លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលុបចោលគម្រោងរំលាយគណបក្សសង្គ្រោះជាតិ ដោយសារការដាក់សម្ពាធដ៏ខ្លាំងក្លាពីសហគមន៍អន្តរជាតិ និងប្រទេសនិយមប្រជាធិបតេយ្យ។
ក្នុងវីដេអូមួយមានរយៈពេល៥នាទី ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅព្រឹកថ្ងៃសុក្រនេះ គេឃើញលោក សម រង្ស៊ី អង្គុយជាមួយក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើនរូបទៀត នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ក្នុងវីដេអូនោះ លោក សម រង្ស៊ី ថ្លែងថា គម្រោងរំលាយបក្សសង្គ្រោះជាតិជំហ៊ានទីមួយត្រូវបរាជ័យ ដែលលោកថា នេះជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកបន្ថែមថា រដ្ឋាភិបាលលោក ហ៊ុន សែន បានលុបចោលគម្រោងរំលាយគណបក្សសង្គ្រោះជាតិ ដោយសារការដាក់សម្ពាធពីសហគមន៍អន្តរជាតិ ដែលលោកថា សម្ពាធរបស់សហគមន៍ទាំងនោះនឹងមិនប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋនោះទេ។
អតីតមេដឹកនាំក្រុមជំទាស់ដែលកំពុងរស់នៅនិរទ្ទេសខ្លួនរូបនេះ បញ្ជាក់ថា៖
«គេមានវិធានការគឺ គេមិនឲ្យទិដ្ឋាការឲ្យចូលស្រុកគេ។ អ្នកនោះមានលុយសន្ធឹកសន្ធាប់ លុយបានមកពីការលួចជាតិ ប្លន់ជាតិ។ គេយកលុយគេនោះទៅដាក់នៅប្រទេសសេរី ប្រទេសប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី ដែលឥឡូវនេះកំពុងតែរៀបចំដាក់ឈ្មោះពួកជនផ្តាច់ការទាំងនោះ ពួកជនពុករលួយទាំងនោះក្នុងបញ្ជីខ្មៅរបស់គេ»។
លោក សម រង្ស៊ី ក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សជំទាស់ ចាញ់សារគំរាម សម្លុត ឬអូសទាញរបស់គណបក្សកាន់អំណាច។
ការលើកឡើងរបស់លោក សម រង្ស៊ីពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ធ្វើឡើងមិនប៉ុន្មានថ្ងៃបន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនឃោសនាឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់របស់គណបក្សសង្គ្រោះជាតិចុះចូលនឹងបក្សកាន់អំណាចដើម្បីរក្សាតំណែងរបស់ខ្លួនពេលបក្សប្រឆាំងរលាយ។
ការប៉ុនប៉ងរំលាយបក្សជំទាស់ដ៏ធំនៅកម្ពុជា បានរងរិះគន់ និងជំទាស់ខ្លាំងៗពីសហគមន៍អន្តរជាតិ។ ក្នុងនោះដែរ សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលមួយចំនួន មកពីគណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាច ក៏បានគំរាមធ្វើអ្វីៗគ្រប់យ៉ាង រួមទាំងការមិនផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា ប្រសិនបើបក្សកាន់អំណាចកម្ពុជារំលាយ និងមិនដោះលែងប្រធាន និងសមាជិកនៃគណបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៧ ខែតុលានេះថា លោកមិនអើពើនឹងការព្រមានបិទទិដ្ឋាការ ឬការព្រមានបង្កកគណនីធនាគាររបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានោះទេ។ លោកបន្ថែមថា កម្ពុជាជាប្រទេសឯករាជ្យ មិនស្ថិតក្រោមការបញ្ជារបស់ប្រទេសណាមួយឡើយ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖
«សម្តេចលោកមានប្រសាសន៍ថា លោកគ្មានទ្រព្យសម្បត្តិណាឲ្យគេបង្កកទេ។ ទ្រព្យសម្បត្តិរបស់លោកសន្សំសម្រាប់កសាងសាលា សម្រាប់ជួយប្រជាពលរដ្ឋ ធ្វើការងារជាតិរបស់លោក។ រីឯវីសា លោកក៏មិនមានចាប់អារម្មណ៍អីទេ លោកគ្មានសារៈប្រយោជន៍អីទៅសហរដ្ឋអាមេរិកទេ។ រីឯផលប៉ះពាល់ដល់មន្រ្តីណាមួយគឺជា រឿងឯកជនរបស់គាត់ទេ មិនមែនជារឿងរបស់ជាតិ»។
កាលពីថ្ងៃពុធកន្លងទៅ ព្រះមហាក្សត្របានឡាយព្រះហត្ថលេខាឲ្យប្រើប្រាស់ជាប្រញាប់នូវវិសោធនកម្មច្បាប់ចំនួនបួនពាក់ព័ន្ធនឹងការបោះឆ្នោត បន្ទាប់ពីច្បាប់ទាំងបួននោះត្រូវបានស្ថាប័ននីតិបញ្ញត្តិអនុម័តជាបន្តបន្ទាប់ តែក្នុងរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ។ វិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតទាំងបួននេះ កំណត់ពីការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅគណបក្សផ្សេងទាំងនៅក្នុងរដ្ឋសភា និងតាមក្រុមប្រឹក្សាឃុំសង្កាត់ ប្រសិនបើតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិទៅតាមការប្ដឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សសង្គ្រោះជាតិមានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងថា តុលាការកំពូលកំពុងបន្តនីតិវិធីលើបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ។ លោកបន្ថែមថា គម្រោងនេះនឹងបន្តទៅមុខ ហើយលោកមានជំនឿថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយក្នុងពេលឆាប់ៗ។
លោកមានប្រសាសន៍ថា៖
«ទី១ គណបក្សហ្នឹងបានបោះបង់សិទ្ធិមិនទៅការពារខ្លួននៅពេលសវនាការ ដោយមិនបានដាក់សារណាទៅតុលាការកំពូលតាមការកំណត់។ បញ្ហាទី២ អ្វីដែលក្រសួងមហាផ្ទៃប្តឹងទៅហ្នឹង គឺជាកំហុសធ្ងន់ធ្ងរបំផុត ហើយដែលគណបក្សសង្គ្រោះជាតិគិតថា ខ្លួនមិនអាចតតាំងបាន បានជាមិនដាក់សារណាទៅ ហើយមិនចាត់តាំងមេធាវីទៅការពារ។ ហើយបញ្ហាទី៣ គណបក្សសង្គ្រោះជាតិតែងតែប្រកាន់យកទម្លាប់ ឬក៏អាកប្បកិរិយាមិនគោរពច្បាប់។ បញ្ហាទី៤មួយទៀត គណបក្សសង្គ្រោះជាតិកំពុងបែកបាក់គ្នាតាំងពីលើរហូតដល់ក្រោម»។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយយល់ថា វិសោធនកម្មច្បាប់ដែលធ្វើឡើងដោយគណបក្សកាន់អំណាច ដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយចោល ហើយយកទៅឲ្យគណបក្សផ្សេងៗទៀតនោះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាពិសេស វានឹងធ្វើឲ្យស្ថានភាពសង្គមកម្ពុជាឈានទៅរកការបែកបាក់ផ្ទៃក្នុង។
ក្នុងវីដេអូដែលចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ លោក សម រង្ស៊ី ក៏បានបញ្ជាក់ផងដែរថា បើទោះជាលោក កឹម សុខា ប្រធានបក្សជំទាស់កំពុងស្ថិតក្នុងការឃុំឃាំងក៏ដោយ តែសេចក្តីសម្រេចនានារបស់បក្សនេះអាចធ្វើទៅបានជាធម្មតា តាមរយៈគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ ដែលភាគច្រើនកំពុងភៀសខ្លួនទៅក្រៅប្រទេស។
ក្រោយការបង្ហោះវីដេអូនោះបន្តិច គណបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ ដោយប្រកាសថា គណបក្សសង្គ្រោះជាតិមិនបានធ្វើខុសច្បាប់នោះទេ ហើយថា គណបក្សសង្គ្រោះជាតិជំទាស់ដាច់ខាតនូវការប៉ុនប៉ងរំលាយនេះ៕