មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបបានថ្លែងនៅព្រឹកថ្ងៃសុក្រនេះថា រដ្ឋាភិបាលកម្ពុជាពុំគួរយកសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីដាក់សម្ពាធលើអង្គការសង្គមស៊ីវិលឡើយ ហើយគួរតែបើកចំហឲ្យមានកិច្ចពិភាក្សាផងដែរ។
នៅថ្ងៃសុក្រដែលជាថ្ងៃចុងក្រោយនៃដំណើរបេសកកម្មរបស់លោករយៈពេល៤ថ្ងៃនៅកម្ពុជា លោកសូវីអូ ហ្គុនស៊ាតូ (Silvio Gonzato) នាយកផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប្រចាំសហភាពអឺរ៉ុប បានថ្លែងនៅក្នុងសន្និសីទព័ត៌មានថា សេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ មិនគួរជាការរឹតត្បិតលើដំណើរការរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជានោះទេ។
ឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានតាមរយៈអ្នកបកប្រែពិសេស មន្ត្រីរបស់សហភាពអឺរ៉ុបនេះក៏បានឲ្យយោបល់ថា កម្ពុជាដែលមានអង្គការសង្គមស៊ីវិលជាច្រើន ដែលបង្កឲ្យមាន«ចលនាសង្គមស៊ីវិលនេះគួរត្រូវបានគេគិតថា គឺជាទ្រព្យសម្បត្តិដែលកម្ពុជាមាន មិនគួរគិតថា ជាការគំរាមកំហែងដល់កម្ពុជានោះទេ»។
«ប៉ុន្តែច្បាប់នេះ សេចក្តីព្រាងច្បាប់នេះមិនគួរដាក់កំហិតតឹងរ៉ឹងពេក ជាពិសេសដាក់កំហិតរដ្ឋបាលតឹងរ៉ឹងពេកទៅលើ NGO ហើយក៏មិនត្រូវធ្វើយ៉ាងណាឲ្យមានការសម្រេចចិត្តមិនឲ្យអង្គការណាមួយចុះឈ្មោះនោះទេ គួរតែមានការបន្ធូរបន្ថយបន្តិច»។
លោក សូវីអូ ហ្គុនស៊ាតូ (Silvio Gonzato) ក៏បានបន្តថា៖ «ដំបូន្មានដែលបេសកកម្មមាននៅពេលនេះសម្រាប់រដ្ឋាភិបាលកម្ពុជាក្តី ក៏ដូចជារដ្ឋសភាជាតិក្តី ព្រោះសេចក្តីព្រាងច្បាប់នេះនឹងផ្ញើទៅកាន់រដ្ឋសភាជាតិគឺថា សេចក្តីព្រាងច្បាប់នេះគួរតែមានការបើកចំហ និងដាក់ឲ្យមានការប្រឹក្សា»។
រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសនេះ ចាប់តាំងពីឆ្នាំ២០១០មក ដោយមានការចូលរួមពិភាក្សាតិចតូចបំផុតពីដៃគូអង្គការក្រៅរដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានជំរុញឱ្យអនុម័តច្បាប់នេះ ឲ្យបានមុនដំណាច់ខែឧសភានេះ ជាកំហិត។ មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាពុំទាន់បានបញ្ចេញសំណៅដើមចុងក្រោយនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះជាសាធារណៈ ឬដាក់ឲ្យមានការពិគ្រោះយោបល់ណាមួយថែមទៀតនោះទេ ដែលជាហេតុនាំឲ្យមានការរិះគន់ជាច្រើនពីអង្គការសង្គមស៊ីវិលនានា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យប្រចាំក្រសួងមហាផ្ទៃ ដែលកំពុងធ្វើការលើសេចក្តីព្រាងច្បាប់នេះដោយផ្ទាល់ បានលើកឡើងថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ គឺមិនមែនជាការរឹតត្បិតលើអង្គការសង្គមស៊ីវិលនៅកម្ពុជានោះទេ។ ហើយដំណើរការនៃសេចក្តីព្រាងច្បាប់នេះ ក៏មិនមែនជាអាថ៌កំបាំងអ្វីនោះដែរ ដោយសាររដ្ឋាភិបាលបានបញ្ចេញច្បាប់នេះជាសាធារណៈ និងដាក់ឲ្យមានការពិភាក្សាពីរលើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១១មក។
«មិនអីទេ ច្បាប់ហ្នឹងមិនមានគោលដៅអីទៅបិទសិទ្ធិរបស់ NGO ទេព្រោះយើងដឹងច្បាស់ណាស់ហើយថា NGO គឺជាដៃគូអភិវឌ្ឍន៍របស់ជាតិយើង។ ឧទាហណ៍ថា បើគេមិនជួយមកតាមរដ្ឋាភិបាលគឺគេជួយតាមរយៈ NGO ដូច្នេះប្រាក់ NGO ដែលទទួលពីបរទេសមកគឺជាលុយរបស់ជាតិយើង។ យើងរីករាយ NGO បានកាន់តែច្រើន បានជំនួយកាន់តែច្រើន ស្រុកទេសយើងកាន់តែរីកចម្រើន។ យើងអត់មានល្ងង់ខ្លៅឲ្យ NGO បាត់លុយបាត់កាក់អីទេ! អាហ្នឹងយើងល្ងង់ហើយ!»
លោក ខៀវ សុភ័គ ក៏បានឲ្យដឹងដែរថា ក្រសួងមហាផ្ទៃនឹងអាចបញ្ចប់សេចក្តីព្រាងច្បាប់នេះ ហើយក្រុមការងាររបស់ក្រសួងនឹងប្រជុំជាចុងក្រោយដើម្បីបញ្ចប់ច្បាប់នាសប្តាហ៍ខាងមុខ។
គួរបញ្ជាក់ផងដែរថា ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីព្រមានជាបន្តបន្ទាប់ដល់អ្នកដែលរិះគន់លើដំណើរការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍ធំៗនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជាដើម៕