ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តំណាង​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​ប្រកាស​ទាត់ចោល​កិច្ច​ប្រជុំ​និង​ការ​អនុម័ត​ច្បាប់​របស់​រដ្ឋសភា


សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ​ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ។ (ទំព័រ​ហ្វេសប៊ុក Cambodia National Rescue Party)
សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ​ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ។ (ទំព័រ​ហ្វេសប៊ុក Cambodia National Rescue Party)

ក្រុម​គណ​បក្ស​ជំទាស់​ដែល​ត្រូវ​បាន​រំលាយ​ចោល​​ប្រកាស​ថា​ ការ​អនុម័ត​ច្បាប់​នានា​និង​ដំណើរ​ការ​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​សភា​គឺ ​«អធម្មនុញ្ញភាព»​ ​និង​ខុស​ពី​ឆន្ទៈ​របស់​រាស្ត្រ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ក្រុម​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ​ប្រកាស​«បដិសេធ​ដាច់​អហង្ការ»​ចំពោះ​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋ​សភា​ ​កាល​ពី​ថ្ងៃពុធ​ ​ជា​ពេល​ដែល​សភា​មាន​តែ​សមាជិក​មកពី​គណ​បក្ស​កាន់​អំណាច​ ​និង​គណបក្ស​ដែល​គាំទ្រ​ខ្លួន​ ​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្ម​ទណ្ឌ​ ​និង​ច្បាប់​ផ្សេងៗ​ទៀត។​

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​អំណាចតុលាការ​កំពូល​កម្ពុជា​ ​កាល​ពី​ខែវិ​ច្ឆិកា​ឆ្នាំ​មុន​ ​ហើយ​សមាជិក​សំខាន់ៗ​និង​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​នេះ​ចំនួន​១១៨​នាក់ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ។​ ​ទោះ​ជា​ត្រូវ​បាន​រំលាយ​ចោល​ក៏​ដោយ​ ​តែ​សមាជិក​និង​តំណាង​រាស្ត្រ​ជាង​ពាក់​កណ្តាល​នៃ​គណបក្ស​នេះ​ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​បរទេស​ ​នៅ​តែ​អះអាង​ថា​គណបក្ស​ខ្លួននៅ​មាន​ជីវិត​ និង​ជា​តំណាង​របស់​ពលរដ្ឋ​ខ្មែរ​ដដែល។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ខ្លួន​ ចេញ​ផ្សាយ​ពី​ក្រៅ​ប្រទេស​ ​និង​ចែកចាយ​ឱ្យ​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ឱ្យ​ដឹង​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អាសនៈ​សភា​ចំនួន​៥៥​ក្នុង​ចំណោម​អាសនៈ​សភា​សរុប​ចំនួន​១២៣​អាសនៈ​ប្រកាស​បដិសេធ​ដាច់​អហង្ការ​ ​ចំពោះ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា​ ​កាល​ពី​ថ្ងៃ​ពុធ​ ​ទី​១៤​ ​ខែ​កុម្ភៈកន្លង​ទៅ។​ ​សេចក្តី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា​ ការ​អនុម័ត​ ​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ​ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​សេចក្តី​ព្រាងច្បាប់ផ្តល់​ការយល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ជំរុញ​ ​និង​សម្រួល​ពាណិជ្ជ​កម្ម​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាមធ្វើឡើង​ដោយ​គ្មាន​ធម្មនុញ្ញ​ភាព​ពេញ​លេញ​ទេ ​«ព្រោះ​រដ្ឋ​សភា​បច្ចុប្បន្ន​នេះ​ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​តំណាង​ឆន្ទៈ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ឡើយ»។​

សេចក្តី​ថ្លែង​ការណ៍​របស់ក្រុម​តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ដដែល​ក៏​បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា​ ដំណើរ​ការ​រដ្ឋ​សភា​បច្ចុប្បន្ន​នេះអធម្មនុញ្ញភាព​ ​ព្រោះ​សមាជិក​៥៥​រូប​ ​ក្នុង​ចំណោម១២៣​រូប​គឺ​ពុំ​មែន​កើត​ចេញ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​ដោយ​ផ្ទាល់​ពី​ប្រជា​ពល​រដ្ឋ​ស្របតាម​រដ្ឋ​ធម្មនុញ្ញ​ គឺ​ជា​សមាជិក​កើត​ចេញ​ពី​ការ​ចាត់តាំង​ បន្ទាប់​ពី​ប្លន់​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧»។

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​សភាជាតិ​បាន​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តី​ស្នើ​វិសោធន​កម្ម​មាត្រា​ចំនួន​ប្រាំ​នៃ​រដ្ឋ​ធម្មនុញ្ញ​ ​និង​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ​ដែល​បន្ថែម​ទោសទណ្ឌ​ដល់​ជន​ណា​ដែល​ប្រមាថ​ព្រះ​មហា​ក្សត្រ​ខ្មែរ។​ ​សមាជិក​សភា​សរុប​ចំនួន​១២៣​រូប​ រួម​ទាំង​ ​លោក​ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា និង​លោក ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ​និង​ជា​អនុ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ផង​ ​ហើយ​នឹងគណបក្ស​នយោបាយ​ដែល​យក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ចូល​រួម​ប្រជុំ​ពេញអង្គ​វិសាមញ្ញ​នៅ​ថ្ងៃ​ពុធ​ ដើម្បី​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាសទាំង​នោះ​ ដោយ​គ្មាន​ការ​កែប្រែ។​

យ៉ាង​ណាក៏​ដោយ​ លោក​ សុខ ឥសាន ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច ​បញ្ជាក់​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃពុធ​ថា​ សភា​កម្ពុជា​ ​និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​មិន​ត្រូវ​ការ​ការ​យល់​ព្រម​ពី​ក្រុម​ជំទាស់​ដែល​រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​ ​សម្រាប់​ការ​អនុម័ត​ច្បាប់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​លោក​ថា​ ការ​អនុម័ត​ច្បាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ការ​យល់​ស្រប​របស់​តំណាង​រាស្ត្រ​ទំាង​១២៣​រូប​គឺ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

លោក សុខ ឥសាន​ ថ្លែង​យ៉ាង​ដូច្នេះ៖​

«ពីណា​ទាមទារ​ឱ្យ​គាត់​ទទួល​ស្គាល់? ​គាត់​មាន​តួនាទី​ឋានៈ​អី​ដែល​ឱ្យ​គេ​ទទួល​ស្គាល់​នោះ?​ ​សភា​គេ​អនុម័ត​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ច្បាប់​ ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា។​ ឥឡូវ​គេ​អនុម័ត​រួច​ហើយ​ ​ដូច្នេះ​មាន​បញ្ហា​ទាមទារ​ឱ្យ​គាត់​ទទួល​ស្គាល់​មិន​ទទួល​ស្គាល់​អី?​ ​គាត់​ចង់​ទទួល​ស្គាល់​ក៏​ដោយ​ ​មិន​ទទួល​ស្គាល់​ក៏​ដោយ​ អា​ហ្នឹង​ដូច​ជា​ឆ្កែ​ចេះ​តែ​ព្រូស​ មនុស្ស​ចេះ​តែ​ដើរ។​ ដើរ​ឱ្យ​តែ​ត្រង់​ផ្លូវ​ ​វា​មាន​បញ្ហា​អី?»​

សេចក្តី​ថ្លែង​ការណ៍​របស់ក្រុម​តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ភៀស​ខ្លួន​នៅ​បរទេស​បាន​ធ្វើ​ឡើងមួយ​ថ្ងៃ​ក្រោយ​ការ​រិះគន់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ​ចំពោះ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ដ៏​សំខាន់ៗ​ទាំង​នេះ។​

អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ​ដែល​ហៅ​សភា​ខ្មែរ​ថា​ ​«សភា​ប្រថាប់​ត្រា»​ ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា​ ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នោះ​ ​នឹង​ជួយប្រមូល​ផ្តុំ​អំណាច​ឱ្យ​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន​ក្នុង​ការ​រឹត​បន្តឹង​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ Brad Adams​ ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch​អាស៊ី​ ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ដើម​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ថា៖

