សហភាពអឺរ៉ុប និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅប្រទេសកម្ពុជាបានសហការគ្នាជាដៃគូក្នុងការផ្តួចផ្តើមគម្រោងដែលផ្តោតលើការពង្រឹងផ្នែកសំខាន់ៗនៃការលើកកម្ពស់ការការពារសិទ្ធិមនុស្ស និងលំហសេរីភាពស៊ីវិលក្នុងប្រទេសកម្ពុជា មានទឹកប្រាក់ ១,៥ លានអឺរ៉ូ ឬស្មើនឹងប្រមាណ ១,៦ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នទាំងពីរ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មូលនិធិនៃគម្រោងដែលចាប់ផ្តើមពីឆ្នាំ ២០២៤ដល់ឆ្នាំ ២០២៦ នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបចំពោះសិទ្ធិមនុស្សដែលជាតម្លៃស្នូលរបស់ខ្លួន និងដើម្បីគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសេរីភាពជាមូលដ្ឋាន។ សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា គម្រោងនេះនឹងពង្រឹងយន្តការសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋ និងអង្គការនានាប្រឈមមុខទាក់ទងនឹងលំហស៊ីវិល។ ក្នុងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល គម្រោងនេះនឹងរួមចំណែកកំណត់នូវឱកាសសម្រាប់ការតស៊ូមតិលើនិន្នាការដែលកំពុងលេចឡើងដែលប៉ះពាល់ដល់សិទ្ធិមនុស្ស និងលំហសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធី។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ក្នុងន័យដើមថា៖ «គម្រោងនេះនឹងលើកកម្ពស់ការចូលរួមរបស់តួអង្គសង្គមស៊ីវិលក្នុងដំណើរការបង្កើតគោលនយោបាយ និងច្បាប់ ដោយធានាថា សំឡេងរបស់ពួកគេត្រូវបានឮ និងទស្សនៈរបស់ពួកគេត្រូវបានយកមកពិចារណា។ តាមរយៈការសម្របសម្រួលកិច្ចសហការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតក្នុងចំណោមអង្គការសង្គមស៊ីវិល និងជំរុញឱ្យមានការចូលរួមជាមួយអាជ្ញាធរ និងអ្នកកាន់កាតព្វកិច្ចពាក់ព័ន្ធ គម្រោងនេះមានគោលបំណងលើកកម្ពស់អភិបាលកិច្ចរួម និងរួមចំណែកដល់ការអភិវឌ្ឍគោលនយោបាយ និងច្បាប់ដែលសមស្របនឹងសិទ្ធិមនុស្សនៅកម្ពុជា»។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans ត្រូវបានស្រង់សម្តីនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា យើងមានគោលបំណងផ្តល់សិទ្ធិអំណាចដល់សង្គមស៊ីវិល ពង្រឹងយន្តការត្រួតពិនិត្យ និងលើកកម្ពស់ការចូលរួមប្រកបដោយអត្ថន័យនៅក្នុងដំណើរការបង្កើតគោលនយោបាយ និងរួមចំណែកដល់សង្គមដែលត្រឹមត្រូវ ពហុនិយម និងសង្គមដែលរួមបញ្ចូលទាំងអស់»។
តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី Roueida El Hage បានលើកឡើងថា សារៈសំខាន់នៃគម្រោងក្នុងការបន្តវិធីសាស្រ្ត«ផ្តោតលើប្រជាជន» ជាពិសេសនៅក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺសមភាពយេនឌ័រ និងយុត្តិធម៌ សន្តិភាព និងស្ថាប័នដ៏រឹងមាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា គម្រោងក្នុងការលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានមានសារៈសំខាន់ក្នុងដោះស្រាយ និងពង្រឹងការអនុវត្តសិទ្ធិមនុស្សបន្ថែមទៀតក្នុងប្រទេសកម្ពុជា។ លោកបន្តថា គម្រោងមួយនេះអនុវត្តបានដោយជោគជ័យ លុះត្រាតែមានការចូលរួមពីក្រុមភាគីពាក់ព័ន្ធ ជាពិសេសភាគីរដ្ឋាភិបាលដែលមានអំណាចក្នុងការលើកកម្ពស់ការអនុវត្តសិទ្ធិមនុស្សក្នុងប្រទេស។
លោកថ្លែងថា៖ «ហើយកម្ពុជាយើងបានផ្តល់សច្ចាប័នច្រើនទៅលើបទដ្ឋានអន្តរជាតិស្តីអំពីសិទ្ធិមនុស្ស អ៊ីចឹងរដ្ឋជាភាគីនឹងមានកាតព្វកិច្ចនៅក្នុងការគោរព ការពារ និងបំពេញបន្ថែមទៅលើសន្ធិសញ្ញា ឬក៏បទដ្ឋានអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័នហ្នឹង។ អ៊ីចឹងរដ្ឋត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីធានាអំពីការអនុវត្តសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ»។
បើតាមលោក អំ សំអាត អង្គការសង្គមស៊ីវិល និងពលរដ្ឋក៏ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់និងយល់ដឹងពីការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានផងដែរ។
នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា ថ្លែងថា លោកចង់ឱ្យអង្គការសហប្រជាជាតិមានភាពសកម្មជាងនេះ ដោយគួរតែធ្វើការជាមួយអង្គការក្នុងស្រុកដែលធ្វើការផ្ទាល់លើការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «យើងសង្ឈឹមថា អ្វីដែលអង្គការសហប្រជាជាតិ ហើយនឹង EU [សហភាពអឺរ៉ុប] ប្រកាសហ្នឹង ដូចជាភ្ជាប់រវាងអង្គការសិទ្ធិមនុស្សដែលធ្វើការនៅក្នុងស្រុកជាមួយរដ្ឋាភិបាលឱ្យទៅជាដៃគូនៅក្នុងការធ្វើការងារជាមួយគ្នាលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជារបស់យើង»។
តំណាងអង្គការសង្គមស៊ីវិលទាំងពីរនេះ ដែលវីអូអេបានសម្ភាស លើកឡើងថា ស្ថានភាពនៃការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជានៅតែស្ថិតក្នុងភាពអាក្រក់ និងពុំសូវមានភាពវិជ្ជមានច្រើននោះទេ។
លោក អំ សំអាត ថ្លែងថា៖ «កន្លងមក យើងឃើញហើយបញ្ហាសិទ្ធិមនុស្សគឺមានការចម្រូងចម្រាស និងមានការរិះគន់ច្រើនពីសហគមន៍អន្តរជាតិ ហើយនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាពិសេសបើយើងមើលលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋហ្នឹងគឺមានការរិះគន់ច្រើន ហើយគេថា ស្ថិតនៅក្នុងភាពមួយដែលមានកម្រិត មានន័យថា វានៅមានកម្រិតនៅឡើយ ដែលត្រូវតែមានការធ្វើឱ្យមានវឌ្ឍនភាពបន្ថែមទៀតទៅលើបញ្ហាសិទ្ធិមនុស្ស និងលំហសេរីភាពមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា»។
លោក សួន យុធ្យា សង្ឃឹមថា គម្រោងមួយនេះនឹងធ្វើឱ្យមានភាពប្រសើរលើការអនុវត្តសិទ្ធិមនុស្ស និងលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «អ្វីដែល UNOHCHR (ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស)និង EU (សហភាពអឺរ៉ុប) ធ្វើនេះ តើវាមានវិជ្ជមាន ដោយខ្ញុំនឹងរង់ចាំមើល ហើយយើងខ្ញុំក៏រីករាយក្នុងការសហការជាមួយនឹងភាគីពាក់ព័ន្ធនានាក្នុងការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាចូលរួមជាមួយនឹង UN (អង្គការសហប្រជាជាតិ)និង EU (សហភាពអឺរ៉ុប)ផងដែរ»។
លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា គណៈកម្មាធិការសិទ្ធិមនុស្សបានចុះអប់រំ និងផ្សព្វផ្សាយអំពីសិទ្ធិមនុស្សដល់សិស្សានុសិស្ស អាជ្ញាធរតាមឃុំសង្កាត់ និងប្រជាពលរដ្ឋតាមមូលដ្ឋាន។ លោកបន្តថា គណៈកម្មាធិការបានសហការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្នុងការរៀបចំកម្មវិធីផ្សេងៗ ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស ហើយគណៈកម្មាធិការសិទ្ធិមនុស្ស នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយនឹង OHCHR (ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស)នៅកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
យុទ្ធសាស្ត្ររបស់ OHCHR (ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស)កំពុងពង្រឹងភាពជាដៃគូជាមួយអង្គភាពរដ្ឋាភិបាល ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល។ OHCHR (ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស)នឹងផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីយន្តការសិទ្ធិមនុស្សអន្តរជាតិ និងការដោះស្រាយការរំលោភសិទ្ធិមនុស្សដែលប៉ះពាល់ដល់ក្រុមងាយរងគ្រោះ រួមមាន ជនជាតិដើមភាគតិច បុគ្គលដែលស្ថិតក្នុងក្រុម LGBT (អ្នកស្រឡាញ់ភេទដូចគ្នា) ជនមានពិការភាព ស្ត្រី និងយុវជន ព្រមទាំងសកម្មជនបរិស្ថាន អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសមាជិកសហជីព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។
ស្ថាប័នមួយនេះបន្តថា ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការបំពេញការប្តេជ្ញាចិត្តគោរពសិទ្ធិមនុស្ស តាមរយៈការលើកកម្ពស់សេរីភាពជាមូលដ្ឋាន ការលើកកម្ពស់សមភាព ការពង្រឹងនីតិរដ្ឋ និងការជំរុញការបង្កើតគោលនយោបាយ និងច្បាប់រួម។ OHCHR (ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស)បញ្ជាក់ថា ខ្លួនខិតខំលើកកម្ពស់សិទ្ធិមនុស្ស និងរួមចំណែកដល់ដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកសង្គមមួយដែលកាន់តែយុត្តិធម៌ និងសមធម៌៕
វេទិកាបញ្ចេញមតិ