នៅក្នុងការប្រឈមនឹងការខឹងសម្បាអន្តរជាតិ អ្នកនាំពាក្យរបស់លោកប្រធានាធិបតីស.រ.អា. Donald Trump និយាយថាការសម្រេចក្នុងការអញ្ជើញប្រធានាធិបតីហ្វីលីពីនកាន់អំណាចផ្តាច់ការឈ្មោះ Rodrigo Duterte និងពួកមេដឹកនាំអាស៊ីខាងកើតឯទៀតៗឱ្យមកកាន់សេតវិមានជាផ្នែកនៃយុទ្ធសាស្ត្រមួយដើម្បីធ្វើឱ្យប្រទេសកូរ៉េខាងជើងនៅដាច់ពីគេ។
លោក Sean Spicer អ្នកនាំពាក្យសេតវិមានបាននិយាយកាលពីថ្ងៃច័ន្ទថា «វាជាឱកាសមួយដើម្បីធ្វើការជាមួយពួកប្រទេសក្នុងតំបន់នោះដែលអាចជួយបំពេញមុខនាទីមួយក្នុងការធ្វើឱ្យប្រទេសកូរ៉េខាងជើងនៅដាច់ពីគេខាងការទូត និងខាងសេដ្ឋកិច្ច។ ហើយដោយនិយាយដោយស្មោះត្រង់គឺប្រយោជន៍ជាតិរបស់ស.រ.អា សុវត្ថិភាពរបស់ប្រជារាស្ត្រយើង និងសុវត្ថិភាពរបស់ប្រជារាស្ត្រក្នុងតំបន់នោះដែលជាអាទិភាពលេខមួយរបស់លោកប្រធានាធិបតី»។
នៅក្នុងការនិយាយគ្នាតាមទូរសព្ទកាលពីដំណាច់សប្តាហ៍ លោក Trump បានអញ្ជើញពួកមេដឹកនាំនៃប្រទេសថៃ ប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីនឱ្យមកបំពេញទស្សនកិច្ចក្នុងប្រទេសអាមេរិក។ ក៏ប៉ន្តែគឺការអញ្ជើញលោក Duterte ដែលបាននាំឱ្យមានការអន់ចិត្តនៅក្នុងសភាស.រ.អា. និងនាំឱ្យមានការខឹងសម្បាខ្លាំងនៅក្នុងសហគមន៍សិទ្ធិមនុស្សសាកល។
លោក Chris Coons សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Delware បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរថា «ប្រធានាធិបតី Trump បានធ្វើឱ្យខ្សោយដល់សេចក្តីថ្លៃថ្នូរអាមេរិកាំងនៅពេលដែលលោកគ្មានជោគជ័យក្នុងការការពារសិទ្ធិមនុស្ស។ ប្រធានាធិបតី Duterte បានមើលការខុសត្រូវលើការសម្លាប់ដោយខុសច្បាប់នូវប្រជារាស្ត្ររាប់ពាន់នាក់របស់លោកផ្ទាល់នៅក្នុងប្រទេសហ្វីលីពីន។ ដោយអញ្ជើញ Duterte ឱ្យមកជួបលោកនៅឯសេតវិមាន លោក Trump ប្រថុយប្រថានផ្តល់ការយល់ព្រមរបស់អាមេរិកដល់សកម្មភាពរបស់ Duterte និងការរំលោភដ៏ឃោរឃៅរបស់គាត់លើសិទ្ធិមនុស្ស»។
លោក John Sifton នាយកផ្នែកគាំទ្រក្នុងទ្វីបអាស៊ីនៃអង្គការ Human Rights Watch បានមានប្រសាសន៍ថា «ការអញ្ជើញនេះបញ្ជូនសារអាក្រក់មួយដល់ពិភពលោក»។
លោក Duterte បានទទួលការថ្កោលទោសអំពីសង្គ្រាមរបស់លោកប្រឆាំងនឹងគ្រឿងញៀនស្រវឹងដែលបាននាំឱ្យមានការសម្លាប់ក្រៅប្រព័ន្ធតុលាការនូវមនុស្សរាប់ពាន់នាក់។ គេរាយការណ៍ថាលោកបានអួតអាងប្រាប់បណ្តាញផ្សាយព័ត៌មានអង់គ្លេសថា លោកបានសម្លាប់ដោយផ្ទាល់ដៃលោកនូវជនបីនាក់ជាប់សង្ស័យថាជាអ្នកជួញដូរគ្រឿងញៀននៅពេលលោកកាន់តំណែងជាអភិបាលក្រុង Davao នៅផ្នែកខាងត្បូងប្រទេស៕