ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តំណាង​រាស្ត្រ​បក្ស​ជំទាស់​គ្រោង​សរសេ​លិខិត​សុំ​ទោស​លោក​ ​ហ៊ុន សែន​ជាថ្នូរ​នឹង​​សេរីភាព


រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​សន្តិសុខ​មន្ទីរ​ឃុំឃាំង​នាំ​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​សន្តិសុខ​មន្ទីរ​ឃុំឃាំង​នាំ​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

នៅពេល​ចេញ​ពី​បន្ទប់សវនាការ​នៅតុលាការ​ ​តំណាង​រាស្ត្រ​បក្សជំទាស់​ម្នាក់​ទៀត​ឲ្យដឹងថា ​លោក​គ្រោង​សរសេ​លិខិត​សុំ​ទោស​លោក​ ​ហ៊ុន សែន​ដើម្បី​ប្តូរ​យក​សេរីភាព​ឡើងវិញ។

លោក​ ​អ៊ុំ សំអាន​ តំណាង​រាស្រ្ត​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​ជាប់​ឃុំ ​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយពី​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម​ ​បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ ​លោក​នឹងដាក់លិខិត​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ដើម្បី​ស្នើ​ឲ្យ​ព្រះ​មហា​ក្សត្រ​ព្រះ​រាជទាន​ការ​លើកលែងទោស​ដល់​រូប​លោក​ ​ដូច​លោក​ ​ហុង សុខហួរ​ ​អតីត​សមាជិកព្រឹទ្ធ​សភា​គណ​បក្ស​ប្រឆាំង​ ​ដែល​ទើបតែ​ត្រូវ​បានដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ពុធ។​

ការ​ថ្លែង​របស់លោក​ ​អ៊ុំ សំអាន​ ​ធ្វើ​ឡើង​ក្រោយ​ពី​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បើក​សវនាការ​លើ​បណ្តឹង​សារទុក្ខ​ ​ជា​លើក​ទី​ពីរ​របស់​លោកប្រឆាំង​ទៅ​នឹង​សាល​ដីកា​សាលា​ឧទ្ធរណ៍​ដែល​បាន​សម្រេច​ឲ្យលោកជាប់​ពន្ធនាគារ​ ​២ឆ្នាំ​និង៦​ខែ​ពីបទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ​និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង។

ខណៈកំពុង​ដើរ​ចេញ​ពី​សាល​សវនាការ​ ​និងឈរ​រង់ចាំ​រថយន្ត​ដឹក​យក​ទៅ​ពន្ធនាគារ​វិញ​ និង ​ខណៈ​ដែល​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​មានការ​ថត​សំឡេង​ ​និង​ផ្តិត​យក​រូប​ភាព​ ​លោក​ ​អ៊ុំ សំអាន​ ​បានថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​លោក​នឹង​សរសេរ​លិខិត​មួយ​ច្បាប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ​ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ជួយ​ស្នើ​ព្រះ​មហា​ក្សត្រ​ឲ្យ​ព្រះ​រាជទាន​លើក​ទោសឲ្យ​បាន​មុន​ថ្ងៃ​ទី៩​ ​ខែ​វិច្ឆិកា​ខាង​មុខ។​ ​លោក​បន្ថែម​ដោយ​រំពឹង​ថា​ ​លោក​នឹង​ត្រូវ​បាន​ដោះ​លែង​នៅ​អំឡុង​ពិធី​បុណ្យ​អ៊ុំទូក​ ​នា​ដើម​ខែ​វិច្ឆិកា​នេះ​ ​ដើម្បី​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទាន់​ពេល។

លោក​ ​អ៊ុំ សំអាន​ ​ អ្នកតំណាង​រាស្រ្ត​មានអភ័យ​ឯក​សិទ្ធិ​ដែលដៃ​ទាំង​ពីរ​ជាប់​ខ្នោះ​ ​និង​មាន​អនុរក្ស​ពន្ធនាគារ​ឈរ​ក្បែរ​ផង​នោះ​ ​បាន​និយាយ​បន្ថែម​ក្នុង​ន័យ​ដើមថា៖

