ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក៖ ទណ្ឌកម្ម​យោធា​អាច​ដក​អាស្រ័យ​លើ​ទំនាក់​ទំនង​យោធា​កម្ពុជា​ចិន ​និង​លទ្ធិ​ប្រជាធិបតេយ្យ


លោកស្រី Karen Chandler ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកម្មវិធីនិងប្រតិបត្តិការនៃការិយាល័យកិច្ចការនយោបាយយោធាបរទេសអាមេរិក។(សុខ ពៅខេមរា/​VOA)
លោកស្រី Karen Chandler ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកម្មវិធីនិងប្រតិបត្តិការនៃការិយាល័យកិច្ចការនយោបាយយោធាបរទេសអាមេរិក។(សុខ ពៅខេមរា/​VOA)

មន្ត្រី​ជាន់ខ្ពស់នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​នៅ​សប្តាហ៍​ថ្មីៗ​នេះ​ថា​ទណ្ឌកម្ម​ដោយ​ការ​ហាម​មិន​ឲ្យ​នាំ​ចេញ​អាវុធ ​និង​សម្ភារៈ​យោធា​ចូល​ប្រទេស​កម្ពុជា​ អាចដក​ចេញ​បាន​នៅពេល​ណា​នោះ​គឺ​អាស្រ័យ​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​ចិន​-កម្ពុជា​នៅ​មូលដ្ឋាន​យោធា​ជើង​ទឹករាម​កម្ពុជា​ដែល​សហរដ្ឋ​អាមេរិក​សង្ស័យ​ពី​វត្តមាន​មូលដ្ឋាន​កងទ័ព​ចិន ​និង​អាស្រ័យ​ទៅលើ​ការរីក​ចម្រើន​ផ្នែក​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ ​ដែល​សហរដ្ឋ​អាមេរិក​បារម្ភ។ នេះ​បើតាម​ការ​អះអាង​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក។

លោកស្រី​ Karen Chandler ​ឧបការីរង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កម្មវិធី​និង​ប្រតិបត្តិការនៃ​ការិយាល័យ​កិច្ចការ​នយោបាយ​យោធា​របស់​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​ពិសេស​និង​កម្មវិធី​ចេញផ្សាយ​របាយ​ការណ៍​ថ្មី​ «ដើរ​លើផែនដី​មាន​សុវត្ថិភាព៖ ​ការបង្ហាញ​របាយការណ៍​ថ្មី ​ភាព​ជា​អ្នក​ដឹកនាំ​សហរដ្ឋ​អាមេរិកជា​សកល​ក្នុងការ​បំផ្លាញ​អាវុធ​ធម្មតា​ របស់​អាមេរិក ​និង ​ការ​បោស​សម្អាត​គ្រាប់​មីន»។

អ្នកស្រី Karen Chandler​ បាន​បន្ថែម​ថា៖ ​«ខ្ញុំមិន​អាច​ទស្សន៍​ទាយ​ពី​អនាគត​ទេ ​ដូច្នេះ​ខ្ញុំ​មិនអាច​និយាយ​ច្បាស់​លាស់​ថា​ពេលណា​កម្ពុជា​ត្រូវ​លុបចេញ​ពី​បញ្ជី​ទណ្ឌកម្ម​ទេ។ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​គឺ​ថា​សហរដ្ឋ​អាមេរិក​ប្តូរផ្តាច់​ដើម្បី​ការ​រីក​ចម្រើន​នៃ​ប្រទេស​កម្ពុជា​ ក្រៅពី​សេរីភាព​សម្រាប់​កម្ពុជា​និង​សេរីភាព​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។ នៅពេល​លោក​ប្រធានាធិបតី ​Biden ​អញ្ជើញ​ទៅ​កម្ពុជា​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​លោក​ប្រធានាធិបតី​បាន​លើកទឹក​ចិត្ត​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បើក​លំហ​ទំនាក់​ទំនង​នយោបាយ​និង​សង្គម​ស៊ីវិល​ ហើយ​អនុញ្ញាត​ដល់​ពលរដ្ឋ​បញ្ចេញមតិ​ដោយ​សេរី​នៅមុន​ពេល​បោះឆ្នោត​ឆ្នាំ​២០២៣»។

លោកស្រី​ Karen Chandler ​រដ្ឋមន្ត្រីការ​បរទេសកម្មវិធី​និង​ប្រតិបត្តិការនៃ​ការិយាល័យ​កិច្ចការ​នយោបាយ​យោធាក្រសួងការ​បរទេស​អាមេរិក​។(សុខ ខេមរា/VOA)
លោកស្រី​ Karen Chandler ​រដ្ឋមន្ត្រីការ​បរទេសកម្មវិធី​និង​ប្រតិបត្តិការនៃ​ការិយាល័យ​កិច្ចការ​នយោបាយ​យោធាក្រសួងការ​បរទេស​អាមេរិក​។(សុខ ខេមរា/VOA)

អ្នកស្រី​ Karen Chandler​ បាន​បន្ថែម​ថា​ជា​ផ្នែក​មួយ​នៃ​ការ​បើកលំហ​ប្រជាធិបតេយ្យ ​គឺ​មាន​ន័យ​ផង​ដែរដែល​ថា​ត្រូវ​មាន​ការពិនិត្យ​ឡើងវិញ​នូវ​ទំនាក់ទំនង​ ដែល​មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជាមាន​ជាមួយ​នឹង​ចិន៖ «ដូច្នេះ​ក្តី​បារម្ភ​ជា​ចម្បង​មួយ ​ដែល​សហរដ្ឋ​អាមេរិក​មាន​គឺ​ទំនាក់​ទំនង​ និង​ ជាពិសេស​វត្តមាន​ការ​ចែក​រំលែក​បច្ចេកវិទ្យា​ដ៏​រសើប ​ដែល​អាច​កើតមាន​ នៅឯ​មូលដ្ឋាន​យោធា​ជើង​ទឹករាម ​ដោយសារ​វត្តមាន​របស់​យោធា​ចិន​ដែលនៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​សហរដ្ឋ​អាមេរិក​ជឿ​ថា​កម្ពុជា​គួរ​ពិនិត្យ​មើល​ឡើងវិញ ​រឿង​នោះ។ ពលរដ្ឋ​កម្ពុជា​គួរពិនិត្យ​មើល​ទំនាក់​ទំនង​ទាំងនោះ ​ពីព្រោះ​ទំនាក់​ទំនង​នោះ​នឹង​មិន​ជួយ​ធានា​ដល់​បូរណភាព​ពលរដ្ឋ​កម្ពុជា​ទេ»។

គណបក្ស​ជំទាស់​ដ៏ធំ​ក្នុង​ប្រទេស​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ថា​ ចង់ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​របស់ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ មេដឹកនាំ​គណបក្ស​នេះ​កំពុង​ជាប់ឃុំ​ក្នុងផ្ទះ​ ក្រោយ​តុលាការ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​២៧ឆ្នាំ​កាល​ពីដើម​ខែមីនា​ឆ្នាំ​២០២៣​ ហើយ​កំពុង​បន្ត​សំណុំ​រឿង​ទៅ​សាលា​ ឧទ្ធរណ៍។ ​ដោយ​ឡែក​អតីត​មេដឹកនាំ​ម្នាក់ទៀត​លោក សម រង្ស៉ី​កំពុង​បន្ត​និរទេស​ខ្លួន​នៅ​ក្រៅ ប្រទេស។ ​ក្រុមមន្ត្រី​របស់​លោក​ជាច្រើន​ក៏បន្ត​និរទេស​ខ្លួននិង​ត្រូវ​បាន​ដក​សិទ្ធ​ធ្វើ​នយោបាយ​។ ពួកគេ​ក៏​កំពុងជាប់​ក្តីក្តាំ​នៅ​តុលាការ។​ ​រីឯ​មន្ត្រី​ខ្លះ​បាន​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។

សហរដ្ឋ​អាមេរិក​ និង​ក្រុម​បស្ចឹម​ប្រទេស​ ​និង​អ.ស.ប.​ បាន​ទទូច​ឲ្យមាន​ការ​ពិភាក្សា​នយោបាយ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​លំហ​សេរីភាព​នយោបាយ ​សង្គម​ស៊ីវិល​និង​សារព័ត៌មាន​ឯករាជ្យ​ឡើង​វិញ។

