មេធាវីការពារក្តីរបស់លោក Derek Chauvin អតីតមន្រ្តីប៉ូលិសក្រុង Minneapolis បានបញ្ចប់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការស្តាប់សាក្សីមកពីភាគីទាំងសងខាង អស់ពេល៣សប្តាហ៍មក។ គណៈវិនិច្ឆ័យបានស្តាប់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រនិងមន្ត្រីប៉ូលិសផ្សេងទៀតនៅពេលដែលលោក Chauvin ប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្មដោយចេតនា និងមនុស្សឃាតដោយអចេតនា ចំពោះការប្រើជង្គង់សង្កត់កលោក George Floyed អស់រយៈពេលជាង៩នាទី។
លោក Derek Chauvin អតីតមន្ត្រីប៉ូលិសក្រុង Minneapolis បានប្រើសិទ្ធិរបស់លោកក្នុងការអនុវត្តវិសោធកម្មទី៥ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដោយមិនផ្តល់សក្ខីកម្មនៅក្នុងពេលសវនាការកាត់ក្ដីលោកពីបទឃាតកម្មកាលពីថ្ងៃព្រហស្បតិ៍។
លោកចៅក្រម Peter Cahill បានសួរថា៖ «នេះ ជាការសម្រេចរបស់លោកមិនផ្តល់សក្ខីកម្មនោះឬ?»
លោក Derek Chauvin បានឆ្លើយថា៖ «បាទ! ត្រូវហើយ។ លោកចៅក្រម»។
លោកចៅក្រម Peter Cahill សួរថា៖ «តើលោកមានសំណួរអ្វីអំពីសិទ្ធិរបស់លោកនៅរក្សាការស្ងៀមស្ងាត់ ឬផ្តល់សក្ខីកម្មដោយខ្លួនឯងទេ?»។
លោក Derek Chauvin ឆ្លើយថា៖ «អត់មានទេ នៅពេលនេះ។ ខ្ញុំអត់មានទេ»។
លោកចៅក្រម Peter Cahill សួរថា៖ «តើមាននរណាម្នាក់បានសន្យាអ្វី ឬគំរាមកំហែងលោកនៅក្នុងរបៀបណាមួយ ដើម្បីកុំឲ្យលោកផ្តល់សក្ខីកម្មឬទេ?»។
លោក Derek Chauvin ឆ្លើយថា៖ «លោកចៅក្រមជាទីគោរព! មិនមានការគំរាមកំហែង ឬការសន្យាអ្វីទេ»។
លោកចៅក្រម Peter Cahill សួរទៀតថា៖ «លោកគិតថា ការសម្រេចរបស់លោកមិនផ្តល់សក្ខីកម្ម ជាការស្ម័គ្រចិត្តដោយខ្លួនឯងឬ?»
លោក Derek Chauvin ឆ្លើយថា៖ «បាទ! វា ជាការស្ម័គ្រចិត្ត»។
មេធាវីការពារក្តីបានបញ្ឈប់ការផ្តល់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍។
លោក Eric Nelson មេធាវីការពារក្តីបាននិយាយថា៖ «លោកចៅក្រមជាទីគោរព! នៅពេលនេះ មេធាវីការពារក្តីឈប់ផ្តល់សក្ខីកម្ម»។
ជាងមួយសប្តាហ៍កន្លងមកនេះ មេធាវីការពារក្តី បានជជែកឲ្យហេតុផលថា សកម្មភាពរបស់លោក Chauvin ចំពោះលោក George Floyd ជាការត្រឹមត្រូវ ដោយមានអតីតមន្ត្រីប៉ូលិសម្នាក់ បានតបតនឹងអ្វីដែលពួកសាក្សីបាននិយាយកាលពីសប្តាហ៍មុន។
លោក Barry Brood សាក្សីរបស់ចុងចោទថា៖ «ខ្ញុំគិតថា សកម្មភាពរបស់លោកមន្ត្រីប៉ូលិស Chauvin ចំពោះលោក Floyd បានធ្វើទៅតាមការហ្វឹកហាត់របស់លោក ធ្វើទៅតាមការអនុវត្តនៅពេលបច្ចុប្បន្នរបស់ប៉ូលិស ហើយជាការសមហេតុសមផលមួយ»។
មេធាវីចុងចោទ ក៏បានជជែកឲ្យហេតុផលដែរថា មូលហេតុមួយចំនួនអាចធ្វើឲ្យលោក Floyd ស្លាប់ រួមទាំងសុខភាពកាលពីពេលមុនរបស់លោក ការប្រើថ្នាំញៀន និងអាចមកពីសារធាតុពុលកាបោនម៉ូណូអុកស៊ីដចេញពីផ្សែងរថយន្តផងដែរ។
លោក David Fowler ជាវេជ្ជបណ្ឌិតខាងរោគសាស្ត្រចូលនិវត្តន៍និយាយថា៖ «លោកអ្នកដាក់បញ្ហាទាំងអស់នេះបញ្ចូលគ្នា វាជាការលំបាកបំផុតដើម្បីនិយាយថា បញ្ហាមួយណាមានសុក្រិត្យភាពបំផុតនោះ។ ដូច្នេះ ខ្ញុំមិនអាចធ្វើការសម្រេចបានទេ»។
ក៏ប៉ុន្តែ ក្រុមរដ្ឋអាជ្ញា បានបដិសេធការជជែកឲ្យហេតុផលអំពីកាបោនម៉ូណូអុកស៊ីដ ដោយបានហៅថា ជាសាក្សីដោះសារ។
លោក Jerry Blackwell ជារដ្ឋអាជ្ញាបាននិយាយថា៖ «សេចក្តីថ្លែងការណ៍ដែលថា សារធាតុ Carboxyhemoglobin របស់លោក អាចកើនឡើងពី១០ ទៅ១៨ភាគរយ ការណ៍នេះ មិនអាចកើតឡើងបានទេ»។
វេជ្ជបណ្ឌិតលោក Martin Tobin អ្នកឯកទេសខាងសួត ថ្លែងថា៖ «វាមិនត្រឹមត្រូវនោះទេ»។
រដ្ឋអាជ្ញានិងមេធាវីការពារក្តីនៅក្នុងសំណុំរឿងក្តីរបស់លោក Chauvin ត្រូវគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍បិទបញ្ចប់នៅថ្ងៃចន្ទ មុនពេលសមាជិករបស់គណៈវិនិច្ឆ័យចាប់ផ្តើមពិភាក្សា៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន