សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីសិទ្ធិមនុស្សអាដហុកចំនួន៤រូប និងមន្រ្តីគ.ជ.ប.មួយរូប ដោយសម្រេចឲ្យសាលាដំបូងរាជធានីបន្តឃុំខ្លួនដើម្បីស៊ើបសួរ ស្របពេលដែលមន្រ្តីអាដហុកម្នាក់ក្នុងចំណោមនោះកំពុងមានជំងឺ។
អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្ត្រីការពារសិទ្ធិមនុស្ស ដែលមានលោកនី សុខា លោកយី សុខសាន្ត លោកណៃ វ៉ង់ដា និងលោកស្រីលឹម មុនី ទៅសាកសួរ បន្ទាប់ពីនាងខុម ចាន់តារ៉ាទី ហៅស្រីមុំ បានឆ្លើយថា មន្ត្រីសិទ្ធិមនុស្សទាំងនេះបង្គាប់ឲ្យនាងកុហកទាក់ទងនឹងរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរវាងនាងជាមួយលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីចុងខែមេសាកន្លងមក។ ក្នុងសំណុំរឿងនេះដែរ លោកនី ចរិយា អគ្គលេខាធិការរងគ.ជ.ប. ក៏ត្រូវបានសាកសួរដែរពាក់ព័ន្ធនឹងបទសូកប៉ាន់សាក្សី។
ក្រោយបញ្ចប់សវនាការ លោកសួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះបាន ប្រកាសច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីមន្រ្តីអាដហុកទាំងនោះ ដោយតម្កល់សាលដីការបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ។ នេះបើតាមការឲ្យដឹងពីលោកសំ សុគង់ មេធាវីការពារក្តីឲ្យអ្នកទាំង៥។
លោកសំ សុគង់ ប្រាប់ VOA ថា ក្រុមមេធាវីបានលើកយកសំអាងហេតុជាច្រើនដែលមានចែងក្នុងច្បាប់ដើម្បីការពារកូនក្តីរបស់លោក ដូចជាបញ្ហាសុខភាព តួនាទី ទីលំនៅជាក់លាក់ និងការធានា និងការសន្យាផ្សេងៗ ប៉ុន្តែលោកថា សំអាងហេតុទាំងនោះត្រូវបានក្រុមប្រឹក្សាអង្គចៅក្រមច្រានចោល។
លោកសំ សុគង់ បន្ថែមថា លោកនឹងប្តឹងសារទុក្ខទៅតុលាការកំពូលជាបន្តដើម្បីរកយុត្តិធម៌ឲ្យកូនក្តីរបស់លោក ដោយលោកអះអាងថា ការសម្រេចរបស់ក្រុមប្រឹក្សាសាលាឧទ្ធរណ៍មិនត្រឹមត្រូវ។
លោកបញ្ជាក់ថា៖
«ក្រុមមេធាវីទាំងអស់មិនអាចទទួលយកការសម្រេចនេះបានទេ ហើយចំពោះកូនក្តីក៏បានលើកឡើងពីសេចក្តីសម្រេចហ្នឹងដែរថា មិនបានផ្តល់ភាពយុត្តិធម៌ឲ្យពួកគាត់ ហើយពួកគាត់ក៏បានស្នើឲ្យក្រុមមេធាវីទាំងអស់ហ្នឹងរៀបចំបណ្តឹងសារទុក្ខទៅតុលាការកំពូល ដើម្បីឲ្យតុលាការកំពូលហ្នឹងពិនិត្យអំពីសេចក្តីសម្រេចហ្នឹងឡើងវិញ»។
លោកទូច ថាវរិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA ថា សាលាឧទ្ធរណ៍មានសំអាងហេតុត្រឹមត្រូវក្នុងការសម្រេចឲ្យសាលាដំបូងរាជធានីបន្តឃុំខ្លួនជនត្រូវចោទទាំង៥នាក់។
លោកមានប្រសាសន៍ថា៖
«បើសិនជាឲ្យគាត់នៅក្រៅឃុំ ត្រូវធ្វើឲ្យមានការរារាំងដល់នីតិវិធីរបស់តុលាការ អីចឹងទេត្រូវតែឲ្យពួកគាត់ស្ថិតនៅក្នុងការឃុំជាបណ្តោះអាសន្នដើម្បីឲ្យតុលាការបន្តការស៊ើបអង្កេតតទៅមុខទៀត»។
ក្រុមមន្រ្តីអាដហុក ដែលត្រូវនាំខ្លួនចូលសវនាការ បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចបន្តឃុំខ្លួនពួកគេគឺជារឿងអយុត្តិធម៌ និងរំលោភលើសិទ្ធិសេរីរបស់ពួកគេ ហើយថា តុលាការនឹងមិនអាចផ្តល់យុត្តិធម៌ជូនពួកគេបានទេ ដោយសារតុលាការស្ថិតក្រោមគំនាបនយោបាយ។
ខណៈសមត្ថកិច្ចបណ្តើរពួកគេចូលសាលសវនាការ គេឃើញលោកណៃ វ៉ង់ដា ដែលជាអ្នកការពារសិទ្ធិមនុស្សយ៉ាងសកម្មក្នុងពេលកន្លងមក ហាក់មានសភាពទន់ខ្សោយដោយសារមានជំងឺ។
ភរិយារបស់លោកណៃ វ៉ង់ដា អ្នកស្រីខៀវ ម៉ី បានប្រាប់ VOA ថា ស្វាមីរបស់អ្នកស្រីបានឆ្លងជំងឺពីអ្នកជាប់ឃុំផ្សេងទៀតក្នុងពន្ធនាគារ ជាហេតុធ្វើឲ្យសុខភាពរបស់លោកមានសភាពទ្រុឌទ្រោម។ អ្នកស្រីបន្ថែមថា អ្នកស្រីចង់ឲ្យស្វាមីរបស់អ្នកស្រីដែលកំពុងមានជំងឺ និងកំពុងជួយបង្រៀនភាសាអង់គ្លេសដល់អ្នកជាប់ឃុំផ្សេងទៀតនោះ បាននៅក្រៅឃុំដើម្បីធ្វើការបម្រើប្រជាជនដូចមុន។
អ្នកស្រីបញ្ជាក់ថា៖
«សូមអំពាវនាវដល់ប្រមុខរដ្ឋាភិបាល សុំឲ្យគាត់ជួយពិនិត្យមើលសំណុំរឿងរបស់មន្រ្តីសិទ្ធិមនុស្សទាំងប៉ុន្មាននាក់ហ្នឹងឡើងវិញ ហើយសុំឲ្យគាត់ជួយរកយុត្តិធម៌ឲ្យ និងទម្លាក់ការចោទប្រកាន់ចំពោះមន្រ្តីសិទ្ធិមនុស្សហ្នឹង ព្រោះមើលទៅ គាត់អត់មានធ្វើខុសអីទេ។ សូម្បីប្រជាពលរដ្ឋសឹងតែមួយប្រទេសក៏គេគាំទ្រពួកគាត់។ សកម្មភាពពួកគាត់អត់មានបម្រើឲ្យគណបក្សណាទេ។ គាត់ធ្វើតាមគោលការណ៍សិទ្ធិមនុស្សរបស់គាត់»។
លោកអំ សំអាត មន្រ្តីផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ ដែលកំពុងបំពេញបេសកកម្មនៅបរទេស បានប្រាប់ VOA តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា លក្ខខណ្ឌដែលមេធាវីរបស់មន្រ្តីអាដហុក និងមន្រ្តីគ.ជ.ប.លើកឡើង គឺគ្រប់គ្រាន់ដែលអាចឲ្យអ្នកទាំង៥ស្ថិតនៅក្រៅឃុំ។ ទោះជាយ៉ាងណា លោកថ្លែងថា ករណីនេះផ្តើមចេញពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដូច្នេះតុលាការមិនងាយអនុញ្ញាតឲ្យអ្នកទាំង៥ស្ថិតនៅក្រៅឃុំនោះទេ។
លោកបញ្ជាក់ដោយសម្រង់សម្តីដើមថា៖
«កន្លងមក ខ្ញុំសង្កេតឃើញថា នៅពេលដែលអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតករណីអ្វីមួយ រួចបញ្ជូនជនសង្ស័យទៅតុលាការ ខ្ញុំមិនដែលឃើញតុលាការអនុញ្ញាតឲ្យជនទាំងនោះនៅក្រៅឃុំបណ្តោះអាសន្នទេ ទោះជាពួកគេមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់តុលាការពិចារណាលើការនៅក្រៅឃុំក៏ដោយ»។
លោកអំ សំអាត បន្ថែមថា៖
«បើនិយាយពីសិទ្ធិរបស់ពួកគាត់វិញគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះការឃុំខ្លួនពួកគាត់ត្រូវបានចៅក្រមបន្តឃុំខ្លួនបណ្តោះអាសន្ន៦ខែបន្តទៀត បន្ទាប់ពីឃុំខ្លួនអស់រយៈពេល៦ខែរួចហើយ»។
រហូតមកដល់ពេលនេះ បុគ្គលិកទាំងបួនរូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងលោកនី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនបណ្ដោះអាសន្នជិត៧ខែមកហើយ។ ការចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគ.ជ.ប.នេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិរិះគន់ថា រដ្ឋាភិបាលបានលូកដៃចូលក្នុងប្រព័ន្ធយុត្តិធម៌ ដែលធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