ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស៖​ បក្ស​ប្រជាជន​កម្ពុជា​ប្រើប្រាស់​មេ​នគរបាល​និង​យោធា​បំភ័យ​ពលរដ្ឋ​ឲ្យ​​ទៅ​បោះ​ឆ្នោត


អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​មេ​ដៃ​ជា​សញ្ញា​គាំទ្រ​ដល់​គណបក្ស​ខ្លួន​នៅ​ថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ​២០១៨​ ។ (គី ម៉េងលី/VOA)
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​មេ​ដៃ​ជា​សញ្ញា​គាំទ្រ​ដល់​គណបក្ស​ខ្លួន​នៅ​ថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ​២០១៨​ ។ (គី ម៉េងលី/VOA)

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​អន្តរជាតិ (Human Rights Watch)​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ថា​ គណបក្ស​កាន់​អំណាច​បាន​ប្រើ​ប្រាស់​មេ​ទ័ព និង​មេ​នគរបាល​ដើរ​ឃោសនា​បំភ័យ​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា​ ​អង្គការ​នេះ​យល់​ច្រឡំ​ចំពោះ​ច្បាប់​បោះ​ឆ្នោត​នៅ​កម្ពុជា។

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​អន្តរជាតិ​ (Human Rights Watch)​ លើក​ឡើង​ថា​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​ប្រើ​ប្រាស់​មេ​នគរបាល​ និង​មេ​យោធា​ធ្វើ​យុទ្ធនា​ការ​ឃោសនា​គណបក្សដើម្បី​បំភិត​បំភ័យ​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ នៅ​ថ្ងៃទី២៩​ ខែ​កក្កដា ​ខាង​មុខ។​

​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិចេញ​នៅ​ថ្ងៃ​ទី១២​ខែកក្កដា ​ឆ្នាំ​២០១៨​នេះ​ បញ្ជា​ក់ថា​ មន្រ្តី​យោធា​នគរបាល​និង​មន្រ្តី​ប៉ូលិស​កម្ពុជា​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​យ៉ាង​សកម្ម​សម្រាប់​គណបក្សប្រជាជន​កម្ពុជា​ (CPP) ​គឺជា​ការ​រំលោភ​ទៅ​នឹង​ច្បាប់​កម្ពុជា​ដែល​ចែង​ថា​ មន្រ្តី​ទាំង​នោះ​ត្រូវ​មាន​ភាព​អព្យាក្រឹត្យ​ផ្នែក​នយោបាយ។​

សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ថែម​ថា​ សមាជិក​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​សន្តិសុខ​ បាន​គាំទ្រ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ និង​គណបក្សកាន់​អំណាច​នៅ​ឯ​ការ​ប្រមូល​ផ្តុំ​គ្នា​ជា​សាធារណៈ​ និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ទូ​ទាំង​ប្រទេស​កម្ពុជា។

មេទ័ព​និង​មេ​នគរបាល​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិលើក​ឡើង ​រួម​មាន នាយ​ឧត្តម​សេនីយ៍​ សៅ សុខា​ អគ្គមេ​បញ្ជា​ការ​កងរាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ នាយ​ឧត្តមសេនីយ៍​ ហ៊ីង ប៊ុនហៀង​ ប្រធាន​អង្គរក្ស​នាយក​រដ្ឋ​មន្ត្រី ឧត្តមសេនីយ៍​ឯក​ រ័ត្ន ស្រ៊ាង​ ​មេ​បញ្ជា​ការរង​នៃ​កងរាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស ​និង​ជាមេ​បញ្ជា​ការកងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ លោក ​ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​ ហ៊ុន សែន​ ​ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​មេ​បញ្ជា​ការរង​នៃ​កង​យោធន​ពលខេមរ​ភូមិន្ទ​នា​ដើម​ខែ​កក្កដា​នេះ នាយ​ឧត្តមសេនីយ៍​ មាស សុភា​ មេ​បញ្ជា​ការកង​ទ័ព​ជើង​គោក​ ឧត្តមសេនីយ៍​ឯក​ ចាប ភក្តី ​នាយរង​អគ្គសេនា​ធិការ​ចម្រុះ​នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​ និង​ជាមេ​បញ្ជា​ការកង​ទ័ព​ឆ័ត្រ​យោង​លេខ​៩១១​ នាយ​ឧត្តមសេនីយ៍​ គន់ គីម ​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​និង​ជា​អគ្គ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពលខេមរ​ភូមិន្ទ ​នាយ​ឧត្តមសេនីយ៍ ​ប៉ុល សារឿន ​អគ្គមេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​និង​នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ។