មន្ត្រី​យោធា​កម្ពុជា​ មិនបាន​ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេ​នៅឡើយ​ទេ​ទាក់ទង​នឹង​ទណ្ឌកម្ម​ផ្នែក​យោធា​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២១ ​លើ​នាយ​ឧត្តមសេនីយ៍ពីររូប​ គឺ​លោក​នាយ​ឧត្តមសេនីយ៍ ​ចៅ ភិរុណ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ និង​នាយ​ឧត្តមនាវី​ ទៀ វិញ ​មេបញ្ជាការ​កងទ័ព​ជើងទឹក​ពេល​នោះ​ឲ្យ​ស្ថិត​នៅ​ក្នុងបញ្ជី​ខ្មៅ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​និង​តម្លាភាព​នៃការ​សាងសង់។

ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​នេះ​ គឺ​យោង​ទៅលើ​ការ​អភិវឌ្ឍ​តំបន់​កងទ័ព​ជើង​ទឹករាម​ក្នុង​ ខេត្ត​ព្រះសីហនុ ​ដែល​សហរដ្ឋ​អាមេរិក​មិន​សប្បាយ​ចិត្ត​នឹង​ការ​វាយ​បំផ្លាញ​ចោល​អគារ​ជំនួយ ​របស់​សហរដ្ឋ​អាមេរិក​ដល់​យោធា​កម្ពុជា។

ក្រុម​មន្ត្រី​កម្ពុជា​ចាប់ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល ​រដ្ឋមន្ត្រី​ការពារជាតិ​ និង​នាយក​រដ្ឋមន្ត្រី​ បាន​បដិសេធ​ជា​បន្ត​បន្ទាប់​នូវ​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​យោធា​ជើងទឹក​កម្ពុជា​តាំងពី​មាន​ការ​ចោទ​ប្រកាន់​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បដិសេធ​ភ្លាមៗ​ក្រោយ​ពេល ​ដែល​កាសែត​ The Wall Street Journal ​បាន​ដកស្រង់​ពី​ប្រភព​មន្ត្រី​អាមេរិក​ម្នាក់​និង​មន្ត្រី​ដែល​ធ្វើកិច្ចការ​នេះ តែ​មិន​បាន​ប្រាប់​ឈ្មោះ ​មក​ផ្សព្វផ្សាយ​ឲ្យដឹង​ដំបូង​កាល​ពី​ខែកក្កដា​ឆ្នាំ២០១៩​ថា​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើកិច្ច ព្រមព្រៀង​ ជា​សម្ងាត់​មួយ​ ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​របស់ខ្លួន​ប្រើ​ប្រាស់​មូលដ្ឋាន​ទ័ព​ជើងទឹក​កម្ពុជា ​រយៈពេល​៣០ឆ្នាំ​ ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដំណើរការ​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​ក្នុង​ការ​ពិនិត្យ​មើល​ឥទ្ធិពល​យោធា​នៅជុំវិញ​ពិភពលោក។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ត្រូវបាន​ដកស្រង់​សម្តី​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ មក​បញ្ជាក់​ថា​នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏អាក្រក់​បំផុត​ប្រឆាំងកម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា៖‍‍ «គ្មានរឿង​បែបនេះ​កើតឡើង​នោះទេ ​ព្រោះ​មូលដ្ឋាន​យោធា​បរទេស​ វាបាន​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា‍»។

លោកបាន​ចោទ​ជាសំណួរ​ដែរថា​ តើ​កម្ពុជា​ត្រូវការ​វត្តមាន​យោធា​ចិន​លើ​ទឹកដី​របស់ខ្លួន​ដើម្បី​អ្វី? ហើយ​បាន​ទទូច​ថា ៖‍«ល្មមឈប់​ប្រើព័ត៌មាន​ក្លែងបន្លំ​អំពី​វត្តមាន​កងទ័ព​ចិន​លើ​ទឹកដី​កម្ពុជា​ដើម្បី​ប្រឆាំងនឹង​យើង​ហើយ»។

ក្រុមមន្ត្រី​កម្ពុជា​បាន​បន្ទរ​តាម​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហើយថា​កម្ពុជា​ ជា​ប្រទេស​ឯករាជ្យ ​អធិបតេយ្យ ​អព្យាក្រឹត ​មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​ឡើយ។

