ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប៖ ​Brexit ​មិន​ធ្វើ​ឱ្យ​តួនាទី​អឺរ៉ុប​នៅ​កម្ពុជា​រង្គោះ​រង្គើ​នោះ​ទេ


លោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា នៅក្នុងការិយាល័យរបស់លោកក្នុងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
លោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា នៅក្នុងការិយាល័យរបស់លោកក្នុងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

លោក​ឯក​អគ្គរដ្ឋ​ទូត ​George ​Edgar ​បាន​ថ្លែង​ថា ​សកម្ម​ភាព​នានា​របស់​អឺរ៉ុប​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ​ដូច​ជា​កម្ពុជា​ នឹង​មិន​រង​ផល​ប៉ះ​ពាល់​ពី​អន្តរ​កាល​នេះ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ ​ប្រទេស​អង់គ្លេស​បាន​ប្រកាស​ចាប់​ផ្ដើម​ដំណើរ​ការ​ចរចា​ដើម្បី​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវ​ការ​ ជាមួយ​នឹង​ក្ដី​កង្វល់​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​បញ្ហា​សកលលោក​ថា ​ការ​ចាក​ចេញ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​តួនាទី​របស់​សហភាព​អឺរ៉ុប​ក្នុង​បេសក​កម្ម​សកល​របស់ខ្លួន។

​ក្នុង​កិច្ចសន្ទនា​ដាច់​ដោយ​ឡែក​មួយ ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ជាមួយ​វិទ្យុ​សំឡេងសហរដ្ឋ​អាមេរិកផ្នែក​ខេមរ​ភាសា លោក​ឯក​អគ្គរដ្ឋ​ទូត ​George ​Edgar ​បាន​ថ្លែង​ថា ​សកម្ម​ភាព​នានា​របស់​អឺរ៉ុប​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ​ដូច​ជា​កម្ពុជា​ នឹង​មិន​រង​ផល​ប៉ះ​ពាល់​ពី​អន្តរ​កាល​នេះ​នោះ​ទេ។​

​ក្នុង​ពេល​ដែល​មហាជន​អង់គ្លេស​រាប់​សិប​លាន​នាក់​បាន​សម្ដែង​មតិ​តាម​រយៈ​សំឡេង​ឆ្នោត​របស់​ពួក​គេ​អំឡុង​ពេល​មាន​ការ​រៀប​ចំ​ប្រជា​មតិ​អំពី​អនាគត​របស់​ចក្រភព​អង់គ្លេស​នៅ​ក្នុង​សហភាព​អឺរ៉ុប ​លោក​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​George ​Edgar ​កំពុង​មមាញឹក​បង្ហើយ​ការងារ​ ដែល​នៅ​សេស​សល់​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ឯ​រាជធានី​ភ្នំពេញ។

លោក​ឯក​អគ្គ​រដ្ឋ​ទូត​ ក្នុង​បេសក​កម្ម​សម្រាប់​សហភាព​អឺរ៉ុប​នេះ ​ក្នុង​នាម​ជា​ពលរដ្ឋ​អង់គ្លេស​មួយ​រូប​ដែរ​ ក៏​បាន​ចូល​រួម​បោះ​ឆ្នោត​ពី​ចម្ងាយ​ផង​ដែរ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​ជា​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់​គ្លេស​មួយ​នេះ។ ​ប៉ុន្តែ​លទ្ធផល​បោះ​ឆ្នោត​ដែល​ត្រូវ​ប្រកាស​បាន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

លោក ​Edgar ​ប្រាប់​វីអូអេ ​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖​

«ក្នុង​កាល​វេលា​ពេល​នេះ ​ក្នុង​នាម​ជា​ពលរដ្ឋ​អង់គ្លេស​ម្នាក់​ ដែល​កំពុង​ធ្វើការ​ឱ្យ​សហភាព​អឺរ៉ុប​នេះ​ គ្មាន​អាថ៌កំបាំង​ទេ​ថា​ ខ្ញុំ​គាំទ្រ​ឱ្យ​អង់គ្លេស​ស្ថិត​នៅ​ជា​បន្ត​ជាមួយ​សហភាព​អឺរ៉ុប។ ​មែន​ទែន​ទៅ ​កាល​នោះ​ខ្ញុំ​ធានា​ថា​ ខ្លួន​ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​បោះឆ្នោត​ក្នុង​ប្រជាមតិ​នោះ ​ក៏​ប៉ុន្តែ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ​និង​ខក​ចិត្ត​ជា​ពន់​ពេក​ចំពោះ​លទ្ធផល​ប្រជាមតិ​ដែល​ត្រូវ​បាន​ប្រកាស»។​

ក្រុម​បាតុករ​នាំ​គ្នា​ដើរ​ហែរក្បួនតវ៉ា​ប្រឆាំង​នឹង​ការ​ចាកចេញ​របស់​ចក្រភពអង់គ្លេស​ពី​សហភាពអឺរ៉ុប នៅ​ទីក្រុងឡុងដ៍ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
ក្រុម​បាតុករ​នាំ​គ្នា​ដើរ​ហែរក្បួនតវ៉ា​ប្រឆាំង​នឹង​ការ​ចាកចេញ​របស់​ចក្រភពអង់គ្លេស​ពី​សហភាពអឺរ៉ុប នៅ​ទីក្រុងឡុងដ៍ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

លទ្ធផល​ប្រជា​មតិ​ដ៏​ប្រកៀក​ប្រកិត ​កាលពី​ខែ​មិថុនា​ឆ្នាំ​ទៅនោះ​ បង្ហាញ​ថា ប្រជាជន​អង់គ្លេស​ភាគ​ច្រើន​ដាច់​ខាត​ចង់​ឱ្យ​ចក្រភព​មួយ​នេះ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។

លទ្ធផល​បោះឆ្នោត​នេះ​នាំ​ឱ្យ​លោក David ​Cameron ​(ដាវីដ ​កាមេរ៉ុន) ចាក​ចេញ​ពី​តំណែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​នា​គ្រា​នោះ។ ​លោក​គាំទ្រ​ឱ្យ​អង់គ្លេស​នៅ​បន្ត​ជាមួយ​សហភាព​អឺរ៉ុប ​ហើយ​លោក​ចិត្ត​សឿង​បើក​ឱ្យ​មាន​ប្រជាមតិ​ចង់​ឈ្នះ​ចង់​ចាញ់​ជាមួយ​ឥស្សរជន​នយោបាយ​ស្ដាំ ​និង​ប្រជានិយម​គឺ​លោក Nigel ​Farage​ (ណៃជែល ​ហ្វារ៉ាច) ដែល​ដឹកនាំ​យុទ្ធនាការ​ទាមទារ​ឱ្យ​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប ​ជាមួយ​នឹង​ហេតុ​ផល​ចង់​បាន​អធិបតេយ្យ​ភាព និង​អំណាច​ឯករាជ្យ​ក្នុង​ការ​សម្រេច​ចិត្ត​ជា​សមូហ​ភាព​នានា​ ត្រឡប់​មក​វិញ។​

ក្រោយ​បាន​ចំណាយ​រយៈពេល​៩​ខែ​ ក្នុង​ការ​បញ្ចុះ​បញ្ចូល​សភា​ទាំង​ពីរ ​និង​ទទួល​ព្រះ​រាជា​នុញ្ញាត​ពី​សំណាក់​ព្រះមហា​ក្សត្រី ​Elizabeth II ​បាន​ដោយ​ជោគជ័យ​ ​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី ​Theresa ​May (ថេរសា ម៉េយ៍)​ បាន​ប្រកាស​ពីការ​ចាប់​ផ្ដើម​ដំណើរ​ការ​ចាក​ចេញ​ជា​ផ្លូវ​ការ​របស់​អង់​គ្លេស​ពី​សហភាព​អឺរ៉ុប ​(Brexit) ​ក្នុង​សប្ដាហ៍​នេះ។​

លោកស្រី​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ​Theresa ​ក្នុង​ទឹក​មុខ​រឹង​មាំ ​និង​ម៉ឺងម៉ាត់ៗ​ បាន​ថ្លែង​ប្រាប់​ទៅ​កាន់​សភា​ជាន់​ទាប​របស់​អង់គ្លេស ​ក្នុង​ទីក្រុង​ឡុងដ៍ ​កាល​ពី​ថ្ងៃ​ពុធ​ថា៖​

«នីតិ​វិធី​នៃ​ការ​អនុវត្ត​មាត្រា​៥០​ អំពី​ដំណើរ​ចាក​ចេញ​កំពុង​ដំណើរការ​ហើយ​ ស្រប​តាម​ឆន្ទៈ​ចង់​បាន​របស់ប្រជាជន​អង់គ្លេស ​ប្រទេស​អង់គ្លេស​សម្រេច​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប»។​

ឆ្លើយ​តប​នឹង​សំណួរ​តាម​សារ​អេឡិចត្រូនិច​របស់​វីអូអេ ​លោក​បណ្ឌិត​ អៀ សុផល អ្នក​ជំនាញ​កិច្ចការ​នយោបាយ​អន្តរជាតិ ​នៅ​សាកល​វិទ្យាល័យ ​Occidental ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​នូវ​ការ​វិភាគ​របស់​លោក​ថា៖​

«Brexit ​ជា​សញ្ញា​នៃ​ការ​កើន​ឡើង​នៃ​ចលនា​ជាតិ​និយម ​និង​គំនិត​អវិជ្ជមាន​ចំពោះ​ជាតិ​សាសន៍​ផ្សេង​ទៀត។ ​វា​មាន​លក្ខណៈ​អាក្រក់​សម្រាប់​សហភាព​អឺរ៉ុប ​ក៏​ដូច​ជា​ប្រទេស​លោក​ខាងលិច»។​

លោក​បណ្ឌិត ​អៀ សុផល​ បាន​បន្ថែម​ទៀត​ថា ​តួនាទី​របស់​លោក​ខាង​លិច ​ក៏​ដូច​ជា​សហភាព​អឺរ៉ុប ​នៅ​មិន​ទាន់​ផ្លាស់​ប្ដូរ​ភ្លាមៗ​បាន​នៅ​ឡើយ​ទេ ​បើ​ទោះ​ជា​មាន​ហេតុ​ការណ៍​ផ្លាស់​ប្ដូរ​ក្រឡាប់​ចាក់​ក្នុង​ចរន្ត​ស្រដៀង​គ្នា ​នៅ​ឯ​សហរដ្ឋ​អាមេរិក ទី​ដែល​បេក្ខជន​អភិរក្ស​និយម​មក​ពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​ ដូណាល់ ត្រាំ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​យ៉ាង​ណា​ក្ដី។​

ដូច​គ្នា​នេះ​ដែរ​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ផ្នែក​ខេមរ​ភាសា ​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ Edgar ​ក៏​បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​ជឿ​ជាក់​របស់​លោក​ផង​ដែរ​ថា ​ការ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​នឹង​ក្លាយ​ទៅ​ជា​កម្លាំង​ចិត្ត​ឲ្យ​រដ្ឋ​ ដែល​បន្ត​នៅ​ជា​សមាជិក​ ខិត​ខំ​ស្រវា​ស្រទេញ​បន្ត​នាំ​សហភាព​អឺរ៉ុប​ឆ្ពោះ​ទៅ​មុខ​បន្ត​ទៀត។

លោក ​Edgar ​បាន​ថ្លែង​ដូច្នេះ​ដែរ​ថា៖ «មាន​មូលហេតុ​ផ្ទាល់​ខ្លួន​មួយ​ពី​ដើម​ទី ​ដែល​ទាក់​ចិត្ត​ឱ្យ​ខ្ញុំ​ចូល​ធ្វើការ​ជាមួយ​សហភាព​អឺរ៉ុប​គឺ​ថា ​សហភាព​អឺរ៉ុប​ទាំង​មូល​មាន​កិត្តិនាម ​និង​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរ​ជាតិ ​ដែល​មាន​ទំហំ​ធំ​ជាង​ឥទ្ធិពល​ដែល​ប្រទេស​សាម៉ី​មួយ​ប្រព្រឹត្ត​តែ​ឯកឯង។ ​ហើយ​ការណ៍​នេះ​នឹង​នៅ​តែ​បន្ត​អានុភាព​របស់​វា ​បើ​ទោះ​ជា​អង់គ្លេស​ចាក​ចេញ​យ៉ាង​ណា​ក្ដី ​ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​មាន​ការ​ជឿ​ជាក់​យ៉ាង​ជ្រាល​ជ្រៅ​ជា​ទី​បំផុត»។

បើ​ទោះ​ជា​មាន​អ្វី​កើត​ឡើង​នៅ​អឺរ៉ុប​យ៉ាង​ណាក្ដី​ លោក ​Edgar ​និយាយ​ថា​ លោក​នៅ​តែ​ផ្ដោត​លើ​ការងារ និង​តួនាទី​ចំពោះ​មុខ​នៅ​ប្រទេស​កម្ពុជា ​ទី​ដែល​សហភាព​អឺរ៉ុប​មាន​ចំណែក​ក្នុង​ការ​ចូលរួម​ផ្ដល់​ជំនួយ​ដល់​ដំណើរការ​ប្រជាធិបតេយ្យូបនីយ​កម្ម​ កំណែ​ទម្រង់​ការ​បោះឆ្នោត ​វិស័យ​អប់រំ​សិក្សាធិការ ​និយ័ត​កម្ម​ការ​នេសាទ ​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​និង​ដំណើរ​ការ​វិសហមជ្ឈការ​អំណាច។

«ចំណុច​ទាំង​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ ​គឺ​ជា​បញ្ហា​ស្នូល​នៃ​ការងារ​របស់​យើង​នៅ​ទីនេះ ​ហើយ​មិន​រង​ផល​ប៉ះពាល់​អ្វី​ពី​សំណាក់​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​ប្រទេស​អង់គ្លេស ​ឬ​ក៏​ហេតុ​ការណ៍​ដទៃ​ទៀត​ ដែល​កំពុង​តែ​កើត​ឡើង​នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​នេះ​នោះ​ទេ»។​

សហភាព​អឺរ៉ុប ​ប្រទេស​ជប៉ុន ​និង​ប្រទេស​ចិន​ បាន​នឹង​កំពុង​ផ្ដល់​ជំនួយ​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​ ដើម្បី​អនុវត្ត​ដំណើរ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​គុណភាព​នៃ​ប្រព័ន្ធ​បោះ​ឆ្នោត​ និង​ភាព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​នៃ​ការ​បោះឆ្នោត។

ដំណាក់​កាល​ដំបូង​នៃ​កំណែ​ទម្រង់​បោះឆ្នោត​ ដែល​ចាប់​ផ្ដើម​ជាមួយ​ការ​ចុះ​បញ្ជី​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ​បាន​កត់​ត្រា​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សរុប​៧,៨​លាន​នាក់ ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ។​

«យើង​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​គ.ជ.ប. ​ជា​បឋម ​ដើម្បី​ប្រមូល​កសាង​បញ្ជី​បោះ​ឆ្នោត​ថ្មី ​ហើយ​ការ​អនុវត្ត​ការងារ​ដែល​ត្រូវ​បាន​បញ្ចប់​នេះ ​ខ្ញុំ​គិត​ថា ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ ​និង​ប្រកប​ដោយ​វិជ្ជា​ជីវៈ​បំផុត​ដោយ​គ.ជ.ប.»។​

រូបឯកសារ៖ មន្ត្រី​ជាន់ខ្ពស់​របស់​សហភាព​អ៊ឺរ៉ុប​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​សិន្និកាសែត​មួយ​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី២២ ខែ​ឧសភា ឆ្នាំ២០១៥ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ចំហរ​ឲ្យមាន​ការ​ផ្តល់​យោ​បល់​បន្ថែម​ទៀត​លើ​សេចក្តី​ព្រាងច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាលដ៏​ចម្រូង​ចម្រាស។ (នៅ វណ្ណារិន/VOA Khmer)
រូបឯកសារ៖ មន្ត្រី​ជាន់ខ្ពស់​របស់​សហភាព​អ៊ឺរ៉ុប​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​សិន្និកាសែត​មួយ​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី២២ ខែ​ឧសភា ឆ្នាំ២០១៥ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ចំហរ​ឲ្យមាន​ការ​ផ្តល់​យោ​បល់​បន្ថែម​ទៀត​លើ​សេចក្តី​ព្រាងច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាលដ៏​ចម្រូង​ចម្រាស។ (នៅ វណ្ណារិន/VOA Khmer)

គ.ជ.ប. ​ដែល​បាន​រុះ​រើ​សមាសភាព​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​កំពូល​ឆ្នាំ​២០១៤​ ត្រូវ​បាន​ដឹកនាំ​ដោយ​សមាជិក​៩រូប​ដែល​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ ​និង​មជ្ឈដ្ឋាន​ឯករាជ្យ ​ហើយ ​គ.ជ.ប.​ទទួល​បន្ទុក​រៀប​ចំ​ការងារ​បោះ​ឆ្នោត​ដ៏​សំខាន់​នៅ​ឆ្នាំ​នេះ ​និង​នៅ​ឆ្នាំ​ក្រោយ​ដែល​នឹង​មាន​ការ​ប្រកួត​ប្រជែង​ដ៏​តឹង​តែង។

យ៉ាង​ណា​ក្ដី បរិយាកាស​នៅ​មុន​ការ​បោះ​ឆ្នោត​ហាក់​មាន​សភាព​អួរអាប់។ ​មាន​សមាជិក​គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស ​និង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល ​សរុប​ជិត​៣០​នាក់​កំពុង​ជាប់​ពន្ធនាគារ​តាម​បទ​ចោទ​ផ្សេងៗ​ពី​គ្នា ​រាប់​ចាប់​តាំង​ពី​បទ​បរិហារ​កេរ្តិ៍ ​ញុះញង់ ​សូកប៉ាន់ ​និង​បង្ក​អស្ថិរភាព​ជាដើម ​ជា​បទ​ចោទ​ដែល​សូម្បី​តែ​លោក​ Edgar ​មើល​ឃើញ​ថា​ «ជា​សំណុំ​រឿង​ដែល​ទំនង​មាន​ចរិត​នយោបាយ»។​

ក្នុង​ចំណោម​អ្នក​ជាប់​ទោស​ទាំង​នោះ ​រួម​មាន​អគ្គ​លេខាធិការ​រង​គ.ជ.ប.​គឺ​លោក ​នី ​ចរិយា ​ដែល​ជា​សមាជិក​ដ៏​មាន​សក្ដានុពល​មក​ពី​មជ្ឈដ្ឋាន​ឯករាជ្យ ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​នយោបាយ​ក្នុង​ស្លាប​បច្ចេកទេស​នៃស្ថាប័ន​គ.ជ.ប.​ទាំង​មូល។ ​រីឯ​សមាជិក​គ.ជ.ប.​ម្នាក់​ទៀត​ដែល​មក​ពី​កូតា​គណ​បក្ស​ប្រឆាំង​គឺ​អតីត​សកម្ម​សិទ្ធិ​មនុស្ស ​លោក ​រ៉ុង ​ឈុន ​ក៏​កំពុង​បំពេញ​ការងារ​ទាំង​មាន​បណ្ដឹង​រុំ​ខ្លួន​នៅ​តុលាការ​ផង​ដែរ។

ស្ថាន​ការណ៍​ឈាន​ដល់​ចំណុច​ទាប​បំផុត​កាល​ពី​ខែ​កក្កដា ​ពេល​ដែល​អ្នក​អត្ថាធិប្បាយ​នយោបាយ​ដ៏​មាន​ប្រជា​ប្រិយភាព​គឺ​លោក ​កែម ឡី ​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ក្នុង​ហាង​កាហ្វេ​ដ៏​មមាញឹក​មួយ​កណ្ដាល​រាជ​ធានី​ភ្នំពេញ ជា​ព្រឹត្តិការណ៍​ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​ចាត់​ទុក​ថា​ ជា​«ឃាត​កម្ម​នយោបាយ» ​ដោយ​សារ​តែ​ការ​រិះគន់​មិន​សំចៃ​មាត់​របស់​អ្នក​វិភាគ​រូប​នេះ ​ទៅ​លើ​ស្ថាប័ន​អំណាច​នយោបាយ​ធំៗ​នៅ​កម្ពុជា។

កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀត​សោត ​ក្រុម​សមាជិក​សភា​នៃ​គណបក្ស​កាន់​អំណាច​បាន​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ​ដោយ​បន្ថែម​ខ្លឹម​សារ​មាត្រា​គតិ​យុត្តិ​ផ្ដល់​ដល់​ក្រសួង​មហាផ្ទៃ ​និង​តុលាការ​កំពូល​នូវ​សិទ្ធិ​អំណាច​រំលាយ​គណបក្ស​ដែល​ប្រព្រឹត្ត​ទង្វើ​នាំ​ឲ្យ​«បែក​បាក់​ជាតិ» និង​មាន​«ចរឹត​ញុះ​ញង់»។

ដោយ​រង​ឥទ្ធិពល​នៃ​ច្បាប់​ថ្មី​នេះ ​លោក​សម ​រង្ស៊ី​ ត្រូវ​បង្ខំ​ចិត្ត​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​បើក​ផ្លូវ​ឱ្យ​គណបក្ស​នេះ​កោះ​ប្រជុំ​សមាជ​ដើម្បី​រើស​ប្រធាន​ថ្មី​របស់​គណបក្ស​គឺ​លោក​ កឹម ​សុខា ​ដែល​នីត្យានុកូល​ភាព​នៃ​សមាជ ​និង​ភាព​ស្រប​ច្បាប់​នៃ​តំណែង​ប្រធាន​របស់​លោក​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ក្នុង​ដៃ​ក្រសួង​មហាផ្ទៃ ​តាម​ខ្លឹម​សារ​នៃ​វិសោធន​កម្ម​ច្បាប់​គណបក្ស​តែ​ទើប​តែ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម។

លោក​ឯក​អគ្គ​រដ្ឋ​ទូត ​Edgar ​បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ ​ចំពោះ​ស្ថានការណ៍​នយោបាយ​បែប​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ទី​ដែល​ពន្លក​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​កំពុង​តែ​លូត​លាស់ ​ដោយ​លោក​បាន​ថ្លែង​ដូច្នេះ​ថា៖

«ដូច​ដែល​លោក​បាន​លើក​ឡើង​ ស្ថានការណ៍​នយោបាយ​មាន​លក្ខណៈ​ស្មុគ្រ​ស្មាញ​ ... ​យើង​ពិត​ជា​ចង់​ឃើញ​បរិយាកាស​មួយ​ដែល​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​ការ​ប្រកួត​ប្រជែង​តាម​សន្លឹក​ឆ្នោត ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់ ​ពី​ព្រោះ​វា​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ​សេរី​ពហុ​បក្ស ​ដែល​សូម្បី​តែ​កម្ពុជា​ខ្លួន​ឯង​ក៏​បាន​បញ្ជាក់​ច្បាស់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កំពូល​របស់​ខ្លួន​ដែរ»។

លោក ​Edgar ​ក៏​បាន​បន្ថែម​ដែរ​ថា​ វា​ជា​«កាតព្វកិច្ច»​របស់​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​ធានា​ថា​ គ្រប់​គណបក្ស ​និង​បេក្ខជន​ដែល​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ទាំង​អស់​ ទទួល​ឱកាស​ស្មើ​គ្នា ​និង​មាន​ការ​ធានា​សន្តិ​សុខ​សម្រាប់​ពួក​គេ ​ដើម្បី​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ ​និង​ជជែក​អំពី​គោល​នយោបាយ​បាន​ដោយ​សេរី៕

XS
SM
MD
LG