ចរាចរណ៍គ្រឿងញៀន មានការកើនឡើងទាំងនៅក្នុងតំបន់ និងពិភពលោក ក្នុងឆ្នាំ២០១៦នេះ ជាពិសេសនៅតាមទីប្រជុំជន។ នៅក្នុងប្រទេសកម្ពុជាអ្នកប្រើប្រាស់គ្រឿងញៀននាពេលបច្ចុប្បន្នមានចំនួនប្រមាណ ១ម៉ឺន៧ពាន់នាក់។ មន្ត្រីជាន់ខ្ពស់នៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ថ្លែងថា ៧០% នៃបទល្មើសក្នុងសង្គមដូចជា ការឆក់ប្លន់ជាដើម បង្កដោយបុគ្គលដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
បាតុភាពនៃចរាចរណ៍គ្រឿងញៀនក្នុងឆ្នាំ២០១៦នេះ មានការកើនឡើង ទាំងនៅក្នុងតំបន់ និងពិភពលោក ជាពិសេសគឺតំបន់ប្រជុំជន។ អ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានចំនួនប្រមាណជិត១ម៉ឺន៧ពាន់នាក់ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃបញ្ជាក់ប្រាប់ VOA នារសៀលថ្ងៃអង្គារ៍នេះ។
លោក មាស វីរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដឹងថា បញ្ហាគ្រឿងញៀនដែលជាក្តីកង្វល់សកលនេះ ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់ និងដោះស្រាយ។
«ការងាររបស់សមត្ថកិច្ច គឺត្រូវលុបបំបាត់ ទីផ្សារប្រើប្រាស់គ្រឿងញៀន កាត់ផ្តាច់ការចរាចរណ៍គ្រឿងញៀនពីតំបន់ផលិតមករកទីផ្សារការងារ រួមជាមួយការបង្ក្រាបទីតាំងផលិតគ្រឿងញៀន។ ៣ហ្នឹងត្រូវដើរទន្ទឹមគ្នា»។
លោក អះអាងថា បើទោះជាកម្ពុជាមិនមែនជាប្រទេសផលិតគ្រៀងញៀនក្តី ក៏ប៉ុន្តែកម្ពុជាបានធ្វើការឆ្លើយតបនឹងការបង្ក្រាបគ្រឿងញៀន ហើយការបង្រ្កាបបទល្មើសគ្រឿងញៀននៅកម្ពុជា រយៈពេល៨ខែ ក្នុងឆ្នាំ២០១៦ មានការកើនឡើងបើធៀបទៅនឹងឆ្នាំមុនៗ។
«យើងប្រើប្រាស់យុទ្ធសាស្ត្រ៥គឺ កាត់បន្ថយតម្រូវការគ្រឿងញៀន។ ទី២ កាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន កុំឲ្យគ្រឿងញៀនហូរចូលដល់ដៃអ្នកប្រើគ្រឿងញៀន។ ទី៣ ពង្រឹងប្រសិទ្ធិភាព ព្យាបាលស្តារនីតិសម្បទា និងធ្វើសមាហរណកម្ម។ ទី៤ ពង្រឹងប្រសិទ្ធិភាពអនុវត្តច្បាប់។ ទី៥ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ»។
បើតាម លោក មាស វីរិទ្ធិ អ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជាភាគច្រើនជា កម្មករ ពលករចំណាកស្រុក និងអ្នកគ្មានការងារធ្វើ ឬគ្មានមុខរបរជាក់លាក់។ ហើយលោកថា ប្រមាណ៧០%នៃជនល្មើសដែលប្រព្រឹត្តិបទល្មើសក្នុងសង្គមដូចជា ឆក់ ប្លន់ជាដើម បង្កដោយបុគ្គលដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
កាលពីឆ្នាំ២០១៥ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួនជាង៣ពាន់ករណី។ ចំនួននេះ មានការកើនឡើងនេះ ប្រហែល១២៨% ធៀបនឹងឆ្នាំ២០១៤។
កាលពីថ្ងៃច័ន្ទម្សិលមិញ តុលាការរាជធានីភ្នំពេញ បានសម្រេចកាត់ទោសបុរសជនជាតិនីហ្សេរីយ៉ាប្រាំបួននាក់ និងស្ត្រីកម្ពុជាម្នាក់ដែលជាប់ចោទពីបទជួញដូរថ្នាំញៀននៅខាងក្រៅព្រះវិហារគ្រិស្តមួយក្នុងរាជធានីភ្នំពេញ ដោយអ្នកទាំងនោះ ត្រូវបានតុលាការឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំ ទៅ៨ឆ្នាំ។
ការបង្ក្រាបករណីគ្រឿងញៀន កាលពីខែមករាឆ្នាំមុននេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរយៈពេល៦ខែ ហើយ ជនជាតិនីហ្សេរីយ៉ាប្រាំបួននាក់នោះ នឹងត្រូវបណ្ដេញចេញពីកម្ពុជានៅពេលដោះលែងវិញ។
VOA មិនទាន់សុំការបញ្ជាក់ពី លោក លី សុផាណា អ្នកនាំពាក្យតុលាការ ទាក់ទងនឹងចំនួនករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀននោះទេ នៅថ្ងៃអង្គារ៍នេះ។
លោក ពិន សុខុម អ្នកសម្របសម្រួលកម្មវិធីសង្គ្រោះជីវិតនៃអង្គការមិត្តសម្លាញ់ ឲ្យដឹងថា កន្លងមកមានចំនួនអ្នកផ្តាច់គ្រឿងញៀនហើយ ត្រឡប់ទៅប្រើប្រាស់វិញ រហូតដល់៥០% បើសិនជាពួកគេមិនទទួលបានការយកចិត្តទុកដាក់ខ្ពស់ ក្នុងអំឡុងពេល ឬក្រោយការផ្តាច់គ្រឿងញៀន។ ហើយលោកថា កង្វះការយល់ដឹងពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន ក្នុងចំណោមយុវវ័យ គឺជាបញ្ហាសំខាន់ជាងគេ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀននេះ។
«យើងធ្វើការអប់រំគាត់ ដើម្បីអ្នកមិនទាន់ប្រើប្រាស់ កុំឲ្យគាត់ឈានដល់ប្រើប្រាស់គ្រឿងញៀន។ ហើយអ្នកកំពុងប្រើប្រាស់ យើងធ្វើការជាមួយគាត់ អប់រំគាត់ ជួយលើកទឹកចិត្តគាត់ ព្យាបាលស្តារនីតិសម្បទា ក៏ដូចជាទៅរៀនវិជ្ជាជីវៈ និងរកការងារធ្វើ»។
យោងតាមរបាយការណ៍គ្រឿងញៀនពិភពលោករបស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក្នុងឆ្នាំកន្លងមកនេះ ការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ពុំមានការថយចុះ ទាំងក្នុងកម្រិតថ្នាក់តំបន់ និងសាកលលោក៕