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​អន្តរជាតិបញ្ជា​ក់ថា​ មេ​ទ័ព ​និង​មេ​នគរបាល​ទាំង​នោះ​បាន​ចុះ​ធ្វើ​យុទ្ធនា​ការឃោសនា​បក្ស​រក​សំឡេង​គាំទ្រ​ដោយ​មាន​ទាំង​ការ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្សប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ទៀត​ផង។

មាត្រា៩​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈទូ​ទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរ​ភូមិ​ន្ទចែង​ថា​ យោធិន​ត្រូវ​មាន​អព្យាក្រឹត្យភាព​ក្នុង​មុខ​នាទី​ ក្នុង​សកម្មភាព​ការ​ងារ​ និង​ហាមឃាត់​ការ​ប្រើ​មុខ​ងារ​និង​ប្រើ​ប្រាស់​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ណា​មួយ។

ចំណែក​មាត្រា១០​ចែងថា ​យោធិន​ម្នាក់ៗ​អាច​មាន​គំនិត​ឬ​ជំនឿ​ដែល​មាន​លក្ខណៈ​ជា​ទស្សនវិជ្ជា​ឬ​នយោបាយ​ផ្ទាល់​ខ្លួន​បាន ​ប៉ុន្តែ​ពុំអាច​សម្តែង​ជា​សាធារណៈ​បាន​ឡើយ។​

រូបឯកសារ៖ លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។

លោក​ ប្រេដ អាដាម ​(Brad Adams)​ ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​អន្តរជាតិ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​ ដើម្បីឈ្នះ​ការ​បោះ​ឆ្នោត​គណបក្សប្រជាជន​កម្ពុជា​ មិន​ត្រឹម​តែ​បង្រ្កាប​គណ​បក្សប្រឆាំង បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​គ្រប់​គ្រង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ទេ ​ប៉ុន្តែ​គណបក្សកាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ ថែម​ទាំង​ប្រើ​ប្រាស់​មេទ័ព​ និង​មេប៉ូលិស​ដើម្បីបំភិត​បំភ័យ​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត​ផង​ដែរ។

លោក​ ប្រេដ អាដាម​ ​បញ្ជា​ក់​ក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«ជាក់​ស្តែង គណបក្សប្រជាជន​កម្ពុជា​គិត​ថា​ ខ្លួន​ក៏​ត្រូវ​ដាក់​ពង្រាយ​ក្រុម​ឧត្តម​សេនីយ៍​កាចៗ​បំផុត​មួយ​ចំនួន​ ដើម្បីធ្វើ​យុទ្ធនាការ​និង​បំភិតបំភ័យ​ប្រជាជន​ឲ្យ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត»។

លោក​ ​ប្រេដ អាដាម​ ​បន្ថែម​ថា៖

«រដ្ឋា​ភិបាល​បរទេស​ដែល​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ចូល​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ដើម្បីលើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ គួរ​តែ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដែល​មិន​ច្បាស់​លាស់​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ»។

ភាគ​ច្រើន​នៃ​មេ​ទ័ព​ និង​មេ​នគរបាល​ទាំង​នោះ​ក៏​ស្ថិត​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​មាន​ចំណង​ជើង​ថា «មនុស្ស​ទុច្ចរិត​១២​នាក់​របស់​កម្ពុជា» ដោយ​បាន​បញ្ជាក់​ថា មន្រ្តី​ជាន់​ខ្ពស់​ទាំង​នោះ​មាន​ជាប់​ពាក់​ព័ន្ធនឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​ប្រាប់​ ​VOA​ ថា​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មិន​យល់​ពី​ច្បាប់​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​ដែល​លោក​ថា​ ​ច្បាប់​នោះ​បានអនុញ្ញាត​ឲ្យ​មន្រ្តី​យោធា​ ​និង​នគរបាល​ទាំង​អស់​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​បាន​តែ​ត្រូវ​អនុ​វត្ត​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា​មិន​ត្រូវ​ប្រើ​ប្រាស់​យានយន្ត​របស់​រដ្ឋ​ជា​ដើម។

លោក​បញ្ជា​ក់ថា៖​

«ទី១គឺ​មិន​ឲ្យ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ទេ​ មិន​ឲ្យ​ស្លៀក​ពាក់​ជា​ប៉ូលិស​ជា​យោធា​ជា​ប៉េអឹម​ទេ។​ ទី២​មិន​ឲ្យ​ប្រើ​ពេល​វេលា​ស្នូល​ក្នុង​ការងារ​ទេ​អីចឹង ​អាច​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បាន​នៅ​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ ឬ​យប់​ក្រៅ​ម៉ោង​ស្នូល​ការងារ​បណ្តា​ថ្ងៃ​ចន្ទ​ ​អង្គារ ពុធ​ ​ព្រហស្បតិ៍​ ​សុក្រ។​ ​ទី៣ គឺ​មិន​ឲ្យ​បំពាក់​អាវុធ​តាម​ជាប់​ខ្លួន​ទេ»។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)

លោក​ ​សុខ ឥសាន​ ​បន្ថែម​ថា​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិរបស់​លោក​ ​ប្រេដ អាដាម​ ​តែង​មាន​ចេតនា​អាក្រក់​ក្នុង​ការ​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា។​

ច្បាប់​បោះ​ឆ្នោត​ថ្មី​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២០១៥​ ​ដោយ​មាន​ការ​ចូល​រួម​អនុម័ត​ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្សប្រជាជន​កម្ពុជា​ ​និង​គណបក្សសង្គ្រោះជាតិ​នា​ពេល​នោះ។​ ច្បាប់​នោះ​ត្រូវ​បាន​កែប្រែ​ដោយអនុញ្ញាត​ឲ្យ​មន្ត្រី​នគរបាល​ យោធា​ ​តុលាការ​ ​និង​មន្ត្រី​រាជការ​ស៊ី​វិល អាច​មាន​សិទ្ធិ​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ឈប់​សម្រាក​បាន​ ​ប៉ុន្តែ​ហាម​ដាច់ខាត​មិន​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ទាំង​អស់​ ​ទាំង​នៅ​ក្នុង​ស្រុក​និង​នៅ​ក្រៅ​ស្រុក​ ​រួម​ទាំង​ជន​បរទេស​ផង ចូល​រួម​ឃោសនា​បោះឆ្នោត​ឡើយ។

ច្បាប់​បោះ​ឆ្នោត​ដែល​បាន​កែប្រែ​នៅ​ពេល​នោះ​បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សង្គម​ស៊ីវិល​ ​និង​អង្គទូត​មួយ​ចំនួន ថា​ ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាពនិង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ការ​បោះ​ឆ្នោត។

កាលពី​ចុង​ខែមិថុនា​ ឆ្នាំ​២០១៨​នេះ​ លោក​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​និង​ជា​មេ​ទ័ព​ជាន់​ខ្ពស់​កម្ពុជា​បាន​អំពាវនាវ​ចំៗ​ ឲ្យ​កង​ទ័ព​និង​ក្រុម​គ្រួសារ​កង​ទ័ព​ទាំង​អស់​បោះឆ្នោត​ឲ្យ​គណបក្សប្រជា​ជន​កម្ពុជា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ។​ ការ​ថ្លែង​ក្នុង​ពិធី​សាធារណៈ​ទាំង​មាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ផង​នោះ​ ​មិន​ត្រូវ​បាន​ចាត់​វិធានការ​ណា​មួយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.) នោះ​ទេ។

ថ្មីៗ​នេះ គេ​ក៏ឃើញ​មាន​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​និង​ខេមរភូមិន្ទ​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​អំឡុង​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​ផង​ដែរ។​

លោក​ មាស នី​ អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា​ នៅ​រៀង​រាល់​មុន​ការ​បោះ​ឆ្នោត​ គេ​តែង​ឃើញ​មាន​ការ​ចល័ត​ទ័ព​ និង​គ្រឿង​សព្វាវុធ​ផ្សេងៗ​ក្រោម​ហេតុ​ផល​ថា​យក​ទៅ​ជួសជុល ឬ​តាំង​ពិព័រណ៍​ផ្សេងៗ ដែល​លោក​ថា ​សកម្មភាព​នេះ​អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច។ ​លោក​បន្ថែម​ថា​ សម្រាប់​ការ​ដែល​មេ​ទ័ព​ឬ​មេ​នគរបាល​ចុះ​ឃោសនា​គណបក្សនយោបាយ​ដោយ​ផ្ទាល់​ក្នុង​គ្រប់​រូបភាព​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត។

លោក​មាន​ប្រសាសន៍​ថា៖

«មែន​ទែន​ទៅ​គឺ​មិន​ត្រូវ ​មិន​គួរ​ទៅ​ឃោសនា​ដោយ​ផ្ទាល់​ទេ។​ គ្រាន់​តែ​ថា​គាំទ្រ​បានតែ​កុំ​ចេញ​មុខ​ចេញ​មាត់​ទៅ​ឃោសនា​ ឬ​ក៏​ឡើង​ទៅ​ដើម្បីប្រកាស​ខ្លួន​ថា ជា​អ្នក​គាំទ្រ​គណបក្ស​អី​អាហ្នឹង​វា​អាច​ជា​ទំនាស់​ផល​ប្រយោជន៍​រវាង​អ្វី​ដែល​ជាតួ​នាទី​ជា​កងទ័ព ហើយ​និង​ជា​មួយ​នឹង​គណ​បក្សនយោបាយ»។

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​នៅ​ថ្ងៃ​ទី២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដោយ​មិន​មាន​វត្ត​មាន​របស់​គណ​បក្សសង្គ្រោះជាតិ​ ស្រប​ពេល​ដែល​ស្ថាប័ន​អន្តរជាតិធំៗ​មួយ​ចំនួន​បង្ហាញ​ក្តី​បារម្ភ​ថា​ ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណបក្សប្រឆាំង ​ដែល​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​នេះ​ នឹង​ក្លាយជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​យុត្តិធម៌​ និង​មិន​អាច​ទទួល​យក​បាន។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ដ​នីតិកាល​ទី៦​ មាន​រយៈពេល​២១​ថ្ងៃ​ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៧​ ដល់​ថ្ងៃ​ទី២៧​ ខែ​កក្កដា​ ​ឆ្នាំ​២០១៨។​ ក្នុង​ចំណោម​គណបក្សនយោបាយ​ជា​ច្រើន​ដែល​បានចាប់​ផ្តើមបើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​គេ​ឃើញ​ក្បួន​ឃោសនា​របស់​គណ​បក្សប្រជាជន​កម្ពុជា​មាន​ទំហំ​ធំ ​និង​អ្នក​ចូល​រួម​ច្រើន​ជាង​គេ​ ដោយ​មិន​អាច​មាន​ក្បួន​របស់​គណបក្ស​ណា​មួយ​ប្រៀប​ធៀប​បាន​ឡើយ​ ដែល​ខុស​ពី​អាណត្តិ​មុន​ ចំនួន​នៃ​អ្នក​ចូល​រួម​ដង្ហែ​ក្បួន​ឃោសនា​របស់​គណ​បក្សសង្គ្រោះជាតិ ជា​ចំនួន​ដែល​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​កៀក​កិត​ជាមួយ​គណបក្ស​កាន់​អំណាច​នា​ពេល​នោះ៕

XS
SM
MD
LG