ក្រសួងអប់រំកម្ពុជាបានស្នើសុំឱ្យគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទប់ស្កាត់សកម្មភាពខុសឆ្គងមួយចំនួនរបស់សិស្សានុសិស្សក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់ដែលនឹងមកដល់នៅថ្ងៃអាទិត្យខាងមុខនេះ។
ក្រសួងអប់រំ យុវជននិងកីឡាបានបញ្ជាក់នៅក្នុងសេចក្តីណែនាំដែលបានចេញកាលពីថ្ងៃអង្គារថាខ្លួនបានសង្កេតឃើញថាសិស្សានុសិស្សមួយចំនួនយល់ច្រឡំថាបុណ្យនៃក្តីស្រឡាញ់ថាជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបរវាងគូស្នេហ៍ទៅវិញ។
លោកហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្តីណែនាំនោះថា៖
«ទិវានេះពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរយើងទេ ហើយពីអតីតកាលក៏គ្មានការរៀបចំបុណ្យរបៀបនេះដែរ។ ប៉ុន្តែនៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយ ទិវានេះកាន់តែ មានឥទ្ធិពលធំឡើងៗធ្វើឱ្យយុវវ័យភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួននិងក្រុមគ្រួសារផងដែរ ប្រាស់ចាកវប្បធម៌និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរទៀតផង»។
ទិវានៃក្តីស្រឡាញ់នេះមានប្រារព្ធនៅបណ្តាបស្ចិមប្រទេសមួយចំនួន។ នៅសហរដ្ឋអាមេរិកសូម្បីសិស្សនៅថ្នាក់បឋមសិក្សាមួយចំនួនក៏ត្រូវសាលារៀនណែនាំឱ្យមានការត្រៀមអំណោយសម្រាប់ប្តូរគ្នាទៅវិញទៅមកប៉ុន្តែក្នុងន័យមិត្តភាពនិងការរាប់អានគ្នាប៉ុណ្ណោះ។