cai បាន​លើកឡើង​ថា ប្រទេស​ចិន​មាន​ទំនោរ​នឹង​ឆ្លង​កាត់​ការ​ផ្លាស់ប្តូរ​នយោបាយ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ សេរីភាព​នយោបាយ ​នីតិរដ្ឋ និង​ធម្មនុញ្ញភាព។​ អ្នកស្រី​និយាយ​ថា ដើម្បី​ឲ្យ​ប្រទេស​ចិនសម្រេច​គោលដៅ​នេះ​បាន​ លោកប្រធានាធិបតី​ស៊ី​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ដើម្បី​បន្ធូរ​បន្ថយ​នូវ​អ្វី​ដែល​អ្នកស្រី​ពណ៌នា​ថា​ជា​ ភាព​វឹកវរ និង​សម្ពាធ​នៅ​ក្នុង​សង្គម​ចិន។ ស្រប​ពេល​ដូចគ្នា​នេះ​ដែរ បក្សកុម្មុយនីស្ត​ចិន​ផ្ទាល់​ក៏​ត្រូវ​ផ្លាស់ប្តូរ​ផង​ដែរ។

អ្នកស្រី​បាន​និយាយ​ថា៖ «ឥឡូវ​នេះ បក្ស​កុម្មុយនីស្ត​ចិន​គឺ​ដូចជា​គណបក្ស​បំភិត​បំភ័យ​ផ្នែកនយោបាយ។​ ខ្ញុំ​មិន​គិត​ថា ​គណបក្ស​នេះ​អាច​ធ្វើ​ការ​ផ្លាស់ប្តូរ​នយោបាយ​សម្រាប់​សង្គម​ចិន​នោះ​ទេ។ បក្ស​កុម្មុយនីស្ត​ចិនខ្លួន​ឯង​ចាំបាច់​ត្រូវតែ​ផ្លាស់ប្តូរ»។​

អ្នក​ស្រី​បាន​បន្ថែម​ថា មាន​ក្រុម​ឥស្សរជន​ជា​ច្រើន​នៅ​ក្នុង​ជួរ​បក្ស។​ ហើយ​អ្នកស្រី​ជំរុញ​ឲ្យ​ឥស្សរ ជន​ទាំង​នោះ​សហការ​គ្នា និង​បង្កើត​គណបក្ស​នយោបាយ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស។​ អ្នក​ស្រី​បាន​និយាយ​ថា៖ «​រួម​គ្នាទៅ​ ពួកគេ​អាច​ធ្វើ​កំណែទម្រង់​ពិត​ប្រាកដ​មួយ​សម្រាប់​ប្រទេស​ចិន ​ហើយ​យើង​អាច​ឃើញ​ការ​រីកចម្រើន​ទៅ​មុខ​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​សង្គម»។

អ្នក​ស្រី​ក៏​បាន​បន្ត​ថា​ មាន​សមាជិក​បក្ស​មួយ​ចំនួន​ផង​ដែរ​ ដែល​មាន​ទស្សនៈ​ស្រដៀង​នឹង​អ្នកស្រី។

អ្នក​ស្រី​ Cai បាន​ថ្លែង​ប្រាប់ VOA ផ្នែក​ភាសាចិន​ថា៖ «ខ្ញុំ​មិន​គិត​ថា ​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​នោះ​ទេ។ ខ្ញុំ​គិត​ថា ​សមាជិក​បក្ស​ ៦០​ ទៅ​៧០​ភាគរយ ​មានគំនិត​ដូច​ខ្ញុំ​ដែរ ​ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​និយាយ​ចេញ ​ដោយសារ​តែ​ខ្លាច​មាន​ការ​សងសឹក»៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG