ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីដេអូ​ឯកសារ​ថ្មី​មួយ​ក្រឡេក​មើល​ផល​ប៉ះពាល់​នៃ​ទំនប់​វារី​អគ្គិសនី​ និង​ផ្តល់​ជម្រើស​ផ្សេងៗ


ទិដ្ឋភាព​នៃដងទន្លេសេសាន​ ទីដែលរដ្ឋាភិបាលគ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​
ទិដ្ឋភាព​នៃដងទន្លេសេសាន​ ទីដែលរដ្ឋាភិបាលគ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​
ភាពយន្ត​ឯកសារ​ថ្មី​មួយ​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះពាល់​ដ៏​មហន្តរាយ​នៃ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅលើ​ទន្លេ​សេកុង ស្រែពក​និង​សេសាន​នៃអាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា។ ភាពយន្ត​ថ្មី​នេះ​ក៏​ផ្តល់​អនុសាសន៍​អំពី​ជម្រើស​ផ្សេងៗ​ទៀត​ដើម្បី​ទាញ​យក​ថាមពល​ក្រៅ​ពី​វារី​អគ្គិសនី។​

ភាពយន្ត​ឯកសារ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា​«ថាមពលវារី​អគ្គិសនី៖ ផលប៉ះពាល់​និង​ជម្រើស​ផ្សេងៗ»​បាន​ពិនិត្យ​មើល​ទៅលើ​របៀបដែល​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនីនៅលើ​ទន្លេ​សេកុង ស្រែពក និង​សេសាន​ អាច​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​នៅក្នុង​ប្រទេស​កម្ពុជា។​

បច្ចុប្បន្ន មាន​គម្រោង​សាងសង់​ទំនប់​យ៉ាងតិច​ចំនួន​៨​នៅ​លើ​ទន្លេទាំង​បី​ ដែល​ជា​ដៃ​ទន្លេ​ដ៏​សំខាន់​នៃ​ទន្លេ​មេគង្គ ហើយនាំ​ទឹក​ហូរ​ចូល​ក្នុង​បឹង​ទន្លេសាប ជាទី​ដែល​ប្រជាជន​ខ្មែរ​រាប់​លាននាក់​ពឹង​អាស្រ័យ​ទៅលើ​ សម្រាប់​ស្បៀង​អាហារ​និង​វិស័យ​កសិកម្ម។​

ភាពយន្ត​ឯកសារ​ ដែល​មាន​រយៈ​ពេល​ជាង​១៥​នាទី​នេះ​ បង្ហាញ​ថា ពូជ​ត្រី​ដែល​ផ្លាស់​ទី​ទៅ​មក​ជិត​២០០​ប្រភេទ​នៅ​ក្នុង​ទន្លេ​ទាំង​បី នឹង​រង​ផល​ប៉ះពាល់​ដោយ​សារ​ទំនប់​ទាំង​នេះ។​

លោក​អាឡាន ម៉ីឆុត Allan Michaud​គឺ​ជា​អ្នក​ផលិត​ភាពយន្ត​ឯកសារ​នេះ។ លោក​មាន​ប្រសាសន៍​ថា វីដេអូ​ឯកសារ​នេះ​មាន​គោល​បំណង​អប់រំ​ប្រជា​ពលរដ្ឋ​ឲ្យ​យល់​អំពី​ការណ៍​ពិត​ជាក់​ស្តែង​ ថា​តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ជល​ផល ​ប្រសិន​បើ​ទំនប់​ទាំង​នោះ​នឹង​ត្រូវ​បាន​សាងសង់​មែន​នោះ។​

«ទំនប់​ធំៗ​ ដូចជា​ទំនប់​សេសាន​ក្រោម​២​ជាដើម អាច​បង្ក​មហន្តរាយ​យ៉ាង​ធំធេង ហើយ​បញ្ហា​ទាំង​នេះ ពិបាក​នឹង​ដោះស្រាយ ​ឲ្យ​ត្រឡប់​មក​ដូច​ដើម​វិញ​ណាស់​ នៅពេល​ដែល​អ្នក​សាងសង់​ទំបន់​ទាំង​នោះ​រួច​ហើយ»។​

ភាព​យន្ត​នេះ​ត្រូវ​បាន​ថត​នៅ​ទី​កន្លែង​ផ្សេងៗ​ ជាច្រើន​នៅ​ក្នុង​ប្រទេស​ឡាវ ​និង​ជាពិសេស​គឺ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង​ ដោយ​មាន​បញ្ចូល​នូវ​បទសម្ភាសន៍​ជាច្រើន​ជាមួយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​អ្នក​ជំនាញ​ខាង​ការ​អភិរក្ស។​

ផលិតករ​ត្រូវ​ចំណាយ​ពេល​អស់​បី​ខែ​ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​សម្រាប់​អង្គការ​អភិរក្ស​អន្តរជាតិ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Conservation International។​

លោកស្រី​បណ្ឌិត ត្រេស៊ី ហ្វារែល Tracy​ Farrell​គឺ​ជា​នាយក​បច្ចេកទេស​ជាន់ខ្ពស់​នៃ​អង្គការ​នេះ ដែល​ត្រូវ​បាន​សម្ភាស​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ​ផង​ដែរ។​

«ទំនប់​វារី​អគ្គិសនី​ខ្នាត​ធំ​ដែល​គ្រោង​សាងសង់​នៅ​លើ​ទន្លេ​មេគង្គ​និង​ដៃ​ទន្លេ​នេះ នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​សន្តិសុខ​ស្បៀង»។​

ដោយ​ត្រូវ​បាន​ផលិត​ជា​ភាសា​អង់គ្លេស​ផង​ និង​ខ្មែរ​ផង​នោះ ភាពយន្ត​នេះ​ក៏​ប្រើប្រាស់​ក្រាហ្វិក​បែប​ទំនើប​ស៊្រីឌី (3D)​ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃទំនប់​នេះ ឲ្យ​កាន់​តែ​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​ទៀត​ផង។​

លោក​មៀច មាន​គឺ​ជា​អ្នក​សម្រប​សម្រួល​បណ្តាញ​ការពារ​ទន្លេ​សេសាន ស្រែពក​និង​សេកុង។ លោកបាន​ទស្សនា​ខ្សែភាពយន្ត​នេះ​ ​ដែល​ត្រូវ​បានចាក់​បញ្ចាំង​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្មីៗ​នេះ។​

«ខ្សែភាពយន្ត​នេះ​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ចូលរួម​តាម​ដាន​ក៏​ដូចជា​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ ដោយសារ​ឯកសារវីដេអូ​ខ្លី​ហ្នឹង​គឺ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​ការ​អភិវឌ្ឍ​វារីអគ្គិសនី​ទៅលើ​ធនធាន​ធម្មជាតិ​ដែល​មាន​នៅលើ​ទន្លេទាំងបី»។​

ភាពយន្ត​ឯកសារ​នេះ​ក៏​បាន​ព្រមាន​ផង​ដែរ​អំពី​ការ​ជាន់​ដាន​កំហុស​ដែល​ត្រូវ​បាន​ធ្វើ​ដោយ​ប្រទេស​មួយ​ចំនួន បន្ទាប់​ពី​ទំនប់​ត្រូវ​បាន​សាងសង់​រួច ​ហើយ​បន្សល់​ទុក​នូវ​ផលវិបាក​ដែល​គេ​នឹក​ស្មាន​មិន​ដល់​ ទៅលើ​ប្រជាជន​របស់​ពួកគេ។​

លោកស្រី​ផៃផន ឌីតេ(Pianporn Deetes)​គឺ​ជា​អ្នក​សម្រប​សម្រួល​នៃ​អង្គការ​ទន្លេ​អន្តរជាតិ ប្រចាំ​នៅ​ប្រទេស​ថៃ។​

លោកស្រី​មាន​ប្រសាសន៍​ថា ទំនប់​វារីអគ្គិសនី​ ដែល​ត្រូវ​បាន​សាងសង់​នៅ​លើ​ដៃ​ទន្លេ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ​កន្លង​មក បាន​បំផ្លាញ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ថៃ​នៅតាម​មូលដ្ឋាន ​ហើយ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ចាកចេញ​ពី​ភូមិករ​ទៅ​ធ្វើការ​ជា​កម្មករ​ស៊ីឈ្នួល​គេ​នៅ​តាម​ទីក្រុង​វិញ។​

«អ្នក​អាច​មើល​ឃើញ​តាមរយៈ​បទ​ពិសោធន៍​ពី​ប្រទេស​ថៃ​ស្រាប់​ហើយថា ទោះបី​ជា​ទំនប់​ដែល​សង់​នៅលើ​ដៃ​ទន្លេ​ក៏ដោយ ក៏​វា​អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ដែល​ពឹង​អាស្រ័យ​ទៅលើ​ទន្លេ​មេគង្គ​ដែរ»។​

លោក​ណៅ ធួក​គឺ​ជា​ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា ដែល​ត្រូវ​បាន​សម្ភាសន៍​នៅក្នុង​ភាពយន្ត​ឯកសារ​នេះ​ផង​ដែរ។​

«ការ​អភិវឌ្ឍ​វា​តែង​តែ​មាន​ការ​ប៉ះពាល់​ខ្លះ​ហើយ ប៉ុន្តែ យើងធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ផល​ប៉ះពាល់​ដល់​ជីវចម្រុះ​ ឬ​បរិស្ថាន​ជលផល​ហ្នឹង​វា​ទាប​បំផុត។ វិធីសាស្ត្រ​ដ៏​ល្អ​នៅ​ក្នុង​ប្រទេស​ខ្លះ​ដែល​គេ​ធ្វើ​គឺ​គេ​មិន​ធ្វើ​នៅ​តាម​ដៃ​ទន្លេ​ធំ​ទេ ​ប៉ុន្តែ គេ​ធ្វើ​ជា​ច្រកបញ្ជៀស​ទៅ​គឺ​គេ​អាច​នៅ​យក​អគ្គិសនី​បាន​ដូច​គ្នា»។​

«ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី​ត្រេស៊ី ហ្វារែល​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ​មាន​ប្រសាសន៍​ថា សហគមន៍​អ្នក​វិទ្យាសាស្ត្រ​បាន​ផ្តល់​យោបល់​ថា គេ​គួរ​តែ​ផ្អាក​គម្រោង​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅលើ​ទន្លេ​ទាំង​បី​នោះ​ជា​បណ្តោះ​អាសន្ន​សិន​ រហូត​ទាល់​តែ​មាន​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ឲ្យ​បាន​ហ្មត់ចត់ជាង​នេះ។​

«ប្រសិន​បើ​រដ្ឋាភិបាល​អាច​អនុវត្តវិធាន​នេះ​បាន យើង​គិត​ថា ទន្លេ​មេគង្គ​និង​ដៃ​នានា​នៃ​ទន្លេ​នេះ​នឹង​អាច​ស្ថិត​ក្រោម​ការ​គ្រប់គ្រង់​ដែល​កាន់តែ​មាន​និរន្តរភាព​ ហើយ​អត្ថប្រយោជន៍​ដែល​ប្រជា​ពលរដ្ឋ​ជាអ្នកពឹងផ្អែក​ទៅលើទន្លេ​នេះ​ ទទួល​បាន​ពី​ប្រព័ន្ធ​អេកូឡូស៊ី​ក៏​ប្រសើរ​ជាង​មុន​ផង​ដែរ»។​

ភាពយន្ត​ឯកសារ​នេះ​ក៏​បាន​ផ្តល់​អនុសាសន៍​អំពី​ជម្រើស​ទាញ​យក​ថាមពល​ផ្សេងៗ​ទៀត​ ក្រៅ​ពី​វារី​អគ្គិសនី​ ដូចជា​ថាមពល​ពន្លឺ​ព្រះអាទិត្យ ជីវ​ឧស្ម័ន​និង​កំដៅ​ផែនដី​ជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG