ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​៖ កុំ​បារម្ភ​រឿង​កំណើន​ជនជាតិ​ចិន​នៅ​កម្ពុជា​ ​ព្រោះ​ពួក​គេ​នាំ​យក​លុយ​ឱ្យ​កម្ពុជា​ប៉ុណ្ណោះ


រូបឯកសារ៖ លោកLi Keqiang នាយក​រដ្ឋ​មន្ត្រី​ចិន (ឆ្វេង) ទាញ​រូប​បេះដូង​ដែល​តំណាង​ឲ្យ​ដំណើរ​នៃ​ក្តីស្រឡាញ់​ពី​បេះដូង​រវាង​កម្ពុជា និង​ចិន ជាមួយ​សមភាគី​របស់​លោក គឺ​នាយក​រដ្ឋមន្រ្តី​ខ្មែរ លោក ហ៊ុន សែន (កណ្តាល) ក្នុង​អំឡុង​ពិធី​ចុះ​ហត្ថលេខា​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨។​​ (រូបថត AP)
រូបឯកសារ៖ លោកLi Keqiang នាយក​រដ្ឋ​មន្ត្រី​ចិន (ឆ្វេង) ទាញ​រូប​បេះដូង​ដែល​តំណាង​ឲ្យ​ដំណើរ​នៃ​ក្តីស្រឡាញ់​ពី​បេះដូង​រវាង​កម្ពុជា និង​ចិន ជាមួយ​សមភាគី​របស់​លោក គឺ​នាយក​រដ្ឋមន្រ្តី​ខ្មែរ លោក ហ៊ុន សែន (កណ្តាល) ក្នុង​អំឡុង​ពិធី​ចុះ​ហត្ថលេខា​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨។​​ (រូបថត AP)

ខណៈ​មាន​ការ​លើក​ឡើង​ថា ​កំណើន​វត្តមាន​ជនជាតិ​ចិន​លើ​ទឹកដី​កម្ពុជា​ដ៏​ច្រើន​ កំពុង​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ​ សុវត្ថិភាព​ ​និង​សេដ្ឋកិច្ច​នៅ​តាម​ខេត្ត​សំខាន់ៗ​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​ប្រាប់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​បារម្ភ​ ​ដោយ​ថា​ជនជាតិ​ចិន​ដែល​ស្នាក់នៅ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ចំណូល​​មក​​កម្ពុជា​មាន​ការ​កើន​ឡើង។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បាន​ប្រាប់​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​បារម្ភ​ពី​កំណើន​ជន​ជាតិ​ចិន​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ ​ដោយ​លោក​អះអាង​ថា​ ​ជន​ជាតិ​ចិន​ដែល​មក​ស្នាក់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ គឺជា​អ្នក​វិនិយោគ និង​អ្នកទេសចរណ៍ដែល​នាំ​យក​លុយ​ ​និង​ចំណូល​មក​ឲ្យ​កម្ពុជា​ប៉ុណ្ណោះ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាកល​វិទ្យា​ល័យ​ក្រ​ចេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ លើក​ឡើង​ថា​ ​ជន​ជាតិ​ចិន​ដែល​កំពុង​មក​ធ្វើទេសចរណ៍​ ​និង​វិនិយោគ​នៅ​កម្ពុជា​បច្ចុប្បន្ន​ ​មាន​ចំនួន​ជាង​១លាន​នាក់។ ​លោក​ថា​ ​ពលរដ្ឋ​ចិន​ទាំង​នេះ កំពុង​ផ្ដល់​ចំណូល​យ៉ាង​ច្រើន​សម្រាប់​កម្ពុជា។​ ​

រូបឯកសារ៖ សណ្ឋាគារ​និង​កាស៊ីណូ ប៉ាវម៉ាយ ជា​សណ្ឋាគារ​និង​កាស៊ីណូ​មួយ​ក្នុង​ចំណោម​សណ្ឋាគារ​និង​កាស៊ីណូ​មួយ​ចំនួនរបស់​ចិន​នៅ​ខេត្តព្រះសីហនុ នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី 0៨ ​ខែមេសា ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)
រូបឯកសារ៖ សណ្ឋាគារ​និង​កាស៊ីណូ ប៉ាវម៉ាយ ជា​សណ្ឋាគារ​និង​កាស៊ីណូ​មួយ​ក្នុង​ចំណោម​សណ្ឋាគារ​និង​កាស៊ីណូ​មួយ​ចំនួនរបស់​ចិន​នៅ​ខេត្តព្រះសីហនុ នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី 0៨ ​ខែមេសា ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)

លោក​បន្ថែម​ថា ជន​ជាតិ​ចិន​ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ ​មាន​ចំនួន​ច្រើន​ ​ដោយ​សារ​កម្ពុជា​ខ្វះ​ធនធាន​មនុស្ស ​ស្រប​ពេល​ដែល​ការ​វិនិយោគ​របស់​បរទេស ​មាន​ការ​កើន​ឡើង​ខ្ពស់។

ទន្ទឹម​នឹង​ការ​ប្រាប់​ប្រជា​ពលរដ្ឋខ្មែរ​កុំ​ឲ្យ​បារម្ភ​ពី​កំណើន​ជន​ជាតិ​ចិន​ ​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ហៅ​ការ​រិះគន់​ចំពោះ​បញ្ហា​នេះ​ថា​អគតិ។​

លោក​មាន​ប្រសាសន៍​ថា៖​

«មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ​មាន​មតិ​មួយ​ចំនួន​ដែល​ជា​មតិ​អគតិ​ទាំង​ស្រុង។​ ​មាន​ការរិះគន់​ទៅ​លើ​ក្រុម​ហ៊ុន​ចិន​ ​ជន​ជាតិ​ចិន​មក​កម្ពុជា​ ​តែ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា​តើ​ជន​ជាតិ​ចិន​មក​កម្ពុជា​នេះ​ ​គេ​មក​របៀប​ម៉េច?​ ​ទី១​ ​ទេសចរណ៍១​លាន​២​សែន​នាក់​ ​នាំ​មក​នូវ​ប្រាក់​ចំណូល​ពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា​ច្រើន​ណាស់។​ ​អា​ហ្នឹង​ត្រូវ​យល់ កុំ​ឲ្យ​ឃើញ​ថា​ចិន ចេះ​តែ​នាំ​គ្នា​គេ ចិន​មិន​មក​នៅ​ស្រុក​ខ្មែរ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​ជន​ជាតិ​ចិន​ដែល​មក​វិនិយោគ​ ​ឬ​កំពុង​ធ្វើ​ការ​ងារ​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​បច្ចេកទេស​ ​ឬ​ការ​ងារ​សាង​សង់​នៅ​កម្ពុជា​ ​នឹង​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ​ ​ក្រោយ​ការ​បញ្ចប់​ការ​ងារ​ ​និង​បន្ទាប់ពី​កម្ពុជា​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ការ​ងារ​បច្ចេកទេស​ទាំង​នោះ។

រូបឯកសារ៖ អាហារដ្ឋាន ជឹង ចុង លក់​ម្ហូប​ចិន នៅ​ខេត្តព្រះសីហនុ នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)
រូបឯកសារ៖ អាហារដ្ឋាន ជឹង ចុង លក់​ម្ហូប​ចិន នៅ​ខេត្តព្រះសីហនុ នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)

យ៉ាង​ណា​ក៏​ដោយ​ ​កំណើន​វត្ត​មាន​ជន​ជាតិ​ចិន​លើ​ទឹក​ដី​កម្ពុជា​ដ៏​ច្រើន​ ​កំពុង​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សេដ្ឋកិច្ច​នៅ​តាម​ខេត្ត​សំខាន់ៗ​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា ដូចជា​នៅ​ខេត្ត​ព្រះ​សីហនុ ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ​ជា​ដើម។

