ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឈាម​បរិច្ចាគ​ពី​អ្នក​ជា​សះស្បើយ​​អាច​ជួយ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩


រូប​ឯកសារ៖ កញ្ចប់​ប្លាស្មា​ត្រូវ​បាន​បរិច្ចាគ​ដោយ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។
រូប​ឯកសារ៖ កញ្ចប់​ប្លាស្មា​ត្រូវ​បាន​បរិច្ចាគ​ដោយ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។

អ្នក​វិទ្យាសាស្ត្រ​កំពុង​​​ត្រៀម​សាកល្បង​​មើល​ថា​ តើ​ការ​ចាក់​បញ្ចូល​ជាតិ​ថ្លា​នៅ​ក្នុង​ឈាម​ហៅ​ថា «ប្លាស្មា» (Plasma) ដែល​បាន​ពី​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ពី​​​ជំងឺ​កូវីដ១៩ អាច​ទប់ទល់​នឹង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​ឬ​ទេ។

វិធី​ព្យាបាល​ដ៏​ចំណាស់​នេះ​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ជាង​មួយ​សតវត្សរ៍​មក​ហើយ​នោះ​ដើម្បី​ប្រឆាំង​ទៅ​នឹង​ជំងឺ​រាតត្បាត​នានា​រួម​ទាំង​ ជំងឺ​ផ្តាសាយ​ធំ​ដែល​បាន​រាតត្បាត​ជា​សាកល​កាល​ពី​ឆ្នាំ​១៩១៨ រោគ​កញ្ជ្រឹល​ក្នុង​ទសវត្សរ៍​១៩៣០ និង​ជំងឺ​រាតត្បាត​អេបូឡា (Ebola) កាល​ពី​ឆ្នាំ​២០១៤។

នៅ​ពេល​អ្នក​ជំងឺ​ម្នាក់​ជា​សះស្បើយ​ពី​ជំងឺ​មួយ ឈាម​របស់​ពួក​គេ​មាន​ផ្ទុក​អង់ទីគ័រ​ (អង្គបដិបក្ខ) ​ដែល​ប្រឆាំង​ទៅ​នឹង​មេរោគ​នៃ​ជំងឺ​នោះ។ អង់ទីគ័រ​ដើរ​តួ​ដូច​ជា​អ្នក​ឃ្លាំ​មើល​ឲ្យ​ប្រព័ន្ធ​ការពារ​របស់​រាងកាយ​មនុស្ស​យ៉ាង​ដូច្នេះ។ នៅ​ពេល​ដែល​មេរោគ​ឆ្លង​ជា​ថ្មី​ទៅ​អ្នក​ជំងឺ​នោះ អង់ទីគ័រ​ឃ្លាំ​មើល​នេះ​រាយកាណ៍​ទៅ ​ប្រព័ន្ធ​ការពារ​រាងកាយ​ដើម្បី​ត្រៀម​ប្រយុទ្ធ​នឹង​មេរោគ​ឈ្លាន​ពាន។

រូប​ឯកសារ៖ កញ្ចប់​ប្លាស្មា​កក​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​ក្រុង Bern ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។
រូប​ឯកសារ៖ កញ្ចប់​ប្លាស្មា​កក​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​ក្រុង Bern ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ការ​ចាក់​សេរ៉ូម​មាន​ជាតិ​អង់ទីគ័រ​ពី​អ្នក​បាន​សះស្បើយ​នេះ អាច​ផ្តល់​ភាព​ស៊ាំ​ការពារ​ដល់​អ្នក​ដទៃ។

លោក​វេជ្ជបណ្ឌិត​ Shmuel Shoham សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​ឱសថសាស្ត្រ​នៅ​មហាវិទ្យាល័យ​ឱសថសាស្ត្រនៃ​សាកលវិទ្យាល័យ Johns Hopkins ថ្លែង​ថា៖ «បើ​យើង​អាចប្រមូលអង់ទីគ័រ​ទាំង​នេះ​និង​ផ្តល់​ទៅ​ឲ្យ​អ្នក​ដែល​បាន​ទៅ​ប៉ះ​នឹង​មេរោគ​នេះ​ និង​ងាយ​ឆ្លង​មេរោគ ឬ​អ្នក​ដែល​បាន​កើត​ជំងឺ​នេះ​ក្នុង​ដំណាក់​កាល​ដំបូង ពេល​នោះ​យើង​ប្រហែល​មាន​ឱកាស​ជួយ​បាន​ច្រើន»។​

ក៏​ប៉ុន្តែ​វិធីសាស្ត្រ​មិន​មាន​ប្រសិទ្ធភាព​គ្រប់ពេល​នោះ​ទេ។

លោក Shoham បាន​ធ្វើ​ការ​សិក្សា​មើល​ថា​ តើជាតិ​ប្លាស្មា​ពី​អ្នក​ជាសះស្បើយ​ពី​ជំងឺ​ផ្តាសាយ​ធំ​ អាច​ជួយ​អ្នក​កើត​ផ្តាសាយ​កម្រិត​ស្រាល​ឬ​ធ្ងន់​ដែរ​ឬ​ទេ។​

លទ្ធផល​គឺ​មិន​បាន​ជួយ​ទេ។

​ប៉ន្តែ​លោក Shoham មិន​បាន​បោះបង់​ក្តី​សង្ឃឹម​ទេ​ថាការ​ចាក់​សេរ៉ូម​មាន​អង់ទីគ័រ​អ្នក​ជា​សះស្បើយ​អាច​ទប់ទល់​នឹងជំងឺ​កូវីដ១៩ មួយ​ផ្នែក​ដោយ​សារ​អ្នក​ជំងឺ​នៅ​ក្នុង​ការ​សិក្សា​របស់​លោក​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ​ធំ​ទំនង​បាន​ធ្លាក់​ខ្លួន​ឈឺ​មួយ​រយៈ​ហើយ​ ដែល​ធ្វើ​ឲ្យ​អង់ទីគ័រ​លែង​មាន​ប្រសិទ្ធភាព។

លោក Shoham ពន្យល់​ថា៖​ «នៅ​ពេល​យើង​ព្យាយាម​ព្យាបាល​អ្នក​ជំងឺ​នៅ​ដំណាក់​កណ្តាល​បន្ទាប់​ហើយ នៅពេល​មេរោគ​វា​ចូល​ជ្រៅ​ទៅ​ក្នុង​កោសិកា​ហើយ ពេល​នោះ​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រព័ន្ធ​ការពារ​រាង​កាយ​មាន​សារៈសំខាន់​ជាង។ ដូច្នេះ​សម្រាប់​អ្នក​ជំងឺ​ផ្តាសាយ​ធំ​ដែល​យើង​ខ្ញុំ​បាន​សិក្សា ប្រហែល​ជា​ចាក់​អង់ទីគ័រ​យឺត​ពេក​ ព្រោះ​ពួក​គេ​បាន​កើត​ជំងឺ​ផ្តាសាយ​ធំ​ក្នុង​ខ្លួន​រួច​ទៅ​ហើយ»។

លោក Shoham ថា​វិធីសាស្ត្រ​ចាក់​អង់ទីគ័រ​អាច​មាន​ប្រសិទ្ធភាព​សម្រាប់​ការពារ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឆ្លង​ជំងឺ ដូច​ជា​បុគ្គលិក​សុខាភិបាល​ជា​ដើម។ វ៉ាក់សាំង​មាន​ប្រសិទ្ធភាពដោយសារ​វាជំរុញ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​មនុស្ស​បង្កើត​អង់ទីគ័រ​ប្រឆាំង​នឹង​មេរោគ​ដែល​បាន​ចុះ​ខ្សោយ​ឬ​ងាប់។ ជាតិ​ប្លាស្មា​ក្នុង​ឈាម​អាច​បង្កើត​អង់ទីគ័រ​ទាំង​នោះ ប៉ុន្តែ​បានមួយ​រយៈ​ប៉ុណ្ណោះ។ អ្នក​ជំងឺ​ដែលដែល​គេ​បាន​ចាក់​បញ្ចូល​ជាតិ​ប្លាស្មា មិន​អាច​ផលិត​អង់ទីគ័រ​ដោយ​ខ្លួន​ឯង​បាន​ទេ ដូច្នេះ​មធ្យោបាយ​ការពារ​បណ្តោះ​អាសន្ននេះ​នឹង​បាត់​ទៅ​វិញ។​

គ្រូពេទ្យ​ចិន​បានព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ខ្លះ​ដោយ​ប្រើ​ជាតិ​ប្លាស្មា​ពី​អ្នកជា​សះ​ស្បើយ ក៏​ប៉ុន្តែ​ការ​ព្យាបាល​នេះ​មិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​សិក្សា​ព្យាបាល​សាកល្បង​ត្រឹមត្រូវ ដូច្នេះ​គេ​មិន​ដឹង​ថា​លទ្ធផល​ពិត​ប្រាកដ​យ៉ាង​ណា​នោះ​ទេ។​

អាជ្ញាធរ​ចិន​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ បរិច្ចាគ​ជាតិ​បា្លស្មា​ក្នុង​ឈាម​របស់​ពួក​គេ។

លោក Xiong Fei អ្នក​បើកបរ​រថយន្ត​ក្រុង​ម្នាក់​នៅ​ទី​ក្រុង​វូហាន ប្រទេស​ចិន ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ពេល​ថែទាំ​ម្តាយ​ដែល​បាន​កើត​និង​ស្លាប់​ដោយ​ជំងឺ​នេះ ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​របស់​ចិន CCTV​ ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ មនុស្ស​គ្រប់​គ្នា​អាចរួម​ចំណែកបន្តិច​ម្នាក់​ដើម្បី​ជួយ​បញ្ឈប់​ជំងឺ​រាតត្បាត​នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

បុរស​ម្នាក់​រុញ​វ៉ាលី​របស់​លោក​កាត់​បុគ្គលិក​ដែល​ពាក់​ឈុត​ការពារ​រង់ចាំ​វាស់​សីតុណ្ហភាព​របស់​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។
បុរស​ម្នាក់​រុញ​វ៉ាលី​របស់​លោក​កាត់​បុគ្គលិក​ដែល​ពាក់​ឈុត​ការពារ​រង់ចាំ​វាស់​សីតុណ្ហភាព​របស់​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

មណ្ឌល​ស្តុកទុក​ឈាម​បម្រុង​តែងប្រមូលជាតិ​ប្លាស្មា​សម្រាប់​ត្រៀម​ប្រើប្រាស់​នៅ​ក្នុង​ការ​វះកាត់​និង​បន្ទប់​សង្គ្រោះ​បន្ទាន់។

ក្រុមហ៊ុន​ថែទាំ​សុខភាព​មួយ​របស់​អេស្ប៉ាញ​ឈ្មោះ​ Grifols បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ប្រមូល​ជាតិ​ប្លាស្មា​បម្រុង​ទុក​នៅ​មណ្ឌល​ផ្តល់​ឈាម​ជា​ច្រើន​កន្លែង​របស់​ក្រុមហ៊ុន​នេះ​នៅ​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​នេះ​ក៏​កំពុង​រៀចំ​បន្សុទ្ធ​ជាតិ​អង់ទីគ័រ​ប្រឆាំង​វីរុស​កូរ៉ូណា​ ដែល​មាន​នៅ​ក្នុង​ប្លាស្មា សម្រាប់​ប្រើ​ក្នុង​ការ​សិក្សា​ព្យាបាល​សាកល្បង​ជំងឺ​កូវីដ១៩។​

រដ្ឋបាលស្បៀង​អាហារ​ និង​ឱសថ​សហរដ្ឋ​អាមេរិក​ (US FDA) កាល​ពី​ចុង​ខែ​មីនា បាន​អនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត​ប្រើ​ជាតិ​ប្លាស្មា​របស់អ្នក​ជា​សះស្បើយ ក្នុង​លក្ខខណ្ឌ​ការ​សង្គ្រោះ​បន្ទាន់។​

លោក Stephen Hahn ប្រធាន​រដ្ឋបាលស្បៀង​អាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «ឥឡូវ​នេះ វា​ជា​វិធី​ព្យាបាល​មួយ​ដែល​យើង​អាច​ប្រើ​បាន។ វា​មិនទាន់​ជា​វិធី​ព្យាបាល​ដែល​ប្រាកដ​ថា​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ហើយ​ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ពី​ចំណុច​នេះ។​

គេ​ត្រូវ​ធ្វើ​ការ​ពិសោធន៍​សាកល្បង​ច្រើន​ទៀត​ទម្រាំ​អាច​កំណត់​បាន​ថា​ តើ​ការ​ព្យាបាល​អ្នក​ជំងឺ​ដោយ​ប្រើ​ជាតិ​ប្លាស្មា​ពី​អ្នក​ជា​សះស្បើយ​ ជា​វិធី​ព្យាបាល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ដែរ​ឬ​ទេ៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត

XS
SM
MD
LG