ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា អឺរ៉ុប​មិន​អាច​សន្មត​ថា​វត្តមាន​ទាហាន​អាមេរិក​នឹង «បន្ត​រហូត» នោះទេ


រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Pete Hegseth ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​នៅទីក្រុង Warsaw កាលពីថ្ងៃទី​១៤ កុម្ភៈ​ ឆ្នាំ២០២៥។
រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Pete Hegseth ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​នៅទីក្រុង Warsaw កាលពីថ្ងៃទី​១៤ កុម្ភៈ​ ឆ្នាំ២០២៥។

កាលពី​ថ្ងៃ​សុក្រ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Pete Hegseth បាន​ព្រមាន​សម្ព័ន្ធមិត្ត​នៅ​អង្គការ​អូតង់​ក្នុង​ទ្វីប​អឺរ៉ុប​កុំ​ឲ្យ​សន្មត​ថា​វត្តមាន​កងទ័ព​អាមេរិក​នៅ​ទ្វីប​អឺរ៉ុប​នឹង «បន្ត​រហូត» ហើយ​លោក​បាន​ជំរុញ​បណ្ដា​ប្រទេស​ទាំងនោះ​ឲ្យ​ចំណាយ​បន្ថែម​លើ​ផ្នែក​ការពារ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Hegseth បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ពេល​លោក​ឈរ​ក្បែរ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៉ូឡូញ​នៅ​ក្នុង​ទីក្រុង​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ​ថា៖ «ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​វិនិយោគ ដោយសារតែ​អ្នក​មិន​អាច​ធ្វើការ​សន្មត​ថា​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នឹង​បន្ត​រហូត​នោះទេ»។

លោក Hegseth បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប៉ូឡូញ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដំបូង​បង្អស់​របស់​លោក​ទៅ​អឺរ៉ុប​ក្នុង​នាម​ជា​មន្ត្រី​ការទូត​កំពូល​នៃ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។ លោក Trump បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​បង្កើន​ការ​ចំណាយ​ផ្នែក​យោធា​របស់​ខ្លួន។

លោក Hegseth បាន​សរសើរ​ប៉ូឡូញ​ថា​ជា «សម្ព័ន្ធមិត្ត​គំរូ» សម្រាប់​ការ​ចំណាយ​របស់​ខ្លួន​ផ្នែក​ការពារ។ ប៉ូឡូញ​ជា​សមាជិក​អង្គការ​អូតង់​មកពី​អឺរ៉ុប​ខាងកើត​ដែល​មាន​ព្រំដែន​ជាប់​រុស្ស៊ី​និង​អ៊ុយក្រែន។

ប៉ូឡូញ​មាន​បំណង​ចំណាយ​ថវិកា​ចំនួន ៤,៧% នៃ​ទិន្នផល​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​លើ​ផ្នែក​ការពារ​នៅ​ឆ្នាំ ២០២៥ នេះ ដែល​ចំនួន​នេះ​គឺ​លើស​កម្រិត​អប្បបរមា​បច្ចុប្បន្ន​របស់​អង្គការ​អូតង់​ដែល​កម្រិត​អប្បបរមា​នោះ​គឺ ២%៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG