គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត និងពលរដ្ឋទូទៅទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលបានចាប់ផ្តើមតាំងពីដើមខែតុលា។
ដំណើរការនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៩ ខែតុលា ដោយមិនមានការឈប់សម្រាកថ្ងៃសៅរ៍និងអាទិត្យនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប.។
គ.ជ.ប.បានលើកឡើងថា ប្រជាពលរដ្ឋអាចទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យប្រសិនបើមានចំណុចខុសឆ្គង។ ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គឺកើតមុន ឬកើតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៣ និងប្រជាពលរដ្ឋ ដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមកអាចទៅចុះឈ្មោះបោះឆ្នោត។
ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ នេះ ធ្វើឡើងនៅតាមសាលាឃុំសង្កាត់ទាំង ១៦៤៦ នៅទូទាំងប្រទេស។ ប្រជាពលរដ្ឋដែលផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់ថ្មី ក៏អាចទៅស្នើសុំប្តូរទីតាំងបោះឆ្នោតផងដែរ។
គ.ជ.ប. បានរំឭកពលរដ្ឋថា ប្រជាពលរដ្ឋមិនអាចប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទចាស់ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ បានទេ ពោលគឺ ពួកគេអាចចុះឈ្មោះបោះឆ្នោតបានដោយប្រើប្រភេទអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មីចុងក្រោយ ដែលមានភ្ជាប់ប្រព័ន្ធស្កេនអេឡិចត្រូនិក។
គ.ជ.ប. ឲ្យដឹងថា តាមការប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានប្រមាណ ៣០ ម៉ឺននាក់។ បើតាមទិន្នន័យឆ្នាំ ២០១៩ របស់ គ.ជ.ប. អ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុបមានប្រមាណ ៨,៦ លាននាក់៕