លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk បានព្រមានដល់ជនអន្តោប្រវេសន៍សេដ្ឋកិច្ចទាំងអស់មិនឲ្យធ្វើដំណើរមកកាន់អឺរ៉ុបនោះទេ ដោយលោកបានបញ្ជាក់ថា ប្រទេសក្រិកដែលជាចំណុចដែលជនអន្តោប្រវេសន៍ចូលមកដ៏មានប្រជាប្រិយភាព ក៏ដូចជាប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀតនឹងមិនក្លាយជាប្រទេសសម្រាប់ធ្វើដំណើរឆ្លងកាត់ទៀតនោះទេ។
លោក Tusk បានថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីជួបប្រជុំជាមួយនឹងនាយករដ្ឋមន្រ្តីក្រិកគឺលោក Alexis Tsipras នៅរដ្ឋធានីអាថែននៅថ្ងៃព្រហស្បតិ៍នេះ។
លោក Tusk កំពុងតែធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសដែលជួបវិបត្តិជនអន្តោប្រវេសន៍ មុនពេលនៃកិច្ចប្រជុំដ៏សំខាន់រវាងសហភាពអឺរ៉ុប និងប្រទេសតួកគីដើម្បីពិភាក្សាទៅលើវិបត្តិអន្តោប្រវេសន៍នេះនៅក្នុងរដ្ឋធានីព្រុចសែលនៅថ្ងៃច័ន្ទក្រោយនេះ។
លោក Tusk បានមានប្រសាសន៍ថា ការដកប្រទេសក្រិកចេញពីកិច្ចព្រមព្រៀងបើកចំហរព្រំដែនអឺរ៉ុប Schengen មិនមែនជាជម្រើសក្នុងការដោះស្រាយវិបត្តិនេះ ដែលបានបណ្តាលឲ្យជនអន្តោប្រវេសន៍យ៉ាងច្រើនបានចូលមកក្នុងប្រទេសក្រិកដើម្បីរង់ចាំការអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុបដទៃទៀតនោះទេ។
លោក Tusk បាននិយាយថា «ប្រទេសក្រិកគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង Schengen រូបិយប័ណ្ណអឺរ៉ូ និងសហភាពអឺរ៉ុប ហើយប្រទេសនេះនឹងនៅតែជាផ្នែកមួយដដែល»។
លោក Tusk នឹងបន្តធ្វើដំណើរទៅកាន់ប្រទេសតួកគី ដែលនៅទីនោះលោកនឹងជួបជាមួយនឹងលោកនាយករដ្ឋមន្រ្តីតួកគី Ahmet Davutoglu នៅក្នុងរដ្ឋធានីអង់ការ៉ា។ នៅថ្ងៃសុក្រ លោកនឹងជួបជាមួយនឹងលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan នៅក្នុងទីក្រុង Istanbul។ លោក Tusk មានគម្រោងនឹងជួយដល់ប្រទេសតួកគីយ៉ាងខ្លាំងក្លាក្នុងការកាត់បន្ថយលំហូរចូលនៃជនអន្តោប្រវេសន៍ទៅកាន់ប្រទេសតួកគី និងប្រទេសក្រិកដែលមកពីមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង៕