ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ពាណិជ្ជកម្ម​អឺរ៉ុប​នឹង​ពិចារណា​ថា​តើ​នឹង​ដក​ការ​អនុ​គ្រោះ​ពន្ធ​ទំនិញ​កម្ពុជា​ឬ​យ៉ាង​ណា?


លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លើក​ឡើង​ថា​ ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​របស់​សហភាព​បាន​បញ្ចប់​​បេសកកម្ម​របស់​ពួកគេ​ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​ ក្រោម​ក្រប​ខណ្ឌ​ «អ្វីៗ​ទាំង​អស់​វៀរ​លែង​តែ​អាវុធ»។

នៅ​ថ្ងៃ​សុក្រ​នេះ​ ប្រធាន​បេសកកម្ម​ការទូត​សហភាព​អឺរ៉ុប​ប្រចំា​នៅ​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លទ្ធផល​ដែល​មក​ពី​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​ដែល​មាន​រយៈ​ពេល​ជិត​មួយ​សប្តាហ៍​នៅ​កម្ពុជា​ នឹង​ត្រូវ​យក​មក​ធ្វើ​ជា​ទុន​សម្រាប់​ការ​សម្រេច​ចិត្ត​ទៅ​លើ​គម្រោង​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​របស់​ប្រទេស​នេះ​នៅ​ក្រោម​ក្រប​ខណ្ឌ​ «អ្វីៗ​ទាំងអស់វៀរ​លែង​តែ​អាវុធ»​ ​Everything but Arms​ ឲ្យ​ហៅ​កាត់​ថា​ EBA។

ក្រុម​មន្ត្រី​ធ្វើការ​ក្នុងស្ថាប័ន​លើក​ស្ទួយ​សិទ្ធិ​មនុស្សនិង​សិទ្ធិ​ការងារ​នៅកម្ពុជា​ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​លទ្ធភាព​ដែល​កម្ពុជា​ អាច​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ ជា​ពិសេស​នោះ គឺ​ផលិតផលក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ដែល​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ប្រមាណ​៧០ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។

លោក​ George Edgar​ ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់ ​VOA​ តាម​សារ​អេឡិចត្រូនិក​ (email) ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បេសកកម្ម​ស្វែង​រក​ការណ៍ពិត​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ដៃ​គូ​សន្ទនាជា​ច្រើន​នាក់ ​មក​ពី​ខាង​រដ្ឋាភិបាល​ សង្គម​ស៊ីវិល​ សហជីព​ការងារ​ វិស័យ​ឯកជន​ និង​សហគមន៍​អន្តរជាតិ។

លោក​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ និង​ប្រែ​សម្រួលក្នុង​ន័យ​ដើម​ថា៖«គោល​បំណង​របស់​បេសកកម្ម​នេះ​ គឺ​ដើម្បី​សិក្សា​បន្ថែម​ទៀត​អំពី​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា​ ទាក់ទិន​បញ្ហា​សិទ្ធិមនុស្ស​និង​សិទ្ធិ​ការងារ​ នៅ​ក្នុង​បរិបទ​នៃ​ការ​បង្កើន​ទំនាក់​ទំនង​របស់​សហភាព​អឺរ៉ុប​ ជាមួយ​ប្រទេស​កម្ពុជា​ ក្រោម​ការ​រៀប​ចំ​កម្មវិធី​អ្វីៗ​ទាំងអស់វៀរលែង​តែ​អាវុធ​នោះ»។

ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖«ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​បេសកកម្ម​នេះ​ នឹង​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ដំណើរការ​សម្រេច​ចិត្ត​របស់គណៈ​កម្មការ​សហភាព​អឺរ៉ុប (European Commission) និង​សេវា​កិច្ចការ​បរ​ទេស​របស់​អឺរ៉ុប​ (European External Action Service)»។

លោកស្រី Cecilia Malmstrom ​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំមួយនៅទីស្នាក់ការ​កណ្តាលរបស់សហភាព​អឺរុប កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រី Cecilia Malmstrom ​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំមួយនៅទីស្នាក់ការ​កណ្តាលរបស់សហភាព​អឺរុប កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។

បេសកកម្ម​របស់​ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​នៃ​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប (Department of Trade of European Commission) និង​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប​ (European External Action Service)​ បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី៥​ និង​បញ្ចប់នៅ​ថ្ងៃ​ទី១១​ ខែកក្កដា​ ដោយ​មាន​គោល​ដៅ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ពេល​ដែល​គណបក្ស​ប្រឆាំង​ធំ​មួយ​ត្រូវ​បាន​ដកចេញ​ពី​ការ​បោះឆ្នោត​ខាង​មុខ​នេះ។

បន្ថែម​លើការ​អធិប្បាយ​របស់​លោក​ George Edgar ​ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នោះ​ អ្នក​ស្រី ​Cecilia Malmstrom ប្រធាន​គណៈ​កម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ បន្ទាប់​ពី​ការ​បិទ​បញ្ចប់​បេសកកម្ម​នោះ​ថា​ សហភាព​អឺរ៉ុបនឹង​វិភាគ​ការណ៍​ពិត​ដោយ​លម្អិត​និង​ពិចារណា​ពី​វិធានការ​បន្ទាប់​ទៀត។​

ការ​ដក​កម្ពុជា​ចេញពី​គម្រោង​អនុគ្រោះ​ពន្ធ​នេះ​ គឺ​ជា​ជម្រើស​ចុងក្រោយ​ ប្រសិន​បើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុបមិន​បាន​ដោះស្រាយ​ការ​ព្រួយបារម្ភ​នានា​ទេ​នោះ។

លោក​ស្រី​ Cecilia Malmstrom​ បាន​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តី​ប្រកាស​ចេញ​ផ្សាយ​កាលពី​ព្រហស្បតិ៍​ថា៖

«ការ​ពិភាក្សា​និង​ព័ត៌មាន​ទទួល​បាន​ក្នុង​អំឡុង​ពេល​បេសកកម្ម​សហគមន៍​អឺរ៉ុប​បាន​ផ្តោត​លើ​ការធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ខាងផ្នែក​សិទ្ធិ​នយោបាយ​និង​ការ​បោះឆ្នោត​ ក៏​ដូចជា​ការ​ទប់​ស្កាត់​សកម្ម​ភាព​សង្គម​ស៊ីវិល‍។ មាន​ការ​ខ្វះខាត​ខាង​ផ្នែក​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ និង​មាន​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ក្នុងការ​ធ្វើ​សមាគម​និង​សិទ្ធិ​ចរចា​រួមគ្នា»។

VOA នៅ​តែ​មិន​អាច​ទាក់​ទង​សុំការ​អធិប្បាយ​បាន​ពី​ក្រុម​មន្ត្រី​នៅ​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម​នាថ្ងៃ​សុក្រ។ ចំណែក​លោក ​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ មិន​លើក​ទូរស័ព្ទ​ ​នៅ​ពេល​ដែល​ទូរស័ព្ទ​លោក​រោទិ៍។

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​ធ្វើការ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​មាន​បេសកកម្ម​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការពារ​សិទ្ធិកម្មករ​ ក៏​ដូចជា​ក្រុម​អ្នក​វិភាគ​ មាន​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ ចំពោះ​ការណ៍​ដែល​កម្ពុជា​ អាច​នឹង​បាត់​បង់​កម្មវិធី​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។

​លោក ស៊ឹង សែនករុណា​ ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ឥឡូវនេះ​ សហភាព​អឺរ៉ុប​បាន​ប្រមូល​ព័ត៌មាន​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​ថ្លឹង​ថ្លែង​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​កិច្ចអនុ​គ្រោះ​ពន្ធ​នានា​ដល់​ទំនិញ​របស់​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិ​បាល​ប្រទេស​នេះ​បាន​បើក​ការ​វាយ​បង្រ្កាប​យ៉ាង​ដំណំ​ លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ អង្គការ​សង្គម​ស៊ីវិល​ដែល​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និង​ការ​បិទទ្វារ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ។

លោក​មាន​ប្រសាសន៍​បន្ត​ថា​ ​រដ្ឋាភិបាល​មិន​អាច​ប្រកែក​នឹង​អ្វី​ដែល​ក្រុម​បេសកកម្ម​នោះ​បាន​រក​ឃើញ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ធ្លាក់ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​ ដែល​ជាធាតុ​សំខាន់​នៃ​ការទទួល​បាន​ការ​អនុគ្រោះពន្ធ​ពី​សហភាព​អឺរ៉ុប។

«អ្វី​ដែល​បាន​មក​ពីកន្លងមក​ មក​ដល់​បច្ចុប្បន្ន​ នូវ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ គឺ​ដោយសារ​តែ EU គឺ​គេ​អនុគ្រោះ​ទៅ​លើ​ប្រទេស​ ដែល​ងាយ​រងគ្រោះ ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​សេដ្ឋកិច្ច​ទន់​ខ្សោយ​អី​ហ្នឹង​ គឺ​គេ​បាន​ចុះ​ជួយ​ជ្រោម​ជ្រែង​ ហើយ​ក្នុង​ន័យ​ហ្នឹង​ ជា​លក្ខខណ្ឌ​ គឺ​ឲ្យ​ប្រទេស​ ដែល​ទទួល​យក​ហ្នឹង​ត្រូវតែ​គោរព​ទៅលើ​សិទ្ធិមនុស្ស​ រួមទាំង​ខាង​ប្រទេស​កម្ពុជា​ហ្នឹង​ ក៏​ជា​ភាគី​ហត្ថលេខី​ ទៅ​លើ​គោលការណ៍​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ច្រើន​ដែរ​ ដូច្នេះ​គេ​មាន​កាតព្វកិច្ច​ក្នុង​ការ​តាម​ដាន​ ទៅ​លើអ្វី​ដែល​គេ​បាន​ផ្តល់​ឲ្យ​ហ្នឹង»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​លើក​ឡើង​ថា​ កម្ពុជា​មិន​អាច​បន្ទោស​សហភាព​អឺរ៉ុប​បាន​ទេ​ ប្រសិន​បើ​ខ្លួន​បាត់បង់​កម្មវិធី​អនុគ្រោះ​ពន្ធ ឬ​ ​EBA នេះ​ ដោយ​ហេតុ​តែ​ខ្លួន​មិន​បាន​គោរព​ខ្ជាប់ខ្ជួន​ទៅ​តាម​លក្ខខណ្ឌ​ដែល​សហភាព​អឺរ៉ុប​បាន​កំណត់​ ទាក់​ទិន​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្លួន​ទាំង​សិទ្ធិ​ការងារ​ សិទ្ធិ​នយោបាយ និង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការឈរ​បោះឆ្នោត​ដោយសេរី​នោះ។

​លោក​ ស៊ឹង សែនករុណា​ ​បញ្ជាក់​ថា៖

«អីចឹង​ហើយ​បញ្ហា​ទាំងអស់​នេះ ​មិន មិនៗ​បណ្តាល​មក​ពី​ខាង​សហភាពអឺរ៉ុប​ទេ​ គឺ​បណ្តាល​មក​ពី​ប្រទេស​កម្ពុជា​យើង​ខ្លួន​ឯង​ហ្នឹង​ ដែល​បាន​ដើរ​តួនាទី​ផ្ទុយពីអ្វី​ដែល​ខ្លួន​ជាប់​កាតព្វកិច្ច​ ប្តេជ្ញា​ថា​នឹង​អនុវត្ត​ តែ​បើ​ទាំងអស់​នេះ​ បើសិន​ជា​កម្ពុជា​ មិន​អនុវត្ត​ហ្នឹង​ហើយ​ ដែល​គេ​បាន​មក​ពិនិត្យ​មើល​ និង​ចាត់​វិធានការ​តាម​គោលការណ៍​នៃ​លក្ខខណ្ឌ​របស់​គេហ្នឹង​បាទ»។

​នៅ​ក្នុង​បញ្ហា​ក្រប​ខ័ណ្ឌ​ពាណិជ្ជ​កម្ម​«អ្វីៗ​ក៏​បាន​វៀរ​លែង​តែ​អាវុធ»​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជូន​លោក សុខ ស៊ីផាណា បេសកជន​ពិសេស​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ដើម្បី​បញ្ចុះ​បញ្ចូល​ ​និង​ទប់ស្កាត់​វិធាន​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដដែល​នេះពី​ប្រទេស​កម្ពុជា។ រហូត​មក​ដល់​ពេល​នេះ មិនមាន​សេចក្តី​រាយការណ៍​បញ្ជាក់​ពីលទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក សុខ ស៊ីផាណា​ ដែល​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ជុំ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិ​បត្តិការ​អន្តរជាតិ តែ​ទូរស័ព្ទ​លោក​រោទិ៍​ គ្មាន​អ្នកទទួល។

​លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​អង្គការ​សង់​ត្រាល់ ថ្លែងថា​ រដ្ឋាភិបាល​កម្ពុជា នៅ​មាន​ពេល​ជជែក​គ្នា​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​រក្សា​បាន​នូវកិច្ច​អនុគ្រោះ​ពាណិជ្ជកម្ម​ តាម​កម្ម​វិធី​អ្វីៗ​ក៏​បាន​វៀរ​លែង​តែ​អាវុធនោះ។

លោក​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ព្រងើយ​កន្ទើយ​នឹង​លទ្ធភាព​នៃ​ការ​បាត់បង់​កម្មវិធី​អនុគ្រោះ​ពន្ធ​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​ទំនិញ​កម្ពុជា​ឡើយ​ ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​ចង់តម្កល់​ទុក​ផល​ប្រយោជន៍​កម្មករ​ និង​សេដ្ឋកិច្ច​ជាតិ​ជា​ធំ។

«រាជរដ្ឋាភិបាល​គួរតែ​ ពិនិត្យ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ ពីព្រោះ​ថា​ ចំណុច​នេះ​ គឺ​ជា​ចំណុច​មួយ​ដែល​សំខាន់​វា​អាច​ប៉ះពាល់​ទៅដល់​ការងារ​របស់​កម្មករ​និយោជិត​ ហើយ​ប៉ះពាល់​ទៅ​នឹង​កត្តា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ សំណួរ​សួរ​ថា​ តើ​យើង​អាច​មាន​លទ្ធភាព​នៅ​ក្នុងការ​ទ្រទ្រង់​ ខណៈ​ពេល​ដែល​មាន​ការ​ដក​ ឬក៏​ការ​ត្រៀម​ខ្លួន​ទុក​នៅ​ក្នុង​ពេល​អនាគត​ បើសិន​ជា​រាជ​រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​មិនដោះស្រាយ​នូវ​អ្វី​ដែល​ជាក្តី​សេចក្តី​បារម្ភ​របស់​សហភាព​អឺរ៉ុប​ហ្នឹង»។

លោក ​មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ មាន​ប្រសាសន៍​ថា​ កម្ពុជា​បាន​ប្រើ​ពេល​ជាច្រើន​ឆ្នាំ​ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​សហភាព​អឺរ៉ុប​ផ្តល់​ជូន​នូវ​កម្មវិធិ​អនុគ្រោះ​ពន្ធ​នេះ។

លោក​បន្ត​ថា​ ការ​ដក​ហូត​កម្មវិធី​អនុគ្រោះពន្ធ EBA នឹង​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ឆាប់ៗ​នោះ​ឡើយ​ ព្រោះ​សហភាព​អឺរ៉ុប​នឹង​បន្ត​តាមដាន​មើល​ដំណើរ​នៃ​ការ​រៀបចំ​បោះឆ្នោត​ខាងមុខ​នេះ​ និង​បញ្ហា​ពាក់ព័ន្ធ​នឹងសិទ្ធិ​សេរីភាព​និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។ ទោះ​យ៉ាងណា​ លោក​បាន​សង្កត់​ថា​ ការ​បាត់​បង់​ កម្មវិធី​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប គឺ​ជា​គ្រោះថ្នាក់​ខាង​ពាណិជ្ជកម្ម​មួយ​ ហើយ​ក៏​នឹង​បង្ក​ផលវិបាក​ដល់​វិនិយោគទុន​របស់​ចិន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

«យើង​ដឹង​ហើយ​ថា​ ពេល​វេលា​ដែល​ត្រូវ​សុំ​ វា​ប្រើ​ពេល​យូរ​ ពី​បី​ទៅ​ប្រាំឆ្នាំ។ អីចឹង​នៅក្នុង​អំឡុង​ពេល​នេះ​ បើសិន​ជា​រដ្ឋាភិ​បាល​កម្ពុជា​យើង​ មិន​អាច​មាន​សមត្ថភាព​ក្នុង​ការ​រក​ទីផ្សារឲ្យ​វិស័យ​វាយណភណ្ឌ​នាំចេញ​បាន​ទៅ​ប្រទេស​ណា​ទៀត​ទេ​នោះ​ អាហ្នឹង​វាការ​វិនិយោគទុន​របស់​ចិន នឹង​ត្រូវ​ទទួល​រង​ផល​ប៉ះ​ពាល់​បាទ។​ ហើយ​យើង​មិន​ដឹង​ថា​តើ​ បើសិន​ជា​មាន​ការ​ព្យួរ​អនុគ្រោះ​មែន​នោះ​ ថា​តើ​វិនិយោគ​ទុន​ គេដឹង​ គេ​នឹង​នៅទ្រាំ​ជាមួយ​នឹង​យើង​ត​ទៅ​ទៀត?​ ឬក៏​គេ​ដក​ទៅ​កាន់ប្រទេស​ដទៃ​ទៀត​ ដែល​មាន​ការ​អនុគ្រោះ​ជាង​ប្រទេស​កម្ពុជា​យើង»?

កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ​ឆ្នាំ​២០១៧ ​សភា​សហភាព​អឺរ៉ុប​បាន​បោះ​ឆ្នោត​ទទួល​យក​ការ​ពិចារណា​លើ​ការ​ព្យួរ​កម្មវិធី​អនុ​គ្រោះពន្ធ​ ដែល​មាន​ឈ្មោះ​ថា​ EBA​ នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ «ការ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៃ​របប​ផ្តាច់​ការ​នៅ​កម្ពុជា»។ការ​ពិចារណារ​របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ព្រមាន​ដាក់​ទណ្ឌ​កម្ម​នានា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG