ដោយ Sharon Behn
សហភាពអឺរ៉ុបកំពុងដាក់ពង្រាយក្រុមអ្នកសង្កេតការដើម្បីសង្កេតមើលដំណើរការបោះឆ្នោតនៅក្នុងប្រទេស ប៉ាគីស្ថាន សម្រាប់ការបោះឆ្នោត នាខែឧសភារបស់ប្រទេសនេះ។ ប៉ុន្តែ មិនមានអ្នកសង្កេតការណាម្នាក់ នឹងធ្វើដំណើរទៅកាន់តំបន់ដែលមានគ្រោះថ្នាក់ខ្ពស់របស់ប្រទេសនេះទេ។ ស៊ែរ៉ន់ បិន (Sharon Behn) រាយការណ៍មកពីទីក្រុងអ៊ីស្លាមាបាដ (Islamabad) ស្តីពីផលប៉ះពាល់ ដែលភាពអវត្តមានរបស់សភាពអឺរ៉ុបនៅក្នុងតំបន់ទាំងនោះ នឹងមានទៅលើការផ្លាស់ប្តូររដ្ឋាភិបាលស៊ីវិលទៅរដ្ឋាភិបាលស៊ីវិលមួយទៀត ដំបូងបង្អស់របស់ប្រទេស ប៉ាគីស្ថាន តាមរយៈហិបឆ្នោត។
ប្រធានបេសកកម្មសង្កេតមើលការបោះឆ្នោតរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេស ប៉ាគីស្ថាន បានសារភាពថា គ្មានអ្នកសង្កេតការណាម្នាក់ក្នុងចំណោមអ្នកសង្កេតការ១១០នាក់ ដែលត្រូវទៅធ្វើការនៅប្រទេស ប៉ាគីស្ថាន ក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិនៅថ្ងៃទី១១ ខែឧសភា នឹងមានវត្តមាននៅតាមតំបន់ដែលមានការគំរាមកំហែងផ្នែកសន្តិសុខឡើយ។
ប៉ុន្តែលោកប្រធានបេសកកម្ម ម៉ៃឃើល ហ្គាលឺ (Michael Gahler) បាននិយាយសម្រាលអំពីផលប៉ះពាល់ចំពោះភាពអវត្តមានរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់ទាំងនោះ ដែលអាចមាននៅក្នុងការវាយតម្លៃទៅលើដំណើរការបោះឆ្នោតរបស់ប្រទេសនេះ ដោយថ្លែងថា ក្រុមអ្នកសង្កេតការមូលដ្ឋាននឹងមានវត្តមាននៅទីនោះ។
«ខ្ញុំគិតថា ការពិតដែលថា ក្រុមអ្នកសង្កេតការមូលដ្ឋានជាច្រើនក៏នឹងស្ថិតនៅនឹងកន្លែងនោះ ផ្តល់នូវការជឿជាក់សម្រាប់ក្រុមអ្នកបោះឆ្នោតនៅតាមតំបន់ទាំងនេះ ដែលថាពួកគេអាចបោះឆ្នោតដោយសេរី។ នោះគឺជាការជឿជាក់របស់ខ្ញុំ»។
សកម្មជនសិទ្ធិមនុស្ស តាហ៊ីរ៉ា អាប់ឌុលឡោះ (Tahira Abdullah) ថ្លែងថា គណៈកម្មាធិការសិទ្ធិមនុស្សរបស់ប៉ាគីស្ថាន (Human Rights Commission of Pakistan) និងក្រុមអ្នកសង្កេតការជាតិឯករាជ្យដទៃទៀត ដូចជាបណ្តាញបោះឆ្នោតដោយសេរីនិងយុត្តិធម៌ (Free and Fair Election Network) នឹងមានវត្តមាននៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ខ្ពស់។
ប៉ុន្តែលោកស្រី និយាយថា អវត្តមានរបស់បេសកកម្មសង្កេតការរបស់សហភាពអឺរ៉ុបនៅតាមតំបន់ទាំងនោះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំង។