«បន្តិច​ម្តងៗ​ ​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​បាន​បង្កើត​ច្បាប់​និង​ប្រព័ន្ធ​នយោបាយ​ដើម្បី​ពង្រឹង​ខ្លួន​លោក​ទៅ​នឹង​ការ​គ្រប់គ្រង​ប្រទេស​ដោយ​អាជ្ញាធរ​តែ​មួយ​គត់​ ​ដោយ​មិន​មាន​គណបក្ស​ប្រឆំាង ឬ​ក្រុម​ជំទាស់។​ ​ការ​ធ្វើ​វិសោធន​កម្ម​ថ្មីៗ​ទាំង​នេះ​ជា​សញ្ញា​នៃ​ការ​រំកិល​ទៅ​រក​លទ្ធិ​ផ្តាច់​ការ​យ៉ាង​ច្បាប់​ក្រឡែត។​ ​របាំង​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ដក​ចេញ»។​

លោក​ ​សុខ ឥសាន ​ អ្នកនាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ថ្លែង​ថា​ ​រូប​លោក​និង​គណ​បក្ស​ប្រជាជន​កម្ពុជា​មិន​មាន​អ្វីគួរ​ឱ្យ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​រិះគន់​របស់​លោក​ ​Brad Adams​ ​នោះ​ទេ​ ​ហើយ​ការ​អនុម័ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មិន​តម្រូវ​ឱ្យ​មាន​ការ​យល់​ព្រម​ពី​ប្រធាន​អង្គ​ការ​សិទ្ធិ​មនុស្ស​រូប​នេះ​ផង​ដែរ។​ ក៏​ប៉ុន្តែ​ លោក​ទទួល​ស្គាល់​ថា​ ការអនុម័ត​សេចក្តី​ព្រាងវិសោធន​កម្ម​ច្បាប់​ទំាង​ពីរ​នោះ​គឺ​ដើម្បី​បន្ថែម​អំណាច​ដល់​គណ​បក្ស​កាន់​អំណាច​របស់​លោក។​

«ចុះ​បើ​មិន​ពង្រឹង​អំណាច​ម៉េច?​ ​បើ​គេ​អ្នក​មាន​អំណាច​ហើយ​គេ​មិន​ពង្រឹង​អំណាច​យ៉ាងម៉េច? ​ទុក​ឱ្យ​ធ្វើ​បដិវត្តន៍​ពណ៌​ ​ដោយ​ខុសច្បាប់​ ​ដោយ​រំលោភ​លើ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ហ្នឹង​ម៉េច​បាន!​ អា​ហ្នឹង​ត្រូវ​តែ​ចាប់​ដាក់​គុក​ហើយ​ត្រូវ​លប់​ចោល​ ​ត្រូវ​តែ​រំលាយ​ចោល​គណបក្ស​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ហ្នឹង​ឯង»។​

បើ​ទោះ​ជា​មាន​ការ​ ​«បដិសេធ​ដាច់​អហង្ការ»របស់​គណបក្សជំទាស់​នៅ​ក្រៅ​ប្រទេស​ ​និង​ការ​រិះគន់​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក៏​ដោយ ​លោក​ សុខ ឥសាន ​បន្ត​ថា​ ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​និង​ក្រម​ព្រហ្មទណ្ឌ​ ​រួម​ទាំង​សេចក្តី​ព្រាង​ច្បាប់​ផ្សេង​ទៀត​ដែល​រដ្ឋ​សភា​ ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធ​សភា​ ​ហើយ​ក្រោយ​មក​និង​ថ្វាយ​ដល់​ព្រះ​មហា​ក្សត្រ​ដើម្បីឡាយ​ព្រះ​ហស្ថ​លេខា​ដើម្បី​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​គ្មាន​ឧបសគ្គ​អ្វី​នោះ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG