នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានឈ្នះការបោះឆ្នោតសកលក្នុងប្រទេសអង់គ្លេសកាលពីខែធ្នូ ឆ្នាំ២០១៩មួយផ្នែកគឺដោយសារតែការសន្យាបង្រួបបង្រួមចក្រភពអង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប និងលើកកម្ពស់មុខមាត់ប្រទេសឡើងវិញដោយធ្វើឲ្យប្រសើរឡើងនូវផ្នែកខ្លះដែលរដ្ឋាភិបាលមុនៗ មិនបានយកចិត្តទុកដាក់នោះ។
លទ្ធផលមួយផ្នែកកើតចេញពីការសន្យាដែលបានប្រកាសក្នុងអំឡុងពេលនៃការបោះឆ្នោតនោះគណបក្សអភិរក្សរបស់លោកបានដណ្តើមបានអសនៈមួយចំនួនក្នុងតំបន់ដែលគ្មានឧស្សាហកម្មនៅភាគខាងជើងប្រទេសអង់គ្លេសដោយផ្លាស់ប្តូរមណ្ឌលបោះឆ្នោតហៅថាជញ្ជាំងក្រហមជាច្រើនទសវត្សរ៍ ដែលធ្លាប់បោះឆ្នោតគាំទ្រគណបក្សការងារដែលជាគណបក្សប្រឆាំងឆ្វេងនិយមកណ្តាលដ៏សំខាន់មួយនៅក្នុងប្រទសអង់គ្លេស។លោក Johnson ក៏បានប្រឹងប្រែងផងដែរជាមួយក្រុមអ្នកជាតិនិយមScotlandដោយសន្យាទប់ស្កាត់ការធ្វើប្រជាមតិក្នុងការស្វែងរកឯករាជ្យរបស់ពលរដ្ឋScotlandជាលើកទី២។
ប៉ុន្តែដោយសារតែការវាយប្រហារធ្ងន់ធ្ងរដោយវីរុសរាតត្បាតកូរ៉ូណានោះការព្យាយាមបំបែកខ្លួន របស់ចក្រភពអង់គ្លេសរវាងផ្នែកខាងជើងនិងខាងត្បូងកាន់តែមានទំហំធំ ហើយការគាំទ្រឲ្យមានឯករាជ្យរបស់ដែនដីScotland មិនដែលមានកម្រិតខ្លាំងដូចពេលនេះទេ។ទន្ទឹមនឹងនេះក្រុមជាតិនិយមរបស់ដែនដីWalesនៃចក្រភពអង់គ្លេសក៏ត្រូវបានងើបឡើងវិញខ្លាំងដោយសារជំងឺកូវីដ១៩។ យោងតាមលោកស្រី Polly Mackenzieនៃអង្គការស្រាវជ្រាវមិនប្រកាន់គណបក្សរបស់ចក្រភពអង់គ្លេស Demosបានឲ្យដឹងថាពលរដ្ឋWales ជិតពាក់កណ្តាលដែលមានអាយុក្រោម២៥ឆ្នាំបាននិយាយថាពួកគេចង់ឲ្យមានការផ្តាច់ខ្លួនចេញពីចក្រភពអង់គ្លេស។
ទន្ទឹមនឹងនេះ ក្រុមមេដឹកនាំតំបន់ភាគខាងជើងបានប្រឆាំតវ៉ាជាមួយរដ្ឋាភិបាលក្រុងឡុងដ៍ដោយលើកឡើងថាអង់គ្លេសមិនបានជួយពួកគេឲ្យបានគ្រប់គ្រាន់ក្នុងការបិទសកម្មភាពឬដោះស្រាយការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែវិបតិ្តនៃជំងឺកូវីដ១៩នោះទេ។មនុស្សមួយចំនួនបានប្រឆាំងទៅនឹងការរឹតបន្តឹងក្នុងប្រព័ន្ធទប់ស្កាត់ជំងឺកូវីដ១៩ដែលមាន៣កម្រិតថ្មីមួយដោយបានរិះគន់លោក Boris Johnsonពីចំណាត់ការរបស់លោកក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩និងបានចោទរដ្ឋាភិបាលអង់គ្លេសថាបានយកការរាតត្បាតនៃវីរុសកូរ៉ូណានោះធ្វើជារឿងនយោបាយ។
