ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និសីទ​​សហភាព​អឺរ៉ុប​និង​ចិន​​ធ្វើ​ឱ្យ​ពលរដ្ឋ​អាល្លឺម៉ង់​ខ្លះ​​ពិចារណា​ឡើង​វិញ​អំពី​ទំនាក់ទំនង​ជាមួយ​​ក្រុង​ប៉េកាំង


រូបឯកសារ៖ អធិការបតី​អាល្លឺម៉ង់​​លោកស្រី Angela Merkel ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាវីដេអូតាមអនឡាញជាមួយប្រធានាធិបតីសហភាពអឺរ៉ុប និងប្រធានាធិបតីចិនលោក Xi Jinping ពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០។
រូបឯកសារ៖ អធិការបតី​អាល្លឺម៉ង់​​លោកស្រី Angela Merkel ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាវីដេអូតាមអនឡាញជាមួយប្រធានាធិបតីសហភាពអឺរ៉ុប និងប្រធានាធិបតីចិនលោក Xi Jinping ពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០។

សន្និសីទ​កំពូល​មួយ​តាម​អនឡាញ​រវាង​មេដឹកនាំ​ចិន​និង​អឺរ៉ុប ​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា ​បាន​នាំ​ឱ្យ​ក្រុមអ្នក​មាន​ឥទ្ធិពល​ខ្លះ​ក្នុង​ទ្វីប​អឺរ៉ុបពិចារណា​ជា​ថ្មី​ អំពី​ទំនាក់ទំនង​របស់​ទ្វីប​ពួក​គេ​ជាមួយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ហើយ​ ជា​ពិសេស​ថា​ តើ​ការ​ពិចារណា​អំពី​សេដ្ឋកិច្ច​បាន​ត្រូវ​គូស​បញ្ជាក់​ខ្លាំង​ពេក ​ដោយ​មាន​ប្រៀប​ជាង​សិទ្ធិ​មនុស្ស​ ឬ​យ៉ាង​ណា។

ការប្រជុំ​គ្នា​តាម​ការ​ភ្ជាប់​វីដេអូ​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៤ ​ខែ​កញ្ញា​ ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​អធិការបតី​អាល្លឺម៉ង់លោកស្រី Angela Merkel ដែល​ជា​ប្រធាន​បច្ចុប្បន្ន​នៃ​សហភាព​អឺរ៉ុប បាន​បញ្ចប់​ជាមួយ​ការ​ប្តេជ្ញា​មិន​ជាក់​ច្បាស់​មួយ​ចំនួន ​ដើម្បី​«ពង្រឹង​ការទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ស្វះ​ស្វែង​រក​អត្ថប្រយោជន៍​ទៅ​វិញ​ទៅមក​ផ្អែក​លើ​មូលដ្ឋាន​ឈ្នះ-ឈ្នះ​ និង​ប្រព្រឹត្ត​តាម​គោលការណ៍​ពហុភាគី​» នេះបើ​តាម​ទីភ្នាក់ងារ​ព័ត៌មានចិន Xinhua។

ក៏​ប៉ុន្តែ​ក្រុម​អ្នក​នយោបាយ​ និង​ទី​ភ្នាក់ងារ​ព័ត៌មាន​អាល្លឺម៉ង់​បាន​សួរ​សំណួរ​ពិបាកៗ ​អំពី​ការ​ទាក់ទង​របស់​អឺរ៉ុប​ជាមួយ​ប្រទេស​ចិន​ តាំង​ពីមុន​ចាប់​ផ្តើម​ធ្វើ​កិច្ច​ចរចា​នេះ​ម៉្លេះ។ ការចរចា​គ្នា​នេះ​បាន​ត្រូវ​គ្រោង​មុន​ការ​រាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ​១៩​ ថា​ធ្វើ​ជា​មហា​សមោសរ​នៅ​ក្នុង​ក្រុង Leipzig នៃ​ប្រទេស​អាល្លឺម៉ង់។​ សន្និសីទ​កំពូល​នៃ​ក៏​មាន​ការ​ចូលរួម​ពីលោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​និង​លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប។

លោក Norbert Röttgen ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាល្លឺម៉ង់។ លោក​បានសួរ​នៅ​ក្នុង tweet មួយតែ​ប៉ុន្មាន​ម៉ោង​ មុន​ការប្រជុំ​សន្និសីទ​កំពូល​នេះ​ថា៖

«តើ​យើង​មាន​គោល​ជំហរ​បែប​ណា​ចំពោះ #ប្រទេស​ចិន? តើ​ប្រទេស​ចិនគ្រាន់​តែ​ជា​ផ្សារ​ធំធេង​មួយ​ឬ​មួយ​តើ​ក្នុង​ឋានៈ​យើង​ជា​សហភាព​អឺរ៉ុប​ចង់​បំពេញ​មុខ​នាទី​មួយ​ក្នុង​ការ​ចាត់​ចែង​របៀប​រៀបរយ​ពិភព​លោកឬ​ទេ?»​

គេហទំព័រ​របស់​បណ្តាញ​ផ្សាយ​អន្តរជាតិ​របស់​អាល្លឺម៉ង់​ Deutsche Welle បាន​បោះពុម្ធ​ផ្សាយ​អត្ថបទ​ព័ត៌មាន​វិភាគមួយ​មាន​ចំណង​ជើងថា៖ «តើ​ប្រទេស​អាល្លឺម៉ង់​ជិត​ស្និទ្ធ​ខ្លាំង​ពេក​ជា​មួយ​ប្រទេស​ចិន​ឬទេ?»

នៅ​ពេល​ដែល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គេ​មាន​ការ​មូលមតិ​គ្នា​ច្រើន​ជាង​មុន​ថា ​គោល​នយោបាយ​«ទាក់ទង»​ ជា​មួយ​ប្រទេស​ចិន​មិន​បាន​ទទួល​ជោគជ័យដោយ​ភាគច្រើន​ក៏​ដោយ ​ក៏​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់វិញ​នៅ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ខ្លាំង​អំពី​សំណួរ​នេះ។​

ការ​អំពាវ​នាវ​ឱ្យ​មានការ​ពិចារណា​ជា​ថ្មី​ហើយ ​ក្នុង​ករណី​ខ្លះ​ក៏​សុំ​ឱ្យ​មាន​ការសើរើ​ផ្លាស់ប្តូរ​ទាំង​ស្រុងនូវ​ស្ថានភាព​គោលនយោ​បាយ​បច្ចុប្បន្ន​ហាក់​ដូច​ជា​មាន​កាន់​តែ​ខ្លាំង​ជាង​មុនផង​ដែរ។

លោក Reinhard Buetikofer ជា​សមាជិក​សភា​នៃគណបក្ស​បៃតងរបស់​ប្រទេស​អាល្លឺម៉ង់ ​និង​ជា​ប្រធាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ សម្រាប់​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ លោក​បាន​និយាយ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​ថា៖ ​«យ៉ាង​ហោច​ណាស់​មាន​សមាជិក​សភា​អាល្លឺម៉ង់​ច្រើន​នាក់​ ដែល​គាំទ្រ​ខ្លាំង​ដល់​សិទ្ធិ​មនុស្ស​ ជា​ពិសេស​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន ដូច​ដែល​លោក​អ្នក​ឃើញ​មាន​ក្នុង​សភា​ស.រ.អ.​ដែរ»។

អ្នកស្រី Gyde Jensen ដែល​តំណាង​តំបន់​ខាង​ជើង​បំផុត​នៃ​ប្រទេស​អាល្លឺម៉ង់​ ជា​សមាជិកា​សភា​ម្នាក់​ដែល​ទ្រទ្រង់​ខ្លាំង​ដល់​សិទ្ធិ​មនុស្ស។ ដោយ​ត្រូវ​គេ​ចាត់​ទុក​ថាជា​អ្នក​នយោបាយ​ម្នាក់​កំពុង​ល្បី​ឈ្មោះ​អ្នកស្រី Gyde Jensen អាយុ៣១ឆ្នាំ​ ជា​ប្រធាន​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​សភា​អាល្លឺម៉ង់។

អ្នកស្រី​បាន​បង្ហោះ​ដោយ​មោទនភាព​នូវ​រូបថត​របស់​អ្នកស្រី​ជាមួយ​សកម្មជន​ហុងកុង​ម្នាក់​ តាម​គណនី Twitter អ្នកស្រី​ហើយ​អ្នក​ស្រី​មាន​ជំនឿ​ថា ​ប្រទេស​អាល្លឺម៉ង់​គួរ​កុំ​ឱ្យ​ក្រុមហ៊ុន Huawei ចូល​ក្នុង​ផែនការ​ 5G របស់​ខ្លួន។

រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ស្វាគមន៍អធិការបតី​អាល្លឺម៉ង់លោកស្រី Angela Merkel នៅវិមានរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ស្វាគមន៍អធិការបតី​អាល្លឺម៉ង់លោកស្រី Angela Merkel នៅវិមានរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨។

សមាជិក​ល្បី​ឈ្មោះ​ក្នុង​ចំណោមមជ្ឈដា្ឋនអ្នក​សិក្សា​ស្រាវជ្រាវ​ក៏​បាន​គាំទ្រ​ដល់​បុព្វហេតុ​នេះ​ដែរ។

លោក Andreas Fulda ជា​អ្នក​វិទ្យាសាស្ត្រ​សង្គម​និង​នយោបាយអាល្លឺម៉ង់​ បាន​ធ្វើ​ញត្តិ​មួយ​កាល​ពី​ខែ​ឧសភា ​អំពាវនាវ​ឱ្យ​មាន​ការ​ពិនិត្យ​សើរើ​ជា​ថ្មី​អំពី​ការ​ទាក់ទង​ជា​មួយ​ចិន។

លោក​បាន​និយាយ​ថា៖ «រដ្ឋាភិបាល​អាល្លឺម៉ង់​កាល​ពី​ពេល​មុនៗ​ និង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាន​ផ្តល់​អាទិភាព​ដល់​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន​លើ​អត្ថប្រយោជន៍​ជាតិ​ឯ​ទៀតៗ​ នៃ​ប្រទេស​អាល្លឺម៉ង់ ជា​ឧទាហរណ៍​ ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ជា​ដើម»។

​លោក Andreas Fulda បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​តាម​អ៊ីមែល​ថា ​ជា​យូរយាមក​ហើយ​ការ​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ពា​ណិជ្ជកម្ម​ក្រៅប្រទេស ​ស្ថិត​ក្នុងអាទិភាពចម្បងមួយ​នៃ​គោលន​យោបាយ​របស់​អាល្លឺម៉ង់​ចំពោះ​ប្រទេស​ចិន។ សំឡេង​របស់​សាជីវកម្ម​បាន​ត្រូវ​បំពង​ខ្លាំង​នៅ​ក្នុង​ទំនាក់ទំនង​សាធារណៈ «ដោយផ្តល់​សារៈសំខាន់​ខ្លាំង​ដល់​ផ្សារ​ចិន​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ» ដើម្បី​បង្ហាញ​ថា​ ពាណិជ្ជកម្ម​និង​វិនិយោគ ​«ជា​មួយ​ប្រទេស​ចិន​កាន់​អំណាច​ផ្តាច់ការ»​ ជា​ការ​ធ្វើ​ត្រូវ។

ចំណែកឯ​ប្រទេសចិន​វិញចូលចិត្ត​រំឭក​ប្រជារាស្ត្រ​អឺរ៉ុប ​អំពី​អត្ថប្រយោជន៍​សេដ្ឋកិច្ច​នៃ​ការ​ទាក់ទង​គ្នា​នេះ។ នៅ​មុន​ការ​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៤ ខែ​កញ្ញា ​រដ្ឋាភិបាល​ប៉េកាំង​ បាន​ប្រកាស​ថា ​ឧស្សាហកម្ម​រថយន្តអាល្លឺម៉ង់​ បាន​ចំណេញ​ច្រើន​ក្នុង​ប្រទេស​ចិន​ នៅ​ពេលធុរកិច្ច​នៅ​កន្លែង​ឯ​ទៀតៗ​បាន​ចុះ​ថមថយ​ ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។

អត្ថបទ​មួយ​បោះពុម្ព​ផ្សាយ​ កាលពី​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ នៅ​ក្នុង​សារព័ត៌មាន Global Times ដែលជា​សាខា​មួយ​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​ចិន​ បានសរសេរ​ថា៖ «មហា​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​បាន​បង្កើន​ការ​លក់​ផលិតកម្ម​ខ្លួន​ក្នុង​ប្រទេសចិន ដោយ​ក្រុមហ៊ុន Mercedes-Benz មាន​កំណើន​ការលក់ឡាន ​២១,៦ ​ភាគ​រយ ​ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ​ ប្រៀប​ធៀប​ជា​មួយ​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​ទៅ​មិញ។​ ចំណែក​ឯ​ការ​លក់​រថយន្ត​របស់ក្រុមហ៊ុន​នេះ​ក្នុង​អឺរ៉ុប​ បាន​ចុះ​ថយ ​៣១,៥​ ភាគរយ​ក្នុង​ពាក់កណ្តាល​ទី​មួយ​នៃឆ្នាំ​នេះ»។

ចំណែក​ឯ​ប្រទេស​អាល្លឺម៉ង់វិញ ​បាន​ប្រកាស​ថា​ ប្រទេស​ចិន​ជា​ទីដៅ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ខ្លួន​ទៅ​លក់​ច្រើន​ជាង​កន្លែង​ឯ​ទៀតៗ ​ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ​ទៅ​ទៀត។

ពលរដ្ឋ​ចិន​ដែល​បញ្ចេញ​មតិ​តាម​អនឡាញខ្លះ​ និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កើន​ការ​ទិញ​ទំនិញ​ពី​ប្រទេស​អាល្លឺម៉ង់​ ជាវិធានការ​យុទ្ធសាស្ត្រ​មួយ ដើម្បី​រក្សា​មិត្តភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង។ ពលរដ្ឋ​ចិន​ម្នាក់​បានសរសេរ​ថា បើ​មិន​ដូច្នេះ​ទេ ប្រទេស​ជាតិ​ទាំង​អស់នៅ​អឺរ៉ុប​ «នឹង​ធ្វើ​តាម​ប្រធាន​ព្រឹទ្ធសភា​ Czech» ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ទៅ​កាន់​កោះ​តៃវ៉ាន់។

លោក Milos Vystrcil ប្រធាន​ព្រឹទ្ធសភា​ Czech បាន​ដឹក​នាំ​គណៈប្រតិភូ Czech មួយ​មាន​សមាជិក ​៨៩ ​នាក់​ ទៅ​កាន់​ក្រុងតៃប៉ិ​កោះ​តៃវ៉ាន់​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ ​ដែល​បាន​ត្រូវ​ព៌ណនា​ថា​ជា​ការផ្តល់​កិត្តិយស​ជូនស្មារតី​លោក Vaclav Havel ប្រធានាធិបតី Czech ទី​មួយ ​ជាប់​ឆ្នោត​តាម​រយៈ​លទ្ធិប្រជាធិបតេយ្យ​ នៅ​ក្រោយ​ការ​បែក​បាក់​ប្លុកសូវៀត​ កាល​ពី​ ៣០ ឆ្នាំ​មុន​នេះ។

លោក Milos Vystrcil​ បាន​មាន​ប្រសាសន៍​មុន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​នេះ​ថា «ទស្សនៈ​របស់​ខ្ញុំ​គឺ​ថា​ ប្រសិន​បើ​យើង​ផ្តោត​ការ​យកចិត្ត​ទុកដាក់តែ​លើ​ប្រាក់កាស​ យើង​នឹង​ខាតបង់​ទាំង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​យើង​ និង​ទាំង​លុយ​កាក់​ផងដែរ»។

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG