ខ្សែភាពយន្តឯកសាររឿង Cirque du Cambodia ដែលស្តីពីសិល្បករសម្តែងសៀកខ្មែរវ័យក្មេងពីររូប គ្រោងនឹងចាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី២១ ខែតុលាខាងមុខនេះ នៅមហោស្រពភាពយន្តនៃសមាគមអង្គការសហប្រជាជាតិ ឬUnited Nations Association Film Festival។ អ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទាំងអស់អាចចុះឈ្មោះមើលខ្សែភាពយន្តឯកសារនេះដោយឥតគិតថ្លៃ ដែលជាផ្នែកមួយនៃកម្មវិធីអប់រំនៃមហោស្រពនេះ។
ភាពយន្តឯកសាររយៈពេល ៩០នាទីនេះ ចំណាយពេលប្រាំបីឆ្នាំដើម្បីថតនៅប្រទេសចំនួន៤។ អ្នកដឹកនាំភាពយន្ត លោក Joel Gershon បាននិយាយថា វាជាសាច់រឿងអំពីក្មេងជំទង់ខ្មែរពីរនាក់គឺ សុខ ឌីណា និង ណែម សុផា ដែលមកពីភូមិជនបទមួយក្នុងប្រទេសកម្ពុជាដែលជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីពួកគេបានចូលរួម «ចលនាសៀកសង្គម» នៅសាលាហ្វារពន្លឺសិល្បៈដែលស្ថិតនៅក្នុងខេត្តបាត់ដំបង។
លោក Joel Gershon និយាយនៅក្នុងសារអេឡិចត្រូនិចមកកាន់ VOA ថា៖ «សាលាបង្រៀនសិល្បៈដល់យុវជនដែលអាចដើរផ្លូវខុស មានប្រវត្តិលំបាក ហើយកម្មវិធីទាំងនេះផ្តល់ឱកាសដល់កុមារដើម្បីទទួលបានជីវិតប្រសើរមួយ។សាលានេះបង្កើតជាសហគមន៍ ការជឿជាក់លើខ្លួនឯង ការច្នៃប្រឌិត ការយល់ពីអ្នកដទៃនិងធ្វើឱ្យពួកគេក្លាយជាពលរដ្ឋល្អក្នុងសង្គម»។
លោក Gershon បញ្ជាក់បន្តថា៖ «ខ្សែភាពយន្តនេះដើរតាមយុវជនពីរនាក់គឺ សុខ ឌីណា និង ណែម សុផា ជាងប្រាំបីឆ្នាំ ខណៈដែលយុវជនដែលមានទេពកោសល្យទាំងពីរនាក់ ទទួលបានអាហារូបករណ៍ទៅរៀននៅសាលាសៀកជាតិម៉ុងត្រេអាល់ដើម្បីហ្វឹកហាត់ និងសម្រេចក្តីសុបិនរបស់ពួកគេដើម្បីក្លាយជាសមាជិកនៃក្រុមហ៊ុនសៀក Cirque du Soleil»។
សុផានិងឌីណា ដំបូងឡើយបានចូលរៀននៅអង្គការហ្វារពន្លឺសិល្បៈ ដែលជាអង្គការក្រៅរដ្ឋាភិបាលផង ជាផ្ទះផងនិងជាកន្លែងមួយដែលផ្តល់ក្តីសង្ឃឹមដល់កុមារក្រីក្ររាប់ពាន់នាក់ដែលមានបញ្ហាផ្នែកសង្គមនិងបញ្ហាហិរញ្ញវត្ថុនៅក្នុងគ្រួសាររបស់ពួកគេ។
ពួកគេទាំងពីរនាក់មានឱកាសសិក្សានិងធ្វើការនៅអង្គការហ្វារ នៅពេលដែលពួកគេធំដឹងក្តី។ ពួកគេមានទេពកោសល្យនិងរៀនសូត្រអ្វីឆាប់ចេះ ហើយកត្តានេះហើយដែលធ្វើឲ្យពួកគេបានទៅរៀននៅទីក្រុង Montreal។ នេះបើយោងតាមលោក ហួត តារា នាយកប្រតិបត្តិនៃសហគ្រាសសង្គមហ្វារ។
លោក ហួត តារា ថ្លែងថា៖ «សុផានិងឌីណាកាលដែលគាត់អញ្ជើញទៅគាត់នៅក្មេងនៅឡើយទើបតែ១៦ឆ្នាំ ១៧ឆ្នាំ គាត់បានបង្ហាញនូវទេព្យកោសល្យដ៏គួរឲ្យស្ងើចសរសើរ។ គាត់រៀនអីរហ័សចេះ គាត់តស៊ូនិងចង់ចេះច្រើន ដូច្នេះនៅពេលដែលគ្រូរបស់គាត់ឃើញនូវសមត្ថភាពនិងទេពកោសល្យរបស់គាត់ ក៏លើកទឹកចិត្តឲ្យគាត់បញ្ចេញសមត្ថភាពរបស់គាត់តាមវីដេអូ ហើយយើងបានបញ្ជូនវីដេអូហ្នឹងទៅសាលាសៀកជាតិរបស់កាណាដានៅក្នុងទីក្រុង Montreal»។
ខ្សែភាពយន្តឯកសារ Cirque du Cambodia ក៏នឹងមានការបញ្ចាំងជាសាកលតាមអ៊ីនធឺណិតនៅថ្ងៃទី២០ ខែវិច្ឆិកា ដែលជាទិវាកុមារពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ ដែលកម្មវិធីនេះធ្វើឡើងដើម្បីឧបត្ថម្ភដល់សាលាហ្វារពន្លឺសិល្បៈ និងតួអង្គទាំងពីរនៅខ្សែភាពយន្តនេះ៕