សេចក្តីព្រាងច្បាប់ទូរគមនាគមន៍ថ្មីកំពុងតែបង្កការព្រួយបារម្ភនៅក្នុងមជ្ឈដ្ឋានសង្គមស៊ីវិលនិងអ្នកប្រើប្រាស់ថានឹងកាន់តែធ្វើឱ្យលំហរសេរីភាពដែលតូចចង្អៀតស្រាប់និងមានតែបន្តិចបន្តួចនៅពេលបច្ចុប្បន្នកាន់តែរួមតូចទៀត។
អ្នកវិភាគបានស្នើឡើងថារដ្ឋាភិបាលគួរតែបើកឱ្យមានការពិភាក្សាទូលំទូលាយលើសេចក្តី ព្រាងច្បាប់ស្តីពីទូរគមនាគមន៍នេះដើម្បីធានាដល់ការបម្រើសេវាកម្មល្អសម្រាប់អ្នកប្រើប្រាស់និងជៀសវាងការបកស្រាយមិនត្រឹមត្រូវដែលអាចមានអ្នកយកច្បាប់នេះមកគាបសង្កត់អ្នកប្រើប្រាស់និងប្រតិបត្តិករខាងផ្នែកទូរគមនាគមន៍នៅកម្ពុជានៅក្នុងពេលខាងមុខ។
លោកឱក សេរីសុភ័ក្រអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចនិងជាវាគ្មិនប្រចាំខែក្នុងកម្មវិធី«អភិបាលកិច្ចល្អ» របស់VOAបានទទួលស្គាល់ចំពោះកត្តាប្រឈមខាងផ្នែកសន្តិសុខតាមបណ្តាញអ៊ីនធឺណិតនិងទូរស័ព្ទដែលប្រទេសកម្ពុជាអាចនឹងទទួលរងក្នុងពេលដែលមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា។ ប៉ុន្តែលោកយល់ថានេះមិនមែនជាហេតុផលសមស្របក្នុងការតាក់តែងច្បាប់មួយដែលមានលក្ខណៈតឹងរឹងរហូតដល់រឹតត្បិតសិទ្ធិរបស់ពលរដ្ឋទេ។
លោកបានបន្ថែមថា៖
«ព្រោះរដ្ឋបើយោងតែលើបញ្ហាសន្តិសុខសង្គមសន្តិសុខជាតិតែមួយម៉ាត់ហ្នឹងយកមកអាចចោទអ្នកណាក៏បាន អាចចូលទៅមើលរបស់អ្នកណាក៏បាន។ ដូច្នេះរឿងហ្នឹងជាគ្រោះថ្នាក់មួយគួរឱ្យព្រួយបារម្ភណាស់»។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ចប់ការតាក់តែងច្បាប់ស្តីពីទូរគមនាគមន៍នេះកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៤។ នេះបើតាមសេចក្តីព្រាងច្បាប់ដែលវីអូអេទទួលបាន។
សេចក្តីព្រាងច្បាប់ថ្មី បានផ្តល់អំណាចយ៉ាងទូលំទូលាយដល់អង្គភាពនិយ័តករមួយដែលនឹងត្រូវបង្កើតឡើងតាមអំណាចនៃច្បាប់នេះហើយមន្ត្រីរបស់ស្ថាប័ននេះដើរតួរជាមន្ត្រីនគរបាលយុត្តិធម៌ដែលអាចដកហូតលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ប្តឹងទៅតុលាការ អង្កេតមើលអ្នកប្រើប្រាស់និងប្រតិបត្តិករទូរគមនាគមន៍ជាដើម។
លោកឱក សេរីសុភ័ក្របានបន្ថែមថា៖
«ការឱ្យអំណាចពេញលេញដោយអត់មានព្រំដែនយ៉ាងនេះទៅ អង្គភាពនិយ័តករ ខ្ញុំគិតថាធ្វើបែបនេះមិនត្រឹមត្រូវទេ»។
លោកសុភ័ក្រ បានលើកឡើងដោយសំអាងថាប្រព័ន្ធតុលាការនៅកម្ពុជាគឺមិនមានភាពឯករាជ្យទេដូច្នេះបើមានការចោទប្រកាន់ទៅតុលាការគឺពិតជាមនុស្សគ្រប់រូបអាចមានទោសទណ្ឌ។ លោកសម្តែងការព្រួយបារម្ភថាអាចនឹងមានការប្រើប្រាស់ច្បាប់នេះដើម្បីរឹតត្បិតទៅលើអង្គការសង្គមស៊ីវិលដែលរដ្ឋាភិបាលមិនពេញចិត្ត។
លោកថានៅកម្ពុជាពលរដ្ឋអត់មានការទុកចិត្តទាល់តែសោះទៅលើអាជ្ញាធររបស់រដ្ឋ។
«ដោយសារអត់មានការអត់ទុកចិត្តហ្នឹងហើយ ហើយនេះជាលក្ខណៈមួយនៃអភិបាលកិច្ចគឺបើសិនជាអញ្ចឹងទេនាំឱ្យមានការសង្ស័យថាបើសិនជាមានអំណាចទូលំទូលាយបែបហ្នឹងនឹងមានការបំពានជាមិនខានហើយនឹងធ្វើឱ្យសិទ្ធិរបស់ប្រជាពលរដ្ឋ លក្ខណៈឯកជនរបស់ប្រជាពលរដ្ឋឬមួយរបស់ក្រុមហ៊ុនរកស៊ីដែលត្រូវទទួលធានាបាននោះគឺអត់លែងបានហើយនៅពេលហ្នឹង»។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃ គណបក្សកាន់អំណាចយល់ថាវាជាការចាំបាច់ត្រូវមានច្បាប់ដែលតឹងរឹងមួយ។
លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងព័ត៌មាននៃសភាជាតិបានបញ្ជាក់ថាការមានច្បាប់ដែលតឹងរឹងប្រយោជន៍ ដើម្បីថែរក្សាសុវត្ថិភាពនិងសន្តិសុខជូនប្រជាពលរដ្ឋបានល្អ។
«ប្រសិនបើគេយកទូរស័ព្ទហ្នឹងប្រើប្រាស់នៅ ក្នុងការគំរាមកំហែងធ្វើភេរវកម្មមិនដឹងជាទៅរកអាសយដ្ឋានគាត់នៅទីណា។ រឿងនេះតូចទេប៉ុន្តែបើមានគ្រោះថ្នាក់គឺគ្រោះថ្នាក់ដល់ប្រទេសជាតិ»។
មាត្រា៧នៃសេចក្តីព្រាងច្បាប់ដែលបានបែកធ្លាយចេញ មកបានចែងថា៖
«ដើម្បីធានាផលប្រយោជន៍ សន្តិសុខ និងស្ថេរភាពជាតិ និងរបៀបរៀបរយសាធារណៈ រដ្ឋមន្ត្រីក.ប.ទ. មានសិទ្ធិបញ្ជាប្រតិបត្តិករទូរគមនាគមន៍ដែលពាក់ព័ន្ធផ្ទេរការគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍មក ក.ប.ទ. ឬបំពាក់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍បន្ថែមដែលចាំបាច់សម្រាប់ធានាការគ្រប់គ្រងប្រតិបត្តិការទូរគមនាគមន៍ទាំងក្នុងនិងក្រៅ ប្រទេសផ្អែកតាមការសម្រេចរបស់រាជរដ្ឋាភិបាល»។
លោកស្រីចក់ សុភាពនាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ថាសង្គមស៊ីវិលអាចជាគោលដៅ នៃការយកច្បាប់ដ៏តឹងរឹងនេះ មកអនុវត្តហើយក៏ជាការបើកច្រកមួយទៀតដើម្បីឱ្យរដ្ឋលូកដៃកាន់តែខ្លាំងចូលក្នុងការសន្ទនាតាមទូរស័ព្ទរបស់ពលរដ្ឋ។
«មានចរន្តមួយដែលគ្រប់គ្រងលើប្រព័ន្ធទូរគមនាគមន៍ ដូច្នេះវាអាចនឹងរាំងស្ទះធ្វើឱ្យយុវជនឬក៏ពលរដ្ឋទូទៅគាត់មិនហ៊ានក្នុងការបញ្ចេញមតិព្រោះ ថានឹងមានការឃ្លាំមើលឬក៏នឹងមានឧបករណ៍ឬសម្ភារៈដើម្បីតាមដានស្តាប់ការសន្ទនារបស់គាត់»។
យ៉ាងណាក៏ដោយអ្នកវិភាគយល់ថាពេលវេលានៅ មិនទាន់យឺតនៅឡើយក្នុងការកែប្រែសេចក្តីព្រាងច្បាប់នេះឱ្យបម្រើផលប្រយោជន៍មហាជនជាជាងបំភ័យពួកគេដោយធានាឱ្យមានការចូលរួមពិភាក្សាយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។
លោក ឱក សេរីសុភ័ក្របញ្ជាក់ថា៖
«សេចក្តីព្រាងច្បាប់ទូរគមនាគមន៍នេះអត់ទាន់យឺតពេលទេ មានក៏ មានចុះ ហើយធ្វើឱ្យបើកចំហរទៅកុំឱ្យលាក់លៀមអញ្ចឹង។ ហើយរៀបចំ ជាតុមូល អនុញ្ញាតឱ្យក្រុមហ៊ុនដែលធ្វើការវិនិយោគ នៅក្នុងហ្នឹងគាត់ឱ្យមតិរបស់គាត់ថាតើអាចមានសិទ្ធិការពារអតិថិជនរបស់គាត់ហ្នឹងគោរពជីវិតឯកជនរបស់គាត់យ៉ាងម៉េចបាន។ ជជែកគ្នាជាមួយនឹងអង្គការសង្គមស៊ីវិលទៅ»។
សេចក្តីព្រាងច្បាប់នេះក៏មានការបញ្ជាក់ពីការធានាឱ្យមានការប្រកួតប្រជែងនៅក្នុងទីផ្សារទូរគមនាគមន៍ដែលនឹងធានាបាននូវតម្លៃជាទីពេញចិត្តដល់អ្នកប្រើប្រាស់៕