សហភាពអឺរ៉ុបនឹងប្រកាសនៅក្នុងសប្តាហ៍នេះអំពីបញ្ជីឈ្មោះប្រទេសនិងពលរដ្ឋនៃប្រទេសទាំងនោះដែលត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចូលអឺរ៉ុប ដោយពលរដ្ឋអាមេរិកទំនងនឹងមិនត្រូវគេអនុញ្ញាតធ្វើដំណើរចូលទ្វីបអឺរ៉ុបក្នុងរយៈពេលខ្លីខាងមុខ ដោយសារចំនួនកើនឡើងនៃករណីឆ្លងវីរុសដែលបង្កជំងឺកូវីដ១៩។
រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញបានថ្លែងថា បញ្ជីដែលទំនងនឹងត្រូវចេញផ្សាយជាសាធារណៈក្នុងថ្ងៃអង្គារនេះ អាចរួមមានឈ្មោះប្រទេសរហូតដល់១៥ ដែលមិនមែនជាប្រទេសសមាជិកសហភាពអឺរ៉ុប ហើយដែលពលរដ្ឋនៃប្រទេសទាំងនេះត្រូវគេអនុញ្ញាតឲ្យធ្វើដំណើរចូលអឺរ៉ុបចាប់ពីថ្ងៃទី១ខែកក្កដាទៅ។
មន្ត្រីសហភាពអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិកកាលពីចុងសប្តាហ៍បានប្រឹងប្រែងកំណត់លក្ខខណ្ឌនានាដើម្បីអាចឲ្យធ្វើដំណើរមកអឺរ៉ុបបាន ដែលភាគច្រើនអាស្រ័យលើកត្តាថាតើនៅប្រទេសដើមនោះអាចគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩បានកម្រិតណា។ ម៉្យាងទៀតប្រទេសក្នុងបញ្ជីនេះក៏ត្រូវទម្លាក់ចោលការហាមឃាត់មិនឲ្យពលរដ្ឋអឺរ៉ុបចូលប្រទេសខ្លួនវិញដែរ។
ចំនួនករណីឆ្លងកូវីដ១៩បានកើនឡើងខ្លាំងកាលពីសប្តាហ៍មុន ហើយកាលពីខែមីនា លោកប្រធានាធីបតីដូណាល់ត្រាំ បានដាក់បម្រាមធ្វើដំណើរចូលសម្រាប់ពលរដ្ឋពីតំបន់ធ្វើដំណើរដោយសេរីរបស់ទ្វីបអឺរ៉ុប ដែលនេះកត្តាមួយដែរដែលទំនងធ្វើឲ្យអឺរ៉ុបហាមពលរដ្ឋអាមេរិកវិញ។
ក្រៅពីសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល រុស្ស៊ី និងឥណ្ឌាក៏កំពុងមានករណីឆ្លងកើនឡើង ហើយពលរដ្ឋប្រទេសទាំងនេះក៏ទំនងជានឹងមិនអាចធ្វើដំណើរចូលទ្វីបអឺរ៉ុបបាននៅក្នុងថ្ងៃទី១ខែកក្កដាខាងមុខ៕