«ខ្ញុំ​រំពឹង​ថា​ ​នឹង​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​មុន​ថ្ងៃទី​៩ ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដើម្បី​អាច​ទៅចុះ​ឈ្មោះបោះឆ្នោត​ ​និង​ធ្វើ​ជា​តំណាង​រាស្រ្ត​បម្រើ​ប្រជា​ពល​រដ្ឋ»។​

លោក​ ​អ៊ុំ សំអាន​ ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ មណ្ឌល​ខេត្ត​សៀមរាប​ ​ត្រូវ​បាន​តុលាការ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពីមានការ​ស៊ើប​អង្កេតទៅ​លើ​ការ​អធិប្បាយ​នានា​របស់លោក​នៅ​លើទំព័រ​ហ្វេសប៊ុក​ ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​ផែនទី​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម។

ការ​ថ្លែង​របស់​លោក​ ​អ៊ុំ សំអាន​ ​ធ្វើ​ឡើងបន្ទាប់​ពី​លោក​ ​ហុង សុខហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ ​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ចេញព្រះ​រាជក្រឹត្យ​លើកលែង​ទោស​កាល​ពី​ថ្ងៃទី​២៥​ ​ខែ​តុលា​ ក្រោយពេល​ដែល​លោក​ ​ហុង សុខហួរ​ ​សរសេរ​លិខិតសុំ​ទោស​លោក​ ​ហ៊ុន សែន។​ ​

តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាបរបស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ត្រូវ​បាន​តុលាការកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ៦ខែពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»។​ ​លោក​ត្រូវ​បាន​ចាប់​កាត់ទោស​ភ្លាមៗ​ ​ក្រោយ​ការ​ធ្វើ​អធិប្បាយ​ និងបង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​ ​នូវសារ​នឹង​ផែនទីពាក់ព័ន្ធ​ នឹង​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀត​ណាម​ ​កាល​ពីឆ្នាំ​២០១៥។

លោក​ ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រនេះ​ថា ​ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នឹង​អាច​ទទួល​យក​សំណើ​របស់​លោក​ ​អ៊ុំ សំអាន​ ​ប្រសិន​បើ​លោក​ អ៊ុំ សំអាន​ ​ទទួល​ស្គាល់​ទោស​កំហុស​ដោយ​ភាព​ស្មោះត្រង់។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​យល់​ថា​ ​បើគាត់​សរសេរ​លិខិត​ទទួល​ស្គាល់​ទោស​កំហុស​របស់​គាត់​ ​អាហ្នឹង​អាច​នឹង​ពិនិត្យ។ ​សម្តេច​នាយក​រដ្ឋមន្រ្តី​លោក​តែង​មាន​ព្រហ្មវិហារ​ធម៌​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទូទៅ​ ​មិន​ថា ​តែ​ជន​ណា​ ​នៅ​ក្នុង​គណបក្ស​នយោបាយ​ណា​ទេ។​ ​ក៏​ប៉ុន្តែ​បើគ្រាន់តែ​ជា​ល្បិច​យក​រួច​ខ្លួន​ហើយ​ចេញ​មក​វាយ​ប្រហារ​រដ្ឋាភិបាលទៀត​ អាហ្នឹង​ជារឿង​មួយ​ទៀត»។​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ (ហ៊ាន សុជាតា/VOA)

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​បន្ថែម​ថា​ ​សម្រាប់​សកម្មជន​ ​និង​មន្រ្តី​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ជិត​២០​នាក់​ផ្សេង​ទៀត​ ​ក៏​អាច​នឹង​ត្រូវ​បាន​ពិចារណា​ទៅ​តាម​ទោស​កំហុស​របស់​ពួកគេ​ដែរ​ ​ប្រសិន​បើមានការ​សរសេរ​លិខិត​ទទួល​ស្គាល់​កំហុស​ទៅ​លោក​នាយក​រដ្ឋមន្រ្តី។​ ​ប៉ុន្តែ​លោក​ ​សុខ ឥសាន​ បន្ត​ថា​ ​សម្រាប់​លោក​ ​កឹម សុខា​ ​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រងការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​ ​នឹង​មិន​អាច​ទទួលបាន​ការ​ស្នើ​ឲ្យលើក​លែង​ទោស​ណា​មួយ​នោះ​ទេ។​

