ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យតាមទ្រឹស្តីមានន័យថា ប្រជាពលរដ្ឋប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីធ្វើការផ្លាស់ប្តូររដ្ឋាភិបាលដឹកនាំប្រទេស។ ទាក់ទិននឹងទស្សនៈនេះ អ្នកជំនាញយល់ថា ជ័យជំនះលើការបោះឆ្នោតដែលគណបក្សប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ាទទួលបាននោះ ឆ្លុះបញ្ជាំងឲ្យឃើញយ៉ាងច្បាស់ពីឥទ្ធិពលប្រជាពលរដ្ឋនេះ។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្រោមការដឹកនាំរបស់យោធាអស់រយៈពេលជាងបីទសវត្សរ៍។ មានមនុស្សជាច្រើនមានមន្ទិលសង្ស័យ និងភ័យខ្លាច ចំពោះការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យលើកទីមួយរបស់មីយ៉ាន់ម៉ានៅឆ្នាំ២០១៥នេះ បើទោះបីជាលោកស្រី Aung San Suu Kyi គឺជាសញ្ញាណនៃសន្តិភាព និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះក្តី។
«ខ្ញុំបានទស្សន៍ទាយថា ក្នុងការបោះឆ្នោតឆ្នាំនេះ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនឹងឈ្នះបានកៅអីនៅសភាខ្លះ តែមិនឈ្នះសំឡេងឆ្នោតច្រើនដើម្បីបង្កើតរដ្ឋាភិបាលទេ»។
លោក Aung Din ដែលជាអតីតអ្នកទោសនយោបាយនៅមីយ៉ាន់ម៉ាពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៣ និងជាអ្នកប្រឹក្សាឲ្យពហុសារព័ត៌មាន Moemaka នៅទីក្រុង San Francisco បានលើកឡើងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA។
និយាយទៅកាន់អ្នកស្តាប់នៅវិទ្យាស្ថាន Brookings នៅរដ្ឋធានីវ៉ាស៊ីនតោន អំពីប្រទេសមីយ៉ាន់ម៉ាក្រោយការបោះឆ្នោត លោក Din ឲ្យដឹងថា លោកបានភ្ញាក់ផ្អើលនឹងជ័យជំនះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រឆាំង ដែលដឹកនាំដោយលោកស្រី Aung San Suu Kyi។ លោកក៏បានបញ្ជាក់ថា ជ័យជំនះនេះក៏បង្ហាញឲ្យឃើញថា រដ្ឋាភិបាលដែលដឹកនាំដោយយោធាបានសន្និដ្ឋានខុសពីឥទ្ធិពលរបស់ប្រជាពលរដ្ឋក្នុងការទាមទារឲ្យមានការផ្លាស់ប្តូរ។
«ការខឹងសម្បា និងមិនពេញចិត្តរបស់ប្រជាជនលើរដ្ឋាភិបាលយោធាមានទំហំធំ ហើយដូចដែលយើងមើលឃើញ ការបោះឆ្នោតនេះបញ្ជាក់ថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាបានប្រឆាំងនឹងរដ្ឋាភិបាលយោធាដោយជោគជ័យ»។
ឥទ្ធិពលរបស់ប្រជាពលរដ្ឋដើម្បីការផ្លាស់ប្តូរនេះក៏កើតមានឡើងស្រដៀងគ្នានៅក្នុងការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០១៣ផងដែរ។ នេះបើយោងតាមការយល់ឃើញរបស់ លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យខាងការសិក្សាអំពីតំបន់អាស៊ីប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Leeds នៅចក្រភពអង់គ្លេស។
«ចំណុចរបត់សំខាន់គឺនៅឆ្នាំ២០១៣ យើងឃើញថា គណបក្សប្រឆាំងបានកើនសំឡេងច្រើនមែនទែន គឺកៀកនឹងគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែសំឡេងប្រជាជននៅប្រហាក់ប្រហែលគ្នាទេ តែបើគិតជាចំនួនពិតប្រាកដ វានៅតែទាបជាងគណបក្សកាន់អំណាច»។
លោក ឈាង វណ្ណារិទ្ធ បានបន្ថែមថា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ២០១៨ខាងមុខនេះ សំឡេងប្រជាពលរដ្ឋគាំទ្រគណបក្សទាំងពីរអាចឋិតក្នុងរូបភាពដដែលដូចការបោះឆ្នោតឆ្នាំ២០១៣ដែរ។
«ហើយបើយើងមើលទៅនិន្នាការឆ្នាំ២០១៨ ពិបាកនឹងស្មាន ក៏ប៉ុន្តែ បើតាមការយល់ឃើញរបស់ខ្ញុំ ប្រហែលជាប្រហាក់ប្រហែលគ្នាទេសម្រាប់សន្ទុះការគាំទ្រលើគណបក្សទាំងពីរ»។
យ៉ាងណាមិញ ការវវត្តន៍នៃអំណាចប្រជាពលរដ្ឋដើម្បីការផ្លាស់ប្តូរនៅក្នុងប្រទេសទាំងពីរនេះមានភាពខុសគ្នា ហើយវាអាស្រ័យទាំងស្រុងលើមេដឹកនាំនយោបាយក្នុងការអនុញ្ញាតឲ្យការផ្លាស់ប្តូរបែបនេះកើតមានឡើងនោះ។
លោក Din ឲ្យដឹងថា៖ «ប្រជាពលរដ្ឋចង់ឃើញការផ្លាស់ប្តូរលើអ្វីគ្រប់យ៉ាងទាំងអស់ ទាំងក្នុងប្រព័ន្ធកាន់អំណាច ទាំងសេដ្ឋកិច្ច និងទាំងកិច្ចការសង្គមនៃរដ្ឋាភិបាលចាស់ នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីនៅភូមា»។
ក៏ប៉ុន្តែលោក Din មិនច្បាស់ថា តើរដ្ឋាភិបាលដែលនៅក្រោមការដឹកនាំដោយគណបក្សរបស់លោកស្រី Aung San Suu Kyi អាចនឹងបំពេញទៅតាម«ការទាមទារដ៏ធំនេះ»របស់ប្រជាពលរដ្ឋដល់កម្រិតណានោះទេ។
នៅកម្ពុជា ការផ្លាស់ប្តូរអាចមានលក្ខណៈខុសគ្នាពីប្រទេសមីយ៉ាន់ម៉ា ត្រង់ថា វាមិនចាំបាច់តម្រូវឲ្យមានការទម្លាក់រដ្ឋាភិបាលចាស់ ដើម្បីរដ្ឋាភិបាលថ្មីនោះទេ។ អ្វីដែលសំខាន់នោះគឺថា ប្រជាពលរដ្ឋដ៏វ័យក្មេងរបស់កម្ពុជាចង់ឲ្យរដ្ឋាភិបាលរបស់ខ្លួនធ្វើកំណែទម្រង់ជាច្រើន ជាពិសេសលើប្រព័ន្ធយុត្តិធម៌ និងទប់ស្កាត់អំពើពុករលួយជាដើម។
លោក ឈាង វណ្ណារិទ្ធ ថា៖ «បញ្ហាប្រឈមនៅកម្ពុជាយើងគឺបញ្ហាពុករលួយ បញ្ហាទីពីរគឺបញ្ហាជម្លោះដីធ្លី បញ្ហាទីបីគឺការកាប់ព្រៃឈើធនធានធម្មជាតិ។ អញ្ចឹងទេខ្ញុំគិតថា បញ្ហាទាំងបីនេះគឺជាបញ្ហាស្នូល ដែលគណបក្សនយោបាយត្រូវតែយកមកដាក់ជាគោលការណ៍ ដើម្បីធ្វើការដោះស្រាយ និងកំណែទម្រង់»។
លោក វណ្ណារិទ្ធ បានបញ្ជាក់ថា លទ្ធផលនៃកំណែទម្រង់របស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសក្នុងវិស័យអំពើពុករលួយនៅមានកម្រិតនៅឡើយ។ លោកក៏បានសង្កត់ធ្ងន់ថា គណបក្សនយោបាយទាំងអស់នៅកម្ពុជាត្រូវតែយកចិត្តទុកដាក់ខ្លាំងលើការទាមទាររបស់ប្រជាពលរដ្ឋលើបញ្ហាទាំងអស់នេះ។
«កំណែទម្រង់រដ្ឋាភិបាលសាធារណៈ កំណែទម្រង់ផ្នែកតុលាការ និងកំណែទម្រង់ផ្នែកស្ថាប័នមូលដ្ឋាន គឺជាអ្វីមួយដែលខ្ញុំគិតថា គណបក្សនយោបាយគួរតែចាប់អារម្មណ៍ខ្លាំង ហើយត្រូវធ្វើឲ្យមានគោលនយោបាយច្បាស់លាស់ ដើម្បីទទួលនូវការគាំទ្រពីប្រជាជន»។
ខណៈដែលភាពតានតឹងខាងនយោបាយនៅកម្ពុជាកាន់តែកើនឡើងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនោះ អ្នកជំនាញរូបនេះបានរំលឹកថា វាដល់ពេលហើយ ដែលអ្នកនយោបាយត្រូវតែផ្តល់លទ្ធភាពខ្ពស់លើស្ថិរភាពនយោបាយ ដើម្បីសម្រួលដល់ភាពរុងរឿងខាងសេដ្ឋកិច្ច ពីព្រោះថា ភាពតានតឹងខាងនយោបាយមិនមានអំណោយផលអ្វីទេដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ៕