កាលពី​ចុង​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៨​នេះ​ ​លោក​ ​យន្ដ មីន​ ​អភិបាល​ខេត្ត​ព្រះ​សីហនុ​ ​បាន​ផ្ញើ​របាយការណ៍​ជូន​រដ្ឋ​មន្ត្រី​ ​ក្រសួង​មហា​ផ្ទៃ​ ​ពាក់​ព័ន្ធ​នឹង​កំណើន​ជន​បរទេស​ ​ជា​ពិសេស​ជន​ជាតិ​ចិន​ ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ដែល​អះអាង​ថា​មាន​ទាំង​ភាព​វិជ្ជមាន​ ​និង​អវិជ្ជមាន។​

​លោក​អភិបាល​ខេត្ត​ព្រះ​សីហនុ​ ក៏​បញ្ជាក់​ថា កំណើន​ជន​បរទេស​ក្នុង​ខេត្ត​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដូចជា​ ​បង្ក​ឱកាស​ដល់​ជន​ជាតិ​ចិន​ជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន​បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទ​ល្មើស​ ​បង្ក​អសន្តិសុខ​ ​និង​ចាប់​ជំរិត​អ្នក​វិនិយោគ​ ​និង​ថា​ ​ខ្លះ​ទៀត​បាន​ជួល​ផ្ដាច់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​មួយ​ចំនួន​ធំ​ដែល​ធ្វើ​ឲ្យ​ការ​ផ្ដល់​សេវា​ដល់​ភ្ញៀវទេសចរណ៍ជាតិ ​និង​អន្តរជាតិមាន​ការ​ខ្វះខាត​នៅ​ពេល​បុណ្យ​ទាន​ជា​ដើម។

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​លើក​ឡើង​ថា​ ​កំណើន​ជន​ជាតិ​ចិន​នៅ​កម្ពុជា​ដ៏​ច្រើន​នា​ពេល​ថ្មីៗ​នេះ កំពុង​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​ ​ខណៈ​ជន​ជាតិ​ចិន​មួយ​ចំនួន​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ផ្សេងៗ​តាម​ទំនើង​ចិត្ត ដោយ​សមត្ថកិច្ច​មិន​មាន​ការ​ចាត់​វិធានការ​ឲ្យ​បាន​ត្រឹម​ត្រូវ។

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ​បាន​បង្ហាញ​ក្តី​បារម្ភ​ពាក់​ព័ន្ធ​នឹង​កំណើន​ជន​ជាតិ​ចិន​នេះ​ថា​ ​សមត្ថភាព​គ្រប់​គ្រង​ជន​បរទេស​របស់​សមត្ថកិច្ច​កម្ពុជា នៅ​មាន​ភាព​ធូររលុង​ ​ដែល​អាច​នឹង​បង្ក​ឲ្យ​កម្ពុជា​កើត​មាន​វិបត្តិ​ធ្ងន់ធ្ងរ​នា​ពេល​អនាគត​ ​ដូចជា​ការ​បង្ក​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍​ជា​ដើម។

ស្រដៀង​គ្នា​នេះ​ ​លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ប្រាប់​ ​VOA​ ​ថា លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​ជា​ក្បាល​ម៉ា​ស៊ី​ន​ដឹក​នាំ​ប្រទេស​ ​គួរ​តែ​ចេញ​បញ្ជា​ឲ្យ​មាន​ការ​អនុ​វត្តច្បាប់​ ​និង​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​លើ​ជន​បរទេស​ ​ពិសេស​ជន​ជាតិ​ចិន​ដែល​កំពុង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋកម្ពុជា​មាន​ការ​បារម្ភ ជា​ជាង​និយាយ​ថា មតិ​រិះគន់​ទាំង​នោះ ជា​មតិ​អគតិ។

លោក​បន្ថែម​ថា​ ​ប្រសិន​បើ​សមត្ថកិច្ច​កម្ពុជា​មិន​ពង្រឹង​ការ​ចាត់​វិធាន​លើ​ជន​ជាតិ​ចិន​ដែល​បង្ក​នូវ​ភាព​អ​សន្តិសុខ និង​ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋកម្ពុជា ​មាន​ភាព​ប្រសើរ​ឡើង​ទេ​នោះ ការ​ប្រើ​ប្រាស់​ហិង្សាដើម្បី​ដោះ​ស្រាយបញ្ហា នឹង​អាច​កើត​មាន។​

លោកមាន​ប្រសាសន៍​ថា៖​

«តាម​ពិត​ផល​ប៉ះពាល់​ខ្លះ​វា​បាន​ចេញ​មក​ជា​រូបរាង​ហើយ។ ​អញ្ចឹង​យើង​បារម្ភ​ខ្លាច​ថា​ថ្ងៃ​មុខ​ទៅ​វា​អាច​នឹង​មាន​ជម្លោះ​រវាង​ជន​ស៊ី​វិល រវាង​ខ្មែរ និង​ចិន​ហ្នឹង​វា​អាច​កើត​ឡើង​បើសិនជា​អាជ្ញាធរ​ហ្នឹង​មិន​អនុ​វត្តច្បាប់​តឹងរ៉ឹង​ទៅ​លើ​ជន​ជាតិ​ចិន​ហ្នឹង​ទេ។​ ​អញ្ចឹង​ហើយ​ការ​ប៉ះទង្គិច​ណាមួយ​ដែល​អាច​កើត​មាន​រវាង​ប្រជាជន​ម្ចាស់​ស្រុក និង​បរទេស​ចំណូល​ស្រុក​ហ្នឹង វា​កាន់​តែ​ធ្វើ​ឲ្យ​ស្ថានភាព​សន្តិសុខ​សុវត្ថិភាព​ហ្នឹង​វា​កាន់​តែ​មាន​ភាព​ផុយ​ស្រួយ»។

រូបឯកសារ៖ សណ្ឋាគារ​លំហែកាយ​ក្បែរ​ឆ្នេរ​សមុទ្រ ឈ្មោះ Serendipity Beach Resort នៅ​ក្បែរ​កន្លែង​ឡើង​ជិះ​ទូក​ទៅ​កំសាន្ត​នៅ​កោះ​ផ្សេងៗ នៅ​ខេត្តព្រះសីហនុ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)
រូបឯកសារ៖ សណ្ឋាគារ​លំហែកាយ​ក្បែរ​ឆ្នេរ​សមុទ្រ ឈ្មោះ Serendipity Beach Resort នៅ​ក្បែរ​កន្លែង​ឡើង​ជិះ​ទូក​ទៅ​កំសាន្ត​នៅ​កោះ​ផ្សេងៗ នៅ​ខេត្តព្រះសីហនុ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)

ទំនាក់ទំនង​កម្ពុជា​-​ចិន​ ​មាន​ភាព​ស្អិតល្មួត​ ​តាម​រយៈ​ទំនាក់ទំនង​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និង​មេ​ដឹក​នាំ​ចិន។​ ​ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ ​និង​កម្ចី​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​ ​ខណៈ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក មាន​ភាព​មិន​ល្អ​រហូត​មក​ដល់​ពេល​នេះ។

ចិន​ជា​ប្រទេស​ដែល​មាន​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(Foreign Direct Investment)​ ​ធំ​ជាង​គេ​នៅ​កម្ពុជា និង​ជា​អ្នក​ផ្ដល់​ជំនួយ និង​ហិរញ្ញប្បទាន​ធំ​មួយ ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំៗ​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា។​

​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ចិន​បាន​កើន​ដល់​ទៅ​ ​៤,៨០០លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៦​ ​ដែល​មាន​ការ​កើន​ឡើង​ប្រមាណ​ ​២០០​លាន​ដុល្លារ​ ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥ ស្រប​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ជា​ជន​ជាតិ​ចិន កំពុង​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ នៅ​កម្ពុជា៕​

XS
SM
MD
LG