តំណាងបុគ្គលិកសណ្ឋាគារធំៗចំនួន២នៅទីក្រុងភ្នំពេញ បានដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ឱ្យពិនិត្យលើវិវាទ និងលក្ខខណ្ឌការងារដែលកំពុងជាប់គាំង និងបង្កផលប៉ះពាល់លើអត្ថប្រយោជន៍ផ្សេងៗ។
នៅក្នុងការដាក់ញត្តិនាព្រឹកថ្ងៃព្រហស្បតិ៍នេះ តំណាងបុគ្គលិកមកពីសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana) និងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) ប្រមាណ៣០នាក់ បានមកប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី នាទីក្រុងភ្នំពេញ។
បើតាមអ្នកសហជីពនៅក្នុងសណ្ឋាគារកាបូឌីយ៉ាណា និងញត្តិដែលជូនរដ្ឋមន្ត្រីក្រសួងការងារ បុគ្គលិកបានស្នើឱ្យសណ្ឋាគារកាំបូឌីយ៉ាណា អនុញ្ញាតឱ្យលោកទូច កុសលប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាចូលរួមចរចាអនុសញ្ញារួម ព្រោះវត្តមានរបស់លោកមានសារៈសំខាន់ដល់ការការពារប្រយោជន៍បុគ្គលិក។
ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារកាំបូឌីយ៉ាណា លោក នុត រ៉ានី ប្រាប់វីអូអេថា បុគ្គលិកសណ្ឋាគារចង់បានប្រធានសហព័ន្ធចូលរួមចរចារកផលប្រយោជន៍ជូនពួកគេ ប៉ុន្តែម្ចាស់សណ្ឋាគារមិនព្រម ដែលជាហេតុនាំឱ្យមានការដាក់ញត្តិទៅរដ្ឋមន្ត្រីការងារឱ្យជួយធ្វើអន្តរាគមន៍ និងផ្តល់ដំណោះស្រាយដើម្បីបំបែកភាពជាប់គាំងក្នុងការបង្កើតអនុញ្ញារួមនៅឆ្នាំនេះ។
លោកថ្លែងថា៖ «ខ្ញុំគ្រាន់តែសំណូមពរសុំឱ្យធ្វើម៉េច ឱ្យរដ្ឋមន្រ្តីជួយដោះស្រាយរឿងបញ្ហាទុក្ខកង្វល់របស់កម្មករនិយោជិតបុគ្គលិកកម្មករនិយោជិតកាំបូឌីយ៉ាណា រឿងបញ្ហាដែលគេអត់ព្រមឱ្យប្រធានសហព័ន្ធចូលរួមក្នុងតុចរចា ដើម្បីដោះស្រាយរកផលប្រយោជន៍ជូនបុគ្គលិកបាទ»។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោកទូច កុសល ប្រាប់វីអូអេថា ភាគីសណ្ឋាគារទំនងជាបានដឹងពីភាពប៉ិនប្រសប់របស់លោកក្នុងការដោះស្រាយវិវាទការងារកន្លងមក ទើបបានជាសណ្ឋាគារមិនចង់ឱ្យមានលោកក្នុងការចរចា បើទោះបីកន្លងមកមេដឹកនាំសហព័ន្ធមុនៗ បានចូលរួមដោះស្រាយក្នុងអនុសញ្ញារួមនេះ ៦លើកហើយក៏ដោយ។
លោកថ្លែងថា៖ «សណ្ឋាគារគាត់ដឹងច្បាស់ថានៅពេលដែលការចរចានេះ មិនមានវត្តមានខ្ញុំចូលរួម អ៊ីចឹងសហជីពនឹងមិនព្រមចរចាទេ អ៊ីចឹងគាត់ដឹងអ៊ីចឹង គាត់យកលេសហ្នឹងដើម្បីរាំងខ្ទប់ដើម្បីកុំឱ្យដំណើរការចរចាទៅកើត។ អាហ្នឹង អាចវាចូលទៅក្នុងបទមួយការចរចាមិនមានភាពស្មោះត្រង់។គាត់មិនមានភាពស្មោះត្រង់ ហើយគាត់មិនចង់ផ្តល់ផលប្រយោជន៍ហ្នឹងឱ្យទៅកម្មករនិយោជិត។ ហេតុដូច្នេះហើយបានគាត់បដិសេធសមាសភាពខ្ញុំ»។
ចំណែកឯសំណុំរឿងរបស់បុគ្គលិកនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) ប្រធានសហជីពសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) លោកផាត់ សារួន ប្រាប់អ្នកសារព័ត៌មាននៅក្រៅក្រសួងការងារថា កម្មករនិយោជិតនៅសណ្ឋាគារកំពុងទាមទារឱ្យមានការចរចា លើការចុះអនុសញ្ញារួមរវាងភាគីតំណាងកម្មករ និងអ្នកគ្រប់គ្រងសណ្ឋាគារ ដែលអាចធានាអត្ថប្រយោជន៍របស់កម្មករនិយោជិត។
លោកថ្លែងថា៖ «យើងដឹងហើយថា នៅក្នុងអនុសញ្ញារួមគឺយើងមាន អត្ថប្រយោជន៍ជាច្រើន ទាក់ទងនឹងអត្ថប្រយោជន៍ជាប្រាក់ខែ ទាក់ទងនឹងសុខសុវត្ថិភាពនៅកន្លែងការងារ គឺយើងមានច្រើន។ ប៉ុន្តែបើសិនជាយើងអត់មានការចុះហត្ថលេខានៅលើអនុសញ្ញារួមទេ អ៊ីចឹង អត្ថប្រយោជន៍ទាំងអស់នោះ គឺអត់បានអនុវត្តទេ។ អ៊ីចឹង វាធ្វើឱ្យបាត់បង់អត្ថប្រយោជន៍បងប្អូនកម្មករវាច្រើន។ហើយផលប៉ះពាល់នោះគឺទាក់ទងជីវភាពពួកគាត់ដែរ ទាក់ទងជីវភាពដូចជាប្រាក់ខែហ្នឹងក៏ជីវភាពពួកគាត់ដែរ»។
បើតាមលោកផាត់ សារួន បន្ទាប់ពីបានដាក់លិខិតទៅក្រសួងការងាររួចមកនោះ តំណាងក្រសួងបានសន្យាថានឹងជួយដោះស្រាយជូនកម្មករនិយោជិតទៅតាមការស្នើសុំ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ករណីរបស់សណ្ឋាគារទាំងពីរនេះមិនមែនជាវិវាទការងារនោះទេ។
លោកថា៖«ដូច្នេះករណីនេះវាមិនមែនជាករណីវិវាទការងាររួមទេ។ វាមិនទាន់ដល់វិវាទការងាររួមដែលចរចាមិនត្រូវដែលក្រសួងត្រូវបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលឡើយ»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ករណីសណ្ឋាគារកាំបូឌីយ៉ាណាគឺ តាមគោលការណ៍ច្បាប់សហជីពមូលដ្ឋានត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងការជួបជជែក ជាមួយតំណាងនិយោជិក និងថាការទទូចសុំឱ្យលោក ទូច កុសល ដែលជាថ្នាក់ដឹកនាំសហព័ន្ធសហជីពមកជជែកជាមួយភាគីសណ្ឋាគារជំនួសនោះ គឺខុសពីគោលការណ៍ច្បាប់ ទើបធ្វើឱ្យភាគីសណ្ឋាគារបដិសេធមិនចរចា។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកគ្រប់គ្រងសណ្ឋាគារកាំបូឌីយ៉ាណា និងម្ចាស់គ្រប់គ្រងសណ្ឋាគារសូហ្វីតែលបានទេ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាអ្នកស្រី អ៊ូ ទេពផល្លីន យល់ថា វិស័យការងារនៅសណ្ឋាគារបច្ចុប្បន្ននៅតែមានការលំបាកច្រើន ព្រោះបុគ្គលិកខ្លះមិនមែនជាបុគ្គលិកពេញម៉ោង មិនមានប្រាក់ប្រចាំខែនោះទេ ខណៈខាងសណ្ឋាគារជួលឱ្យធ្វើការគិតជាម៉ោង តាមការងារដែលបានធ្វើជំនួសវិញ។ ករណីនេះធ្វើឱ្យប៉ះពាល់ដល់ពួកគេដូចជាការគាំពារ និងអត្ថប្រយោជន៍ផ្សេងៗជាដើម។ អ្នកស្រីឱ្យដឹងទៀតថា ការបៀតបៀនផ្លូវភេទដោយប្រយោលពីសំណាក់ភ្ញៀវដែលមកស្នាក់នៅក្នុងសណ្ឋាគារក៏បានកើតឡើង តែហាក់ដូចជាត្រូវបានគេមិនអើពើព្រោះភ្ញៀវត្រូវបានគេចាត់ទុកថា ជាស្តេចដែលនាំចំណូលឱ្យសណ្ឋាគារ៕
វេទិកាបញ្ចេញមតិ