ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃពុធនេះ បានណែនាំអភិបាលខេត្តទូទាំងប្រទេស ឲ្យចាត់វិធានការច្បាប់ប្រឆាំងមន្ត្រីមានសមត្ថកិច្ចទាំងឡាយណា ដែលបញ្ជាក់ឬចុះហត្ថលេខាលើលិខិតស្នាមខុសច្បាប់ពាក់ព័ន្ធបញ្ហាដីធ្លី។
នៅក្នុងលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៨ ខែកក្កដានេះ លោក ស ខេង ក៏បានជំរុញឲ្យអភិបាលខេត្តទាំងអស់ ចុះដោះស្រាយទំនាស់ដីធ្លី«ដោយសន្តិវិធី តម្លាភាព សុចរិតភាពនិងយុត្តិធម៌» ដោយត្រូវជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យដឹងច្បាស់ពីប្រវត្តិដីដែលមានទំនាស់។
ការណែនាំនេះធ្វើឡើងមួយថ្ងៃ ក្រោយពីតុលាការក្រុងភ្នំពេញ បានចោទប្រកាន់ និងឃុំខ្លួនលោក សង ថន និងអភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ ពីបទសូកប៉ាន់ និងស៊ីសំណូក ក្រោយពីអ្នកទាំងពីរត្រូវបាននាំខ្លួនទៅសាកសួរដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីសប្តាហ៍មុន ហើយត្រូវបានឃុំខ្លួនពាក់ព័ន្ធទំនាស់ដីធ្លីមួយនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង។
កាលពីថ្ងៃទី៣ ខែកក្កដា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែនបានបញ្ជាឲ្យអាជ្ញាធរខេត្តបាត់ដំបងដកហូតដីពីលោកសង ថនវិញ ដោយលោកនាយករដ្ឋមន្ត្រីលើកឡើងថា បុគ្គលរូបនេះ«បានទន្ទ្រានរំលោភយកដោយខុសច្បាប់»។
សារព័ត៌មានកោះសន្តិភាព កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះផ្សាយថា លោក សង ថន បានប្តឹងលោក ស៊ូ អារ៉ាហ្វាត់ ដែលទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី ដោយចោទអភិបាលរងខេត្តរូបនេះថា បានក្លែងឯកសារដាក់ទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងការសុំកាត់ដីរហូតដល់២៥០០ហិកតា មិនមែន៧០០ហិកតា ដូចការស្នើសុំរបស់លោកនោះទេ។
សារព័ត៌មានក្នុងស្រុកមួយនេះក៏បានដកស្រង់សម្តីរបស់លោក សង ថន ថា អភិបាលរងខេត្តបាត់ដំបងនេះ បានយកប្រាក់របស់លោកចំនួន២៥០០០ដុល្លារ ដោយសន្យាថា យកទៅរត់ការធ្វើប្លង់ដីឲ្យលោក៕