ដោយ​បារម្ភ​អំពី​កំណើន​ឥទ្ធិពល​ចិន​នៅ​កម្ពុជា ​សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃទី៨ ​ខែធ្នូ បាន​សម្រេច​ដាក់​ទណ្ឌកម្ម ​ដោយ​ហាមមិន​ឲ្យនាំ​ចេញ​អាវុធ ​និងសម្ភារៈ​យោធា​ចូល​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​សហរដ្ឋ​អាមេរិក។ ទណ្ឌកម្ម​នេះ ​ត្រូវបាន​ប្រកាស​ដោយ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ដោយ​លើក​ហេតុផល​ថា ​មាន​អំពើ​ពុករលួយ ​ការរំលោភ​សិទ្ធិមនុស្ស និង​កំណើន​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​អ្នកស្រី​ Gina Raimondo ​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ​កាល​ពី​ខែធ្នូ​ឆ្នាំ​២០២១​ថា​៖ «យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើឲ្យ​មាន​វឌ្ឍនភាព​ប្រកប​ដោយ​អត្ថន័យ​ក្នុង​ការ​ដោះស្រាយ​អំពើ​ពុករលួយ​ និង​ការ​រំលោភ​សិទ្ធិមនុស្ស​និង​កាត់បន្ថយ​ឥទ្ធិពល​របស់​យោធា​ចិន​នៅ​កម្ពុជា ​ដែល​វា​គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់​ និង​ពិភពលោក»។

ប្រតិកម្ម​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​លើ​ការ​ហាមឃាត់​ការលក់​ដូរ​អាវុធ​មក​ឲ្យ​កម្ពុជា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែនធ្លាប់​បាន​បញ្ជា​ឲ្យ​យក​អាវុធ​ និង​សម្ភារៈ​យោធា​របស់​អាមេរិក​ ដែល​កម្ពុជា​មាន ​មក​រក្សា​ទុក​ក្នុង​ឃ្លាំង​ ឬ​បំផ្លាញ​ចោល​តែ​ម្តង។ នេះ​ បើ​យោងតាម​សារ​របស់​នាយក​រដ្ឋមន្រ្តី​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ​ខែ​ធ្នូ ​ឆ្នាំ​២០២១។​

លោក​ ហ៊ុន សែន ​ឲ្យ​ដឹង​ថា​ ​លោក​អរគុណ​សហ​រដ្ឋ​អាមេរិក​ចំពោះ​បម្រាម​ការ​លក់​ដូរ​អាវុធ​ និង​សម្ភារៈ​យោធា​មក​កម្ពុជា​នាពេល​នេះ។​ លោក​បញ្ជាក់​ថា​ ការ​សម្រេច​របស់​អាមេរិក ​«គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ កាលពី​ឆ្នាំ១៩៩៤​ ដែល​នៅ​ពេល​នោះ ​ខ្ញុំ​បាន​ធ្វើការ​សម្រេច​ចិត្ត​ ដោយ​មិន​ធ្វើ​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​អាវុធ​កម្ពុជា​ដែល​មាន​ពេល​នោះ ទៅ​ទិញ​ប្រព័ន្ធ​អាវុធ​អាមេរិក»។​

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា៖ ​«ទន្ទឹម​នឹង​នេះ ​ខ្ញុំ​សូម​ដាក់​ចេញ​បទ​បញ្ជា​ដល់​អង្គភាព​ប្រដាប់​អាវុធ​ទាំង​អស់ ​ឲ្យ​ធ្វើការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់​អំពី​អាវុធ​ និង​សម្ភារៈ​យោធា ​ដែល​កម្ពុជា​មាន​បច្ចុប្បន្ន​ ហើយ​ត្រូវ​ប្រមូល​អាវុធ​ និង​សម្ភារៈ​យោធា​អាមេរិក​ទាំង​អស់​ ប្រសិន​បើ​មាន​ យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​ ឬ​យក​ទៅ​កម្ទេច​ចោល​តាម​ការ​ជាក់​ស្តែង»។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក​ហ៊ុន សែន​បាន​បន្ថែម​ថា៖ ​«សម្រាប់​នយោបាយ​ការពារជាតិ​របស់​កម្ពុជា​ ហើយ​វា​ក៏​ជា​សារ​ព្រមាន​មួយ​ប្រាប់​ទៅ​ខ្មែរ​ដែល​គ្រប់គ្រង​រាជ​រដ្ឋាភិបាល​ជំនា​ន់ក្រោយ​ឲ្យ​បាន​ជ្រាប​ថា​ បើចង់​មាន​ឯក​រាជ្យភាព​លើ​វិស័យ​ការពារ​ជាតិ ​សូម​កុំ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក»។​

លោក ​ហ៊ុន សែន ​បន្ថែម​ថា​ តាម​ការ​ចំណាំ​របស់​លោក​ អ្នក​ដែល​ធ្លាប់​ប្រើប្រព័ន្ធ​អាវុធ​អាមេរិក​ជាច្រើន​ «បាន​ចាញ់​សង្រ្គាម»​ ដូចជា​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​លន់ នល់ ​និង​ សង្រ្គាម​នៅ​អាហ្គានីស្ថាន។​

សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការបដិសេធ​របស់​កម្ពុជា​រឿង​មូលដ្ឋាន​យោធា​ចិន​ក្រោយ​ពេល​ដែល​កម្ពុជា​ច្រានចោល​របាយការណ៍​អំពី​មូលដ្ឋាន​កងទ័ព​ចិន​នៅក្នុង​សមុទ្ររាម​ខេត្ត​ព្រះសីហនុ។

មក​ដល់​ពេល​នេះ​ក្រុមមន្ត្រី​សហរដ្ឋ​អាមេរិក​នៅតែ​បង្ហាញ​ពី​ក្តីបារម្ភ ​ហើយ​ភាគី​កម្ពុជា​នៅតែ​បន្ត បដិសេធ​និង​ពន្យល់​ពី​បញ្ហា​នេះ​ ហើយ​បាន​បង្ហាញ​ពី​ផលវិបាក​ខ្លះៗ​ដល់​កម្ពុជា​ដែល​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្ម។

លោកស្រី​ Karen Chandler ​បាន​បន្ថែមថា​ប្រទេស​ដែល​ជាប់​ទណ្ឌកម្ម​យោធា នឹង​ជួប​ផល​វិបាក៖ «នៅពេល​មាន​ទណ្ឌកម្ម​យោធា​កើតឡើង​ ពេលនោះ​វាមាន​ការប៉ះ​ទង្គិច​លើ​វិស័យ​ការពារ​ជាតិ ​និង​ វា​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ឬ​មិនអាច​ទៅរួច​ក្នុង​ការ​នាំចូល​និង​នាំចេញ​ប្រភេទ​អាវុធ​ជាក់​ស្តែង ​នានា​ពី​សហរដ្ឋ​អាមេរិក ​ដូច្នេះ​កម្ពុជា​ត្រូវ​រកមើល​កន្លែង​ផ្សេង»។

ថ្លែង​ប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន ​លោក​បណ្ឌិត​ អ៊ា សុផល ​ព្រឹទ្ធបុរស​រង​នៃ​ សាកល​វិទ្យាល័យ Arizona State University ​មាន​ប្រសាសន៍​ថា​កម្ពុជា​មិន​ខ្វល់រឿង​ទណ្ឌកម្ម​នោះទេ ​ដោយ​កម្ពុជាទំនង​ជា​មិន​ទិញដូរ​អាវុធ​ពី​សហរដ្ឋ​អាមេរិក​ឡើយ៖ «កម្ពុជា​មិន​ទិញ​អាវុធ​ច្រើន ​បើមាន​អាវុធ​អាមេរិក​លក់ឲ្យ​ក្តី ​ដូច្នេះ​មើលទៅ​ដូចជា​ប្រាប់​មនុស្ស ម្នាក់​ផឹក​ ប៉ឹបស៊ី ​ថា​មិនអាច​ផឹក​ កូកា កូឡា​ទៀត​ទេ។ ពួកគេ​មិន​ខ្វល់​នោះ​ឡើយ»។

