កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៦ ថយចុះមកនៅត្រឹម៦,៩ភាគរយ បើធៀបទៅនឹងឆ្នាំទៅមិញ។ ការណ៍នេះបន្តជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៨ខាងមុខ ខណៈដែលកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែមានភាពរឹងមាំនិងរីកចំរើន។ នេះបើតាមរបាយការណ៍ និងការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចនៃធនាគារពិភពលោក (World Bank) កាលពីថ្ងៃព្រហស្បតិ៍។
ការលើកឡើងរបស់ក្រុមអ្នកជំនាញសេដ្ឋកិច្ច គឺធ្វើឡើងក្នុងសន្និសីទវីដេអូមួយពីប្រទេសសឹង្ហបុរីជាមួយតំណាងធនាគារពិភពលោកនៃប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកដោយបានបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងនោះ ក្នុងចន្លោះពីឆ្នាំ២០១៦ដល់២០១៩។
លោក លី សូដេត អ្នកសេដ្ឋកិច្ចប្រចាំប្រទេសរបស់ធនាគារពិភពលោកនៅកម្ពុជា ប្រាប់អ្នកសារព័ត៌មានថា ការនាំចេញទាបគឺជាមូលហេតុចម្បងដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញឲ្យមានកំណើនផលិតភាព ដើម្បីបង្កើនការនាំចេញ តាមរយៈការសម្រួលឲ្យថ្លៃដើមផលិតថយចុះ ជាពិសេសការទប់ស្កាត់ពលករចំណាកស្រុកទៅក្រៅប្រទេស ដែលលោកថា ជាកម្លាំងដ៏សំខាន់ក្នុងការបង្កើនការផលិត។
លោកបញ្ជាក់ថា៖
«កាលណាយើងទម្លាក់ Input Cost គឺយើងទម្លាក់តម្លៃដើម អីចឹងទម្លាក់តម្លៃដើម យើងអាចនាំចេញបានច្រើនជាងមុន។ បើរឿងទាក់ទងរឿងភ្លើង ទាក់ទងរឿងការដឹកជញ្ជូនអី សុទ្ធតែរឿងធ្វើឲ្យថ្លៃដើមយើងខ្ពស់។ ខាងរដ្ឋាភិបាលបង្កើនផលិតភាព បានន័យថា គាត់ជួយសម្រួលទំនិញចេញចូលហ្នឹងល្អជាងមុន។ ដូចគ្នាអីចឹង ដោយសារបុគ្គលិកខាងឯកជនក៏គាត់ធ្វើការបានផលិតផលច្រើនជាងមុន អីចឹងគឺយើងបង្កើនផលិតភាព។ ពេលហ្នឹងហើយដែលឲ្យយើងអាចឲ្យមាននិរន្តរភាពការនាំចេញរបស់យើង»។
តាមរបាយការណ៍«បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក» ដែលចេញដោយធនាគារពិភពលោក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០១៦ កើនត្រឹម៦,៩ភាគរយ ទាបជាងឆ្នាំ២០១៥ ដែលមានការកើនឡើង៧ភាគរយ។ ធនាគារពិភពលោកក៏បានបង្ហាញផងដែរថា ការថយចុះនៃកំណើនសេដ្ឋកិច្ចនេះ កើតឡើងដោយសារការនាំចេញសម្លៀកបំពាក់ថយចុះ កង្វះសមត្ថភាពរបស់រដ្ឋាភិបាល ផលប៉ះពាល់ពីការកើនឡើងនៃអត្រាការប្រាក់នៅសហរដ្ឋអាមេរិក និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសាកល។
ក្នុងរបាយការណ៍ដដែល ក៏បានបញ្ជាក់ថា ការនាំចេញផលិតផលសម្លៀកបំពាក់ថយចុះពីប្រមាណ ១២% ក្នុងឆ្នាំ២០១៥ មកនៅត្រឹមជាង៨% ក្នុងឆ្នាំ២០១៦ ការធ្លាក់ចុះនៃវិស័យទេសចរណ៍ពី៦% នៅឆ្នាំ២០១៥ មកនៅត្រឹម៥% នៅឆ្នាំ២០១៦ ដោយសារកម្ពុជាពុំសូវមានភាពជោគជ័យក្នុងការរៀបចំកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យលើសពីតំបន់ប្រាសាទអង្គរ។
របាយការណ៍របស់ធនាគារពិភពលោក (World Bank)នេះ ក៏បានបន្តថា មូលហេតុនៃការថយកំណើនសេដ្ឋកិច្ចកម្ពុជាថា បណ្តាលមកពីការកើនឡើងនៃថ្លៃពលកម្មដែលជាផ្នែកមួយនៃការកើនឡើងថ្លៃចំណាយក្នុងការរស់នៅ ប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងការប្រកួតប្រជែងពីប្រទេសដទៃទៀតដែលមានតម្លៃពលកម្មថោក ជាពិសេសពីប្រទេសភូមា ដែលបានបន្តដាក់សម្ពាធដល់ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា។
ក៏ប៉ុន្តែ របាយការណ៍ដដែលនោះ បានលើកឡើងពីកំណើនសេដ្ឋកិច្ច ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីបូព៌ាដែលត្រូវបានគេរំពឹងថា នឹងនៅតែមានភាពល្អប្រសើរក្នុងរយៈពេល៣ឆ្នាំខាងមុខ ដោយសារបរិមាណតម្រូវការក្នុងស្រុកមានភាពល្អប្រសើរ និងការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចពិភពលោក។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោកបានផ្តល់យោបល់ក្នុងរបាយការណ៍នោះថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងអត្រាថេរ កម្ពុជាគួរបង្កើនផលិតភាពរបស់ខ្លួន តាមរយៈការពង្រឹងស្ថាប័នរដ្ឋ និងឯកជន ការបង្កើនការវិនិយោគមូលធនដែលបាននិងកំពុងធ្លាក់ចុះ។ ការលើកកម្ពស់ការគ្រប់គ្រងវិនិយោគវិស័យសាធារណៈ ដើម្បីធានាប្រសិទ្ធភាពចំណាយ ជំរុញការវិនិយោគក្នុងវិស័យគាំពារកំណើន និងវិស័យគាំទ្រដល់ពលរដ្ឋក្រីក្រ ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ធារាសាស្ត្រ ការអប់រំ និងប្រព័ន្ធសុខាភិបាលជាដើម។
លោក មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាប់ VOA នាថ្ងៃព្រហស្បតិ៍នេះថា លោកយល់ស្របចំពោះកត្តាមួយចំនួនដែលធនាគារពិភពលោកបានលើកឡើងពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចកម្ពុជា ដូចជាកម្លាំងពលកម្មជាដើម។ ទោះជាយ៉ាងណាក្តី លោកថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនទាន់អាចបញ្ជាក់ពីស្ថានភាពពិតប្រាកដនៃកំណើនសេដ្ឋកិច្ចកម្ពុជាបាននៅឡើយទេ ដោយត្រូវរង់ចាំលទ្ធផលដែលចេញពីអ្នកជំនាញរបស់ក្រសួងក្នុងពេលខាងមុខ។
លោកថា រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការពង្រឹងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដោយលោករំពឹងថា កំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ នឹងមានការកើនឡើង។
លោកមានប្រសាសន៍ថា៖
«២-៣ឆ្នាំ យើងមិនគិតថាមានបារម្ភអីទេ លើកលែងតែមានបញ្ហាវិបត្តិសេដ្ឋកិច្ចពីខាងក្រៅធ្ងន់ធ្ងរដែលប៉ះពាល់ដូចឆ្នាំ២០០៨-២០០៩ អាហ្នឹងយើងពិបាកព្យាករណ៍ទុកមុនដែរ។ ប៉ុន្តែជាទូទៅបើក្នុងស្ថានភាពបែបហ្នឹងដូចជាមិនមានបញ្ហាអីត្រូវបារម្ភទេ»។
តាមការព្យាករណ៍របស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចត្រឹម៦,៩ភាគរយពីឆ្នាំ២០១៦ ដល់២០១៨នេះ ហើយនឹងត្រូវថយចុះថែមបន្តិចទៀតដល់ត្រឹម៦,៧ភាគរយនៅឆ្នាំ២០១៩ ដោយសារផលប៉ះពាល់ពីកត្តាក្រៅប្រទេស និងអាចបណ្តាលមកពីភាពមិនប្រាកដប្រជាទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៨។
ការបង្ហាញពីកំណើនសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកគឺខុសគ្នាបន្តិចពីលទ្ធផលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានប្រមាណជា៧.១% និងលទ្ធផលបឋមរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការក្នុងរង្វង់៧% ដែលទើបត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ៕