អភិបាលក្រុងក្នុងតំបន់ភាគខាងជើងបានលើកបញ្ជាក់ថាវិធានការតឹងរ៉ឹងជាងមុនចេញពីមន្ត្រីរដ្ឋាភិបាលក្នុងទីក្រុងឡុងដ៍កំពុងដាក់ឲ្យអនុវត្តន៍ក្នុងតំបន់របស់ខ្លួនដោយមានការពិគ្រោះយោបល់តិចតួចពេក។ លោក Andy Burnham អភិបាលក្រុង Greater Manchesterបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីសប្តាហ៍ថ្មីៗថា៖ «គេគ្រាន់តែឃើញចំនួនអ្នកឆ្លងហើយនឹងចំណុចដៅនៅលើផែនទីតែប៉ុណ្ណោះ តែយើងមិនឃើញឈ្មោះមិនឃើញសហគមន៍នានា និងរូបភាពទាំងស្រុងស្តីអំពីអ្វីៗដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់យើងនោះទេ»។
កាលពីថ្ងៃទី២៦ខែតុលាសមាជិកសភានៃគណបក្សអភិរក្សចំនួន៥៤រូបដែលតំណាងអាសនៈភាគខាងជើងនោះបានព្រមានលោក Johnsonថាការសន្យាក្នុងពេលបោះឆ្នោតរបស់លោកដែលថានឹងលើកកម្ពស់ប្រទេសនោះកំពុងត្រូវបានបំផ្លាញដោយការប៉ះពាល់ដោយសារវិធានការរិតបន្តឹងប្រទេសមិនស្មើភាពគ្នានៅក្នុងតំបន់ភាគខាងជើងប្រទេសអង់គ្លេស។ពួកគេលើកឡើងក្នុងលិខិតរួមគ្នាមួយថាវិបត្តិជំងឺកូវីដ១៩កំពុងគំរាមកំហែងបង្កឲ្យតំបន់ភាគខាងជើងធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរជាថ្មី។
សមាជិកសភាបានលើកឡើងថា៖ «វីរុសកូរ៉ូណាបានបង្ហាញពីប្រព័ន្ធនិងរចនាសម្ព័ន្ធអន់ថយយ៉ាងខ្លាំងដែលសហគមន៍កំពុងប្រឈម។ប្រព័ន្ធនេះគំរាមកំហែងដល់កំណើននៃការយកចិត្តទុកដាក់ខុសគ្នាជាបន្តទៀតក្នុងតំបន់ភាគខាងជើងនិងភាគខាងត្បូងហើយថានឹងនៅតែបន្តកើតឡើង»។ក្រុមសមាជិកសភាដដែលបានបញ្ជាក់ទៀតថាមណ្ឌលរបស់ពួកគេត្រូវប្រឈមនឹងការបោះបង់ចោលលើកលែងតែមានយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីរំដោះខ្លួនចេញពីវិធានការរឹតត្បិតដោយការបិទសកម្មភាពក្នុងតំបន់ពួកគេនោះ»។
ការផ្តាច់ខ្លួនកាន់តែពុះកញ្ជ្រោលឡើង
នាយករដ្ឋមន្ត្រីBoris Johnson មិនមែនជាមនុស្សតែឯងទេក្នុងចំណោមមេដឹកនាំក្នុងទ្វីបអឺរ៉ុបដែលកំពុងតស៊ូជាមួយតំបន់នានាដែលព្យាយាមធ្វើប្រជាមតិនយោបាយជុំវិញយុទ្ធសាស្រ្តជំងឺរាតត្បាតនោះ។ រដ្ឋាភិបាលកណ្តាលនិងតំបន់ក្នុងប្រទេសជាច្រើននៃទ្វីបអឺរ៉ុបកំពុងស្ថិតក្នុងភាពមិនចុះសម្រុងគ្នាដែលកាន់តែមានកម្រិតកើនខ្លាំងឡើងៗ។ ជម្លោះមួយចំនួនពាក់ព័ន្ធជុំវិញវិធីដែលត្រូវជ្រើសរើសយកដើម្បីអនុម័តក្នុងការទប់ទល់ការរាតត្បាតវីរុសកូរ៉ូណា ហើយជម្លោះផ្សេងៗទៀតពាក់ព័ន្ធជុំវិញការចែកផលប្រយោជន៍សេដ្ឋកិច្ចដែលមានទំហំចេះតែរួញតូចទៅៗ។
តំបន់ក្រីក្រជាច្រើនក្នុងទ្វីបអឺរ៉ុបបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ១៩ហើយតំបន់ដែលមានទ្រព្យធនច្រើនដូចជាតំបន់ Catalonia តំបន់Lombardy និងតំបន់ Flandersជាដើមបានជំទាស់ទៅនឹងគំនិតដែលចង់ឲ្យពួកគេជួយដល់តំបន់ក្បែរខាងដែលក្រីក្រជាងខ្លួននោះ។ ការខ្វះការពិគ្រោះយោបល់គ្នាឬការរំលងសភានិងការដាក់វិធានការរិតបន្តឹងដោយគ្មានកិច្ចព្រមព្រៀងជាមុននោះបណ្តាលឲ្យកើតមានឡើងនូវការប្រឆាំងជំទាស់និងបង្កើនការបែកបាក់គ្នាកាន់តែខ្លាំងមុនការរាតត្បាតជំងឺកូវីដ១៩ទៅទៀត។
អ្នកវិភាគមួយចំនួនលើកឡើងថាមរតកមួយក្នុងចំណោមមរតកជាច្រើនដែលបន្សល់ទុកដោយវិបត្តិវីរុសកូរ៉ូណានោះអាចត្រូវបានយកទៅប្រើប្រាស់ក្នុងការពង្រឹងនូវអារម្មណ៍បំបែកទឹកដីនៅក្នុងប្រទេសខ្លះដែលកំពុងតស៊ូជាមួយក្រុមអ្នកបំបែករដ្ឋនិងជម្រុញការទាមទាររបស់តំបន់នានាដើម្បីបង្កើនអំណាចឲ្យកាន់តែរីកដុះដាល។លោក Jonathan Parker នៃសាកលវិទ្យាល័យ Sussex របស់អង់គ្លេសបានគូសបញ្ជាក់ថា៖ «ការរាតត្បាតឆ្លងនៃវីរុសកូរ៉ូណាកំពុងត្រូវបានប្រើប្រាស់ដើម្បីបង្កជម្លោះបូរណភាពទឹកដីដែលមានស្រាប់រួចមកហើយនិងផ្តល់អំណាចដល់ចលនាជាតិនិយមនានាក្នុងតំបន់»។
បើតាមការលើកឡើងរបស់លោក Parkerនៅក្នុងអត្ថបទអត្ថាធិប្បាយមួយដែលត្រូវបានចុះផ្សាយដោយការសែត Financial Times របស់ប្រទេសអង់គ្លេសបានឲ្យដឹងថា៖ «ការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងបង្កើនការពិភាក្សាអំពីអនាគតរដ្ឋធម្មនុញ្ញក្នុងតំបន់អឺរ៉ុបជាច្រើនកន្លែង។តំបន់ជាច្រើនដែលឈរខាងភាគីគាំទ្រឯករាជ្យនោះបានប្រើអំណាចនៃវិបត្តិរាតត្បាតនេះដើម្បីរំលេចឲ្យឃើញពីភាពបរាជ័យនៃរដ្ឋាភិបាលថ្នាក់កណ្តាលនិងបញ្ជាក់ពីអំណាចរបស់រដ្ឋាភិបាលក្នុងតំបន់»។
ប្រទេសប៊ែលហ្សិកអេស្ប៉ាញ អ៊ីតាលីនិងប្រទេសអាល្លឺម៉ង់ឃើញមានជម្លោះកើតឡើងខ្លាំងព្រមគ្នារវាងមេដឹកនាំថ្នាក់ជាតិនិងតំបន់។ក្នុងប្រទេសប៊ែលហ្សិកក្រុមជាតិនិយម Flemishបានវាយប្រហារដ្ឋាភិបាលថ្នាក់កណ្តាលជុំវិញចំណាត់ការរដ្ឋាភិបាលចំពោះជំងឺរាតត្បាតកូវីដ១៩។
ជម្លោះបានរីកធំរវាងក្រុមជាតិសាសន៍Flanders និងក្រុមមន្ត្រីក្នុងទីក្រុងប៊្រុចសែល។ជម្លោះនាពេលចុងក្រោយនេះកើតមានឡើង នៅពេលដែលក្រុមជាតិសាសន៍Flandersបានបដិសេធមិនដាក់បន្ថែមនូវវិធានការរិតបន្តឹងចំពោះវីរុសកូរ៉ូណាទោះបីជាមានការទាមទារដោយរដ្ឋាភិបាលប៊ែលហ្សិកនិងក្រុមជនជាតិ Walloniaដែលនិយាយភាសាបារាំងឲ្យពង្រឹងការរិតបន្តឹងថែមទៀតក្តី។ក្នុងសបា្តហ៍កន្លងទៅពលរដ្ឋប៊ែលហ្សិកប្រមាណ១២០០០នាក់ក្នុងមួយថ្ងៃគិតជាមធ្យមបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ១៩ ហើយចំនួនអ្នកចូលព្យាបាលនៅក្នុងមន្ទីរពេទ្យនិងចំនួនអ្នកស្លាប់បន្តកើនឡើង។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ VTM ប្រមុខរដ្ឋាភិបាលតំបន់ Flemishលោក Jan Jambon បានចោទប្រកាន់រដ្ឋាភិបាលកណ្តាលនិងក្រុមជាតិសាសន៍និយាយភាសាបារាំង Wallonia ថាបានដាក់ចេញនូវវិធានការបំផ្លើស។ លោកព្រមានថា វិធានការបន្ថែមនឹងមិនប្រាកដថាបានទទួលជោគជ័យនោះទេក្នុងការទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាដែលសម្លាប់មនុស្សនោះដោយលោកបញ្ជាក់ថាវិធីត្រជាក់ជាច្រើនទៀតអាចគួរត្រូវបានដាក់ចេញ។ ក្រុមអ្នកជាតិនិយម Flemishបានរិះគន់គំនិតដែលថាតំបន់ក្រុមជនជាតិFlandersដែលមានទ្រព្យធនច្រើនជាងនោះគួរជួយតំបន់ Walloniaដែលក្រជាងខ្លួននោះ។
ដោយឡែកកាលពីចុងខែតុលាកន្លងទៅក្នុងប្រទេសអេស្ប៉ាញវិញតំបន់ចំនួន៧របស់ប្រទេសនេះបានរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Pedro Sánchezដែលបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននិងបានដាក់បំរាមគោចរផងដែរ។តំបន់ផ្សេងៗទៀតមានជំហរផ្ទុយពីនេះដោយបានទាមទារអស់ជាច្រើនសប្តាហ៍ឲ្យរដ្ឋាភិបាលកណ្តាលដាក់ចេញនូវការបិទសកម្មភាពប្រទេស។
ក្រុមអ្នកបំបែកខ្លួនក្នុងតំបន់ Catalanបានលើកហេតុផលថាការទទួលបាននូវឯករាជ្យក្នុងតំបន់ Catalan នឹងជួយដោះស្រាយការរាតត្បាតជំងឺកូវីដ១៩បានប្រសើរជាងពេលដែលខ្លួនស្ថិតនៅជាផ្នែកមួយរបស់ប្រទេសអេស្ប៉ាញនោះ ហើយការស្លាប់ដោយសារជំងឺនេះក៏អាចមានចំនួនតិចជាងសព្វថ្ងៃនេះប្រសិនបើតំបន់ភាគឥសាន្តដែលមានទ្រព្យធនច្រើននេះអាចចាត់ការដោយខ្លួនឯងនោះ។ កាលពីដើមឆ្នាំនេះនៅពេលដែលជំងឺរាតត្បាតកូវីដ១៩ចាប់ផ្តើមឆ្លងរាតត្បាតខ្លាំងក្នុងប្រទេសអេស្បាញគេបានអំពាវនាវឲ្យរដ្ឋាភិបាលកណ្តាលដាក់ចេញនូវវិធានការបិទប្រទេសមួយដ៏តឹងតែងឲ្យបានឆាប់រហ័សជាងអ្វីដែលរដ្ឋាភិបាលកណ្តាលបានធ្វើក្នុងពេលក្រោយមក៕
ប្រែសម្រួលដោយ ជ្រា វណ្ណរិទ្ធ