ការ​ស្នើ​ ​និង​គម្រោង​ស្នើ​សុំ​ឲ្យ​មាន​ការ​លើកលែង​ទោស​របស់​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះជាតិ​ដែលកំពុង​ជាប់​ឃុំ​ទាំង​នេះ​ ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ចាកចេញ​ទៅក្រៅ​ប្រទេស​ជាបន្ត​បន្ទាប់​ ​ខណៈ​ដែល​គម្រោង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​កំពុងដំណើរ​ការ​ទៅ​មុខ។

លោក​ ​សូ ចន្ថា​ ​សាស្រ្តា​ចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​លើក​ឡើង​ថា ​ការដែល​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​សរសេរ​លិខិត​សុំ​ទោស​ ​ឬសុំ​ជំនួយ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ដើម្បី​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ទោស ​អាច​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​អ្នក​នយោបាយ​ ​និង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​សម្រាប់​អ្នក​គាំទ្រ​ពួកគេ។​ ​ទោះ​ជា​យ៉ាង​ណា​ ​លោក​ថា​ ​ការ​សរសេរ​លិខិត​សុំទោស​នេះ​គឺ​អាច​បណ្តាល​មក​ពី​ការ​យល់​ឃើញ​របស់​ពួក​គេ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយនៅ​កម្ពុជា។​

លោក​ ​សូ ចន្ថា​ មាន​ប្រសាសន៍​ថា៖​

«វា​អាច​ទំនង​ជា​ដោយសារ​តែស្ថានភាព​នយោបាយ​ចុង​ក្រោយ​នេះ​មាន​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​ផង​ ហើយ​ក៏​មាន​ការ​លើកលែង​ទោស​ដល់លោក ​ហុង សុខហួរ ​ដែល​បាន​សរសេរ​លិខិត​សុំទោស​អី​ជាដើម។ ​អីចឹង​អាច​ទំនង​នេះ​ជា​ឱកាស​មួយ​សម្រាប់ពួកគាត់​អាច​ទទួល​បាន​ការ​លើក​លែង​ទោស ហើយ​មាន​សេរីភាព​ដូច​អ្នក​នយោបាយ​ផ្សេង​ទៀត​ផង»។

​យ៉ាង​ហោច​ណាស់​មាន​មេដឹកនាំ​ ​អតីត​សមាជិក​ ​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ជិត​២០​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំពី​បទផ្សេងៗ​គ្នា។​ ​ពួក​គេ​បាន​ប្រកាស​លាលែង​ ​និង​ផ្តាច់​ទំនាក់​ទំនង​ជាមួយគណ​បក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​ កាល​ពី​ដើម​ឆ្នាំ​២០១៧​នេះ​ ​មុន​ពេល​វិសោធន​កម្ម​ច្បាប់​ស្តីពីគណបក្ស​នយោបាយ​ដែល​កំណត់​ថា​ ​គណ​បក្ស​នយោបាយ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ពិរុទ្ធជន​ ឬ​ជន​ជាប់​ទោស​ គណ​បក្ស​នោះ​នឹង​ត្រូវ​រំលាយ ជា​ធរមាន។​

​លោក​ ​កឹម សុខា​ ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក៏​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ពាក់​ព័ន្ធ​នឹង​បទចោទ​អំពី​អំពើ​ក្បត់​ជាតិ​ ​ដោយ​ចោទ​លោក​ថា​ បាន​ឃុបឃិត​ជា​មួយ​បរទេស​ ដើម្បី​ផ្តូល​រំលំ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន៕

XS
SM
MD
LG