«សហភាពអឺរ៉ុបនឹងមានចន្លោះប្រហោងយ៉ាងធំធេងមួយនៅក្នុងរបាយការណ៍របស់ខ្លួន។ ខ្ញុំសូមគូសបញ្ជាក់នៅត្រង់នេះថា បណ្តាតំបន់ ដែលពួកគេនឹងមិនធ្វើដំណើរទៅនោះ គឺជាតំបន់តែមួយដូចគ្នា ដែលស្ត្រីកំពុងត្រូវបានរារាំងមិនឲ្យបោះឆ្នោត»។
បើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប៉ាគីស្ថាន ក្រុមអ្នកបោះឆ្នោតចន្លោះពី១០ទៅ១៥លាននាក់ក្នុងចំណោមក្រុមអ្នកបោះឆ្នោតចំនួន៨៥លាននាក់ រស់នៅក្នុងតំបន់ដែលត្រូវបានហៅថាមានភាពងាយទទួលរងគ្រោះរបស់ប៉ាគីស្ថាន។តំបន់ទាំងនោះរួមមាន តំបន់កុលសម្ព័ន្ធដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ នៅតាមព្រំដែនភាគពាយព្យជាមួយប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) ខេត្តភាគខាងត្បូង បាលុសជីស្ថាន (Baluchistan) ដែលប្រកបដោយភាពចលាចល និងតំបន់មួយចំនួនទៀតនៃទីក្រុង ការ៉ាជី (Karachi) ដែលប្រកបដោយភាពហិង្សា។
លោកស្រី លីណា លីនប៊ើក (Lena Lindberg) នាយិកាប្រចាំប្រទេសសម្រាប់ស្ត្រីនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសប៉ាគីស្ថាន បានប្រាប់វីអូអេថា នៅតាមតំបន់មួយចំនួនដែលមានគ្រោះថ្នាក់ខ្ពស់ ពួកជ្រុលនិយមបានគំរាមកំហែងស្ត្រីទាំងឡាយណា ដែលហ៊ានធ្វើដំណើរទៅបោះឆ្នោត។ ប៉ុន្តែ លោកស្ត្រីនិយាយថា នេះជាលើកទីមួយហើយ ដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត នឹងបំបែកសន្លឹកឆ្នោតទៅតាមភេទ។
«អាស្រ័យហេតុនេះហើយ ឥឡូវនេះយើងនឹងមានលទ្ធភាពដឹងច្បាស់ថាតើមានស្ត្រីចំនួនប៉ុន្មាននាក់បានទៅបោះឆ្នោត ដែលមិនគ្រាន់តែសម្រាប់ប្រទេសទាំងមូល និងសម្រាប់ចំនួនអ្នកចេញទៅបោះឆ្នោតជារួមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់ស្ថានីយបោះឆ្នោតទាំងអស់។ ដូច្នេះ ចាប់ពីឥឡូវនេះទៅ វានឹងអាចមានលទ្ធភាពដឹងច្បាស់ថាតើមានស្ថានីយបោះឆ្នោតប៉ុន្មានដែលស្ទើរតែគ្មានស្ត្រីទៅបោះឆ្នោត ឬដែលប្រហែលជាគ្មានស្ត្រីសោះតែម្តង។ »
លទ្ធភាពនោះនឹងអនុញ្ញាតឲ្យប៉ាគីស្ថានផ្តោតការយកចិត្តទុកដាក់ទៅលើតំបន់ទាំងនោះ នៅក្នុងការបោះឆ្នោតនាពេលអនាគត។
បើយោងតាមក្រសួងការបរទេសរបស់ប៉ាគីស្ថាន ក្រៅពីសហភាពអឺរ៉ុប វិទ្យាស្ថានដើម្បីលទ្ធិប្រជាធិបតេយ្យជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងរៀបចំក្រុមអ្នកសង្កេតការអន្តរជាតិចំនួន៥៧នាក់សម្រាប់រយៈពេលខ្លីនិងវែង។ រដ្ឋាភិបាលមួយចំនួន ដោយរាប់បញ្ចូលទាំងសហរដ្ឋអាមេរិក ជប៉ុន និងទួរគីផង ក៏ត្រូវបានរំពឹងថានឹងបញ្ជូនអ្នកសង្កេតការរបស់ខ្លួនទៅទីនោះដែរ៕
ប្រែសម្រួលដោយ លី សុខឃាង