នៅថ្ងៃច័ន្ទនេះ ក្រុមរដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុបបានយល់ស្របគ្នាជាផ្លូវការក្នុងការបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្សីចំនួន៦ខែតទៅទៀត ដែលជាការឆ្លើយតបទៅនឹងមុខនាទីរបស់ប្រទេសនោះនៅក្នុងប្រទេសអ៊ុយក្រែននៅជិតខាង។
វិធានការនេះត្រូវបានចាត់ឡើងនៅក្នុងការប្រជុំមួយនៃក្រុមរដ្ឋមន្ត្រីការបរទេសនៃប្លុកដែលមានប្រទេស២៨ជាសមាជិក នៅក្នុងប្រទេសលុចហ្សឹមប៊ួរ។ ក្រុមប្រេសិតនៃសហភាពអឺរ៉ុបបានយល់ព្រមលើវិធានការនេះជាដំបូងកាលពីសប្តាហ៍មុន។
ការដាក់ទណ្ឌកម្មទាំងនេះ ដែលបានចាត់ទីដៅលើវិស័យថាមពល វិស័យការពារជាតិ និងវិស័យហិរញ្ញវត្ថុនៃប្រទេសរុស្សីបានត្រូវដាក់ឲ្យមានឡើងចាប់តាំងពីខែកក្កដាឆ្នាំ២០១៤ ប្រមាណ៤ខែក្រោយប្រទេសរុស្សីបានចូលកាន់កាប់ឧបទ្វីបគ្រីម៉េនៃប្រទេសអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មទាំងនេះនឹងមានជាធរមានរហូតដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០១៦។
លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ប្រទេសរុស្សីចាត់ទុកការដាក់ទណ្ឌកម្មទាំងនេះថា គា្មនមូលដ្ឋាន ហើយថា មូលដ្ឋានសម្រាប់ការឆ្លើយតបរបស់រដ្ឋាភិបាលក្រុងម៉ូស្គូគឺ «ការសងសឹក»។ ក្រុមអ្នកវិភាគបានថ្លែងថា នេះអាចមានន័យថា នឹងមានការហាមប្រាមមិនឲ្យដឹកជញ្ជូនផលិតផលម្ហូបអាហារអឺរ៉ុបចូលទៅក្នុងប្រទេសរុស្សី៕