ចំណែក​រឿង​ឧត្តមសេនីយ៍​យោធា​វិញ​ លោក ​សុផលថា​ពួកគេ​មិន​ខ្វល់​ច្រើនទេ​ព្រោះ​ពួកគេ​ដឹង​ថា​រឿង​នេះ​គង់តែ ​កើត​ឡើង​ទេ​ ដោយសារ​ថា​ពួកគេ​ទំនង​ជា​ចល័ត​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ ទាំង​អស់​ដោយសារ​មាន​ផ្លូវវាង ​ដូចជា​លាក់​លុយ​ក្នុង​ធនាគារ​នៅ​ប្រទេស​ក្រៅ ក្នុង​ក្រុមហ៊ុន​គ្មាន​អត្តសញ្ញាណ​ និង​ក្នុង​ក្រុមហ៊ុន​ខ្យល់​ដើម្បី​លាក់​អត្តសញ្ញាណ​ពួកគេ។ រឿងនេះ​ដូចជា​ឯកសារ បាណាម៉ា ​និង​ ក្រុមហ៊ុន​ Mosack-Fonseca ​រៀបរាប់​ពីអំពើ​ពុករលួយ​របស់​មន្ត្រី​ពិភពលោក ដែល​ក្នុងនោះ ​មាន​ឈ្មោះឥស្សរជន​ខ្មែរ​ក្នុង​បញ្ជី​ផងដែរ។

លោក ​សុផល ​ជាអ្នក​និពន្ធ​សៀវភៅ ​«ជំនួយ​នៅ​កម្ពុជា៖ តើជំនួយ​បរទេស​បំផ្លាញ​លទ្ធិប្រជាធិប តេយ្យ ​ដោយ​របៀប​ណា?» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) បាន​បន្ថែម​ថា៖ «កម្ពុជា​គួរបញ្ឈប់​ធ្វើរឿង​ដែល​នាំឲ្យ​មាន​ទណ្ឌកម្ម ​ដោយ​ហាម​មិនឲ្យ​នាំចេញ​អាវុធ ​និង សម្ភារៈ​យោធា​ចូល​ប្រទេស​កម្ពុជា ​តែ​ជំហាន​ដំបូង​គឺត្រូវ​ប្រកាន់​ជំហរ​អព្យាក្រិត​ឲ្យបាន​ច្រើន​ជាងមុន ហើយ​ងាក​ពីចិន។ ការណ៍​នោះ​គឺថា​មិន​អនុញាត​ឲ្យចិន ​មាន​មូលដ្ឋាន​កងទ័ព​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​នេះ​គឺ​ជា​ជំហាន​ធំមួយ​ឆ្ពោះ​ទៅមុខ»។

អ្នកស្រី​ Joanne Lin Weiling​ អ្នកស្រាវជ្រាវ​នាំមុខនៅឯ​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៃ​ វិទ្យាស្ថាន ​ISEAS Yusof Ishak ​ក្នុង​ប្រទេស​សិង្ហបុរី ​បានយល់​ស្រប​ថា​ មាន​ជំហាន​ជាច្រើន​ត្រូវ​បំពេញ​មុនពេល​ទណ្ឌកម្ម​យោធា​ហាមប្រាម​ការនាំចូល​នាំចេញ​អាវុធ​ត្រូវ​លើក​បាន​ និង​ជម្រះក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ការលើក​បម្រាម​អាវុធ​អាច​ធ្វើ​ទៅបាន​អាស្រ័យ​លើ​ជំហាន​មួយ​ចំនួន​ដែល​កម្ពុជា​ត្រូវ​ប្រកាន់​យក និង​ដោះស្រាយ​ក្តីបារម្ភ​របស់​សហរដ្ឋ​អាមេរិក ​មិនថា​ជារឿង​ឥទ្ធិពល​យោធា​ចិន​ បញ្ហា​សិទ្ធិមនុស្ស ឬដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។ មួយផ្នែក​នៃការ​ធ្វើតាម ​រឿង​ដក​ទណ្ឌកម្ម​នេះ ​វាក៏​អាស្រ័យ​លើ​ថា​តើ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​អាមេរិក​ នឹង​បន្ត​រីកចម្រើន​ប៉ុណ្ណា ​ហើយថា​តើការ​ជឿជាក់​ជា​យុទ្ធសាស្ត្រ​អាច​ជឿន​លឿន​ប៉ុណ្ណា»។

ប៉ុន្តែ​លោក​ស្រី​ Joanne Lin Weiling​ បាន​កត់​សម្គាល់​ការ​ផ្លាស់ប្តូរ​ជាសំខាន់​ចុងក្រោយ​ចំពោះ​គោល​នយោបាយ​ការបរទេស​កម្ពុជា​ដែលមាន​ការសាទរ​ខ្លាំង​ពី​អន្តរជាតិ​ រួមទាំង​សហរដ្ឋ​អាមេរិក​ផងដែរ៖ «នៅពេល​សហរដ្ឋ​អាមេរិក​បារម្ភ​អំពី​កំណត់​ត្រា​សិទ្ធិមនុស្ស ​និង​ ដំណើរការ​បោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ ​ក៏ដូច​ជា​ឥទ្ធិពល​ខ្លាំង​របស់​ចិន​នៅ​កម្ពុជា​ រួមទាំង​វត្តមាន​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹករាម ​សហរដ្ឋ​អាមេរិក ​យ៉ាងណា​ក៏ផ្តល់​គុណតម្លៃ​ចំពោះ​ការ​គាំទ្រ​ដ៏ខ្លាំងក្លារ​របស់​កម្ពុជា ទាក់ទង​នឹង​សណ្តាប់​ធ្នាប់​តាម​ច្បាប់​ក្នុងការ​ចេញមុខ​បង្កើត​សេចក្តី​សម្រេច​រួមគ្នា ​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ថ្កោលទោស​ការ​ឈ្លានពាន​រុស្ស៉ី ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នៅក្នុង​បរិបទ​នេះ កម្ពុជា​បាន​បង្ហាញ​ជំហ​ឯករាជ្យ​ជា​យុទ្ធសាស្ត្រ​ធំណាស់​ ក្នុង​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន ​ដែល​ថា​ខ្លួន​មិនស្រប​តាមចិន»។

ក្នុង​អំណះអំណាង​មួយ​លោកស្រី ​បានលើក​យក​ការស្ទង់​មតិ​ចុងក្រោយ​មួយ​របស់​វិទ្យាស្ថាន ​ISEAS Yusof Ishak ​ដែល​ពលរដ្ឋ​កម្ពុជា​ចំនួន​៩០​ភាគរយ ​គាំទ្រ​រដ្ឋាភិបាលកម្ពុជា​ក្នុងការ​ឆ្លើយ​តប​ទៅនឹង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​ពី​កងទ័ព​រុស្ស៊៊ីហើយ​នៅពេល​សួរអំពី​ការ​ជ្រើសរើស​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ មាន​តួលេខ​ខ្ពស់​រហូត​ដល់​៧៣,១​ភាគរយ ​ដែល​ចង់មាន​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក ​ជាជាង​ចិន។

អ្នកស្រី Joanne Lin Weiling​ បាន​បន្ថែម​ថា ​គោល​នយោបាយ​ការ​បរទេស​កម្ពុជា​ងាកចេញ​ពីចិន​ដោយ​ដំណើរការ​ទៅមុខ​ផ្តោតលើ​បញ្ហា​ជាក់ស្តែង ​ជាជាង​ទទួល​រង​ឥទ្ធិពល៖​ «នៅ​ពេលអ្នក​ដឹកនាំ​កម្ពុជា​ជំនាន់​ក្រោយ​កាន់​អំណាច​ រឿងនេះ​ទំនង​ជាថា​កម្ពុជា​អាច​ងាក​ចេញ​ពីការ​ពឹងពាក់​ចិន​ទាំងស្រុង ​ហើយងាក​ទៅចាប់​យក​ពហុ​ទំនាក់ទំនង​វិញ។ ពេលនោះ​ វាអាច​មាន​ការ​បើក​លំហ​សង្គម​ស៊ីវិល ​និង ​នយោបាយ ​ដែល​សហរដ្ឋ​អាមេរិក ​ផ្តល់​គុណ​តម្លៃ​ខ្ពស់»៕

XS
SM
MD
LG