ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​និង​ប្រទេស​ចិន​បន្ត​ប្តេជ្ញាចិត្ត​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាស​ធាតុ


ក្រុម​បាតុករ​កាន់​បដា​ធ្វើ​ការ​តវ៉ា​ប្រឆាំង​​នឹង​ការ​ដក​ខ្លួន​របស់​អាមេរិក​ពី​កិច្ច​ព្រម​ព្រៀង​ស្តីពី​បម្រែបម្រួល​អាកាស​ធាតុ នៅ​មុខ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​២ ខែមិថុនា។
ក្រុម​បាតុករ​កាន់​បដា​ធ្វើ​ការ​តវ៉ា​ប្រឆាំង​​នឹង​ការ​ដក​ខ្លួន​របស់​អាមេរិក​ពី​កិច្ច​ព្រម​ព្រៀង​ស្តីពី​បម្រែបម្រួល​អាកាស​ធាតុ នៅ​មុខ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​២ ខែមិថុនា។

សហភាព​អឺរ៉ុបនិង​ប្រទេស​ចិន​បាន​ប្តេជ្ញា​ចិត្ត​សាជា​ថ្មី​ដល់​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស​ឆ្នាំ​២០១៥ ​មួយ​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិកបាន​ប្រកាស​ថា ​ខ្លួន​នឹង​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ។

សេចក្តី​ថ្លែង​ការណ៍​រួមគ្នា​មួយ​រវាង​សហភាព​អឺរ៉ុប​និង​ចិន​ ថែម​ទាំង​និយាយ​ថា ការ​ប្រែ​ប្រួល​អាកាស​ធាតុ​និង​ថាមពល​ស្អាត​«នឹង​ក្លាយ​ជា​សរសរស្តម្ភ​នៃ​ភាព​ជាដៃ​គូទ្វេ​ភាគី​របស់​ពួកគេ‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយករដ្ឋ​មន្រ្តី​ចិន​ Li Keqiang ​នៅ​ក្នុង​សន្និសីទ​កំពូល​រវាង​ស​ហភាព​អឺរ៉ុប​និង​ចិន​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល។

លោក ​Donald Tusk ​ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប ​បាន​និយាយ​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​នឹង​បន្ត​ដោយ​មាន​ឬ​មិនមាន​សហរដ្ឋ​អាមេរិក។

លោក Donald Tusk ​ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប ​បាន​និយាយ​ទៀត​ថា៖ «ថ្ងៃ​នេះ​ចិន​និង​អឺរ៉ុប​បាន​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​ជំនាន់​មនុស្សថ្ងៃ​អនាគត​និង​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​សម្រាប់​ផែនដី​ទាំង​មូល។ យើងជឿ​ជាក់​ថា ការ​សម្រេចកាល​ពី​ថ្ងៃ​ម្សិលមិញ​ជា​កំហុស​មួយ‍»។

លោក​នាយក​រដ្ឋមន្រ្តី​ចិន​លី​បាន​និយាយ​ថា ការ​ប្តេជ្ញា​នេះ​សំខាន់​បំផុត​សម្រាប់កិច្ច​សហ​ប្រតិបត្តិការ​រវាង​ចិន​និង​សហភាព​អឺរ៉ុប​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​កាន់​តែ​ខ្លាំង​ឡើង។

លោកនាយក​រដ្ឋ​មន្រ្តី​ចិន​និយាយ​ទៀត​ថា៖ «យើង​ជឿ​ជាក់​ថា ​មានការ​ផ្លាស់ប្តូរ​ក្នុង​ស្ថាន​ភាព​អន្តរជាតិ​ហើយ​នឹង​មាន​ការ​លេច​ចេញ​ឡើង​នូវ​កត្តា​មិន​ប្រាកដ​ប្រជា​និង​អស្ថេភាព។ ការណ៍​នេះ​តម្រូវឲ្យ​មាន​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​យើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​ស្រាប់​នេះ‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG