លោក Maxence Melo បានហៅខ្លួនលោកថាជា «អ្នកសារព័ត៌មានដោយចៃដន្យ»។ លោកថា គេហទំព័រដែលលោកបានបង្កើតនៅប្រទេសតង់សានី ឈ្មោះ Jamii Forums មានបេសកកម្មយ៉ាងសាមញ្ញ គឺផ្តល់សំឡេងដល់យុវជននៃប្រទេសអាហ្រ្វិកមួយនេះ ផ្តល់កន្លែងសម្រាប់បញ្ចេញមតិដោយសេរីនិងប្រឆាំងនឹងអំពើពុករលួយ។
ប៉ុន្តែឥទ្ធិពលនៃគេហទំព័រនេះនិងប្រតិកម្មនៃអាជ្ញាធរតង់សានីមិនសមនឹងភាពសាមញ្ញនៃគេហទំព័រនេះទេ។ លោក Melo បានត្រូវទៅតុលាការចំនួន១៣៧លើករួចមកហើយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បានត្រូវគេចាប់ខ្លួនពីរលើក ហើយធ្លាប់បានជាប់ពន្ធនាគារចំនួន១៤យប់។
លោកប្រាប់ VOA ថា៖ «ខ្ញុំបានទទួលរងការរឹតត្បឹតជាច្រើនខាងសេរីភាព ប៉ុន្តែខ្ញុំដឹងថានេះជា ការលះបង់មួយដែលយើងត្រូវធ្វើដើម្បីទទួលបានសេរីភាពជាមូលដ្ឋានទាំងនេះ»។
កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ លោក Melo ត្រូវបានគេផ្តល់រង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិ (International Press Freedom Award) របស់អង្គការគណៈកម្មាធិការការពារអ្នកសារព័ត៌មាន។ លោកបានទទួលពានរង្វាន់ដ៏មានកិត្តិនាមមួយនេះ រួមជាមួយអ្នកសារព័ត៌មានដទៃទៀតមកពីប្រទេសប្រេស៊ីល ឥណ្ឌា និងនីការ៉ាហ្កា។
គេហទំព័រ Jamii Forums ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ហើយផ្សាយព័ត៌មានជាភាសាស្វាហ៊ីលី (Swahili) ជាចម្បង សម្រាប់អ្នកអាននៅក្នុងប្រទេសតង់សានី កេនយ៉ា និងអ៊ូហ្គាន់ដា។ គេហទំព័រព័ត៌មាននេះត្រូវបានគេចាប់ផ្តើមស្គាល់ខ្លាំងនៅឆ្នាំ២០០៧ ក្រោយពីមានការផ្សាយរឿងមួយទាក់ទងនឹងអំពើពុករលួយនៅធនាគារកណ្តាលតង់សានី ដែលនៅ ទីនោះមានការលួចយកលុយចេញ។ លោក Melo ថា ពេលនោះជាលើកទី១ដែលគេហទំព័រនេះបានទទួលរងការបំភិតបំភ័យពីសំណាក់រដ្ឋាភិបាល ហើយអាជ្ញាធរចង់ដឹងថាអ្នកណាជាអ្នកគ្រប់គ្រងគេហទំព័រនេះ។
នៅឆ្នាំ២០០៨ គេហទំព័រនេះក៏បានផ្សាយរឿងរ៉ាវព័ត៌មានអំពីអំពើពុករលួយទាក់ទងនឹងកិច្ចសន្យាម៉ាស៊ីនភ្លើង ដែលនៅទីបំផុតបាននាំឲ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីនិងការរំលាយគណៈរដ្ឋមន្ត្រី។ លោក Melo និយាយថា ចាប់ពីពេលនោះមក លោកត្រូវបានអាជ្ញាធរតាមដានយ៉ាងជាប់លាប់។
លោកមានប្រសាសន៍ថា មន្ត្រីរដ្ឋាភិបាល សមាជិកសភា និងមន្ត្រីគណបក្សប្រឆាំងតែងចូលទៅវេទិកាគេហទំព័រនេះ ជាទៀងទាត់ដើម្បីទៅទាក់ទងជាមួយនឹងអ្នកប្រើប្រាស់គេហទំព័រនេះ។ លោកថា កំហឹងដែលលោកទទួលពីមន្ត្រីមានអំណាចទាំងនោះមិនមែនទាក់ទងនឹងការរាយការណ៍ព័ត៌មានខុសនោះទេ គឺទាក់ទងនឹងការរាយការណ៍ព័ត៌មានទាំងឡាយណាដែលពួកមន្ត្រីមិនចូលចិត្ត។
លោក Melo បញ្ជាក់បន្ថែមទៀតថា៖ «មិនមានអ្នកណាម្នាក់បានចោទថាយើងបានផ្សាយព័ត៌មានមិនពិតនោះទេ។ មិនមាននរណាម្នាក់បានចោទយើងអំពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះទេ។ យើងត្រូវបានគេចោទប្រកាន់ថា មិនបានសហការជាមួយស្ថាប័នរដ្ឋក្នុងការបង្ហាញមុខប្រភពព័ត៌មានរបស់យើង។ ហើយយើងជឿជាក់ថា សម្រាប់អ្នកសារព័ត៌មាន សម្រាប់ស្ថាប័នសារព័ត៌មានមួយ ប្រភពជាបុគ្គលគន្លឹះសម្រាប់ឲ្យអ្នកសារព័ត៌មានសរសេរអំពីរាល់ព័ត៌មានដែលពួកគេកំពុងសរសេរ»។
ស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសតង់សានីកាន់តែមានភាពគ្រោះថ្នាក់ឡើងនៅឆ្នាំ២០១៥ នៅពេលដែលរដ្ឋាភិបាលតង់សានីបានអនុម័តច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ច្បាប់នេះបានកំណត់ឲ្យមានទោសឧក្រិដ្ឋចំពោះខ្លឹមសារតាមអ៊ីនធឺណិតណាដែលត្រូវបានអាជ្ញាធរចាត់ទុកថាមិនពិត មានលក្ខណៈបោកបញ្ឆោត ធ្វើឲ្យមានការយល់ច្រឡំ ឬមានខ្លឹមសារខុស។ ច្បាប់នេះត្រូវបានគេប្រើសម្រាប់កាត់ទោសគេហទំព័រព័ត៌មានដូចជា Jamii Forums នេះ។
លោក Melo បានប្រាប់ VOA ថា «វាមិនត្រឹមតែត្រូវបានគេប្រើប្រឆាំងនឹងអ្នកសារព័ត៌មាននិងអ្នកសារព័ត៌មានពលរដ្ឋប៉ុណ្ណោះទេ គឺថែមទាំងត្រូវបានគេប្រើដើម្បីប្រឆាំងទៅនឹងសំឡេងរិះគន់នោះទៀតផង។ ច្បាប់នេះត្រូវបានគេប្រើដើម្បីប្រឆាំងទៅនឹងមនុស្សស្ទើរតែគ្រប់គ្នាទាំងអស់។
លោកបន្ថែមថា មានច្បាប់បន្ថែមទៀតដែលបានរឹតត្បឹតអ្នកសារព័ត៌មានមិនអាចឲ្យទទួលបានព័ត៌មាននិងស្ថិតិពីរដ្ឋាភិបាល។
លោក Melo ពន្យល់ថា៖ «មានច្បាប់ជាច្រើន។ អ្នកត្រូវតែដឹងពីរបៀបធ្វើការជាមួយច្បាប់ទាំងនេះ ហើយពេលខ្លះវាមានការលំបាក។ ខ្ញុំគិតថាខ្ញុំបានអានច្បាប់ទាំងនេះស្ទើរតែទាំងអស់ គឺសរុបប្រមាណ ១៣ច្បាប់ ដែលមាននៅក្នុងវិស័យព័ត៌មាន។ អ្នកនឹងឃើញមានចន្លោះប្រហោងខ្លះក្នុងច្បាប់ទាំងនេះ ឬមានផ្នែកខ្លះដែលការពារអ្នក»។
យ៉ាងនេះក្តីលោក Melo បានប្តេជ្ញាថា លោកនឹងបន្តកិច្ចការជាអ្នកសារព័ត៌មាននៅក្នុងប្រទេសរបស់លោក៖ «ប្រទេសតង់សានីជាឧទាហរណ៍ល្អមួយនៅទ្វីបអាហ្វ្រិក។ យើងប្រដូចបាននឹងអង្គទូតតំណាងឲ្យការផ្លាស់ប្តូរនៅទ្វីបអាហ្វ្រិក។ ប្រទេសយើងបានឆ្លងកាត់ស្ថានភាពលំបាកបែបនេះអស់រយៈពេលជិត៥ឆ្នាំមកហើយ ដែលពោរពេញដោយការលំបាកចំពោះអ្នកសារព័ត៌មាននិងសំឡេងអ្នករិះគន់នៅប្រទេសតង់សានី។ ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា មានលំហខ្លះសម្រាប់ការផ្លាស់ប្តូរ។ ហើយក្នុងនាមជាប្រជាពលរដ្ឋយើងមានលទ្ធភាពខ្លះក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរខាងគោលនយោបាយ»។
លោក Melo បានប្រឆាំងតាមផ្លូវតុលាការទៅនឹងផ្នែកខ្លះនៃច្បាប់ឧក្រិដ្ឋកម្មតាមអ៊ឺនធឺណិត ប៉ុន្តែមិនបានជោគជ័យ។ យ៉ាងនេះក្តី លោកថាលោកនឹងមិនបោះបង់ចោលការប្រឆាំងតវ៉ានេះទេ។
លោកបញ្ជាក់ថា៖ «យើងមានលទ្ធភាពខ្លះក្នុងការប្រឆាំងទៅនឹងច្បាប់ទាំងនេះ។ ខ្ញុំដឹងថា ការប្រឆាំងរបស់យើងនេះនឹងផ្តល់ផលវិបាកធ្ងន់ធ្ងរវិញដល់យើង។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានព្យាយាមអស់ពីលទ្ធភាពផ្ទាល់ខ្លួនហើយ។ ខ្ញុំបានឡើងដល់តុលាការជាន់ខ្ពស់។ ខ្ញុំបានប្រឆាំងទៅនឹងច្បាប់ឧក្រិដ្ឋកម្មតាមអ៊ឺនធឺណិត ជំពូក៣២ និងជំពូក៣៨នៃច្បាប់នេះ។ ខ្ញុំនៅតែជឿជាក់ចំពោះជនទាំងឡាយដែលអាចនាំការតវ៉ានេះទៅកាន់កម្រិតមួយទៀត។ យើងនៅតែមានលទ្ធភាពអាចតទល់នឹងច្បាប់នេះបាន»៕
ប្រែសម្រួលដោយ លោក សឹង សុផាត